សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ឡើងវិញ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទាក់ទាញ​អ្នកវិនិយោគទុន​មកពី​បណ្ដា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ និង​លើក​កេរ្តិ៍ឈ្មោះ​កម្ពុជា​ឱ្យ​ល្អ​ឡើងវិញ​នៅ​លើ​ឆាក​អន្តរជាតិ។ ពលរដ្ឋ​រស់នៅ​សង្កាត់​សំពៅ​ពូន​ម្នាក់​លើកឡើង​ថា កាស៊ីណូ​ដែល​មាន​ថៅកែ​ជា​ជនជាតិចិន​មួយចំនួន នៅក្នុង​សង្កាត់​សំពៅពូន នៅតែ​បន្ត​ឃុំ​បុគ្គលិក​ដោយ​ខុសច្បាប់។

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ម៉ឺងម៉ាត់ ទៅលើ​បុគ្គល និង​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ទាំងឡាយ​ណា ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញដូរ​មនុស្ស។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​ជា​កញ្ចប់​របស់​ចក្រភព​អង់គ្លេស (UK) សហរដ្ឋអាមេរិក (United States) និង​ប្រទេស​កាណាដា (Canada) ទៅលើ​បុគ្គល និង​ក្រុមហ៊ុន​ជាក់លាក់​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស មិន​ត្រឹមតែ​ប៉ះពាល់​ទៅដល់​បុគ្គល​ដែល​ប្រព្រឹត្ត​កំហុស​ទាំង​នោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​ផង​ដែរ។ លោក​បន្ត​ថា ការ​មិន​មាន​វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​ទៅលើ​បុគ្គល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជួញដូរ​មនុស្ស នឹង​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ តាមរយៈ​ការបាត់បង់​ជំនួយ​ពី​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ ដែល​ធ្វើ​ឱ្យ​អ្នកវិនិយោគទុន​ល្អៗ មិន​ហ៊ាន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

លោក អំ សំអាត៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទទូច​បន្ថែម​ឱ្យ​រដ្ឋាភិបាល ត្រូវតែ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ហ្នឹង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ដោយ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នៅ​ច្បាប់​ប្រទេស​កម្ពុជា ក៏ដូចជា​ច្បាប់​អន្តរជាតិ ដើម្បី​ធ្វើ​ម៉េច​ទប់ស្កាត់​ទៅលើ​ការ​ជួញដូរ​មនុស្ស​ហ្នឹង ជាពិសេស​រាល់​អ្នក​ដែល​ពាក់ព័ន្ធ​ហ្នឹង ត្រូវតែ​ធានា​ថា យក​មក​អនុវត្ត​ចំពោះមុខ​ច្បាប់ ហើយ​កាត់ទោស​ទៅតាម​ច្បាប់»។

ការ​ស្នើ​សុំ​នេះ ធ្វើឡើង​បន្ទាប់ពី​បណ្ដា​ប្រទេស​លោក​សេរី​ចំនួន​៣ រួមមាន ចក្រភព​អង់គ្លេស (U.K) សហរដ្ឋអាមេរិក (United States) និង​ប្រទេស​កាណាដា (Canadana) ប្រកាស​រួមគ្នា​ដាក់ទណ្ឌកម្ម​ជា​កញ្ចប់​ដ៏​ធំ​មួយ ទៅលើ​បុគ្គល​ដែល​ពាក់ព័ន្ធ​ជាមួយ​ការរំលោភ​សិទ្ធិមនុស្ស នៅ​ជុំវិញ​ពិភពលោក នៅ​ចំ​ខួប​លើក​ទី​៧៥ នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ថ្ងៃទី​១០ ខែធ្នូ​។ ប្រទេស​លោក​សេរី​ធំៗ​ទាំង​៣​នេះ បាន​សម្រេច​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​មិន​ឱ្យ​បុគ្គល ឬ​បុគ្គល​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​សរុប​៤៦ ធ្វើដំណើរ​ទៅកាន់​ប្រទេស​ពួកគេ​ឡើយ​។ ក្នុង​នោះ​ក្រុមហ៊ុន និង​បុគ្គល​នៅ​កម្ពុជា​មួយចំនួន​ក៏​មាន​នៅក្នុង​បញ្ជី​ទណ្ឌកម្ម​នេះ​ដែរ​រួមមាន ក្រុមហ៊ុន ហ្សាំង ហេង គ្រុប (Zheng Heng Group) នៅ​រាជធានី​ភ្នំពេញ កាស៊ីណូ ហេង ហ័រ (Heng He Casino) នៅ​ខេត្ត​ស្វាយរៀង សណ្ឋាគារ ខេ ប៊ី (K.B Hotel ) នៅ​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន​អចលនទ្រព្យ ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន (Pacific Real Estate Management) នៅ​ខេត្ត​កណ្ដាល និង​ក្រុមហ៊ុន​ហ្គោលដេន សាន់ ស្កាយ អ៊ីនធើថិនម៉ិន (Golden Sun Sky Entertainment) នៅ​ខេត្ត​ព្រះសីហនុ​ជាដើម។

