អង្គការ HRW ស្នើ​​រដ្ឋាភិបាល​កែ​លម្អសេចក្តីព្រាង​ច្បាប់​​ថ្មីស្តីពី​ជន​ពិការ​ដោយ​​អនុលោម​​តាម​ច្បាប់​អន្តរជាតិ​

0:00 / 0:00

អង្គការ​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ​អំពាវនាវ​ដល់​រដ្ឋាភិបាលកម្ពុជា​​ឱ្យ​កែលម្អសេចក្តីព្រាង​ច្បាប់ ​ស្តីពី ​កិច្ច​គាំពារ​ជន​​​មាន​​ពិការភាព​ ដោយធ្វើ​យ៉ាងណាឱ្យ​វា​​ធានា​បាន​នូវ​សិទ្ធិស្មើគ្នា​ចំពោះជន​ពិការ ជាពិសេស គឺអនុលោម​តាម​អនុសញ្ញា​អន្តរជាតិ​ ស្តីពី ​សិទ្ធិជន​ពិការ​ (CRPD) ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ តាំង​​ពី​ឆ្នាំ២០១២ មក។

អង្គការ​អន្តរជាតិ​ដដែល​នេះទទួល​ស្គាល់ថា សេចក្តីព្រាង​ច្បាប់​នេះ​មានគោល​ដៅបង្កើត​ក្របខណ្ឌ​ច្បាប់​សម្រាប់​​សិទ្ធិជន​ពិការ​ ប៉ុន្តែវា​​​មិន​បាន​ឈរ​លើ​មូលដ្ឋាន​សិទ្ធិមនុស្ស​ទាំងស្រុង​នោះទេ។ យូមែន រ៉ៃតស៍ វ៉ច្ឆ ពិនិត្យ​ឃើញថា សេចក្តីព្រាង​ច្បាប់​នេះ​ប្រើប្រាស់​ភាសា​ដែល​គាំទ្រ​ដល់​ការ​មាក់​ងាយ​ប្រឆាំង​នឹង​ជន​ពិការ ជាជាង​ការ​ធានា​បាន​នូវ​ឱកាស​ស្មើគ្នា​ក្នុង​ការ​អប់រំ ការងារ ការ​ធ្វើដំណើរ សេវាកម្ម​ច្បាប់ និង​សង្គម ព្រម​ទាំង​ការ​រស់​នៅ​ដោយ​ឯករាជ្យរបស់​ជន​ពិការ។ ជាឧទាហរណ៍ និយម​ន័យ​ដ៏ហួសសម័យ​នៃ​ពិការភាព និង​ភាសា​គ្រោតគ្រាត ដូចជា វិបល្លាស ខូចខាត ឬខុស​ប្រក្រតី ជាដើម ដែល​ទាំងនេះ​មានន័យថា ជន​ពិការ​ត្រូវ​ការ​ការ​ព្យាបាល ឬធ្វើ​អ្វីមិន​កើត​យ៉ាង​ដូច្នេះដែរ។ ចំណែក​ការ​បែងចែក​ប្រភេទ​ជន​ពិការ​វិញនេះ​បង្កើត​ជាការ​រើស​អើង និង​កាត់ផ្តាច់ជន​ពិការ​មួយ​ចំនួន​ពីការ​រស់​នៅ​ដោយ​ឯករាជ្យ ឬ​ទទួល​បាន​ជំនួយ​សម​រម្យ​ជាដើម។

