មន្រ្តីសង្គមស៊ីវិលនៅតែចាត់ទុកការបង្កើតអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតរបស់រដ្ឋាភិបាលដើម្បីរឹតត្បិតលើសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិឯកជនរបស់អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត។ ពួកគេថាការលើកឡើងនូវសំណូមពរ ឬក្តីកង្វល់ដាក់ជូនរដ្ឋាភិបាលបំពេញចំណុចខ្វះខាតកន្លងមក គឺជាមូលហេតុដ៏ត្រឹមត្រូវដែលស្របតាមគោលការណ៍សិទ្ធិមនុស្ស និងផលប្រយោជន៍ជាតិ។ ប្រតិកកម្មនេះ គឺបន្ទាប់ពីមន្រ្តីរដ្ឋាភិបាលរក្សាជំហរការពារអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតដោយចាត់ទុកអ្នករិះគន់ទាំងឡាយថា ប៉ះពាល់សេរីភាពពលរដ្ឋនោះ គឺជារឿងកហុក និងមិនត្រឹមត្រូវ។
មន្រ្តីសង្គមសង្គមស៊ីវិលពួកគេសោកស្តាយចំពោះមន្រ្តីរដ្ឋាភិបាលចោទប្រកាន់អ្នករិះអនុក្រឹត្យច្រកទ្វារអ៊ីនធើណិតដោយគ្មានមូលដ្ឋានត្រឹមត្រូវ។ ពួកស្នើដល់រដ្ឋាភិបាលគួរយកចិត្តទុកដាក់ដោះស្រាយនិងទទួលយកមតិយោបល់ពីគ្រប់ភាគីចំពោះខ្លឹមសារនៃអនុក្រឹត្យទៅកែលម្អដើម្បីកុំឱ្យប៉ះពាល់សេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(Cambo Ja) លោក ណុប វី លើកឡើងថា ខ្លឹមសារមាត្រាមួយចំនួននៃអនុក្រឹត្យច្រកទ្វារអ៊ីធើណិតរបស់រដ្ឋាភិបាលកន្លងមកនេះរឹតត្បិតលើសិទ្ធិសេរីភាពពលរដ្ឋដែលធ្វើឱ្យពួកគេនឹងមិនហ៊ានប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ខ្លួនក្នុងសង្គមប្រជាធិបតេយ្យដោយសារអនុក្រឹត្យនេះដាក់សម្ពាធលើប្រតិបត្តិករអ៊ីនធឺណិតតាមដានរក្សាទិន្នន័យនិងរាយការណ៍ព័ត៌មានរបស់អ្នកប្រើប្រាស់តាមការបញ្ជារបស់អាជ្ញាធរជាដើម។ លោក ណុប វី បញ្ជាក់ថា ការបង្កើតអនុក្រឹត្យច្រកទ្វារអ៊ីធើណិតដូចប្រទេសផ្សេងទៀតដើម្បីបម្រើពលរដ្ឋដោយមិនបម្រើបុគ្គលឬមួយក្រុមតូចនោះគឺជារឿងល្អ។ ប៉ុន្តែលោកទទូចដល់រដ្ឋាភិបាលគួរបង្កើតអនុក្រឹត្យឬច្បាប់ណាដែលចំាបាច់ដែលបម្រើប្រយោជន៍សាធារណជនទូទៅនិងស្របតាមគោលការណ៍សិទ្ធិមនុស្សដែលកម្ពុជាផ្តល់សច្ចាប័ន។
លោកថា ម្យ៉ាងទៀតរដ្ឋាភិបាលគួរទទួលយកមតិយោបល់បំពេញចំណុចខ្វះចន្លោះនានាពីក្រុមអង្គការសង្គមស៊ីវិលហើយធានាថា មតិយោបល់ទាំងនោះដាក់បញ្ចូលក្នុងខ្លឹមសារអនុក្រឹត្យនោះ៖ «វាគឺជាការពិត វាជាការឆ្លុះបញ្ចាំងការព្រួយបារម្ភមែន យើងស្តាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផ្សេងៗប្រជាពលរដ្ឋបានលើកឡើងពីការព្រួយបារម្ភ ហើយបើសិនជាឥរិយាបទរបស់យើងនៅតែបដិសេធអ្វីដែលជាការព្រួយបារម្ភហើយយើងយកតែត្រូវរៀងខ្លួន ខ្ញុំគិតថាមិនមែនជាវិធីដែលយើងអាចធ្វើការងារ ឬឆ្លើយតបការព្រួយបារម្ភនៅក្នុងសង្គមប្រជាធិបតេយ្យបានទេ»។
