តុលាការ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​រឿង​អតីតអ្នក​​យក​ព័ត៌មាន​អាស៊ី​សេរី​​ ២រូប នៅ​ដើម​ខែ​តុលា

0:00 / 0:00

តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី នៅដើម​​ខែតុលា។ អតីតអ្នក​​យក​ព័ត៌មាន​អាស៊ីសេរី​ស្វាគមន៍​​​ចំពោះការ​កំណត់​ថ្ងៃប្រកាស​សាលក្រមនេះ ប៉ុន្តែ​ស្នើ​ឱ្យ​​តុលាការ​ កុំ​លើក​​ពេល​ទៀត ព្រោះសាលក្រម​កាន់​តែយូរ កាន់​តែ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ពួក​លោក។

សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​​រឿង​អតីត​អ្នក​​យក​ព័ត៌មាន​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​តុលា ខាងមុខនេះ ក្រោយ​ពី​បាន​ប្រកាស​លើក​​​ពេល​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ។ នេះ​បើតាម​ការ​បញ្ជាក់​ពីអ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន និង​មេធាវី​ការពារក្តី​ឱ្យ​​អតីតអ្នក​​យក​ព័ត៌មាន​​អាស៊ីសេរី គឺលោក សំ ចំរើន នៅ​ថ្ងៃ​ទី១៦ កញ្ញា។ ទោះ​ជា​យ៉ាង​ណា មេធាវី សំ ចំរើន បញ្ជាក់​ថា លោក​​មិន​ទាន់​ទទួល​បាន​​លិខិត​ពី​តុលាការ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​​​ដឹង​រឿងនេះពី​ក្រឡាបញ្ជី​តុលាការ​ក្រុង​ភ្នំពេញ។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក យាង សុធារិន្ទ ថ្លែងថា លោក​បាន​ទន្ទឹង​រង់ចាំ​ការ​ប្រកាស​សាលក្រម​នេះ​ជា​យូរ​មក​ហើយ។ លោក​សង្ឃឹម​ថា តុលាការ​នឹង​មិន​លើក​ពេល​​ទៀត​ឡើយ ហើយលោក​ក៏​រំពឹង​ថា សាលក្រម​នៅ​ពេល​ខាងមុខ​នេះ ​នឹង​មាន​​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​ពួក​លោក​វិញ​ដែរ៖ «ខ្ញុំ​សង្ឃឹម​ថា ដំណឹងដែល​ថា ប្រកាស​នៅ​ថ្ងៃទី០៣ ខែ១០ ខាង​មុខ​ហ្នឹង នឹង​កើត​ឡើង​ពិត​ប្រាកដ ហើយយើង​ខ្ញុំ​ទាំងពីរ​នាក់​ក៏​រំពឹងដែរថា ការ​សម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​នោះ គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​មក​ដល់​យើង​ខ្ញុំ​ទាំង​ពីរ​នាក់ ហើយ​អ្វីៗ​ទាំងអស់​នឹង​ជ្រះស្រឡះ​នៅ​ថ្ងៃហ្នឹង​តែម្តង ហើយ​សេរីភាព​របស់​ពួក​ខ្ញុំ​នឹង​ទទួល​បាន»

តុលាការ​ក្រុង​ភ្នំពេញបាន​លើក​​យក​សំណុំ​រឿងអតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន ទៅ​ជំនុំ​ជម្រះ​ចំនួន​ពីរលើក​ ដោយ​លើក​ទីមួយ​សវនាការ​ប្រព្រឹត្ត​​ទៅនៅ​​ចុង​ខែ​កក្កដា ហើយ​លើក​​ទីពីរ​នៅ​ដើម​ខែ​សីហា។ ក្រោយ​​សវនាការ​ចប់​សព្វគ្រប់ តុលាការ​បាន​កំណត់​ពេល​ប្រកាស​សាលក្រម​នៅ​​ថ្ងៃ​ទី៣០ សីហា ក៏​ប៉ុន្តែ​ថ្ងៃ​កំណត់​មក​ដល់ តុលាការ​ក៏​ស្រាប់​តែលើក​​ពេល​ប្រកាស​សាលក្រម​វិញ ក្រោម​ហេតុ​ផល​ថា ចៅក្រម​ជាប់​រវល់​មាន​ភារកិច្ច​ប្រជុំ​នៅ​ក្រសួង​យុត្តិធម៌។

