អ្នក​ជំនាញ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​​​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ដោយ ជីវិតា
2019-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ពិគ្រោះ​យោបល់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កសិកម្ម និង​បរិស្ថាន នា​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
កិច្ច​ពិគ្រោះ​យោបល់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កសិកម្ម និង​បរិស្ថាន នា​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Chin Chetha

អ្នក​​ជំនាញ​ផ្នែក​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំរុញ​​ឱ្យ​​រដ្ឋាភិបាល​ពន្លឿន​​ការ​បង្កើត​ច្បាប់​​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដោយសារ​ច្បាប់​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​​ជួយ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​​នៅ​កម្ពុជា។ ក្រសួង​​ព័ត៌មាន​រំពឹង​ថា សេចក្ដី​ព្រាង​បឋម​នៃ​ច្បាប់​នេះ​អាច​នឹង​ត្រូវ​បញ្ជូន​​ទៅ​គណៈរដ្ឋមន្ត្រី ដើម្បី​ប្រជុំ​អនុម័ត​នៅ​​ដើម​ឆ្នាំ២០២០ ខាងមុខ។

នាយក​ផ្នែក​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី  ថ្លែង​ថា សេចក្ដីព្រាង​បឋម​នៃ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​​បាន​​ព័ត៌មាន មិន​​ទាន់​មាន​​លក្ខណៈ​ប្រសើរ​ឥត​ខ្ចោះ​នៅ​ឡើយ​​ទេ ក៏​ប៉ុន្តែ​លោក​​ថា ការ​បង្កើត​ច្បាប់​នេះ​មិន​គួរ​​អូស​បន្លាយ​ត​ទៅ​មុខ​ទៀត​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ព័ត៌មាន​គួរ​តែ​ពន្លឿន​​ច្បាប់​នេះ​ឱ្យ​លេច​ចេញ​ជា​រូបរាង ដើម្បី​យក​​ទៅ​អនុវត្ត​សម្រាប់​​ផល​ប្រយោជន៍​​ជាតិ។ លោក​ បន្ថែម​​ថា ជំហាន​ដំបូង​ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​​ច្បាប់​នេះ ត្រូវ​បាន​អនុវត្ត​​ រួច​បើ​មាន​​កំហុស​ឆ្គង ឬ​ចន្លោះ​ប្រហោង​ត្រង់​ណា​នោះ​ សឹម​ធ្វើ​វិសោធនកម្ម​នៅ​ពេល​​ក្រោយ​ទៀត​ក៏​បាន៖ «ទី​មួយ​រឿង​ការ​អនុវត្ត​ថា តើ​មាន​​ការ​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ហ្នឹង​កម្រិត​ណា។ រឿង​ទីពីរ​ អ្វី​​ដែល​​យើង​ត្រូវ​គិត​ដែរ​នោះ គឺ​ថា​តើ​នៅ​ពេល​ដែល​យើង​អនុវត្ត​ហ្នឹង ចំណុច​ណា​ដែល​វា​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា។ ពេល​ហ្នឹង​គឺ​យើង​អាច​នឹង​ពិនិត្យ​​ ដក​ស្រង់​នូវ​អ្វី​​ដែល​យើង​គិត​ថា​ជា​ចំណុច​ប្រទាំង​ប្រទើស​នៅ​ក្នុង​​ការ​បកស្រាយ​ផ្សេងៗ ដើម្បី​ធ្វើ​ម៉េច​​រៀប​ចំ​ឱ្យ​មាន​ការ​​​ធ្វើ​​វិសោធនកម្ម​ឡើងវិញ»

ការ​អំពាវនាវ​​របស់​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រូប​នេះ ធ្វើ​ឡើង​ដោយសារ​​សេចក្ដី​ព្រាង​បឋម​នៃ​​ច្បាប់​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​​ត្រូវ​បាន​តាក់តែង​ចប់​សព្វ​គ្រប់​តាំង​តែ​ពី​​ដើម​​ឆ្នាំ២០១៨ មក​ម៉្លេះ ក៏​​ប៉ុន្តែ​ច្បាប់​​ដែល​​ភាគី​ពាក់ព័ន្ធ​​​ទន្ទឹង​រង់ចាំ​ដោយ​ផ្សា​ភ្នែក​នេះ នៅ​​មិន​​ទាន់​បាន​ទៅដល់​ដៃ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ​ទេ។

