អង្គការ​អន្តរជាតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លើក​លែង​​ទោស​​ឲ្យ​​មនុស្ស​២៥​នាក់

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឱ្យ​រដ្ឋាភិបាល​លើក លែង​ការ​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​មនុស្ស កម្មករ​រោងចក្រ និង​មនុស្ស​ផ្សេង​ទៀត​ចំនួន ២៥​នាក់ ដែល​តុលាការ​ទើប​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១ មិថុនា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃ វ៉ច្ឆ សរសេរ​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​លើកលែង​ការ​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​រោងចក្រ​ទាំង ២៥​នាក់​នោះ ដោយសារ​តែ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​នៅ​ក្នុង​សវនាការ​ដែល​ជំរុញ​ដោយ​ហេតុផល​នយោបាយ។

កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​សកម្មជន និង​កម្មករ​ទាំង​នោះ​ក្នុង​អំពើ​ហិង្សា ៣​ករណី នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម ហើយ​សម្រេច​ដាក់​ទោស​ព្យួរ​រហូត​ដល់ ៤​ឆ្នាំ​កន្លះ។ អ្នក​ដែល​មិន​ជាប់​ឃុំឃាំង ត្រូវ​ផ្ដន្ទាទោស​ហាម​មិន​ឱ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​សហជីព។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា លោក​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​មនុស្ស​ជាប់​ឃុំឃាំង​ទាំង ២៥​នាក់​នោះ​ឲ្យ​មាន​សេរីភាព​វិញ។ ក៏​ប៉ុន្តែ​លោក​ថា ការ​ចោទប្រកាន់ និង​លិខិត​ថ្កោលទោស គួរ​តែ​តុលាការ​លុប​ចោល៖ «ការ​ចោទ​ប្រកាន់​ដោយសារ​ហេតុផល​នយោបាយ ហើយ​ការ​ធ្វើ​ឱ្យ​មាន​លេស​ច្បាប់​ខុស ដើម្បី​ដាក់​កំហិត​សិទ្ធិ​មូលដ្ឋាន​របស់​ពួក​គេ គឺ​មិន​ត្រូវ​ឱ្យ​មាន​ទេ»

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃ វ៉ច្ឆ សរសេរ​ថា ប្រទេស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា គួរ​តែ​ប្រកាស​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​ការ​កាត់​ទោស​នោះ ហើយ​អំពាវនាវ​ឱ្យ​លើកលែង​ទោស​ដល់​អ្នក​ទាំង ២៥​នាក់​នោះ។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃ វ៉ច្ឆ បន្ត​ទៀត​ថា ក្រុម​ប្រទេស​ផ្ដល់​ជំនួយ គួរ​តែ​រួម​គ្នា​ទាមទារ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈប់​ត្រួតត្រា​កម្លាំង​នគរបាល និង​តុលាការ​ត​ទៅ​ទៀត។

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​កាត់​ទោស​នោះ គឺ​​ចៅក្រម​ផ្អែក​លើ​ខ្លឹមសារ​ច្បាប់ និង​ភស្តុតាង ហើយ​មិន​មាន​នរណា​អាច​ជ្រៀតជ្រែក​បាន​ទេ៖ «ការ​លើក​ឡើង​នេះ​ជា​ការ​លើក​ឡើង​ផល​ប្រយោជន៍​របស់​អ្នក​លើក​ឡើង​នោះ​ទេ។ ក៏​ប៉ុន្តែ​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​និង​តុលាការ​ហ្នឹង គេ​មាន​ការងារ​ឯករាជ្យ​របស់​គេ​ផ្ទាល់​មួយ ដែល​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ គឺ​មិន​មែន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​គណបក្ស​ប្រជាជន​ទេ។ នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​មាន​ភាព​ជា​សត្រូវ​ជាមួយ​គណបក្ស​ប្រជាជន។ ការ​ដោះលែង​ជា​ការ​សម្រេច​របស់​ចៅក្រម ហើយ​ប្រសិន​បើ​ព្រះរាជ​អាជ្ញា​លោក​មិន​សប្បាយ​ចិត្ត​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មនុស្ស​ដែល​នៅ​ក្នុង​បន្ទុក​ហ្នឹង​នៅ​ខាង​ក្រៅ អា​ហ្នឹង​គាត់​បន្ត​ការ​កាត់​ក្ដី​បន្ត​ទៅ​ទៀត។ អា​ហ្នឹង​ជា​ការងារ​របស់​ប្រព័ន្ធ​យុត្តិធម៌»

លោក ផៃ ស៊ីផាន ថ្លែង​ទៀត​ថា ការ​សម្រេច​នេះ គឺ​មិន​មែន​សម្រេច​តាម​ហេតុផល​នយោបាយ ឬ​មាន​អ្នក​ទី​៣ ដាក់​សម្ពាធ​លើ​តុលាការ​ដែរ។ លោក​ថា ព្រះរាជអាជ្ញា​ឃុំ​ខ្លួន​មនុស្ស ២៥​នាក់​នោះ គឺ​ដើម្បី​ហេតុផល​សណ្ដាប់​សាធារណៈ ហើយ​ក៏​ខំ​រក​បន្ទុក​ដាក់​លើ​អ្នក​ទាំង​នោះ​ដែរ ប៉ុន្តែ​សម្រេច​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃ វ៉ច្ឆ សរសេរ​ថា ការ​កាត់​ទោស ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​ជា​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​បិទបាំង​ការ​ប្រើ​កម្លាំង​ហួសហេតុ​របស់​ក្រុម​សន្តិសុខ ធ្វើ​ឱ្យ​ស្លាប់​មនុស្ស ៧​នាក់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស។ អង្គការ​នេះ​បន្ត​ថា រដ្ឋាភិបាល​ប្រើ​តុលាការ​ដើម្បី​ចោទ​ប្រកាន់​សកម្មជន​ដោយ​អយុត្តិធម៌ ហើយ​ទម្លាក់​កំហុស​ហិង្សា​ទៅ​លើ​ពួក​គេ ប៉ុន្តែ​មិន​ចាត់​វិធានការ​ណា​មួយ​ចំពោះ​ការ​ប្រើ​កម្លាំង​ខុស​ច្បាប់​របស់​កង​សន្តិសុខ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។