នាយក​​រង​ទទួល​បន្ទុក​ផ្នែកឃ្លាំមើល​​សិទ្ធិមនុស្សនៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា គោល​ការណ៍​ច្បាប់​ និ​ង​សិទ្ធិមនុស្ស តម្រូវ​ឱ្យ​នីតិវិធី​ក្នុង​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​ ត្រូវ​ធ្វើ​ឡើង​ដោយ​ឆាប់​រហ័ស ដើម្បី​​កុំ​ឱ្យ​បាត់​ប្រយោជន៍​ជន​ជាប់​ចោទ។ លោកស្នើ​ឱ្យ​តុលាការ​ប្រកាស​សាលក្រម​រឿងក្តី​នេះទៅ​តាម​​កាល​​​កំណត់ ដើម្បី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី​​ទាំងពីរ​រូបមាន​ភាព​ជ្រះស្រឡះ​ក្នុង​ចិត្ត។ បន្ថែម​ពី​លើ​នេះ លោក​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​​​ប្រឆាំង​នឹង​អ្នក​ទាំងពីរ ព្រោះ​​លោក​ពិនិត្យ​​ឃើញ​ថា ទាំង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ឡើយ៖ «ដើម្បី​លើក​កម្ពស់​​វិស័យ​សារព័ត៌មាន​ យើង​សង្ឃឹម​ថា នៅ​ថ្ងៃ​ទី៣ តុលា នេះ ​​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​ នឹង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ចំពោះ​អ្នក​​ទាំងពីរ​ ដើម្បី​ឱ្យ​គាត់​បាន​ប្រកប​វិជ្ជាជីវៈរ​បស់​គាត់​វិញ»

អយ្យការ​អមតុលាការ​ក្រុងភ្នំពេញ បាន​ចោទ​ប្រកាន់​​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពីបទ"ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​​ជាអាទិ៍​​ដែល​នាំឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ" និង​បទ "ផលិត​​វីដេអូ​អាសអាភាស"។ តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​​ទាំង​ពីរ​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​តុលាការ​រក្សា​​ទុក​វត្ថុ​ចាប់​យក និង​​លិខិត​ឆ្លងដែនរបស់​អ្នក​​ទាំងពីរ​ដដែល ។ ចំណាត់​ការ​បែបនេះ ធ្វើ​ឱ្យ​​អ្នក​ទាំងពីរ​គ្មាន​សេរីភាព​ដើរហើរ​ពេញ​លេញ​ឡើយ ហើយ​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិតក៏​​ជួប​ការ​លំបាក​ដែរ ព្រោះ​​គ្មាន​ឧបករណ៍​ប្រើប្រាស់​គ្រប់គ្រាន់។

ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​អះអាង​ថា ការ​ចោទ​ប្រកាន់​​អតីត​អ្នក​យក​ព័ត៌មាន​​អាស៊ីសេរី​ទាំង​ពីរ​រូប កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​សារព័ត៌មាន​ដទៃ​ទៀត និង​ធ្វើ​​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ។ នៅ​ក្នុង​​លិខិត​ចំហ​មួយ​ច្បាប់​ផ្ញើរ​ជូន​តុលាការ​ក្រុង​​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ កញ្ញា ក្រុម​​អ្នក​​សារព័ត៌មាន​ចម្រុះ​ស្ថាប័ន​ បាន​អំពាវ​ឱ្យ​​តុលាការ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​អ្នក​​ទាំង​ពីរ។ ក្រុម​អ្នក​សារព័ត៌មាន​បាន​គូស​បញ្ជាក់ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុ​ងការ​ផ្តល់​​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ ហើយ​អ្នក​សារព័ត៌មាន​មាន​តួនាទី​រាយការណ៍​​ការពិត​ជូន​​ដល់​សាធារណជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។