ប្រតិកម្មរបស់មន្រ្តីអង្គការសង្គមស៊ីវិលនេះបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត កាលពីថ្ងៃទី៤ ខែសីហា ថ្លែងរក្សាជំហរការពារការបង្កើតអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតជាតិក៏ចម្រូងចម្រាសកន្លងមក។ លោកអះអាងថា ប្រទេសណាក៏មានអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតជាតិដែរហើយលោកលើកឡើងថា រដ្ឋាភិបាលបង្កើតអនុក្រឹត្យនេះដើម្បីរកចំណូលចូលជាតិនិងទប់ស្កាត់ការលេងល្បែងស៊ីសងអនឡាញខុសច្បាប់និងរូបភាពអាសអាភាសតាមប្រព័ន្ធអនឡាញជាដើម។ លោក ជា វ៉ាន់ដេត ចាត់ទុកអ្នកដែលរិះគន់អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតរបស់រដ្ឋាភិបាលនេះថា រិតត្បិតលើសេរីភាពពលរដ្ឋឬគ្រប់គ្រងផ្តាច់មុខនោះគឺជារឿងកហុកនិងមិនត្រឹមត្រូវឡើយ៖ « ធ្វើអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតជាតិ (NIG) ហ្នឹងដើម្បីប្រព័ន្ធរបស់ឱ្យបានរឹងមាំ ការពារកុំឱ្យមានវីដេអូអាសអាភាស ការពារកុំមានហ្គេម (Illegal Gambling) យើងមានច្បាប់ហ្គេម (Gambling) តែអាណា Illegal Gambling យើងការពារមិនបានយើងដឹង ពីព្រោះរាល់ថ្ងៃនេះអត់មានអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតជាតិ អ៊ីនធើណិតចេញក្រៅប្រទេសរាប់រយច្រក ប៉ុន្តែថ្ងៃក្រោយចូលមកមួយចក្រហើយចេញទៅ ហើយនិយាយរឿងសេរីភាពវិញ អ្នកនិយាយចេះតែនិយាយកហុកសុទ្ធទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងប្រៃសណីយ៍លោក សូ វិសុទ្ធី ដើម្បីបកស្រាយបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី០៧ ខែសីហា។
អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិបើកផ្លូវឱ្យរដ្ឋាភិបាលបង្កើតនូវច្រកទ្វារឌីជីថលមួយដើម្បីគ្រប់គ្រងនូវរាល់ចរាចរណ៍អ៊ីនធឹណិតទាំងអស់ដែលចេញនិងចូលមកក្នុងប្រទេសកម្ពុជា។ អនុក្រឹត្យនេះ អនុញ្ញាតឱ្យក្រុមហ៊ុនប្រតិបត្តិករច្រកទ្វារអ៊ីនធឺណិតជាតិដែលតែងតាំងដោយរដ្ឋាភិបាលឱ្យអាចរាំងខ្ទប់ឬផ្តាច់ការតភ្ជាប់អនឡាញណាមួយអាចរក្សាទុកទិន្នន័យចរាចរណ៍អ៊ីនធឺណិតរយៈពេល១ឆ្នាំអាចផ្តល់ព័ត៌មានជាក់លាក់អំពីបណ្ដាញព្រមទាំងដាក់ចេញនូវការពិន័យដ៏ទូលំទូលាយចំពោះក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយណាដែលមិនព្រមគោរពតាម។
អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិត្រូវចូលជាធរមានកាលពីពាក់កណ្តាលខែកុម្ភៈប៉ុន្តែអ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថារដ្ឋាភិបាលពន្យារពេលអនុវត្តអនុក្រឹត្យនេះដោយសារតែជំងឺរាតត្បាតសាកលកូវីដ១៩និងបញ្ហាបច្ចេកទេសក្នុងការអនុវត្តអនុក្រឹត្យនេះ។
ទោះយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាប្រទេសមួយចំនួនបានបង្កើតអនុក្រឹត្យច្រកទ្វារអ៊ិនធឺណិតនេះដែរប៉ុន្តែប្រទេសទាំងនោះបានការពារនិងលើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់និងក្រុមហ៊ុនប្រតិបត្តិករអ៊ីនធើណិតទាំងអស់មិនដូចខ្លឹមសារអនុក្រឹត្យរបស់កម្ពុជានោះទេ។ លោកបារម្ភចំពោះអនុក្រឹត្យនេះនឹងប៉ះពាល់ដល់ប្រតិបត្តិករនិងរំលោភសិទ្ធិរបស់ពលរដ្ឋដែលបើកដៃឱ្យអាជ្ញាធរក្នុងការតាមដាននិងបិទព័ត៌មានឬគេហទំព័ររបស់អ្នកប្រើប្រាស់និងអ្នករិះគន់រដ្ឋាភិបាលមិនឱ្យចេញផ្សាយហើយពួកគេកាន់តែប្រឈមនឹងការឈ្លបយកការណ៍និងចោទប្រកាន់ផ្សេងៗពីអាជ្ញាធរចំពោះការងាររបស់ខ្លួន៖ «ក្រុមអង្គការសង្គមស៊ីវិលធ្លាប់ចេញសេចក្តីថ្លែងការណ៍សូមឱ្យលុបចោលអនុក្រឹត្យនេះ ដែលអង្គការសង្គមស៊ីវិលព្រួយបារម្ភប៉ះពាល់ដល់សិទ្ធិសេរីភាព និងការបញ្ចេញមតិរបស់ពលរដ្ឋ សិទ្ធិសេរីភាពរបស់អ្នកវិនិយោគ ឬប្រតិបត្តិករជាដើមហ្នឹង»។
កាលពីខែមេសា ឆ្នាំ២០២១ ក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានលើកឡើងពីក្តីបារម្ភថាអនុក្រឹត្យនេះបង្កនូវហានិភ័យដល់សេរីភាពជាមូលដ្ឋានរបស់បុគ្គល ដូចជា សេរីភាពនៃការសម្ដែងនិងបញ្ចេញមតិ សិទ្ធិឯកជនភាព ដែលផ្ទុយទៅនឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនិងច្បាប់របស់កម្ពុជា។ក្រុមអ្នកជំនាញទាំងនោះព្រមានថាការបង្កើតច្រកទ្វារអ៊ីនធើណិតជាតិនឹងបង្កើតឱ្យមាននូវផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សេរីភាពអ៊ីនធើណិតប៉ះពាល់ដល់ក្រុមអ្នកការពារសិទ្ធិមនុស្សនិងអង្គការសង្គមស៊ីវិលក្នុងស្រុកព្រមទាំងធ្វើឱ្យកាន់តែរួមតូចបន្ថែមទៀតនូវលំហសង្គមស៊ីវិលដែលកំពុងទទួលរងនូវការរឹតត្បិតស្រាប់នៅក្នុងប្រទេសកម្ពុជា។
ក្រុមអង្គការជាតិ និងអន្តរជាតិ ទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធានាថា សេរីភាពជាមូលដ្ឋាននិងធានាប្រសិទ្ធភាពនៃការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាប្រកបដោយសុវត្ថិភាពសម្រាប់ពលរដ្ឋខ្មែរត្រូវបានគោរពស្របតាមរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
