ក្រុម​ពលករ​រងគ្រោះ​នៅ​អារ៉ាប់​ជាច្រើន​នាក់​នៅ​មិន​ទាន់​បញ្ជូន​មក​កម្ពុជា​នៅ​ឡើយ

0:00 / 0:00

ក្រុម​ពលករ​ដែល​ភាគច្រើន​ជា​ស្ត្រី​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) ជាច្រើន​នាក់​នៅ​មិនទាន់​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ឡើយ។ ពួកគាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដល់​អាយុជីវិត ខណៈ​ពលករ​ជា​ស្ត្រី​ខ្លះទៀត​ទាមទារ​រក​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ជាបន្ទាន់ ដើម្បី​បញ្ជូន​ពួកគាត់​មក​កម្ពុជា​ឱ្យ​បាន​ឆាប់ ដោយសារតែ​ក្រុម​ថៅកែ​បង្ខំ​ឱ្យធ្វើ​ការ​ទាំង​ឈឺ និង​បង្អត់​អាហារ។

ក្រុម​ស្ត្រី​ខ្មែរ​ដែល​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) ចំនួន ៧៨​នាក់​ចេញ​វីដេអូ​លើ​ហ្វេសប៊ុក (Facebook) អំពាវនាវ​រក​ការសង្គ្រោះ​កាលពី​ថ្ងៃទី​១៨ មេសា ស្រែក​ដង្ហោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​នីតិវិធី​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់។ ក្រុម​ពលករ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​គ្មាន​សុវត្ថិភាព​ទេ ហើយ​ក្រុមហ៊ុន​នៅ​ប្រទេស​អារ៉ាប់​បន្ត​គំរាមកំហែង​ពួកគាត់ ជា​បន្តបន្ទាប់។

ពលករ​កំពុង​ជាប់​នៅ​ប្រទេស​អារ៉ាប់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ ខែមេសា​ថា ទោះបី​ពេលនេះ​ក្រុម​ពលករ​កំពុង​ស្នាក់​នៅ​តាម​អូតែល (Hotel) នៅ​តំបន់​ផ្សេងៗ​គ្នា ដើម្បី​ត្រៀម​ចាក​ចេញទៅ​កម្ពុជា​វិញ ប៉ុន្តែ​នីតិវិធី​បញ្ជូន​ក្រុម​ពលករ​ហាក់​ស្ងាត់ឈឹង​។ ពលករ​រូប​នេះ​បញ្ជាក់​ថា ការ​ស្នាក់នៅ​អូ​តែ​ល​នេះ​ពុំ​មាន​សុវត្ថិភាព និង​ពុំមាន​អាហារ​ហូប​គ្រប់គ្រាន់​ទេ ហើយ​ពលករ​ជាច្រើន​បាន​ធ្លាក់ខ្លួន​ឈឺ​ស្គម​ស្លេកស្លាំង និង​ដេក​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ចាប់​ពួកគេ​ទៅ​បង្ខាំង​ម្ដងទៀត។

ពលករ​ថ្លែង​លាក់​ឈ្មោះ៖ «មាន​ស្ត្រី​ខ្មែរ​ខ្លះ​បាត់​ដំណឹង​ដែល​គេ​ដក​ទូរស័ព្ទ​ហើយ​គេ​បង្ខំ​ឱ្យ​ធ្វើ​តាម​ផ្ទះ​ក៏​បាត់​ដំណឹង​សូន្យឈឹង មានការ​បាត់​ខ្លួន​ច្រើន​គ្នា​ដែរ បើ​កន្លែង​ខ្ញុំ​សង្គ្រោះ​ហើយ បើ​កន្លែង​ផ្សេងៗ​នៅ​ជាប់​ឃុំ។ និយាយ​ទៅ​នៅ​ដូច​គោ ដូច​ក្របី គេ​អត់​គិត​ពី​កម្លាំង​ពលកម្ម​ស្ត្រី​ខ្មែរ​។ រាល់ថ្ងៃ​នេះ បើ​ឱ្យ​រើស​ថា នៅ​ដេក​អូ​តែ​ល​ជុំគ្នា និង​ដេក​ចូល​គុក​នៅ​អារ៉ាប​នេះ ពួក​ខ្ញុំ​សុខចិត្ត​ដេក​គុក​នៅ​អារ៉ាប ព្រោះ​គិតថា គុត​មាន​សុវត្ថិភាព​ជាង ទោះ​ម៉េច​ក៏​មាន​ប៉ូលិស​ការពារ​យើង។ បើ​នៅ​នេះ ប៉ូលិស​អត់​ខ្លាច​ទេ ខ្លាច​តែ​ក្រុមហ៊ុន​ដែល​ធ្វើបាប​វាយ​យើង​វា​អាច​មក​ធ្វើបាប​ពួក​បន្លំ​ថា ចេះ​ថា​ចុះ»។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត បាន​រក​ឃើញ​ក្រុម​ពលករ​ចំនួន ៧៨​នាក់​នៅ​ក្រុង​ចំនួន ៣​ផ្សេងគ្នា​ក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត។

