អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងយល់ឃើញដូចគ្នាថា ការបន្តកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងវៀតណាម ដើម្បីប្រឆាំងកម្លាំងអមិត្ត គឺផ្ដល់ប្រយោជន៍តែសម្រាប់គណបក្សប្រជាជនកម្ពុជា និងប្រទេសវៀតណាមប៉ុណ្ណោះ មិនមែនសម្រាប់ពលរដ្ឋខ្មែរពិតប្រាកដនោះទេ។ ប៉ុន្តែមន្ត្រីបក្សកាន់អំណាចឆ្លើយតបថា កិច្ចសហប្រតិបត្តិការនេះ ដើម្បីការពារសន្តិសុខសម្រាប់ប្រទេសនីមួយៗ។
អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងលើកឡើងថា កិច្ចសហប្រតិបត្តិរវាងកម្ពុជា និងវៀតណាមនេះ គ្រាន់តែជាការជួយគ្នា ដើម្បីការពារការដឹកនាំបែបផ្ដាច់ការ តាមរយៈការតាមកម្ទេចក្រុមអ្នកតស៊ូ ដើម្បីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី ២៥ មករា ថា វៀតណាម នឹងបន្តជួយដើម្បីទប់ស្កាត់អ្នកណា ដែលអាចគំរាមកំហែងការដឹកនាំបែបផ្ដាច់ការតពូជរបស់ត្រកូល ហ៊ុន ដោយមិនត្រូវឱ្យឆ្លងកាត់ទឹកដីវៀតណាម ចូលកម្ពុជាឡើយ។ លោកបន្តថា សម្រាប់កម្ពុជាវិញ គឺរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងបន្តបង្ក្រាបលើពលរដ្ឋខ្មែរក្រោមរូបណា ដែលកំពុងរស់នៅក្នុងទឹកដីខ្មែរ ហើយហ៊ានធ្វើសកម្មភាពផុលផុស ដើម្បីតស៊ូទាមទារសិទ្ធិសេរីភាព សម្រាប់ពលរដ្ឋខ្មែរក្រោមនៅទឹកដីវៀតណាម គឺនឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារក្រោមលេសផ្សេងៗ ឬចាប់បញ្ជូនប្រគល់ទៅឱ្យអាជ្ញាធរវៀតណាម ដើម្បីដាក់គុកធ្វើទារុណកម្មជាដើម។
លោក អ៊ុំ សំអាន៖«វៀតណាមជួយគាំទ្រ ឱ្យគណបក្សប្រជាជន ឱ្យលោក ហ៊ុន ម៉ាណែត ហ្នឹងកាន់អំណាចផ្ដាច់ការតទៅទៀតនៅកម្ពុជាដែរ ដូច្នេះ!មានន័យថា ដើម្បីតែផលប្រយោជន៍ និងការកាន់អំណាចផ្ដាច់ការរបស់ត្រកូល«ហ៊ុន»តែប៉ុណ្ណោះឯង មិនមែនដើម្បីផលប្រយោជន៍ខ្មែរនោះទេ»។
កាលពីអំឡុងឆ្នាំ ២០០៧ មានព្រះសង្ឃខ្មែរកម្ពុជាក្រោមព្រះតេជព្រះគុណ ទឹម សាខន ព្រះចៅអធិការវត្តភ្នំដិនខាងជើង ក្នុងខេត្តតាកែវ ធ្លាប់ត្រូវបានអាជ្ញាធរ និងមន្ត្រីសង្ឃខ្មែរចាប់ផ្សឹកដោយចោទប្រកាន់ពីបទធ្វើឱ្យ «បែកបាក់សាមគ្គីភាពវៀតណាមនិងកម្ពុជា» ដើម្បីប្រគល់ទៅឱ្យអាជ្ញាធរវៀតណាមយកទៅដាក់គុកនៅក្នុងប្រទេសវៀតណាម។
កាលពីថ្ងៃទី ២៣ មករា ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានទទួលជួបជាមួយសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក តូ ឡឹម នៅវិមាន ៧ មករា ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តវៀតណាម និងវិស័យសន្តិសុខរវាងប្រទេសទាំងពីរ។
លោក ហ៊ុន សែន បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់លោកថា នៅក្នុងជំនួបនោះ លោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឯកភាពគ្នាជាថ្មី ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងប្រទេសរៀងៗ ខ្លួនឡើយ។
