ក្រុមស្ត្រីសហគមន៍បុរីកីឡា ដែលរងផលប៉ះពាល់ដីធ្លីដោយការបណ្ដេញចេញពីបុរីកីឡា បន្តនាំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី២២ នៅថ្ងៃទី៣ ខែតុលា នេះ។ បើទោះបីជាពុំមានកងកម្លាំងអាជ្ញាធរដាក់ពង្រាយដូចសព្វដងក្តី ក៏គេសង្កេតឃើញមានកងសន្តិសុខមួយចំនួនបានស្លៀកពាក់ស៊ីវិល មកឃ្លាំមើលយុទ្ធនាការនេះដែរ។
ខុសប្លែកពីសប្ដាហ៍កន្លងទៅនៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ ដែលគេធ្លាប់តែឃើញមានក្រុមមនុស្សចាស់ជាអ្នកចូលរួមធ្វើយុទ្ធនាការនេះ។
ដោយឡែកនៅសប្ដាហ៍ទី២២ នេះវិញ ក៏មានការចូលរួមពីកុមារដែរ។ កុមារទាំងនោះសុទ្ធសឹងតែជាកូនអ្នកដែលរស់នៅក្នុងសហគមន៍បុរីកីឡា ដែលរងផលប៉ះពាល់ដោយការបណ្ដេញចេញពីសហគមន៍នោះ ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនផានអ៊ីមិច (PhanImex)។ ពួកគាត់ទាំងចាស់ទាំងក្មេង មានបិទស្កុតខ្មៅជាប់នឹងមាត់។
តំណាងស្ត្រីសហគមន៍បុរីកីឡា លោកស្រី ស ស៊ន មានប្រសាសន៍ថា ស្កុតដែលបិទជាប់មាត់ពួកគាត់នេះ គឺក្នុងគោលបំណងដើម្បីបង្ហាញពីការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់គាត់ និងប្រជាពលរដ្ឋផ្សេងទៀតក្នុងការតវ៉ាដោយអហិង្សានេះ។ លោកស្រីសូមអំពាវនាវដល់រាជរដ្ឋាភិបាល និងតុលាការ ទម្លាក់ការចោទប្រកាន់លើមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប លោក នី ចរិយា ព្រមទាំងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពឡើងវិញ៖ «ព្រោះពួកគាត់អត់មានកំហុសអ្វីទេ។ អ្នកទាំងអស់នោះជាមនុស្សដែលបានជួយដល់អ្វីដែលរដ្ឋាភិបាលមិនបានធ្វើ។ ពួកគាត់ជាអ្នកជួយគ្រប់បែបយ៉ាងតាំងពីការធ្វើចំណាកស្រុក ដែលត្រូវគេវាយធ្វើបាប ខ្លះបាក់ធ្មេញ ខ្លះបែកមាត់ ហើយស្ត្រីដែលមានប្ដីត្រូវគេធ្វើបាប គឺបានអង្គការអាដហុកនេះហើយជាអ្នកជួយ។ អ៊ីចឹងសូមឲ្យដោះលែងពួកគាត់បានជួបជុំក្រុមគ្រួសារគាត់វិញ។ មិនត្រូវទុកពួកគាត់ក្នុងពន្ធនាគារបិទសិទ្ធិសេរីភាពពួកគាត់នោះទេ»។
ក្រៅពីការអំពាវនាវខាងលើនេះ តំណាងស្ត្រីសហគមន៍បុរីកីឡា លោកស្រី ស ស៊ន ក៏ស្នើដល់ប្រមុខរដ្ឋាភិបាលជួយដោះស្រាយបញ្ហាផ្ទះសម្បែងដល់ពួកគាត់ដែលនៅសេសសល់ជាង ១០គ្រួសារនេះដែរ៖ «សូមកុំទុកពួកខ្ញុំឲ្យនៅវេទនាដល់ណាទៀត ព្រោះអីពួកខ្ញុំជាប្រជាពលរដ្ឋរស់នៅទីនេះពិតប្រាកដ មានអាជ្ញាធរទទួលស្គាល់ពួកខ្ញុំត្រឹមត្រូវ ហើយខ្ញុំបានបោះឆ្នោតគ្រប់អាណត្តិ។ អ៊ីចឹងអ្វីដែលរដ្ឋាភិបាលបានអភិវឌ្ឍ ១០អគារឲ្យពួកខ្ញុំរស់នៅហ្នឹង មានតូបសម្រាប់រកស៊ីនោះតាមដែលខ្ញុំបានតាមដានមើលនោះ គឺគ្មានទេ។ ចំណែកតូបវិញមានតែអ្នកមកពីក្រៅទិញទេ។ សូម្បីតែផ្ទះថាបានគ្រប់គ្នា តែពួកខ្ញុំមិនបានទទួលទេ។ សូមដោះស្រាយបញ្ចប់ឲ្យពួកខ្ញុំមក ពួកខ្ញុំនឹងឈប់តវ៉ាទៀតហើយ»។
ជុំវិញរឿងនេះ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា បើរាជរដ្ឋាភិបាលមិនចង់ឲ្យមានការតវ៉ាក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះទេ រដ្ឋាភិបាលត្រូវពិចារណានូវសំណូមពររបស់ពលរដ្ឋ ដែលនឹងមិនប៉ះពាល់ទៅដល់កិត្តិយស ឬប្រជាប្រិយភាពរបស់បក្សកាន់អំណាចនោះឡើយ៖ «បើពួកគាត់នៅតែតវ៉ាកាន់តែច្រើនទៅៗ ហើយរ៉ាំរ៉ៃនោះ គេហៅថាជាភ្លៀងរលឹម។ ជាយុទ្ធសាស្ត្រភ្លៀងរលឹមរបស់ពលរដ្ឋ។ អ៊ីចឹងបើសិនរដ្ឋាភិបាលមិនបានធ្វើតាមសំណូមពរពួកគាត់ទេ នោះរដ្ឋាភិបាល ឬបក្សកាន់អំណាច គឺជាអ្នកដែលខាតប្រយោជន៍ខ្លួនឯង ជាពិសេសគឺទាក់ទងនឹងការបាត់បង់ប្រជាប្រិយភាព និងការគាំទ្រពីម្ចាស់ឆ្នោតរបស់ខ្លួន»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមស្ត្រីសហគមន៍បុរីកីឡា នៅតែមានសង្ឃឹមថា នឹងទទួលបានដំណោះស្រាយពីប្រមុខរដ្ឋាភិបាលពីបញ្ហាផ្ទះសម្បែងដែលនៅសេសសល់ជាង ១០គ្រួសារនោះ។ ពួកគាត់អះអាងថា នឹងបន្តធ្វើយុទ្ធនាការនេះទៀត បើមិនមានដំណោះស្រាយជូនពួកគាត់ និងមិនដោះលែងសកម្មជនការពារសិទ្ធិមនុស្ស រួមទាំងលោក នី ចរិយា ផងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