ក្រសួង​ការងារ​អះអាង​កាល​ពី​ថ្ងៃទី​១៨ ខែ​មេសា​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​រៀបចំ​សំបុត្រ​យន្តហោះ​ឱ្យ​ពលរដ្ឋ​ចំនួន ២៩​នាក់ និង​រៀបចំ​សំបុត្រ​យន្តហោះ​សម្រាប់​ពលករ​ផ្សេងទៀត​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមេសា សម្រាប់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​កំពុង​ជាប់​នៅក្នុង​ប្រទេស​អារ៉ាប់​ថា នេះ​ជា​រឿង​មិន​ពិត។

ក្រុម​ពលករ​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ មាន​ពលករ​ជា​ស្ត្រី​ចំនួន ២​នាក់​តែប៉ុណ្ណោះ​ដែល​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​១៩ ខែ​មេសា ដោយសារតែ​ពួកគាត់​ទាំងពីរ​នោះ​មាន​ម្នាក់​ឈឺក្រពះ​រហូត​ដួល​សន្លប់ និង​ម្នាក់ទៀត​ស្វិតជើង​ទាំងសងខាង​។ ចំណែក​ពលករ​ផ្សេងទៀត​កំពុង​ទន្ទឹង​រង់ចាំ​កិច្ច​អន្តរាគមន៍​បញ្ជូន​ពួកគេ​ទៅ​កម្ពុជា​វិញ ហើយ​អ្នកខ្លះ​អស់​សង្ឃឹម​រហូត​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់។

ពលករ​ដែល​បាន​មក​ដល់​ខ្មែរ​វិញ​គឺ​កញ្ញា លាង ស៊ីដែន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន​កញ្ញា​កំពុង​ស្នាក់នៅ​មន្ទីរពេទ្យ​ព្យាបាល​ជើង​ទាំងសងខាង​ស្វិត​ដើរ​មិន​រួច​នោះ​ទេ។ កញ្ញា​បញ្ជាក់​ថា កាល​អំឡុង​ធ្វើ​ការងារ​នៅ​ប្រទេស​អារ៉ាប់​ថៅកែ​ប្រើ​ដូចជា​ទាសករ និង​ធ្វើការ​មួយថ្ងៃ​សម្រាក​បាន​ប្រហែល​តែ ២​ម៉ោង​តែប៉ុណ្ណោះ និង​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់​ទេ ទើប​ធ្វើ​ឱ្យ​កញ្ញា​ធ្លាក់ខ្លួន​ឈឺ​បែបនេះ។

