សង្គម​ស៊ីវិល​ស្នើ​អាវុធ​ហត្ថ​ឱ្យ​ពិនិត្យ​មើល​បទ​ល្មើស​ព្រហ្មទណ្ឌ​លើ​មេ​បញ្ជាការ​រង​ អ.ហ ​ខេត្តប៉ៃលិន ក្រោយ​ពី​គំរាមកំហែង​អ្នក​រត់​តាក់ស៊ី

0:00 / 0:00

មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា អាវុធ​ហត្ថ​គួរ​តែ​ពិនិត្យ​មើល​បទ​ល្មើស​ព្រហ្មទណ្ឌ​ថែម​លើ​ទណ្ឌកម្ម​រដ្ឋបាល​ករណី​មេ​បញ្ជាការ​រង​នៃ​កង​រាជ​អាវុធហត្ថ​ខេត្តប៉ៃលិន លោក ស ប៊ុនសឿង គំរាម​កំហែង​លើ​អ្នក​រត់​តាក់ស៊ី។

ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្នើ​ទៅ​កាន់​អគ្គបញ្ជាការដ្ឋាន​កង​យោធ​ពល​ខេមរភូមិន្ទ ឱ្យ​ផ្អាក​មុខ​តំណែង​មេ​បញ្ជាការ​រង​ប៉េអិម​រូប​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃ​ទី២៤ ខែមិថុនា ឱ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​សំណើ​ទៅ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ផ្អាក​មុខ​តំណែង​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្តប៉ៃលិន លោក ស ប៊ុនសឿង និង​ធ្វើ​សំណើ​បង្កើត​ក្រុម​ប្រឹក្សា​វិន័យ ដើម្បី​ពិនិត្យ​មើល​ការ​ដាក់​ទណ្ឌកម្ម​អនុលោម​តាម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ។

កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សម្រេច​ដូច្នេះ គឺ​នៅ​ក្រោយ​ពី​បាន​ស្ដាប់​របាយការណ៍​របស់​ការិយាល័យ​នីតិកម្ម និង​អធិការ​កិច្ច​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។

ជា​ការ​ឆ្លើយ​តប​ចំពោះ​ចំណាត់ការ​នេះ អ្នក​រត់​តាក់​ស៊ី​លោក ហួរ ទ្រី ដែល​ជា​ជន​រងគ្រោះ​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៤ ខែមិថុនា​ថា វា​ជា​រឿង​ល្អ ដែល​ស្ថាប័ន​មាន​សមត្ថកិច្ច​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ប្រើ​តួនាទី​គំរាមកំហែង​លើ​ប្រជាពលរដ្ឋ។

លោក ហួរ ទ្រី៖ «ជា​មន្ត្រី​រាជការ អ្នក​មន្ត្រី​រាជការ​បើ​មក​ធ្វើ​លើ​ប្រជាពលរដ្ឋ​អ៊ីចឹង គួរ​តែ​ដក​អ៊ីចឹង​ល្អ​ទាំងអស់ ហើយ​ប្រជាពលរដ្ឋ​គ្រប់​រូប ក៏​គេ​ចូល​តែ​អ៊ីចឹង​ដែរ ចង់​បាន​អ៊ីចឹង​ដែរ»។

លោក ហួរ ទ្រី លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី១១ ខែមិថុនា មេ​ប៉េអឹម​រង​ខេត្តប៉ៃលិន លោក ស ប៊ុនសឿង បាន​នាំ​កូន​ចៅ​ចុះ​ទៅ​ដល់​ផ្ទះ​របស់​លោក និង​គំរាម​ចាប់​ខ្លួន​លោក​រឿង​លោក​ទារ​លុយ​ពី​លោក ស ប៊ុនសឿន ចំនួន ២ម៉ឺន​រៀល​បន្ថែម​ទៀត ជា​ប្រាក់​ដែល​មេ​ប៉េអិម​រង​រូប​នេះ មិន​ទាន់​បាន​បង់​គ្រប់​ចំនួន សម្រាប់​ថ្លៃ​សេវា​ដឹក​កង់​ហាត់​ប្រាណ និង​កញ្ចក់។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ដីធ្លី​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី បាន​លើក​ឡើង​ថា បើ​ត្រឹម​តែ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល វា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ។ លោក​ថា កង​រាជ​អាវុធ​ហត្ថ​គួរ​តែ​ពិនិត្យ​មើល​បទល្មើស​ព្រហ្មទណ្ឌ​លើ​មេ​ប៉េអិម​រង​ខេត្ត​រូប​នេះ។

