មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី បានដាក់សារណាការពារក្តីករណីស្នើសុំបដិសេធសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញ ទៅតុលាការកំពូលរួចហើយ កាលពីពេលថ្មីៗនេះ។ អតីតអ្នកយកព័ត៌មានអាស៊ីសេរីអំពាវនាវដល់តុលាការកំពូលឱ្យពន្លឿនសវនាការរឿងក្តីនេះ។
មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក សំ ចំរើន ឱ្យដឹងនៅថ្ងៃទី១៩ មេសាថា ការដាក់សារណាទៅតុលាការកំពូលនេះ គឺទាំងសំណុំរឿងចារកម្ម និងការផលិតវីដេអូអាសអាភាស។ លោកថា តាមនីតិវិធី តុលាការកំពូលត្រូវបើកសវនាការក្នុងរយៈពេល៦ ខែយ៉ាងយូរ ក្រោយពេលទទួលបានសំណុំរឿង ហើយពេលនេះទាំងលោក និងកូនក្តីទាំងពីររូប កំពុងរង់ចាំសវនាការ។
មេធាវី សំ ចំរើន ថ្លែងទៀតថា លោកបានដាក់ពាក្យស្នើសុំចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ ឱ្យបង្អង់នីតិវិធីស៊ើបសួរបន្ថែមហើយ ដោយរង់ចាំសេចក្តីសម្រេចពីតុលាការកំពូលជាមុនសិន៖ «នៅពេលដែលសាលក្រមនោះត្រូវបានប្តឹងឧទ្ធរណ៍ ឬក៏ប្ដឹងសាទុក្ខទៅតុលាការកំពូល ចៅក្រមស៊ើបសួរនៅក្នុងរឿងក្តីហ្នឹង អត់ទាន់មានសមត្ថកិច្ចអនុវត្តទៅតាមក្តីសម្រេចនៅក្នុងសាលក្រមរបៀបដែលចាត់ឱ្យគាត់ស៊ើបសួរបន្ថែមហ្នឹងទេ។ គឺរង់ចាំ សេចក្ដីសម្រេចរបស់តុលាការកំពូល សម្រេចថា យ៉ាងម៉េចសិន ទើបគាត់មានសិទ្ធិចាត់ការទៅតាមការបង្គាប់របស់សាលក្រមរបៀបហ្នឹង»។
ក្រោយចំណាយពេលស៊ើបអង្កេតជាង១ ឆ្នាំ និងបើកសវនាការ២ ដង នៅខែតុលា ឆ្នាំ២០១៩ ស្រាប់តែតុលាការក្រុងភ្នំពេញបានចេញសាលក្រមចាត់របៀប បង្គាប់ឱ្យចៅក្រមស៊ើបសួរបន្តស៊ើបអង្កេត និងពិនិត្យអង្គហេតុមួយចំនួនទៀតនៃសំណុំរឿងនេះទៅវិញ។ ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានថ្កោលទោសតុលាការក្រុងភ្នំពេញចំពោះសេចក្ដីសម្រេចនេះ ពីព្រោះពួកគេពិនិត្យឃើញថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ឡើយ ដូច្នេះគួរណាស់តែទម្លាក់ចោលបទចោទប្រកាន់នេះ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបបានប្ដឹងឧទ្ធរណ៍ប្រឆាំងសាលក្រមចាត់របៀបនេះ ក៏ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បានតម្កល់សាលក្រមនេះទុកជាបានការដដែល ក្រោមហេតុផលថា ការស៊ើបអង្កេតបន្ថែមមិនប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកទាំងពីរឡើយ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក យាង សុធារិន្ទ ស្នើសុំយ៉ាងទទូចដល់តុលាការកំពូល បើកការជំនុំជម្រះករណីនេះឱ្យបានឆាប់ ដើម្បីបើកផ្លូវឱ្យនីតិវិធីទាំងឡាយនៅតុលាការក្រុងភ្នំពេញមានដំណើរការ៖ «តុលាការកំពូលមេត្តាជួយពន្លឿននីតិវិធីបើកសវនាការជំនុំជម្រះទាក់ទងនឹងការមិនយល់ព្រមការស៊ើបអង្កេតឡើងវិញហ្នឹង អ៊ីចឹងសូមធ្វើឱ្យបានលឿនទៅ។ មែនទែនទៅ យើងកំពុងរង់ចាំការសម្រេចរបស់តុលាការកំពូល ហើយការសម្រេចរបស់តុលាការកំពូលបែបណានោះ នឹងជួយជំរុញបន្ថែមទៀតដល់ការស៊ើបអង្កេតបន្ថែមនៅសាលាដំបូងហ្នឹងឯង»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី១៩ មេសា ដោយលោកមិនលើកទូរស័ព្ទ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ «ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ» និងបទ «ផលិតវីដេអូអាសអាភាស»។ តុលាការដែលស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច បានឃុំឃាំងអ្នកទាំងពីរជាង៩ ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ទោះជាយ៉ាងណា តុលាការនៅតែបន្តគាបសង្កត់សេរីភាពដើរហើរ និងការប្រកបមុខរបររបស់អ្នកទាំងពីរដដែល ព្រោះតុលាការមិនបានប្រគល់អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនឱ្យពួកលោកវិញនោះឡើយ។ បច្ចុប្បន្ននេះ បណ្ដឹងស្នើសុំលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់អ្នកទាំងពីរ ក៏កំពុងស្ថិតក្នុងដៃតុលាការកំពូលដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។