សេចក្ដីព្រាង​ច្បាប់​បឋម​នេះ​មាន ៩ជំពូក ចែក​ចេញ​ជា ៣៨ មាត្រា មាន​គោល​បំណង​ធានា​ឱ្យ​សាធារណជន​គ្រប់​រូប​នូវ​សិទ្ធិ​សេរីភាព​ក្នុង​​ការ​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ និង​តម្រូវ​ឱ្យ​ស្ថាប័ន​សាធារណៈ​បំពេញ​កាតព្វកិច្ច​ផ្ដល់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ជា​អតិបរមា​ជូន​សាធារណជន។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ ថ្លែង​ថា សេចក្ដី​ព្រាង​ច្បាប់​បឋម​នេះ​​បាន​ឆ្លងផុត​ដំណាក់​កាល​ជជែក​ពិភាក្សា​ថ្នាក់​អន្តរក្រសួង​​ហើយ កាល​ពី​ចុង​ខែ​វិច្ឆិកា កន្លងទៅ។ លោក​ថា ពេល​នេះ​ក្រសួង​ព័ត៌មាន​កំពុង​ពិភាក្សា​បន្ថែម​​ជាមួយ​ក្រសួង​យុត្តិធម៌​​ទាក់ទង​នឹង​បញ្ញត្តិ​មួយ​ចំនួន មុន​នឹង​​បញ្ជូន​បន្ត​ទៅ​គណៈរដ្ឋ​មន្ត្រី​នៅ​ពេល​ឆាប់ៗ ខាង​មុខ៖ «យើង​សង្ឃឹម​ថា នៅ​​ដើម​​ឆ្នាំ​ក្រោយ​នេះ សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រួច​ហើយ​ឆ្លង​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ទៅ​កាន់​ស្ថាប័ន​នីតិបញ្ញត្តិ​ទៀត»

ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន គឺ​ជា​ច្បាប់​ដ៏​សំខាន់​មួយ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​រៀបចំ​ក្រុម​ការងារ​បច្ចេកទេស​តាក់​តែង​ច្បាប់​នេះ​កាល​ពី​ឆ្នាំ២០១៥ កន្លងទៅ។ ច្បាប់​នេះ​មាន​សារៈសំខាន់​ដោយ​សារ​តែ​វា​​ធានា​ឱ្យ​សាធារណជន​គ្រប់​រូប​នូវ​សិទ្ធិ និង​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ផ្ដល់​ឱ្យ។ ច្បាប់​នេះ​ចែង​ពី​ភារកិច្ច​ដែល​ស្ថាប័ន​សាធារណៈ​ត្រូវ​ផ្ដល់​ និង​​ផ្សព្វ​ផ្សាយ​​​ព័ត៌មាន​​ជា​សាធារណៈ​ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។ ច្បាប់​នេះ​តម្រូវ​ឱ្យ​គ្រប់​ស្ថាប័ន​សាធារណៈ​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល និង​​បើក​ទូលាយ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​គ្រប់​ប្រភេទ​ដល់​សាធារណជន​តាម​ការ​ស្នើសុំ​ ដោយ​គ្មាន​ការ​រើសអើង​ តាម​បែប​បទ​ដែល​ងាយ​យល់ ក្នុង​ពេល​វេលា ​និង​តម្លៃ​សម​ស្រប​ លើក​លែង​តែ​ព័ត៌មាន​សម្ងាត់ ដែល​អន្តរាយ​ដល់​សន្តិសុខ​ជាតិ តែ​ទោះ​ជា​បែប​នេះ​ក្តី អ្នក​ជំនាញ​ថា គេ​ត្រូវ​តែ​កំណត់​និយមន័យ​នៅ​ក្នុង​ច្បាប់​នូវ​អ្វី​ទៅ​ដែល​ហៅ​ថា សន្តិសុខជាតិ។

