មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារម្លឹកខួប៧ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី
2023.07.06

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សិស្ស និស្សិត និងប្រជាពលរដ្ឋជាង៥០នាក់ រួមគ្នាប្រារព្ធពិធីរម្លឹកខួប៧ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ កក្កដា។
នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា ឲ្យដឹងថា របៀបវារៈសំខាន់ៗនៅក្នុងពិធីនេះ មានដូចជា ពិធីសូត្រមន្តឧទ្ទិសជូនលោកបណ្ឌិត កែម ឡី អានកំណាព្យ និងអត្ថបទខ្លីដែលត្រូវបានជ្រើសរើស ពីអ្នកគោរពស្រលាញ់ លោក បណ្ឌិត កែម ឡី ដែលបានផ្ញើមកចូលរួមជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ព្រមទាំងបានកម្មវិធីស្ដាប់ និងចាក់បញ្ចាំងវីដេអូរបស់បណ្ឌិត កែម ឡី ជាដើម។
កម្មវិធីឆ្នាំនេះ ប្រារព្ធឡើងនៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្រោមចំណងជើងថា «ពាក្យពិត» ហើយសារសំខាន់មួយទៀតដែលបានរំលេចនៅក្នុងកម្មវិធីនេះដែរគឺ «ការបង្រៀនឱ្យខ្មែរចេះគិត គឺជាការចាំបាច់បំផុត»។
លោក សួន យុធ្យា ឲ្យដឹងទៀតថា អ្នកចូលរួមក្នុងកម្មវិធីនេះក្រៅពីសិស្ស និស្សិត និងប្រជាពលរដ្ឋ ក៏មន្ត្រីអង្គការសង្គមស៊ីវិល និងតំណាងមន្ត្រីស្ថានទូតប្រទេសប្រជាធិបតេយ្យចូលរួមផងដែរ។
លោក សួន យុធ្យា៖ «ភ្ញៀវដែលបានអញ្ជើញចូលរួមនោះ ក៏មានលោកឯកអគ្គរាជទូតអង់គ្លេសអញ្ជើញមកខ្លួនឯង ទូតអូស្ត្រាលីមានលេខា ជាតំណាងចូលរួម មានទូតអាមេរិក និងទូតអ៊ីយូ មានតំណាងគាត់មក និងអង្គការជាតិ និងអន្តរជាតិដទៃទៀតក៏មកចូលរួមដែរ ...»។
បណ្ឌិត កែម ឡី ត្រូវឃាតបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្ថានីយប្រេងឥន្ធនៈមួយក្នុងរាជធានីភ្នំពេញ មកទល់ពេលនេះ អាជ្ញាធរមិនទាន់ស្វែងរកឃាតកពិតប្រាកដនិងអ្នកនៅពេលក្រោយឃាតកម្មបណ្ឌិត កែម ឡី មកផ្ដន្ទាទោសនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។