កញ្ញា លាង ស៊ីដែន៖ «ម្ហូបអាហារ​ពេល​យើង​ទៅ​ធ្វើ​ការ​បាន​បាយ​មក​។ បាយល្ងាច​ស្មើនឹង​ម៉ោង ៤ ទៀបភ្លឺ​យើង​ទៅ​ហូប​ម៉េច​បាយ​ថ្ងៃ បាយល្ងាច​យក​មក​សរុប​ជាមួយគ្នា ពេល​យើង​ម៉ោង​ទៅ​ធ្វើ​ការ​អត់​មាន​បាយ​ហូប​ផង​ហ្នឹង គេ​ឱ្យ​ស៊ី​ស្មើ​ណា ស៊ី​ស្មើ​ហ្នឹងហើយ​។ អត់​មាន​អ្នកឯង​មក​តវ៉ា​ទេ។ ដូច​ថា យើង​ហូប​បាន​ចំណី​អាហារ​អត់​គ្រប់គ្រាន់​ណាមួយ​យើង​ខំធ្វើការ​ទៀត ហូប​អត់​ទៀងទាត់​ហើយ​យើង​ដេក​ក៏​អត់​បាន​ពេញភ្នែក ពេល​អ៊ីចឹង​ធ្វើ​ឱ្យ​យើង​ដូច​ខ្យល់គរ ខ្ញុំ​ចូល​បន្ទប់ទឹក​ក៏​ងងឹតមុខ​ដួល​បោក​នឹង​បន្ទប់ទឹក មិនដឹង​ប៉ះ​អី​ខ្លះ ងើប​មក​មិន​ដឹង​អី​ទេ​បាន​អ្នកធ្វើការ​ជាមួយគ្នា​ជួយសង្គ្រោះ​ពី​បន្ទប់ទឹក»។

ក្រៅពី​ពលករ​ស្ត្រី​ចំនួន ៧៨​នាក់​ដែល​រង​ការ​ឃុំឃាំង​បង្អត់អាហារ រង​ការ​គំរាមកំហែង​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​នៅ​ប្រទេស​អារ៉ាប់ នៅ​មាន​ពលករ​ជា​ស្ត្រី​ជាច្រើន​នាក់​ទៀត កំពុង​រក​កិច្ច​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ ដោយសារ​តែ​ថៅកែ​បង្ខាំង និង​បង្ខំ​ពលករ​ឱ្យធ្វើ​ការងារ​ទាំង​ឈឺ ហើយ​ពួកគាត់​រង​ការ​រំលោភបំពាន​រូបរាង​កាយ​ជា​បន្តបន្ទាប់។

ពលករ​ផ្នែក​អនាម័យ​តាម​ផ្ទះ លោកស្រី យ៉េ ធឿន ឱ្យ​ដឹង​ថា លោកស្រី​កំពុង​បម្រើ​ការងារ​តាម​ផ្ទះ​ឱ្យ​ថៅកែ​ជនជាតិ​អារ៉ាប់​ជាមួយ​ពលករ​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត និង​បាន​ធ្លាក់ខ្លួន​ឈឺ​ទាំងពីរ​នាក់ ៤​ថ្ងៃ​មក​ហើយ ចំណែក​ថៅកែ​ពុំបាន​អើពើ​នោះ​ទេ និង​ថែមទាំង​បង្ខំ​ឱ្យ​ពួក​លោក​ស្រី​ធ្វើ​ការងារ​ទាំង​មាន​ជំងឺ​។ លោកស្រី​រៀបរាប់​ថា សព្វថ្ងៃ​ថប់ដង្ហើម​អស់កម្លាំង និង​ត្រូវ​បាន​គេ​ឃុំឃាំង​ក្នុង​បន្ទប់​ទាំងពីរ​នាក់​ហូប​តែ​បបរ​ជាមួយ​អំបិល និង​គ្មាន​លុយ​ទិញ​ថ្នាំលេប​នោះ​ទេ​។ លោកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ស្ថានទូត​ជួយសង្គ្រោះ​លោកស្រី​ឱ្យ​បាន​ត្រឡប់​ទៅ​កម្ពុជា​វិញ។

លោកស្រី យ៉េ ធឿន៖ «គ្មាន​ថ្នាំ​អី​ទេ វា​ពិបាក​ត្រង់​ហ្នឹងហើយ​ខ្ញុំ​វា​កាន់តែ​ទៅ​ហ្មង​ងើប​វិលមុខ ស្រកសាច់​ទៅ​អស់រលីង​គិត​មើល​យើង​ហូបបាយ​អត់​ចូល​បាន​ហុត​បបរ​តិចៗ ងើប​ទៅ​ដាំ​បបរ​មិន​ចង់​រួច​ផង​។ ហូប​បបរ​ក៏​គ្មាន​ស្អី​ដែរ មានតែ​អំបិល និង​ខ្ញុំ​ទិញ​ទឹកស៊ីអ៊ីវ​មួយ​ដប​នៅសល់​ហើយ​ខ្ញុំ​ហុត​ដាក់​អំបិល​ផង ក្រែង​មាន​កម្លាំង ព្រោះ​ខ្ញុំ​អត់​ដឹង​រក​ផ្លូវ​ណា​។ នៅតែ​ដេក​យំ ដែក​តែ​សោក នឹកឃើញ​តេ​ទៅ​កន្លែង​មិត្ត​ភ័ក្ដិ កន្លែង​មិត្ត​ភ័ក្ដិ​ក៏​ពិបាក​ដូចគ្នា»។

