តំណាង​កម្ពុជា​ប្រាប់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ថា កម្ពុជា​មាន​ភាព​ដោយ​ឡែក​របស់​ខ្លួន រឿង​សិទ្ធិមនុស្ស

0:00 / 0:00

ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក អាន សុខខឿន ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មីនា​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា គួរ​តែ​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​វិស័យ​សិទ្ធិមនុស្ស តាម​រយៈ​កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​ពិត​ប្រាកដ ដោយ​ត្រូវ​ពិចារណា​អំពី​បរិបទ​ដោយ​ឡែក​របស់​ប្រទេស​កម្ពុជា។

លោក អាន សុខខឿន មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​បរិបទ​ដោយ​ឡែក​នៃ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ វា​ប្លែក​ពី​បរិបទ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ទូទៅ នៅ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ដូច​ម្ដេច​ខ្លះ​នោះ​ទេ។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា កន្លង​មក​ធ្លាប់​អះអាង​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ធ្វើ​ត្រូវ​តាម​បែប​ប្រជាធិបតេយ្យ​ត្រី​ប្រហុក មិន​មែន​ប្រជាធិបតេយ្យ​តាម​បែប​នំ​ហែមប៊ើហ្គើរ (hamburger) ដូច​នៅ​ប្រទេស​សេរី​នោះ​ទេ។

ក្នុង​រយៈ​ពេល​ជិត ៣០ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​មាន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ៦រូប​ហើយ រួម​ទាំង​អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ដែល​ទើប​តែ​ចប់​អាណត្តិ​នា​ពេល​ថ្មីៗ នេះ។ រាល់​សេចក្ដីរាយការណ៍ និង​សន្និដ្ឋាន​របស់​ពួក​គាត់ សុទ្ធតែ​ធ្វើ​ឡើង​ដោយ​ឆ្លង​កាត់​ការ​ជួប​ពិភាក្សា​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​គណបក្ស​នយោបាយ ពលរដ្ឋ​សហគមន៍​ដែល​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​សង្គម និង​ភាគី​ដែល​ពាក់ព័ន្ធ។ ក្នុង​ចំណោម​អ្នក​ទាំង​នេះ គ្មាន​អ្នក​រាយការណ៍​ពិសេស​រូប​ណា ដែល​រក​មិន​ឃើញ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នោះ​ឡើយ។ ពួក​គាត់​តែងតែ​ផ្តល់​អនុសាសន៍ ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​ស្ថានភាព​សិទ្ធិមនុស្ស ឲ្យ​ប្រសើរ​ឡើង​វិញ។ ប៉ុន្តែ គ្មាន​ម្ដង​ណា ដែល​រដ្ឋាភិបាល​កម្ពុជា​ខក​ខាន​ក្នុង​ការ​ដោះសា ដើម្បី​ការពារ​ខ្លួន​នោះ​ទេ។ សូម្បី​តែ​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី រ៉ូណា ស្ម៊ីត អំពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក៏​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ធ្វើ​ដោយ​លម្អៀង និង​មិន​គ្រប់​ជ្រុង​ជ្រោយ​ដែរ។ ជា​លទ្ធផល ដោយ​សារ​តែ​ការ​មិន​ព្រម​ធ្វើ​តាម​អនុសាសន៍​របស់​មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នេះ កម្ពុជា​រង​ទណ្ឌកម្ម​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ដែល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ផង។

មិន​ខុស​ពី​លើក​មុន លើក​នេះ​ លោក អាន សុខខឿន ប្រៀនប្រដៅ​អ្នក​រាយការណ៍​ពិសេស ឲ្យ​បំពេញ​តួនាទី​ប្រកប​ដោយ​ភាព​សត្យានុម័ត មិន​លម្អៀង មិន​ជ្រើស​តែ​មួយ​ជ្រុង និង​មិន​ធ្វើ​នយោបាយូបនីយកម្ម។ ម្យ៉ាង​ទៀត​ត្រូវ​ចៀសវាង​ដើរ​តួ​ជា​ចៅក្រម​កាត់​សេចក្ដី នៅ​ពេល​ធ្វើ​សេចក្ដី​រាយការណ៍ និង​ការ​សន្និដ្ឋាន។ លោក​ថា បើ​មិន​ដូច្នេះ​ទេ អ្នក​រាយការណ៍​ពិសេស នឹង​មិន​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​កម្ពុជា​នោះ​ឡើយ។

សារ​របស់​តំណាង​កម្ពុជា​នេះ ធ្វើ​ឡើង​ស្រប​ពេល ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ទើប​តែ​បាន​តែងតាំង​អ្នក​រាយការណ៍​ពិសេស​ថ្មី​មួយ​រូប​ទៀត ដើម្បី​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ជំនួស​អ្នកស្រី រ៉ូណា ស្ម៊ីត។ អ្នក​រាយការណ៍​ពិសេស ដែល​ជា​មនុស្ស​ទី៧ នោះ គឺ​លោក វីទិត មុនតាប៊ន (Vitit MUNTARBHORN) ជា​ជន​ជាតិ​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។