អ្នក​ឯកទេស​ផ្នែក​សិទ្ធិ​ជន​ពិការ​នៃ​អង្គការ​ យូមែន រ៉ៃតស៍ វ៉ច្ឆ អ្នក​ស្រី គ្រីទី សារម៉ា (Kriti Sharma) មាន​ប្រសាសន៍​ក្នុងសេចក្តីថ្លែងការណ៍​នៅថ្ងៃទី២៧ ខែមេសា​ថា រដ្ឋាភិបាល​កម្ពុជាគួរ​តែដល់ពេល​​ដើរចេញពីប្រព័ន្ធ​​បែប​រំលោភបំពាន និង​កាត់​ផ្តាច់​ជន​ពិការ​ហើយ ហើយ​គួរ​ងាក​ទៅកសាង​ប្រព័ន្ធ​មួយ​ដែល​ផ្តោត​លើ​កិច្ច​គាំទ្រ និង​ឯករាជ្យ​ភាព​សម្រាប់​ជន​ពិការ​វិញ។ អ្នក​ស្រី​បន្តថា បើ​សេចក្តីព្រាង​ច្បាប់នេះ​ត្រូវ​បាន​កែ​លម្អ​ឱ្យ​ស្រប​ទៅតាម​បទដ្ឋាន​អន្តរជាតិ នោះ​រដ្ឋាភិបាល​កម្ពុជានឹង​បោះជំហាន​ដ៏​ធំធេង​ឆ្ពោះទៅរក​ការ​ធានា​នូវ​សិទ្ធិស្មើភាពគ្នា និង​កិច្ចគាំពារ​សង្គម​ដ៏​រឹងមាំ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ច្រើន​នាក់ដែល​មាន​ពិការភាព។ អ្នក​ស្រី គ្រីទី សារម៉ា សង្កត់ធ្ងន់ថា ​អង្គការ​សហប្រជាជាតិ ម្ចាស់​ជំនួយ និង​ភាគី​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹងការ​តាក់តែង​​សេចក្តីព្រាង​ច្បាប់​ថ្មី​អំពី​ជនពិការ​នេះ គួរ​តែ​ទាម​ទារ​ឱ្យ​មាន​សេចក្តីព្រាង​ចុងក្រោយ​មួយ​ដែល​អនុលោម​តាម​អនុសញ្ញា​អន្តរជាតិ​ស្តីពីសិទ្ធិជន​ពិការ។

ឆ្លើយតប​នឹង​កង្វល់​របស់​អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អះអាងថា ក្រសួង​បាន​​ពិចារណា​គ្រប់ទិដ្ឋភាពទាក់ទង​នឹង​ការ​តាក់តែងសេចក្តីព្រាងច្បាប់​ថ្មីនេះ។

រដ្ឋលេខាធិការក្រសួង​សង្គម​កិច្ច និង​ជា​អគ្គលេខាធិការ​​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការលោក ឯម ច័ន្ទមករា ប្រាប់អាស៊ីសេរីថា ​ក្រសួងបាន​​បើក​ឱ្យ​មាន​ការ​ផ្តល់​យោបល់​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ព្រម​ទាំងជន​ពិការ​ផ្ទាល់ ក្នុង​ដំណើរ​ការ​តាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ « អ្វី​ដែល​ជា​ការ​លើក​ឡើង​ ជាការ​ព្រួយ​បារម្ភ​របស់​គាត់ យើង​​ស្វាគមន៍ ប៉ុន្តែ​ខ្ញុំ​​អត់​ដឹង​ថា គាត់​ព្រួយ​បារម្ភ​ទៅលើ​ចំណុច​អ្វី ពីព្រោះ​នៅក្នុងសេចក្តីព្រាង​ច្បាប់​ថ្មីនេះ គឺយើង​បាន​យក​ធាតុ​ចូល​ឯកសារ​ធំៗ​ច្រើន​ណាស់ យក​មក​បញ្ចូល​គ្នា។ ទីមួយ ច្បាប់ចាស់​ដែល​យើង​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​តាំង​ពី​ឆ្នាំ២០០៩ ទីពីរ​អនុសញ្ញា​សិទ្ធិ​ជន​ពិការ ទីបី​យុទ្ធសាស្ត្រ Incheon ធ្វើ​ឱ្យ​សិទ្ធិ​ក្លាយ​ជា​ការ​ពិត ហើយ​ទីបួន​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ឆ្នាំ២០១៩ - ២០២៣»។