ក្រុម​ពលករ​ភាគច្រើន​ជា​ស្ត្រី​ចាញ់បោក​មេខ្យល់​នោះ ពួកគាត់​បាន​មក​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ៣​ខែ មក​ហើយ តាមរយៈ​ក្រុមហ៊ុន ហ្វាទីម៉ា មេនផៅវើ (Fatina Manpower Co., Ltd) ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​។ ពេល​ពលករ​ដាក់ពាក្យ​មក​ធ្វើការ​ងារ​នៅ​ប្រទេស​អារ៉ាប់ ក្រុមហ៊ុន​មួយ​នេះ​បាន​ធានា​ក្នុង​លិខិត​កិច្ចសន្យា​លើ​វិសាលភាព​ផ្ដល់​កិច្ច​គាំពារ​រាល់​ការ​ចំណាយ​កន្លែង​ស្នាក់នៅ​ផ្ដល់​អាហារ​ហូបចុក ៣​ពេល ដល់​ពលករ​ជា​អ្នក​អនាម័យ និង​ផ្ដល់​ប្រាក់ចំណូល​ប្រចាំខែ ៤​រយ​ដុល្លារ (៤០០)​។ ប៉ុន្តែ ក្រុម​ពលករ​អះអាង​ថា ពេល​មក​ដល់​ប្រទេស​អារ៉ាប់​ខុស​ពី​ការពិត ដោយសារតែ​ថៅកែ និង​ម្ចាស់ផ្ទះ​នៅ​ប្រទេស​អារ៉ាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង និង​ឃុំឃាំង​ពលករ​បង្អត់​បាយ​បង្ខំ​ឱ្យធ្វើ​ការ​ច្រើន​ម៉ោង។

ក្រុម​ពលករ​អះអាង​ថា ម្ចាស់​ក្រុមហ៊ុន ហ្វាទីម៉ា មេនផៅវើ ដែល​ធានា​រៀបចំ​លើ​ឯកសារ​កិច្ចសន្យា​ពួកគេ​គឺជា​អ្នកស្រី ស្វាយ សុគន្ធណារី ដែល​ត្រូវជា​ភរិយា​របស់​លោក ម៉ាន តើរ៉មីហ្សី (Man Teramizy) ជា​កូនកាត់​អារ៉ាប៊ី សាអ៊ូឌីត។ លោក ម៉ាន តើរ៉មីហ្សី គឺជា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

វិទ្យុ​អាស៊ីសេរី​អាច​ទាក់ទង​អ្នកស្រី ស្វាយ សុគន្ធណារី និង​លោក ម៉ាន តើរ៉មីហ្សី ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៥ ខែមេសា​។ អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ប្រាប់​កាសែត​ក្នុងស្រុក​កាលពី​ថ្ងៃទី​១៩ ខែ​មេសា កន្លង​ទៅ​ថា ក្រសួង​ការងារ​នឹង​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុមហ៊ុន​ដែល​បា​នបញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ករណី​ដែល​រក​ឃើញ​ថា ក្រុមហ៊ុន​មិន​គោរព​តាមច្បាប់ មិន​ធានា​លក្ខខណ្ឌ​ការងារ និង​មិន​គោរព​សិទ្ធិ​ការងារ​ដល់​ពលករ ក្រសួង​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​នោះ។

ចំណែក អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា លោក ជុំ សុន្ទរី ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​សង្គម​តេលេក្រាម (Telegram) នៅ​ថ្ងៃទី​២៥ ខែមេសា​ថា ការ​ជួយ និង​ផ្តល់​ការ​គាំទ្រ​ដល់​ពលរដ្ឋ និង​ពលករ​ខ្មែរ​ជួប​បញ្ហា​នៅ​ក្រៅ​ប្រទេស គឺជា​ការងារ​អាទិភាព​មួយ​របស់​ក្រសួងការបរទេស​។ លោក​ជំរុញ​ឱ្យ​ពលករ​ខ្មែរ​នៅក្នុង​បណ្ដា​ប្រទេស​អារ៉ាប់​ក្នុង​ករណី​ជួប​បញ្ហា ទាក់ទង​ជាមួយ​ស្ថានទូត​កម្ពុជា​ដើម្បី​សុំ​ជំនួយ​អន្តរាគមន៍។

