សង្គមស៊ីវិលថា ការបន្ថយពន្ធលើអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ នៅមិនទាន់គ្រប់គ្រាន់ សម្រាប់ធ្វើឱ្យលំហសេរីភាពសារព័ត៌មានប្រសើរឡើងវិញឡើយ
2023.11.27

មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា ការបន្ធូរបន្ថយការយកពន្ធរបស់រដ្ឋាភិបាលលើស្ថាប័ន ឬ អ្នកសារព័ត៌មានអនឡាញ គឺជារឿងល្អដែលធ្វើឱ្យចំនួនអ្នកសារព័ត៌មានកើនឡើង ប៉ុន្តែ ពួកគាត់អះអាងថា ដើម្បីឱ្យលំហសេរីភាពសារព័ត៌មានមានភាពប្រសើរ លុះត្រាតែរដ្ឋាភិបាលថ្មីមានឆន្ទៈទទួលយក និងកែលំអតាមរយៈរបាយការណ៍ដែលរកឃើញដោយអង្គការជាតិ និងអន្តរជាតិ។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនេះ នៅក្រោយរដ្ឋាភិបាល កាលថ្ងៃទី២២ ខែវិច្ឆិកា ឱ្យដឹងថា រដ្ឋាភិបាលសម្រេចលើកលែងពន្ធសារព័ត៌មានអនឡាញ (Online) ប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរហូតដល់ឆ្នាំ២០២៨ និងកាត់បន្ថយកម្រៃលើការស្នើសុំអាជ្ញាប័ណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០ភាគរយ។
គិតត្រឹមឆ្នាំ២០២៣ នេះ សារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន កើនឡើងដល់ចំនួន ៩១៧អង្គភាព ខណៈដែលក្រសួងព័ត៌មានថា នៅមានស្ថាប័នព័ត៌មាន និងសោតទស្សន៍ផ្សេងទៀត ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវនៅឡើយទេ។
នាយកប្រតិបត្តិ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី លើកឡើងថា ការបន្ធូរបន្ថយយកពន្ធលើស្ថាប័ន ឬអ្នកសារព័ត៌មានអនឡាញនេះ គឺជារឿងល្អ ដែលអាចធ្វើឱ្យចំនួនអ្នកសារព័ត៌មានកើនឡើងបន្ថែមទៀត។ តែទោះជាយ៉ាងណាក្ដី លោក ណុប វី ថា របបសារព័ត៌មាន គឺជាសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះ រដ្ឋាភិបាលមិនគួរយកពន្ធនោះទេ។
លោក ណុប វី៖ «ខ្ញុំគិតថា វាជាផ្នែកមួយមិនជាបង្ហាញនូវការគាំទ្រល្អទេ សម្រាប់វិស័យសារព័ត៌មាន ដោយសារតែយើងដឹងហើយថា រដ្ឋធម្មនុញ្ញយើងមានចែងហើយថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការស្វែងរក ក្នុងការទទួលបាន ឬក៏ក្នុងការផ្សព្វផ្សាយព័ត៌មាន។ អ៊ីចឹង ប្រសិនជាយើងកំហិតមិនអនុញ្ញាតឱ្យពលរដ្ឋបង្កើតសារព័ត៌មានបាន ខ្ញុំជឿថា ជារឿងមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពរបស់ប្រជាពលរដ្ឋ»។
លោក ណុប វី បន្តថា ដើម្បីឱ្យវិស័យព័ត៌មានកាន់តែល្អប្រសើរ រដ្ឋាភិបាលគួរតែបង្កើនការចុះអប់រំ និងបង្រៀនអំពីក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់នានាឱ្យអ្នកសារព័ត៌មានយល់ដឹង ជាជាងការយកពន្ធ ការដកហូតអាជ្ញាប័ណ្ណ ឬការយកក្រមព្រហ្មទណ្ឌមកអនុវត្តលើអ្នកសារព័ត៌មាន។
របាយការណ៍របស់អង្គការជាតិ និងអង្គការអន្តរជាតិ ដែលធ្វើការលើវិស័យសារព័ត៌មានតែងតែលើកឡើងថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានរងទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងអាណត្តិអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដើម្បីតាមដានធ្វើទុក្ខបុកម្នេញមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលប្ដេជ្ញារាយការណ៍អំពីការពិតនៅក្នុងសង្គមកម្ពុជា ក្រោមលេសចោទថា បានរំលោភច្បាប់ស្ដីពីសារពើពន្ធ និងបែបបទរដ្ឋបាល។ អាជ្ញាធរបានបិទស្ថានីយវិទ្យុឯករាជ្យនានា ដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុ សំឡេង សហរដ្ឋអាមេរិក (VOA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាដើម។
