សមាគម​គ្រូ​បង្រៀន​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មិន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ យ៉ង ចាន់តារា
2024.09.27
សមាគម​គ្រូ​បង្រៀន​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មិន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​នៅ​ទីលាន​ប្រជាធិបតេយ្យ រូបឯកសារ៖ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​​​ប្រារព្ធ​ធ្វើ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចាត់​ទុក​ការ​បដិសេធ​របស់​សាលា​រាជធានី​​ភ្នំពេញ ដែល​មិន​ឱ្យ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅថ្ងៃទី៥ ខែតុលា​ខាងមុខ​ថា ជា​ការ​រឹតត្បិត​សេរីភាព​សម្ដែង​មតិ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃទី២៧ ខែ​កញ្ញា​ថា អ្នកស្រី​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឱ្យ​សមាគម​គ្រូ​បង្រៀន​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

អ្នកស្រី​ចាត់​ទុក​ការ​មិន​អនុញ្ញាត​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​រៀបចំ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​នេះ  គឺ​បង្ហាញ​ថា លំហ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​នៅ​​កម្ពុជា​កាន់​តែ​រួម​តូច។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «ជា​ការ​បិទ​សិទ្ធិ​សេរីភាព យើង​ឃើញ​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យើង​ហ្នឹង​កាន់​តែ​រួម​តូច។ ទីលាន​ប្រជាធិបតេយ្យ​គឺ​ជា​ទីលាន​ដែល​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អាច​ទៅ​សម្ដែង​មតិ​ថា ដើរ​ចុះ​ក្រែង​មិន​ឱ្យ​ដើរ ប៉ុន្តែ​នេះ​គ្រាន់​តែ​យើង​ទៅ​ផ្ញើ​សារ ដើម្បី​ផ្ញើ​សារ​ទៅ​រាជរដ្ឋាភិបាល​ពី​ទុក្ខ​កង្វល់​របស់​គ្រូ​បង្រៀន​ត្រូវ​បាន​ហាមឃាត់​ដែរ»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២៦ ខែកញ្ញា បាន​បដិសេធ​សំណើ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ស្នើ​សុំ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី៥ ខែតុលា​ខាង​មុខ។

World_Teacher_Day_2023_2.jpg
(រូបឯកសារ) អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ថ្លែងសារ​ក្នុង​ពិធី​រំលឹកទិវា​គ្រូបង្រៀន​ពិភពលោក កាល​ពី​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២៣។ រូបពីពលរដ្ឋ

ការ​បដិសេធ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ ក្រោម​ហេតុ​ផល​ថា ទីលាន​ប្រជាធិបតេយ្យ​ជា​ទីតាំង សម្រាប់​តែ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ឬ​ជា​កន្លែង​ បញ្ចេញមតិ​ជា​សាធារណៈ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៧ ខែកញ្ញា ថា ការ​បដិសេធ​ របស់​សាលា​ក្រុងភ្នំពេញ ហាក់​មិន​សម​ហេតុ​ផល​ឡើយ។ លោក​ថា ទីលាន​ប្រជាធិបតេយ្យ គឺ​ជា​កន្លែង​ជួប​ជុំ ការ​ប្រមូល​ផ្ដុំ និង​ការ​សម្ដែង​មតិ ហើយ​ការ​ ប្រារព្ធ​ធ្វើ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​ក៏​ជា​ការ​សម្ដែង​មតិ​ដែរ។

លោក អំ សំអាត៖ «វា​ជា​ទិវា​សកល​មួយ​ដែល​ទូទាំង​ពិភព​លោក ត្រូវ​រំលឹក​និង​ធ្វើ​ការ​ចង់​ចាំ។ ដូច្នេះ ខ្ញុំ​យល់​ថា ហេតុ​ផល​នៅ​ក្នុង​ការ​មិន​ឱ្យ​ជួប​ជុំ​ហ្នឹង ក៏​វា​មិន​ជា​ហេតុ​ផល​សមរម្យ​មួយ​ដែរ ពីព្រោះ​ដោយសារ​តែ​ពួកគាត់​ខ្វះ​ប្រារព្ធ​ហើយ​បាន​ជា​រៀង​រាល់​ឆ្នាំ តែងតែ​ស្នើ​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ទី​តាំង​ហ្នឹង ហើយ​សាលា​រាជធានី​ភ្នំពេញ តែងតែ​ផ្ដល់​ដល់​ពេល​ឆ្នាំ​នេះ វា​នាំ​ឱ្យ​មាន​រឿង​ជា​ការ​ចម្លែក​ទៅ​វិញ»

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ គ្រោង​នឹង​រៀបចំ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​នៅ​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២៤ ក្រោម​ប្រធាន​បទ «សេរីភាព​គ្រូ​បង្រៀន» ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ១៥០នាក់។ ក្រោយ​ពី​ជួប​ជុំ​គ្នា សមាគម​គ្រូ​បង្រៀន​ កម្ពុជា​ឯករាជ្យ ក៏​គ្រោង​ដង្ហែ​ញត្តិ​ដាក់​ជូន​ក្រសួង​អប់រំ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី និង​រដ្ឋសភា​ដែរ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់​ថា សមាគម​នឹង​ពិភាក្សា​គ្នា​បន្ថែម​ទៀត ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ​​មិន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ទិវា​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។