ទោះជា​បែបនេះ​ក្ដី ក្រុម​ពលករ​បញ្ជាក់​ថា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត លោក អ៊ុក សារុន ពុំ​បាន​ខ្នះខ្នែង​ផ្ដល់​កិច្ច​គាំពារ​ដល់​ពលករ​ទេ ប៉ុន្តែ​ថែមទាំង​ស្ដី​បន្ទាស​ដល់​ក្រុម​ពលករ​ថា កំពុង​ធ្វើ​សកម្មភាព​ជំរុញ​ឱ្យ​ស្ថានភាព​កាន់តែ​លំបាក ពេល​ក្រុម​ពលករ​សួរនាំ​ពី​នីតិវិធី​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ដែល​បាន​តាមដាន​រឿង​នេះ​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​កំពុង​ប្រមូល​បណ្ដឹង​របស់​ក្រុម​ពលករ​ជា​បន្តបន្ទាប់ ដើម្បី​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជួយ​ក្រុម​ពលករ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ត្រឡប់​មក​កម្ពុជា​វិញ។

លោក អាត់ ធន់៖ «យោង​លើ​អ្វី​ដែល​គាត់​ត្អូញត្អែរ យើង​ឃើញ​មាន​ផល​លំបាក​ខ្លាំង យើង​កំពុង​គិត​មើល​ថា តើ​យើង​អាច​ជួយ​យ៉ាងម៉េច បើ​កិច្ចសន្យា​គាត់​ធ្វើ​ទៅ​ជាមួយ​គេ​ផ្ទាល់ ហើយ​ក្រសួង​បាន​ធ្វើ​អី​ខ្លះ​ហើយ​ចំពោះ​ក្រុមហ៊ុន​មាន​បញ្ហា​ហ្នឹង​។ ក្រុមហ៊ុន​ហ្នឹង​ត្រូវ​មាន​ពិន័យ ឬ​ដោះស្រាយ​យ៉ាងម៉េច​យើង​កំពុង​គិត​មើល​ដែរ ព្រោះ​នៅ​ពេល​ដែល​កម្មករ​ជាប់​បញ្ហា​អីចឹង អំឡុង​ពេល​យើង​ដោះស្រាយ​ហ្នឹង ទុក​ពេល​ឱ្យ​គេ​ធ្វើ​ការ​សិន»។

ក្រុម​ពលករ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ទាមទារ​ដល់​ក្រសួង​ការងារ និង​រដ្ឋាភិបាល ពន្លឿន​នីតិវិធី​ជួយសង្គ្រោះ​ពលករ​ដែល​រង​ការ​ឃុំ​ឃាំង និង​ការ​គំរាមកំហែង​ពី​សំណាក់​ថៅកែ បញ្ជូន​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់ ព្រោះ​ពលករ​មួយចំនួន​កំពុង​មាន​សុខភាព​កាន់តែ​ទ្រុឌទ្រោម​។ ក្រុម​ពលករ​ខ្លះ​ក៏​ព្រួយបារម្ភ​ពី​ការ​យឺតយ៉ាវ​របស់​រដ្ឋាភិបាល​ថា ពួកគេ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារតែ​គ្មាន​លុយ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ និង​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់​។ ម្យ៉ាងទៀត​ពួកគាត់​ឱ្យ​ដឹង​ថា ក្រុមហ៊ុន និង​ថៅកែ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត នៅតែ​ព្យាយាម​ស្វែងរក​ទីតាំង​ក្រុម​ពលករ​ចាប់​បង្ខាំង​ពួកគាត់​ម្ដងទៀត ដែល​ធ្វើ​ឱ្យ​ពួកគេ​ភ័យខ្លាច និង​មិន​ហ៊ាន​ដើរចេញ​តាម​ទី​សាធារណៈ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។