ចំណែករដ្ឋាភិបាល ដែលដឹកនាំដោយកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាង ៣ខែមកនេះ មិនបានបើកលំហសេរីភាពសារព័ត៌មាននៅឡើយទេ ហើយអ្នកជំនាញផ្នែកសិទ្ធិមនុស្សថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏មិនមានឆន្ទៈក្នុងបើកលំហសេរីភាពសារព័ត៌មានវិញដែរ។ ជាក់ស្ដែងលោក ហ៊ុន ម៉ាណែត មិនបានស្នើឪពុកលោកកុំឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលករណីនេះជាប់ពាក់ព័ន្ធនឹងរូបលោកក៏ដោយ។
នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា បានឱ្យដឹងតាមរយៈស៊ីកណល (Signal) ថា ការកាត់បន្ថយពន្ធនេះគ្រាន់តែជួយសម្រួលដល់ការបង់ពន្ធរបស់ស្ថាប័នសារព័ត៌មានប៉ុណ្ណោះ។ អ្នកស្រី ឆន សុគន្ធា បន្តថា ដើម្បីបើកលំហសេរីភាពសារព័ត៌មានលុះត្រាតែរដ្ឋាភិបាលថ្មីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានពីគ្រប់និន្នាការ ព្រមទាំងអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ព័ត៌មានពិតនៅក្នុងសង្គមផងដែរ។
អ្នកស្រី ឆន សុគន្ធា ថា រដ្ឋាភិបាលគួរបើកលំហសេរីភាពបញ្ចេញមតិដោយគ្មានការរឹតត្បិត ការគំរាមកំហែង ហើយរដ្ឋាភិបាលគួរបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការមកចោទប្រកាន់ពលរដ្ឋ និងអ្នកសារព័ត៌មានក្រោមហេតុផលផ្សេងៗ ជាដើម។ បន្ថែមពីនេះ អ្នកស្រី ឆន សុគន្ធា បន្តថា រដ្ឋាភិបាលគួរតែទទួលយកការលើកឡើងអំពីរបាយការណ៍អង្គការជាតិ និងអន្តរជាតិពីការធ្លាក់ចុះនៃលំហសេរីភាពសារព័ត៌មាន ដើម្បីធ្វើការឆ្លុះបញ្ចាំង និងកែលំអពីចំណុចអវិជ្ជមានទាំងអស់នោះ។
អ្នកស្រី ឆន សុគន្ធា៖ «រដ្ឋាភិបាលថ្មី ឈាមថ្មី ភាគច្រើនជាអ្នកដែលបានសិក្សាពីប្រទេសសេរី ត្រូវតែយកទ្រឹស្ដីប្រជាធិបតេយ្យមកធ្វើការអនុវត្ត ដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើន ពិសេស សូមធ្វើការបើកចិត្តទូលាយទទួលយកនូវរបាយការណ៍ជាតិ និងអន្តរជាតិ ដែលលើកឡើងពីស្ថានភាពសេរីភាពសារព័ត៌មាន ក៏ដូចជាសេរីភាពបញ្ចេញមតិនៅកម្ពុជា»។
ទាក់ទងនឹងបញ្ហានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR ចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី២២ វិច្ឆិកាបង្ហាញថា យ៉ាងហោចណាស់សកម្មជនសិទ្ធិមនុស្សប្រមាណ ១០០នាក់ និងអ្នកសារព័ត៌មានចំនួន ១៦នាក់ បានរងការបំភិតបំភ័យ ដោយសារតែរដ្ឋាភិបាលប្រើប្រាស់យន្តការតុលាការ គំរាមកំហែងអ្នក ដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល។
ចំណែកនៅក្នុងរបាយការណ៍៣៤ទំព័ររបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) ដោយបានចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ដែលបានធ្វើការស្ទង់មតិលើអ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានពលរដ្ឋចំនួន ២០០នាក់បង្ហាញថា ពួកគេភ័យខ្លាចការគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួន នៅពេលប្រើប្រាស់ប្រព័ន្ធអ៊ីនធឹណិត ដើម្បីសរសេររឿងនយោបាយ បញ្ហាដីធ្លី និងអំពើពុករលួយដែលពាក់ព័ន្ធនឹងអ្នកមានអំណាច។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បីសុំសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៧ ខែវិច្ឆិកា។
បណ្ដាប្រទេសប្រជាធិបតេយ្យតែងតែជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលក្នុងនោះរួមទាំងរបបសារព័ត៌មាននៅកម្ពុជា។ ជាក់ស្ដែង គណៈកម្មការអឺរ៉ុបបានចេញរបាយការណ៍ កាលពីថ្ងៃទី២១ វិច្ឆិកា បញ្ជាក់ជាថ្មីថា កម្ពុជាត្រូវតែបង្ហាញឱ្យឃើញការពិត និងជឿជាក់ ដើម្បីកែលំអឡើងវិញ ជុំវិញក្ដីកង្វល់ដែលបានលើកឡើងដោយសហភាពអឺរ៉ុប ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពេញលេញឡើងវិញ ជាពិសេស គឺពាក់ព័ន្ធនឹងក្ដីកង្វល់ជុំវិញសិទ្ធិពលរដ្ឋ និងនយោបាយ រួមទាំងបញ្ហាដីធ្លីបង្កឡើងពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងសិទ្ធិការងារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។