លោក​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៤ ខែមិថុនា ថា ការ​ប្រើ​តែ​ទណ្ឌកម្ម​រដ្ឋបាល អាច​ធ្វើ​ឱ្យ​មន្ត្រី​មិន​ខ្លាច​រអារ អាច​កើត​មាន​និទណ្ឌភាព​និង​ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​ភាព​គ្នា​រវាង​ប្រជាពលរដ្ឋ និង​មន្ត្រី។

លោក យិន ម៉េងលី៖ «វា​មាន​រឿង​រ៉ាវ​ជាមួយ​តាក់ស៊ី វា​មាន​ការ​លើក​ឡើង​ទាក់ទង​ទៅ​នឹង​ការ​គំរាម​កំហែង។ អ៊ីចឹង​ការ​ដាក់​ទណ្ឌកម្ម​ហ្នឹង គឺ​ជា​រឿង​រដ្ឋបាល​របស់​អង្គភាព អ៊ីចឹង​ពិនិត្យ​មើល​ទៅ​ទៀត ថា​តើ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​រ៉ាវ​រវាង​លោក​មេបញ្ជាការ​រង ហើយ​និង​អ្នក​រត់​តាក់ស៊ី​នេះ មាន​បទ​ល្មើស​ព្រហ្មទណ្ឌ​អត់។ អ៊ីចឹង បើ​សិន​ជា​កើត​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង យើង​អត់​អាច​យក​តែ​ទណ្ឌកម្ម​រដ្ឋបាល ដែល​យើង​ហៅ​ថា វិន័យ​របស់​អង្គភាព​បាន​ទេ ត្រូវ​ទាក់ទង​ទៅ​ដល់​បទ​ល្មើស​ព្រហ្មទណ្ឌ​ទៅ​ទៀត»។

ទោះជា​យ៉ាង​ណា​ក្ដី ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៤ ខែមិថុនា​ថា ករណី​នេះ មិន​ដល់​កម្រិត​ត្រូវ​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ។

លោក អេង ហ៊ី៖ «ដូច​ជា​អត់​មាន​បទល្មើស​អី​ដល់​ទៅ​តុលាការ​នោះ​ទេ អត់​មាន​បទល្មើស​ព្រហ្មទណ្ឌ​នេះ គ្រាន់​តែ​ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌ និង​បទវិន័យ​ទូទៅ»។

កាល​ពី​ចុង​ឆ្នាំ ២០១៩ មេ​បញ្ជាការ​រង​នៃ​កង​រាជ​អាវុធហត្ថ​ខេត្តប៉ៃលិន លោក ស ប៊ុនសឿង ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៤ឆ្នាំ អំពី​បទ «ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» ពាក់ព័ន្ធ​នឹង​ប្រើ​ហិង្សា​លើ​ជន​សង្ស័យ ៥នាក់ ក្នុង​នោះ ជន​សង្ស័យ​ម្នាក់​ឈ្មោះ ទុយ ស្រស់ ស្លាប់​នៅ​កន្លែង​ឃុំឃាំង​បណ្ដោះអាសន្ន​នៅ​ខេត្តបន្ទាយមានជ័យ។

ជន​រងគ្រោះ​ឈ្មោះ ទុយ ស្រស់ ត្រូវ​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី។

ទោះបី​ជា​លោក ស ប៊ុនសឿង ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​កាល​ពី​ចុង​ឆ្នាំ២០១៩ ក៏​ដោយ ប៉ុន្តែ​តួនាទី​និង​តំណែង​របស់​លោក គឺ​នៅ​រក្សា​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។