ទន្ទឹម​នឹង​នេះ ច្បាប់​នេះ​​តម្រូវ​ឱ្យ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន ​ត្រូវ​ពិនិត្យ​សំណើ​សុំ​ព័ត៌មាន​​ឱ្យ​បាន​ឆាប់​បំផុត​ និង​ត្រូវ​ឆ្លើយ​តប​ទៅ​អ្នក​ស្នើសុំ​វិញ​ជា​លាយ​លក្ខណ៍​អក្សរ​ថា មាន​ ឬ​គ្មាន​ព័ត៌មាន​នោះ ឬ​មួយ​ក៏​ជា​ប្រភេទ​ព័ត៌មាន​សម្ងាត់​ មិន​ឱ្យ​លើស​ពី​រយៈ​ពេល ៥ថ្ងៃនៃ​ថ្ងៃ​ធ្វើ​ការ​ គិត​ពី​ថ្ងៃ​ទទួល​បាន​សំណើសុំ ហើយ​បើ​មាន​ការ​ឯកភាព​ទទួល​យក​ថ្លៃ​សេវា​ពី​អ្នក​​ស្នើ​សុំ​រួច​ហើយ ស្ថាប័ន​សាធារណៈ​នោះ​ត្រូវ​ផ្ដល់​ព័ត៌មាន​ជូន​អ្នក​ស្នើសុំ​ក្នុង​រយៈពេល​ ១៥ ថ្ងៃ។ ក្នុង​ករណី​​​មន្ត្រី​ស្ថាប័ន​សាធារណៈ ឬ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ ពុំ​បាន​បំពេញ​កាតព្វកិច្ច​​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​ទេ ពួក​គេ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល ដោយ​មិន​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ដទៃ​ទៀត​ឡើយ។

ទោះ​ជា​យ៉ាង​ណា សេចក្ដី​ព្រាង​បឋម​នៃ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​​បាន​ព័ត៌មាន​​នេះ ត្រូវ​បាន​អង្គការ​អន្តរជាតិ​ពីរ​ធំៗ គឺ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​មាត្រា១៩ វាយ​តម្លៃ​ថា មិន​ទាន់​ស្របតាម​ទៅតាម​​បទដ្ឋាន​​អន្តរជាតិ​ទាក់ទង​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ឡើយ​ទេ។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​ពីរ​នេះ​ពិនិត្យ​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​បឋម​នេះ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន ដូច​ជា និយម​ន័យ​មិន​ច្បាស់លាស់​នៃ​ប្រភេទ​ព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ដែល​ច្បាប់​នេះ​ត្រូវ​គ្រប​ដណ្តប់ ព្រម​ទាំង​មិន​មាន​ការ​បង្កើត​យន្ត​ការ​ត្រួតពិនិត្យ​​ឱ្យ​មាន​ប្រសិទ្ធភាព​​ជាដើម។ ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​កម្ពុជា​មិន​​បាន​ដាក់​បញ្ចូល​អនុសាសន៍​ល្អៗ ជា​ច្រើន​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​​បឋម​នេះ​ឡើយ ទោះជា​បាន​ប្រើ​​ពេល​ដ៏​យូរ​ក្នុ​ង​ដំណើរ​ការ​ប្រឹក្សា​យោបល់​បែប​ណា​ក្តី។

អង្គការមាត្រា១៩ និង​អង្គការ Human Rights Watch សង្កត់​ធ្ងន់​ថា ចន្លោះ​ប្រហោង​ទាំងនេះ​ប្រាស​ចាក​​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​​ស្ដីពី​សិទ្ធិ​ទទួល​​ព័ត៌មាន ហើយ​និង​​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុង​ច្បាប់​​សិទ្ធិមនុស្ស​អន្តរជាតិ ព្រម​​ទាំង​អាច​ធ្វើ​ឱ្យ​​ខូច​ដល់​អំណាច​នៃ​ច្បាប់​នេះ​ផង​ដែរ ហើយ​អង្គការ​​ទាំង​ពីរ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​លម្អ​សេចក្ដី​ព្រាង​ច្បាប់​បឋម​នេះ​ឡើងវិញ។