ចំណែក​បុគ្គល​ដែល​ត្រូវ​ទណ្ឌកម្ម​វិញ​រួមមាន​ម្ចាស់​ក្រុមហ៊ុន ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន លោក ហ៊ុំ សុវណ្ណនី (Hum Sovanny) និង លោក ឌុង លីឆេង (Dong Lecheng ) ជា​ម្ចាស់​ក្រុមហ៊ុន ហ្គោលដេន សាន់ ស្កាយ អ៊ីនធើថិនម៉ិន។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១០ ខែ​ធ្នូ។

ជុំវិញ​រឿង​នេះ ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​សំពៅពូន ខេត្ត​កណ្ដាល ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា កាស៊ីណូ​ដែល​មាន​ថៅកែ​ជា​ជន​ជាតិចិន​មួយចំនួន នៅក្នុង​សង្កាត់​សំពៅ​ពូន​រួមមាន​ដូចជា កាស៊ីណូ យ៉ុងយ័ន (Yong Yuan) កាស៊ីណូ ហ្គោលឌិន ហ្វរធ្យូន (Golden Fortune) ហៅ​កាស៊ីណូ​ព្រីម និង​ក្រុមហ៊ុន ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន (Pacific Real Estate Management) ហៅ​កាស៊ីណូ ដំរី​២ នៅតែ​មាន​បង្ខាំង​មនុស្ស​ជាច្រើន​នាក់​ដោយ​ខុសច្បាប់​។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា ជនរងគ្រោះ​ពី​ការឃុំខ្លួន​ដោយ​ខុសច្បាប់ មិន​ត្រឹមតែ​ត្រូវបាន​ថៅកែ​ជា​ជន​ជាតិចិន បង្ខំ​ឱ្យ​ឆបោក​តាម​អនឡាញ​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​រង​ការប្រើប្រាស់​អំពើ​ហិង្សា ការ​រំលោភ​បំពាន​ផ្លូវភេទ និង​ការ​បង្ខំ​ឱ្យ​ថត​រឿង​អាសអាភាស​ទៀត​ផង។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​អំពើ​ជួញដូរ​មនុស្ស នៅតែ​បន្ត​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា គឺ​បណ្ដាលមកពី​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​តួនាទី​គ្រាក់ៗ​មួយចំនួន តែង​ឈរឈ្មោះ​កាង ការពារ​មិន​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច អនុវត្ត​ច្បាប់​ទៅលើ​ទីតាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​។ ជាក់ស្ដែង​កាលពី​ខែតុលា ឆ្នាំ​២០២២ កន្លងទៅ បើ​ទោះបី​ជា​មាន​ជនជាតិ​វៀតណាម​ប្រមាណ​៤០​នាក់ នាំគ្នា​សម្រុក​ចេញពី​អគារ ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន ហែល​ទឹក​ឆ្លង​ព្រែក​ព្រំដែន​ជ្រៃធំ ឡុងប៊ិន ក្នុង​ក្រុង​សំពៅពូន ខេត្ត​កណ្ដាល ឆ្ពោះ​ទៅ​ខាង​ប្រទេស​វៀតណាម (Vietnam) ដើម្បី​រំដោះ​ពី​ការ​ឃុំ​ខ្លួន​ដោយ​បង្ខំ​ក្ដី ក៏​អភិបាលរង​ខេត្ត​កណ្ដាល លោក គ្រុយ ម៉ាឡែន បែរ​ជា​អះអាង​ថា ជនជាតិ​វៀតណាម​ដែល​រត់គេច​ចេញពី​អគារ​កាស៊ីណូ ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន ទាំងនោះ ដោយសារតែ​ពួកគេ​ចង់​គេចវេះ​ពី​ការទទួលខុសត្រូវ​ការ​ងារ និង​បំណុល​ពី​ការ​លេង​ល្បែង​ទៅ​វិញ។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ចេញផ្សាយ​កាលពី​ខែ​សីហា រក​ឃើញ​ថា កម្ពុជា និង​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) គឺជា​មជ្ឈមណ្ឌល​ស្នូល​នៃ​ការប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។ យ៉ាងហោចណាស់ មាន​មនុស្ស ១​សែន​នាក់​បាន​ក្លាយជា​ជនរងគ្រោះ ដោយសារតែ​ការ​បង្ខំ​ឱ្យ​ប្រព្រឹត្តិ​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។