ក្រុមកូដករណាហ្គាវើលដ៍ (NAGA World) បន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយក្នុងវិវាទការងារ
2023.01.24

ក្រុមកូដករណាហ្គាវើលដ៍ (NAGA World) ប្រមាណ ៥០នាក់ នៅរសៀលថ្ងៃទី២៤ មករានេះ បន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយការងារនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីជំរុញឱ្យថៅកែក្រុមហ៊ុនចូលតុចរចា និងទទួលយកបុគ្គលិកទាំងអស់ចូលធ្វើការវិញ។ ពួកគេស្លៀកសំលៀកបំពាក់អាវស ខោខ្មៅ នាំគ្នាលើកបដា ដែលមានលើករូបថត កញ្ញា ឈឹម ស៊ីថរ ខ្លះវាយស្គរ ខ្លះផ្លុំប៉ីនៅក្រោមកម្ដៅថ្ងៃក្ដៅទាមទារថៅកែក្រុមហ៊ុនបនល្បែងមួយនេះឱ្យដោះស្រាយវិវាទការងាររបស់ពួកគេ។
តំណាងសហជីពម្នាក់គឺ អ្នកស្រី សុខ រតនាប្រាប់ វិទ្យុអាស៊ីសេរីថា ពួកគាត់បង្ហោះខ្លែងឯកពណ៌ខ្មៅ និងមានពាក់សំបកក្រដាសនៅលើក្បាលគឺដើម្បីបង្ហាញថាក្រសួងមិនគួរធ្វើមិនដឹងមិនលឺរឿងវិវាទការងាររបស់ពួកគេនោះទេ។
អ្នកស្រី សុខ រតនា៖ «និយាយទៅបើនិយាយពីការខកចិត្តវិញ បងខកចិត្តខ្លាំងណាស់ ព្រោះក្នុងនាមយើងជាកម្មករខ្មែរ យើងធ្វើការលើទឹកដីខ្មែរ ហើយត្រូវថៅកែបរទេសគាត់មករំលោភបំពានសិទ្ធិការងារយើង រំលោភបំពានសិទ្ធិកម្មករខ្មែរ រំលោភបំពានទាំងសិទ្ធិសហជីពទៀត បែរជាក្រសួងការងារ និងក្រសួងពាក់ព័ន្ធផ្សេងៗ បែរជារបៀបថា ដូចលំអៀងហើយអូន លំអៀងទៅណាហ្គាវើលដ៍ពេក។ ដល់ពេលអ៊ីចឹងយើងមានអារម្មណ៍ថា យើងមានចិត្តមួយថា ខកចិត្តខ្លាំងជាមួយពួកគាត់ខ្លាំងណាស់ ដែលគ្រាន់តែពួកយើងមានវិវាទការងារមួយសោះ បែរជាមិនដោះស្រាយ ហើយបែរជាទៅជាលាបពណ៌យើងទៅជារឿងផ្សេងៗ អ៊ីចឹងណ៎ា ទៅជារឿងមួយ ដែលថា រំលាយនៅរាល់រដ្ឋាភិបាលអីជាដើម»។
ក្រុមកូដករតវ៉ាឱ្យថៅកែក្រុមហ៊ុន ដោះស្រាយវិវាទការរបស់ពួកគេ ក្រោយពេលក្រុមហ៊ុនបញ្ឈប់បុគ្គលិកជាង ១ពាន់នាក់ ដែលគេមើលឃើញថា ជាចេតនាចង់រំលាយសហជីពឯករាជ្យ។ វិវាទការងារមួយនេះបានអូសបន្លាយជាង ១ឆ្នាំមកហើយ។ពួកគេនៅតែប្រកាន់ជំហរថានឹងបន្តការតវ៉ារហូតតុលាការដោះលែងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ទម្លាក់ការចោទប្រកាន់មកលើក្រុមកូដករដោយឥតលក្ខខ័ណ្ឌ និងដោះស្រាយបញ្ចប់វិវាទការងាររបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។