ក្រុមអង្គការសង្គមស៊ីវិលសង្ឃឹមថា នឹងមានការទម្លាក់ការចោទប្រកាន់ក្រោយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានកែប្រែសម្រង់សម្ដី លោក ស៊ឹង សែនករុណា។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ច័ន្ទរឿន បានសរសេរលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៧ កុម្ភៈ ថា តាមរយៈការកែតម្រូវរបស់សារព័ត៌មាន ខេមបូឌា ដេលី លោកសង្ឃឹមថា ដើមបណ្តឹង និងតុលាការនឹងទម្លាក់ការចោទប្រកាន់ ដើម្បីផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ដល់លោក ស៊ឹង សែនករុណា វិញ។
បណ្ឌិត ប៉ា ច័ន្ទរឿន៖ «ខ្ញុំសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានឱ្យដកស្រង់សម្ដីរបស់ខ្ញុំដោយផ្ទាល់ទៅចុះផ្សាយ ជាជាងការរៀបរាប់សម្ដីរបស់ខ្ញុំឡើងវិញ ហើយថែមម្ទេសឱ្យហិរ ឬអំបិលឱ្យប្រៃជ្រុល»។
ការស្នើសុំឱ្យអនុគ្រោះដល់មន្ត្រីការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា នេះ បន្ទាប់ពីសារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី៧ កុម្ភៈ ដោយកែសម្រង់សម្ដីរបស់លោក ករុណា នៅក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃទី២ កុម្ភៈ ដែលមានចំណងជើង « លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង ១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច »។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ កុម្ភៈ ថា យោងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធានា និងលើកកម្ពស់អ្នកការពារសិទ្ធិមនុស្ស ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏លើកកម្ពស់សិទ្ធិមនុស្សទាំងច្បាប់អន្តរជាតិ ដូច្នេះ ការអនុគ្រោះដល់លោក ស៊ឹង សែនករុណា បានជួយលើកកម្ពស់ដល់មុខមាត់របស់រដ្ឋាភិបាលកម្ពុជា។
លោកថា លោក ស៊ឹង សែនករុណា បានលះបង់ច្រើន ទាំងសេចក្ដីសុខផ្ទាល់ខ្លួនដើម្បីការពារសិទ្ធិមនុស្ស។
លោក រស់ សុដ្ឋា៖ «លោកមានស្នាដៃច្រើន ដូច្នេះទេ គួរតែមានការលើកលែងដល់គាត់ដែលជាអ្នកគេហៅថា ការពារសិទ្ធិមនុស្សដែលបានធានា ដោយគេហៅថា ច្បាប់អន្តរជាតិ និងច្បាប់ជាតិរបស់យើង ហើយក៏ជួយរដ្ឋាភិបាលមួយចំណែកធំដែរ បើសិនជាគ្មានពួកអស់លោកដូចជា លោក ស៊ឹង សែនករុណា នោះទេ ក៏ពេលខ្លះការធ្វើសម្រេចចិត្តរបស់យើងករណីមួយចំនួន ក៏វាមានការមិនច្បាស់លាស់ដែរ។ ដូច្នេះហើយការដែលជួយធ្វើការសិក្សាផ្ដល់ព័ត៌មានដូចជា បំភ្លឺ ចង្កៀងបំភ្លឺនៅស្ថានភាពធ្វើការសម្រេចចិត្តរបស់អាជ្ញាធរក៏ដូចជារដ្ឋាភិបាលកន្លែងខ្លះក៏បានល្អប្រសើរ»។
អតីតនាយិកានៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានសរសេរលើហ្វេសប៊ុករបស់អ្នកស្រីអមជាមួយរូបភាពលោក ស៊ឹង សែនករុណា នៅលើហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃទី៥ កុម្ភៈ ថា លោក ស៊ឹង សែនករុណា តែងតែប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងបំពេញបេសកកម្មការងាររបស់ខ្លួនដោយឥតរួញរា និងចំណាយពេលវេលានៅមូលដ្ឋានសង្កេតការណ៍គ្រប់ករណី និងចូលរួមយ៉ាងសកម្មជាមួយសហគមន៍នានា។
អ្នកស្រីសង្ឃឹមថា តុលាការនឹងឈរលើមូលដ្ឋានយុត្តិធម៌លើករណីលោក ស៊ឹង សែនករុណា និងអំពាវនាវឱ្យមានការយោគយល់ ធានា និងការពារដល់ការបំពេញតួនាទីរបស់តួអង្គសង្គមស៊ីវិល ដែលមានទស្សនវិស័យចូលរួមធានាលើកកម្ពស់សិទ្ធិសេរីភាពមូលដ្ឋានដែលប្រទេសកម្ពុជាបានទទួលស្គាល់។
ចំពោះការទទូចរបស់មន្ត្រីសង្គមស៊ីវិលនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងក្រុមមេធាវីគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេ នៅថ្ងៃទី៧ កុម្ភៈ។
កាលពីថ្ងៃទី៥ កុម្ភៈ គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក ស៊ឹង សែនករុណា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សរូបនេះថា បង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតព្រឹទ្ធសភាក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា កាលពីនៅថ្ងៃទី៥ កុម្ភៈ បានសរសេរលើហ្វេសប៊ុករបស់លោកថា រាល់ការសម្រង់សម្ដីរបស់លោក ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយ នោះវាមិនមែនជាចេតនានិងគោលបំណងរបស់លោកនោះទេ ដូច្នេះលោកមិនទទួលស្គាល់ឡើយ។
លោកបញ្ជាក់ថា បេសកកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍របស់លោក ទៅកាន់សារព័ត៌មាន ក្នុងបំណងពង្រឹងការគោរព សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