លោក ឯម ច័ន្ទមករា ឱ្យដឹង​ទៀតថា សេចក្តីព្រាង​ច្បាប់ទីមួយ មាន​ទាំងអស់​ ១០ ជំពូក ចែក​ជា ៧៤ មាត្រា ប៉ុន្តែ​អាច​នឹង​មាន​ការ​ថែម​ថយខ្លះទៀត​​នៅពេល​ខាងមុខ បន្ទាប់​ពី​ឆ្លង​កាត់​ការពិភាក្សា​ក្នុងជំហាន​បន្ទាប់។ លោកថា សេចក្តីព្រាង​ច្បាប់​នេះកំពុង​ស្ថិត​នៅក្នុង​ដៃ​ក្រុម​ការងារ​បច្ចេក​ទេស​នៅឡើយ ហើយ​ត្រូវ​ប្រមូល​ធាតុ​ចូល​ពីគ្រប់ភាគីពាក់ព័ន្ធ ដូច​ជា ស្ថាប័ន​រដ្ឋ អង្គការសង្គម​ស៊ីវិល ជន​ពិការ និង​លិខិតូបករណ៍​អន្តរជាតិ​ទាំង​ឡាយ​ទាក់ទង​នឹង​សិទ្ធិជន​ពិការ។ មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គម​កិច្ច​រូបនេះអះអាងទៀតថា សេចក្តីព្រាង​ច្បាប់​ថ្មីនេះ​រួម​បញ្ចូល​នូវទិដ្ឋភាពជាច្រើន​ទាក់ទងនឹង​ការ​លើក​កម្ពស់​សិទ្ធិ និង​អត្ថប្រយោជន៍​ផ្សេៗ​របស់​ជន​ពិការ « ច្បាប់​ថ្មី​នេះ គឺ​ផ្តល់​ផល​ប្រយោជន៍​ច្រើន​​សម្រាប់​ជន​មាន​ពិការភាព​ ទាំង​​ផ្នែក​សង្គមកិច្ច ​ផ្នែក​អប់រំ ការងារ​ សិល្បៈ ​​​​​វប្បធម៌ នយោបាយ​ សាសនា​ ការ​លម្ហែរ ​ជាដើម គឺយើង​ត្រូវ​បាន​រាប់​បញ្ចូល។​ ជាពិសេស​ការ​ផ្ដល់​នូវការ​បង្កលក្ខណៈ​ងាយ​ស្រួល​ ដែល​យើង​ឱ្យ​ឈ្មោះ​ថ្មី​ថា​ផាសុខសមរម្យ អាហ្នឹង​បក​ជា​ភាសា​អង់គ្លេស​ទៅ​ថា ជា Accessibility​ សម្រាប់​ជន​មានពិការភាពហ្នឹង គឺ​យើង​​ត្រូវ​បាន​រាប់បញ្ចូល​គិតនៅ​​ក្នុង​សេក្ដី​ព្រាង​ច្បាប់ថ្មី​​នេះ​ទាំងអស់​ »

អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ដែល​បាន​ចូល​រូម​ក្នុង​ដំណើរ​តាក់តែង​សេចក្តីព្រាង​ច្បាប់​នេះដែរ ទទួល​ស្គាល់ថា ​សេចក្តីព្រាងច្បាប់ថ្មីនេះ​មាន​ចំណុច​លម្អិត​ច្រើន​ជាង​ច្បាប់ចាស់ ប៉ុន្តែក៏នៅមាន​ចំណុច​ខ្លះ​ដែល​ត្រូវ​កែ​លម្អដែរ។