ក្រៅពីជួបលោក ហ៊ុន សែន រដ្ឋមន្ត្រីនគរបាលវៀតណាមលោក តូ ឡឹម ក៏មានជំនួបដាច់ដោយឡែកជាមួយលោក ស ខេង អនុប្រធានគណបក្សប្រជាជន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ ថ្លែងថា កិច្ចសហប្រតិបត្តិការដើម្បីប្រឆាំងអមិត្តនេះ គ្រាន់តែដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងអធិបតេយ្យរបស់ប្រទេសនីមួយៗ ហើយការលើកឡើងផ្សេងពីនេះ របស់មន្ត្រីគណបក្សប្រឆាំង គ្រាន់តែជាសិទ្ធិបញ្ចេញមតិ។
លោក ឈឹម ផលវរុណ៖«រឿងអ្នកដែលចូលចិត្តរឿងនិទានប្រជាធិបតេយ្យ អាហ្នឹងជាសិទ្ធិរបស់អ្នកនោះ។ ប៉ុន្តែរឿងពាក្យ«អមិត្ត»មិនមែនមានតែនៅកម្ពុជា ឬនៅវៀតណាម ឬនៅអាស៊ីទេ សូម្បីនៅអាមេរិក ក៏ចាត់ទុកអ្នកប្រឆាំងខ្លួន ជាអមិត្តដូចតែគ្នាហ្នឹង»។
ថ្វីត្បិតមានការលើកឡើងពីមន្ត្រីគណបក្សកាន់អំណាចបែបនេះក្ដី ប៉ុន្តែអ្នកវិភាគនយោបាយលោក គឹម សុខ សង្កេតឃើញថា កិច្ចសហប្រតិបត្តិការប្រឆាំងអមិត្តកន្លងមក តែងធ្វើឱ្យកម្ពុជាខាតបង់ច្រើន ហើយមានតែវៀតណាមទេ ដែលទទួលបានផលចំណេញ ដូចជាទទួលបានលក្ខខណ្ឌអនុគ្រោះសម្រាប់ពលរដ្ឋវៀតណាមបន្តហូរចូលទឹកដីកម្ពុជា និងទទួលបានការចូលសញ្ជាតិខ្មែរ ជាថ្នូរដែលវៀតណាមបន្តជួយគាំទ្រការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា។
លោកបន្តថា សម្រាប់ក្រុមអ្នកនយោបាយប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ហើយចង់វិលមកស្រុកដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យឡើងវិញ គឺមានលទ្ធភាពតិចតួច ដែលអាចប្រើប្រាស់ទឹកដីវៀតណាម សម្រាប់ឆ្លងកាត់ចូលកម្ពុជាវិញ ពីព្រោះវៀតណាមនៅតែបន្តចង់ប្រើប្រាស់គណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន ជាពិសេសគឺចង់ឱ្យកម្ពុជាបន្តជួយវៀតណាម ទប់ស្កាត់កម្លាំងជនជាតិដើមភាគតិចនៅប្រទេសវៀតណាម ដែលងើបតស៊ូដើម្បីសេរីភាព។
លោក គឹម សុខ៖«ចំណុចដែលសំខាន់បំផុត គឺវៀតណាមចង់ឱ្យកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ហ្នឹង ទប់ស្កាត់កុំឱ្យជនជាតិដើមភាគតិច ដែលរស់នៅវៀតណាម អាចរត់គេចពីវៀតណាម ហើយមកសម្ងំនៅក្នុងប្រទេសកម្ពុជា ធ្វើសកម្មភាពនយោបាយ ដើម្បីសេរីភាពរបស់ជនជាតិដើមភាគតិចមួយចំនួន នៅប្រទេសវៀតណាម»។
ការលើកឡើងពីអ្នកវិភាគរូបនេះ ដោយសារចាប់តាំងពីឆ្នាំ២០០១ មក មានជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាមរាប់ពាន់នាក់ រត់កាត់ព្រៃឆ្លងដែនចូលទឹកកម្ពុជា តាមខេត្តរតនគីរី និងមណ្ឌលគីរី ដើម្បីស្វែងរកសិទ្ធិជ្រកកោន ដោយសារពួកគេអះអាងថា ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ និងការបំបិទសិទ្ធិសេរីភាពផ្នែកសាសនា។ ប៉ុន្តែកន្លងមក មានជនជាតិម៉ុងតាញ៉ាមួយចំនួន ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនប្រគល់ទៅឱ្យវៀតណាមវិញ ទោះបីជាចំណាត់ការទាំងនេះ រងការរិះគន់ពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងជាការប្រព្រឹត្តផ្ទុយពីអនុសញ្ញាស្ដីពីឋានៈជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
