តុលាការ​ខេត្ត​បន្ទាយមានជ័យ​ឃុំ​ខ្លួន​ចាងហ្វាង​កាសែត​ខ្មែរ​ជាយដែន

សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ចាងហ្វាង​កាសែត​ខ្មែរ​ជាយដែន ដោយ​ចោទ​ប្រកាន់​ពី​បទ​ឆបោក ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ជាង ៤ ឆ្នាំមុន។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សង្ស័យ​ថា ការ​ឃុំ​ខ្លួន​នេះ​អាច​បណ្ដាល​មក​ពី​ការ​ចុះ​ផ្សាយ​រឿង​អាស្រូវ​មន្ត្រី ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ោយប៉ែត ចាត់​ទុក​ការ​ឃុំខ្លួន​ចាងហ្វាង​កាសែត​អនឡាញ​ខ្មែរ​ជាយ​ដែន​ថា មាន​ចំណុច​សង្ស័យ​ជា​ច្រើន ខណៈ​ដែល​ដើម​បណ្ដឹង​ជា​មន្ត្រីរាជការ​មាន​ឥទ្ធិពល។

កាល​ពី​ថ្ងៃ​ទី១៤ កុម្ភៈ តុលាការ​បាន​ឃុំ​ខ្លួន​ចាងហ្វាង​កាសែត​អនឡាញ​ខ្មែរ​ជាយដែន លោក អ៊ុង ថាប់វាំង ហៅ​បារាំង ដោយ​ចោទ​ប្រកាន់​ពី​បទ​ឆបោក រឿង​ជួយ​រត់​ឯកសារ​កាត់​ប្លង់​ផ្ទះ​ល្វែង ឋិត​ក្នុង​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក រឿន លីណា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ។

ទោះ​បី​ជា​យ៉ាងណា ពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ោយប៉ែត លោក ចេន វិជ្ជា យល់​ថា តុលាការ​គួរតែ​មាន​ចំណាត់ការ​លើ​អ្នកសារព័ត៌មាន​រូប​នេះ តាំង​ពី​ដំបូង ដោយ​មិន​គួរ​អូស​បន្លាយ​ពេល​ជាង ៤​ឆ្នាំ​មក​ហើយ​ ទើប​តែ​មក​អនុវត្ត​ច្បាប់​ពេល​នេះ​នោះ​ទេ ។ លោក​បន្ថែម​ថា អ្នក​កាសែត​រូប​នេះ​បាន​បង្ហាញ​តម្រុយ​ជាច្រើន ដែល​មន្ត្រី​រាជការ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​បក្ខ​ពួក​និយម ពុំ​ឃើញ​រដ្ឋាភិបាល​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ៖

លោក ចេន វិជ្ជា៖ «ចាងហ្វាង​កាសែត​ខ្មែរ​ជាយ​ដែន​គាត់​តែងតែ​ចុះ​ផ្សាយ​នូវ​ភាព​អសកម្ម របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​បម្រើ​រាស្ត្រ។ រឿង​កន្លង​មក​ មន្ត្រី​ពន្ធដារ និង​មន្ត្រី​សុខាភិបាល ក្រុង​ប៉ោយប៉ែត​តែ​ករណី​ដែល​គេ​ចាប់​ខ្លួន​គាត់​បណ្ដោះអាសន្ន​ បែរ​ជា​គេ​បង្វែរ​សំណុំ​រឿង​មួយ រត់​ប្លង់​ដី​ទៅ​វិញ»។

កាល​ពី​ចុង​ឆ្នាំ២០២១ ស្ថាប័ន​សារព័ត៌មាន​ជាយ​ដែន​ បាន​ផ្សាយ​អត្ថបទ​មួយ​ដោយ​លាត​ត្រដាង​ពី​រឿង​អាស្រូវ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត លោក ឧក ទីនណា និង​បក្ខ​ពួក ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ និង​បង្កើត​ឲ្យ​មាន​បក្ខ​ពួក​និយម ជាដើម។

រីឯ​បុគ្គលិក​រងគ្រោះ​មួយ​ចំនួន បាន​ដាក់​ពាក្យ​បណ្ដឹង ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តែ​មក​ដល់​ពេល​នេះ​ពុំ​ទាន់​ឃើញ​មាន​ដំណោះស្រាយ នៅ​ឡើយ​ទេ។

ក្រោយពី​ចុះ​ផ្សាយ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត​លោក ឱក ទីនណា និង​មន្ត្រី​ពន្ធដារ​នៅ​ក្រុង​ប៉ោយប៉ែត​គឺ លោក សឿង សីហា បាន​ប្តឹង​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ខ្មែរ​ជាយដែន លោក អ៊ុង ថាប់វាំង ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ ឱ្យ​មាន​ការ​រើសអើង។

ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា អ្នក​កាសែត​រូប​នេះ បាន​លាត​ត្រដាង​ពី​ភាព​អសកម្ម​របស់​មន្ត្រីរាជការ ដោយ​អាជ្ញាធរ​ជាតិ​គួរតែ​យក​ធ្វើ​ជា​មូលដ្ឋាន​ដោះស្រាយ មិន​គួរ​អនុវត្ត​ច្បាប់​តែ​ចំពោះ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ តែ​គ្មាន​ចំណាត់​ការ​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​កំហុស​នោះ​ទេ ។

លោក ស៊ឹង សែនករុណា៖ «ដើម្បី​ការ​លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​អ្នក​សារព័ត៌មាន គប្បី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​សូម​មេត្តា ពិនិត្យ​មើល​ ព័ត៌មាន​មួយ​ចំនួន រំលេច​ចេញ ភាព​មិន​ប្រក្រតី របស់​មន្ត្រី​ថ្នាក់​ក្រោម និង​ថ្នាក់​ជាតិ ដែល​មិន​មាន​បំពេញ​តួនាទី ​បាន​ត្រឹមត្រូវ ហើយ​មាន​ការ​ពាក់ព័ន្ធ​ផល​ប្រយោជន៍​អំពើ​ពុករលួយ»។

របាយការណ៍​របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) ឱ្យ​ដឹង​ថា កំឡុង​ឆ្នាំ ២០២១ អ្នកសារព័ត៌មាន​ជិត​១០០ នាក់​បាន​ប្រឈម​មុខ​នឹង​ការ​យាយី ដោយ​ក្នុង​នោះ មាន ៤៩​ករណី មាន​ការ​វាយប្រហារ​លើ​រាងកាយ ការ​គំរាមកំហែង​ថា នឹង​ប្រើ​ហិង្សា ការ​ចាប់ខ្លួន ការ​ជាប់​ពន្ធនាគារ និង​ចំណាត់​ការ​ផ្លូវច្បាប់។ លើស​ពី​នេះ អ្នកសារព័ត៌មាន​ចំនួន ៣៧​នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ញុះញង់ ជំរិត​ទារ​ប្រាក់ និង​បទឧក្រិដ្ឋ​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។