មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​ថ្មី​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិ​កម្មករ

ដោយ អាន ស៊ីថាវ
2014.02.28
ឌុច ពិសិដ្ឋ ៦១០ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក ឌុច ពិសិដ្ឋ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៤។
Photo: RFA

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ បាន​ចេញ​គេហទំព័រ​ថ្មី​មួយ ដើម្បី​តាម​ដាន​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ចំពោះ​ការ​ធ្វើ​អាជីវកម្ម​របស់​បណ្ដា​រោងចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា។ គោល​បំណង​របស់​គេហទំព័រ​នេះ គឺ​បង្ហាញ​ទៅ​សាធារណជន​នូវ​បញ្ហា​កូដកម្ម បាតុកម្ម ការ​ដួល​សន្លប់ និង​ការ​រើសអើង​សហជីព។

ជម្លោះ​រវាង​ថៅកែ​រោងចក្រ​កាត់​ដេរ និង​កម្មករ កំពុង​កើត​ឡើង​ជា​បន្តបន្ទាប់ ដែល​ឈាន​ដល់​អំពើ​ហិង្សា និង​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់។ ដើម្បី​តាម​ដាន​អំពី​បញ្ហា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​ថ្មី​មួយ នា​ថ្ងៃ​ទី​២៨ កុម្ភៈ ដើម្បី​បង្ហាញ​អំពី​ការ​រំលោភ​សិទ្ធិ​នានា​លើ​កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​កាត់​ដេរ ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បង្ហាញ​ថា គេហទំព័រ​នេះ​ផ្ដោត​លើ​បញ្ហា​ធុរកិច្ច និង​សិទ្ធិ​មនុស្ស រួម​ទាំង​បង្ហាញ​អំពី​ទិន្នន័យ​បច្ចុប្បន្ន​ភាព​របស់​រោងចក្រ​កាត់​ដេរ​កម្ពុជា។ កិច្ច​ប្រឹងប្រែង​នៃ​ការ​បង្កើត​គេហទំព័រ​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ លើ​ការ​ប្ដេជ្ញា​ចិត្ត​លើក​ស្ទួយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ មាន​ប្រសាសន៍​ថា ការ​បង្កើត​គេហទំព័រ​នេះ ដើម្បី​ផ្សព្វផ្សាយ​លើ​ដំណើរ​អាជីវកម្ម​ដែល​ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ រួម​ទាំង​ចងក្រង​អំពី​ការ​រាយការណ៍​របស់​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សង្វាក់​ផលិតកម្ម​រោងចក្រ​កាត់​ដេរ​កម្ពុជា។

«សំឡេង»

លោក ឌុច ពិសិដ្ឋ បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​គេហទំព័រ​បាន​បន្ថែម​ចំនួន​រោងចក្រ​ចំនួន ៥៨​ថ្មី ទៅ​លើ​រោងចក្រ​ចំនួន ៥៥៨​រោងចក្រ។ ទិន្នន័យ​រោងចក្រ​កាត់​ដេរ​នេះ នឹង​ផ្ដល់​ព័ត៌មាន​កាន់​តែ​ទូលាយ​ចំពោះ​វិស័យ​កាត់​ដេរ​កម្ពុជា និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដែល​កំពុង​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​កម្ពុជា។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ជាតិ ខេមរា បាន​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ មិន​មាន​ការ​រំលោភ​សិទ្ធ​មនុស្ស​ទេ។ បញ្ហា​ដែល​បាន​កើត​ឡើង​កន្លង​ទៅ គឺ​បណ្ដាល​មក​ពី​ការ​ញុះញង់ ស្រប​ពេល​ដែល​កម្មករ​មិន​យល់​អំពី​ច្បាប់​ការងារ។ ដើម្បី​កាត់​បន្ថយ​ការ​វិវាទ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ គឺ​ការ​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់។ លោក​បញ្ជាក់​ទៀត​ថា ការ​បង្កើត​គេហទំព័រ​ដែល​ផ្សព្វផ្សាយ​បញ្ហា​នានា​របស់​រោងចក្រ​កាត់​ដេរ អាច​ជា​រឿង​ល្អ ប្រសិន​បើ​ប្រភព​ព័ត៌មាន​ដែល​យក​ទៅ​ផ្សព្វផ្សាយ​នោះ​មាន​គុណភាព។

«សំឡេង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​កង​កម្លាំង​សន្តិសុខ គេ​រាយការណ៍​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាង​អនាធិបតេយ្យ រួម​មាន​ការ​រំលោភ​សិទ្ធិ​កម្មករ​រោងចក្រ​ក្នុង​ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា ដោយ​មាន​ការ​រំខាន​ពី​ថៅកែ​រោងចក្រ។

ស្រប​ពេល​ដែល​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​វិស័យ​រោងចក្រ មិន​ទាន់​ដោះស្រាយ​បាន អ្នក​សេដ្ឋកិច្ច​បាន​ស្នើ​ឲ្យ​ភាគី​ពី​គ្រប់​ស្ថាប័ន​ទាំងអស់ ពិចារណា​លើ​ចំណុច​៤ រួម​មាន ទី​មួយ គឺ​ផល​ចំណេញ​របស់​សហគ្រាស​រោងចក្រ។ ទី​ពីរ ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ និង​ចំណាយ​ផ្សេងៗ​របស់​រោងចក្រ។ ទី​បី ភាព​ប្រកួត​ប្រជែង​ផលិតភាព​របស់​រោងចក្រ (country comparative advantage) និង​ទី​បួន ផលិត​ភាព​របស់​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
សង្គម​ស៊ីវិល​ស្នើ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឆ្លើយ​តប​ភាព​មិន​ប្រក្រតី​លើ​កញ្ញា សេង ធារី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។