នាយិកា​អង្គការ​ជន​ពិការ​កម្ពុជា (CDPO) អ្នកស្រី ម៉ាក់ ម៉ូលីកា មាន​ប្រសាសន៍ថា ​យន្ត​ការ​ជួយ​ដល់​ជន​ពិការ​នៅក្នុងស្ថាន​ភាព​អាសន្ន មិន​ទាន់​បាន​ចែងច្បាស់​នៅឡើយក្នុង​សេចក្តីព្រាង​ច្បាប់​ថ្មីនេះ។ អ្នក​ស្រី​ចង់​ឱ្យ​រដ្ឋាភិបាល​បញ្ចូល​ចំណុច​នេះ និង​ចែង​ឱ្យ​បាន​លម្អិត ព្រោះជន​ពិការ​ជា​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះជាងគេ​នៅក្នុងស្ថានភាពអាសន្ន តួយ៉ាង​ ករណីជំងឺរាតត្បាត​កូវីដ-១៩ ជាដើម។ ក្រៅពីនេះ អ្នក​ស្រីជំរុញ​ឱ្យ​រដ្ឋាភិបាល​ទទួល​យក​អនុសាសន៍​ល្អៗ​របស់អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​ធ្វើ​ឱ្យ​សេចក្តីព្រាង​ច្បាប់​ថ្មីនេះ​កាន់​តែ​មាន​ខ្លឹមសារ​ល្អប្រសើរ « ជំងឺកូវីដ​នេះ ឥលូវ​ថាទៅ​ហួស​ចុះ​ យើងមិន​ទាន់បាន​អនុម័ត​​ច្បាប់​ថ្មី​ ប៉ុន្តែបើ​​យើង​អាច​រំពឹង​ទុកហ្នឹង គឺបាន​ន័យថាការ​ស្ដារ​លទ្ធ​ភាព​ជនមានពិការភាព​ហ្នឹង។​ អ៊ីចឹងហើយ​រដ្ឋាភិបាល​គួរតែ​គិត​កន្លែង​ចំណុចហ្នឹងអាច​ដាក់​ជាអាទិភាព​ស្តារឡើង​វិញ​ជីវភាព​រស់នៅ​សម្រាប់ជនពិការ​ បន្ទាប់​ពីកូវីដនេះ​។ ហើយ​ខ្ញុំ​គិត​ថា យើង​​គួរ​តែដាក់​នៅក្នុង​ហ្នឹង ( សេចក្តីព្រាងច្បាប់ )​ តែម្ដង​ ដើម្បី​ចេញ​ជា​យន្ដការ​អ្វី​មួយ​ ព្រោះ​ធម្មតា​ពាក្យថា​ស្តារ​ឡើង​វិញ​ ទម្រាំ​​តែ​ជីវភាព​ពួក​គាត់​ប្រសើរ​ឡើង វា​អាចស៊ីពេល​យូរ »​​

ស្ថិតិរបស់​ក្រសួង​សង្គម​កិច្ច ឱ្យដឹងថា ​ជនមានពិការភាព​​នៅក្នុង​ប្រទេ​ស​កម្ពុជា ​មាន​ជាង ៥ សែន​នាក់ ​ដោយ​រាប់បញ្ចូល​ទាំងកុមារ​ផងដែរ។ ​ក្នុង​ចំណោម​ជនពិការ​ទាំងនេះ អ្នក​ធ្វើការងារតាម​ក្រសួង​ស្ថា​ប័ន​រដ្ឋ​ មាន​ប្រមាណ​ ៤ ពាន់នាក់ ​អ្នកធ្វើការ​ក្នុងក្រុមហ៊ុន​ឯកជន​ជាង​ ៣​ពាន់​​នាក់ ហើយ​ពួក​គាត់​​មួយចំនួនទៀត​ធ្វើការ​ផ្នែកសិល្បៈតន្ត្រី ​ម៉ាស្សា​ តម្បាញ ​និង​ធ្វើវត្ថុកែឆ្នៃ​ដោយ​ដៃជា​ដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។