ទោះ​ជា​យ៉ាង​ណា ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក មាស សុភ័ណ្ឌ ឆ្លើយ​តប​ថា ក្រសួង​នឹង​មិន​​កែ​ប្រែ​សេចក្ដី​ព្រាង​ច្បាប់​​បឋម​នេះ​ទេ ដោយសារ​តែ​វា​បាន​ឆ្លងផុត​​ដំណាក់​​កាល​​ពិភាក្សា​បច្ចេកទេស និង​អន្តរក្រសួង​រួច​ទៅ​ហើយ៖ «អ្វី​ដែល​គាត់​​ធ្វើ​អត្ថាធិប្បាយ​ អ្វី​​ដែល​​គាត់​លើក​ឡើង​នេះ គឺជា​សិទ្ធិ​​របស់​គាត់ ក៏​​ប៉ុន្តែ​អ្វី​​ដែល​យើង​បាន​ធ្វើ​កន្លង​​មក​ជា​មួយ​​យូណេស្កូ ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ សង្គម​​ស៊ីវិល​ដែល​ចូល​រួម​​នៅ​ក្នុង​កិច្ចការ​នេះ គឺ​យើង​បាន​ឯកភាព​គ្នា​ទៅលើ​សេចក្ដី​ព្រាង​ហ្នឹង​ហើយ ហើយ​យើង​បាន​ជជែក​គ្នា​ច្រើន​មែន​ទែន»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​​ជំនាញ​ផ្នែក​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​លោក ណុប វី យល់​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា ចំពោះ​អនុសាសន៍​​ដែល​ស្នើ​ឡើង​ដោយ​អង្គការមាត្រា១៩ និង​អង្គការ Human Rights Watch ព្រោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅឡើយ៖ «ដំណាក់​កាល​នេះ ជា​ដំណាក់​កាល​ដែល​​ក្រុម​​ការងារ​បច្ចេកទេស​របស់​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ អ៊ីចឹង​គួរ​តែ​យក​ចំណុច​ទាំង​អស់​ហ្នឹង​មក​​ពិនិត្យ​មើល​ជាមួយ​នឹង​ខ្លឹមសារ ហើយ​បើ​ចំណុច​ណា​ ដែល​គួរ​តែ​បញ្ចូល​បាន​ពី​យោបល់​អ្នក​​បច្ចេកទេស​ដែល​គេ​មាន​​ជំនាញ​​ផ្នែក​សិទ្ធិមនុស្ស ផ្នែក​​សេរីភាព​​បញ្ចេញ​​មតិ​​នោះ ខ្ញុំ​គិត​ថា គួរ​តែ​បញ្ចូល​បន្ថែម​ទៅ​ក្នុង​​ខ្លឹមសារ​ហ្នឹង»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​លើ​​ក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​កាល​ពី​ពេល​ថ្មីៗ នេះ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្ក្រាប​​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​​សេរីភាព​សារ​ព័ត៌មាន​នៅមុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨។ ទង្វើ​រំលោភ​បំពាន​ទាំងនោះ មាន​ជា​អាទិ ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់ និង​ការ​​យាយី​ក្រុម​សកម្មជន អ្នក​សារព័ត៌មាន និង​​អ្នក​ការពារ​សិទ្ធិមនុស្ស ក្នុង​គោល​បំណង​បំបិទ​ចោល​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ​​នៅ​កម្ពុជា។

Human Rights Watch វាយ​តម្លៃ​ទៀត​ថា វិធាន​ការ​ផ្នែក​រដ្ឋបាល និង​​តុលាការ​តាម​អំពើ​ចិត្ត​នេះ បាន​នាំ​ទៅ​រក​​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បិទ​អង្គការ​សង្គម​ស៊ីវិល និង​​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​អស់​ជាច្រើន ហើយ​​រដ្ឋាភិបាល​មិន​​បាន​​បញ្ឈប់​ទង្វើ​បង្ក្រាប​ទាំងនេះ​ឡើយ ទោះជា​បាន​​កាន់​អំណាច​ជាង ១ឆ្នាំ​មក​ហើយ​ក្ដី។ ជាង​នេះ​ទៅទៀត រដ្ឋាភិបាល​លោក ហ៊ុន សែន ​បាន​​កែ​ប្រែ​ និង​បង្កើត​ច្បាប់​មួយ​​ចំនួន​​ដែល​មាន​លក្ខណៈ​គាប​សង្កត់​លើ​​សិទ្ធី​សេរីភាព​បញ្ចេញ​​មតិ ហើយ​អ្នក​រិះគន់​​រដ្ឋាភិបាល បាន​ក្លាយ​ជា​មុខ​ព្រួញ​នៃ​ការ​តាម​យាយី ញ៉ាំង​ឱ្យ​​ពួក​​គេ​ជាច្រើន​​នាក់​ត្រូវ​​រត់​ភៀស​ខ្លួន​ទៅក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​​ការ​ចាប់​ខ្លួន​តាម​ទំនើង​​ចិត្ត​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល