ក្រសួងព័ត៌មានរបស់របបក្រុងភ្នំពេញគ្រោងនឹងបង្កើតកម្មវិធីមួយតាមកញ្ចក់ទូរទស្សន៍កម្ពុជា ដើម្បីបកស្រាយបំភ្លឺប្រភេទព័ត៌មានក្លែងក្លាយ ប៉ុន្តែ អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យព្រួយបារម្ភថា វិធានការនេះអាចនឹងមានផលអវិជ្ជមានទៅលើស្ថាប័នព័ត៌មានឯករាជ្យ ឬអ្នកមាននិន្នាការប្រឆាំងនឹងរបបលោក ហ៊ុន សែន។
អ្នកវិភាគនយោបាយឯករាជ្យលោក គឹម សុខ អះអាងថា គម្រោងរៀបចំរបស់របបក្រុងភ្នំពេញដើម្បីបកស្រាយព័ត៌មានក្លែងក្លាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា គឺជាឆាកល្ខោនមួយដែលរបបនេះគ្រោងនឹងបង្កើតឡើងដើម្បីបំភ័ន្តសាធារណជន ឱ្យមានការយល់ច្រឡំពីព័ត៌មានពិត ទៅជាព័ត៌មានមិនពិត និងក្នុងគោលបំណងដើម្បីជួយឱ្យលុបលាងទង្វើអាក្រក់របស់រដ្ឋាភិបាល។
ការលើកឡើងរបស់លោក គឹម សុខ បានកើតមានឡើងក្រោយពីក្រសួងព័ត៌មានកាលពី២សប្ដាហ៍មុន បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ខ្លួន ដើម្បីបង្កើតកម្មវិធីបកស្រាយពីព័ត៌មានក្លែងក្លាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ដែលគ្រោងនឹងចាក់ផ្សាយរយៈពេលមួយម៉ោង ក្នុងមួយសប្ដាហ៍។
អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងថា គម្រោងបង្កើតកម្មវិធីនេះ គឺដើម្បីបំភ្លៃពីព័ត៌មានពិតដែលបានផ្សាយនៅតាមបណ្តាញសង្គម និងតាមស្ថាប័នវិទ្យុឯករាជ្យមួយចំនួនតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា ចំពោះព័ត៌មានណាដែលលាតត្រដាងអំពើអាក្រក់របស់រដ្ឋាភិបាលអាចនឹងត្រូវគេបំភ្លៃទៅតាមការចង់បានរបស់របបលោក ហ៊ុន សែន៖ «ធ្វើការក្លែងបន្លំឬបកស្រាយក្លែងបន្លំលើព័ត៌មានពិត ពីស្ថាប័នអន្តរជាតិធំៗនិងបណ្ដាប្រទេសអ្នកប្រជាធិបតេយ្យ ដែលប្រុងនឹងចាត់វិធានការណ៍ ឬដាក់ទណ្ឌកម្មប្រទេសកម្ពុជា ហើយដែលព័ត៌មាននោះវាមានឥទ្ធិពលទៅលើស្មារតីរបស់ប្រជាពលរដ្ឋដែលមានបំណងចង់ងើបឡើងតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលខុសច្បាប់របស់លោក ហ៊ុន សែន»។
អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក ផុស សុវណ្ណ បានច្រានចោលចំពោះការលើកឡើងរបស់លោក គឹម សុខ។ លោកបញ្ជាក់ថា គម្រោងបង្កើតកម្មវិធីនេះឡើងគោលបំណងដើម្បីបង្ហាញប្រជាពលរដ្ឋឱ្យដឹងថា តើព័ត៌មានប្រភេទណាជាព័ត៌មានក្លែងក្លាយ ហើយព័ត៌មានប្រភេទណាជាព័ត៌មានអាចយកជាការបាន។ លោកអះអាងថា ក្រសួងមានអ្នកជំនាញដើម្បីកោសលវិច័យលើប្រភេទព័ត៌មានទាំងនេះ៖ «វាមានសារៈសំខាន់ពីព្រោះព័ត៌មានមួយចំនួន វាក្លែងក្លាយបន្លំច្រើន ទៅវាអាចធ្វើឱ្យមុខមាត់ ឬប៉ះពាល់ដល់អ្វីដែលគេហៅថា វាបំភ្លៃហើយប្រជាជនមួយចំនួនជឿទៅ វាខូចខាតផលប្រយោជន៍ប្រជាពលរដ្ឋ»។
នាយកមជ្ឈមណ្ឌលព័ត៌មានកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី ព្រួយបារម្ភថា របបក្រុងភ្នំពេញអាចនឹងចាត់វិធានការណ៍លើស្ថាប័នព័ត៌មានឯករាជ្យណាដែលមាននិន្នាការប្រឆាំងនឹងរបបនេះដោយចោទថា ជាព័ត៌មានក្លែងក្លាយ៖ «អ្វីដែលសំខាន់គឺយើងបារម្ភក្រែងលោកថា ការបង្កើតកម្មវិធីហ្នឹងបកស្រាយព័ត៌មានក្លែងក្លាយគ្រាន់តែជាការដាក់បន្ទុក។ ឧទាហរណ៍ថា ព័ត៌មានណាដែលនិយាយរិះគន់ ឬក៏ចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលទៅរដ្ឋាភិបាលបែរជាលើកថា ចំណុចទាំងអស់ហ្នឹងជាព័ត៌មានក្លែងក្លាយ»។
បើទោះបីជាអ្នកវិភាគ និងមន្ត្រីរបបលោក ហ៊ុន សែន បានអះអាងជំហរផ្ទុយគ្នាក្ដី ក៏អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល លោក គុណ ចិន្តា បញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់បានកំណត់និយមន័យឱ្យបានច្បាស់ថា ព័ត៌មានបែបណាជាព័ត៌មានពិត និងជាព័ត៌មានក្លែងក្លាយនោះទេ។ ក៏ប៉ុន្តែលោកទទួលស្គាល់ថា នៅកម្ពុជាមួយរយៈពេលចុងក្រោយនេះ មានការរីករាលដាលព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គមមានការកើនឡើងគួរឱ្យព្រួយបារម្ភ៖ «ពលរដ្ឋនៅតែអត់ទាន់យល់ច្បាស់អំពីនិយមន័យ និងទម្រង់ និងប្រភេទតើព័ត៌មានបែបណាដែលរដ្ឋាភិបាល ឬអ្នកជំនាញហ្នឹងអាចកំណត់ថា តើព័ត៌មានណាជាព័ត៌មានមិនពិតហើយធ្វើយ៉ាងណាឱ្យគាត់ចៀសផុតអំពីព័ត៌មានមិនពិតហ្នឹង»។
ក្នុងខណៈដែលសង្គមកម្ពុជាមានការបែងចែករវាងអ្នកគាំទ្រក្រុមអ្នកកាន់អំណាច និងក្រុមអ្នកនិយមប្រជាធិបតេយ្យ ការចេញផ្សាយព័ត៌មានដើម្បីលើកម្ខាង និងទម្លាក់ម្ខាង កើតឡើងជាហូរហែ។ ដោយមិនមានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាផ្លូវការរបស់ក្រុម មិនគាំទ្ររដ្ឋាភិបាល ភាគច្រើនប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក្នុងការបង្ហោះសារនយោបាយរបស់ខ្លួន។ ហើយក្រុមនេះ តែងរងការគំរាមកំហែងពីអាជ្ញាធរ ឬពេលខ្លះអាចត្រូវគេចាប់ខ្លួន ឬទទួលការចោទប្រកាន់ពីតុលាការ ប្រសិនបើគេសន្និដ្ឋានថា ការបង្ហោះសារ ឬព័ត៌មាននោះមិនពិត ឬក៏អាចខូចប្រយោជន៍ដល់គណបក្សកាន់អំណាច។ ចំពោះអ្នកគាំទ្រគណបក្សកាន់អំណាចវិញ ពួកគេហាក់អាចបង្ហោះសារ ឬព័ត៌មានបំពុលបានដោយមិនមានការព្រួយបារម្ភពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរទេ។ មិនតែប៉ុណ្ណោះ ពួកគេមួយចំនួនធំ ទទួលបានការឧបត្ថម្ភពីក្រុមគ្រួសារនិងបក្ខពួក លោក ហ៊ុន សែន ផង។
ចំពោះប្រព័ន្ធឃោសនាធម្មតា មានកាសែត កាសែតអនឡាញ វិទ្យុ ឬទូរទស្សន៍ ដែលគាំទ្ររដ្ឋាភិបាលវិញ ពួកគេកន្លងមកក៏អាចផ្សាយព័ត៌មានក្លែងក្លាយ បានដោយសេរី មិនមានការដាក់វិន័យ ឬកែតម្រូវនោះឡើយ។ ស្ថាប័នព័ត៌មានខ្លះត្រូវបានអង្គការអន្តរជាតិ ឱ្យឈ្មោះថា ជារោងចក្រផលិតព័ត៌មានក្លែងក្លាយផង។
កាលពីខែតុលា ឆ្នាំ២០១៨ ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានផ្សព្វផ្សាយ ព័ត៌មានថា ប្រធានសហភាពអន្តរសភា អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) បានឯកភាពតាមសំណើរបស់អនុប្រធានទី២ នៃរដ្ឋសភា លោក ស្រី ឃួន សុដារី និងបានអបអរសាទរចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា។
ការចេញផ្សាយព័ត៌មាននេះត្រូវបាន នាយកទទួលបន្ទុកផ្នែកទំនាក់ទំនង នៃសហភាពអន្តរសភា IPU លោក ថំម៉ាស់ ហ្វ៊ីតសៃម៉ិនស៍ (Thomas Fitzsimons) ប្រាប់អាស៊ីសេរីថា ជាការនិយាយបំផ្លើសព័ត៌មានរបស់រដ្ឋសភាកម្ពុជាដែលនាំឱ្យមានការយល់ច្រឡំ អំពីជំហររបស់អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន។
លោកបានបញ្ជាក់ថា តាមពិតអ្នកស្រីមិនបានលើកឡើងពីបញ្ហាទាំងនេះនៅក្នុងពេលដែលអ្នកស្រី ឃួន សុដារី បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំសហភាពអន្តរសភា IPUកាលពីចុងពាក់កណ្ដាលខែតុលានោះទេ។
កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះ គណៈកម្មការសិទ្ធិមនុស្សនៃរបបក្រុងភ្នំពេញដែលដឹកនាំដោយលោក កែវ រ៉េមី បានចូលរួមប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ បន្ទាប់ពីកិច្ចប្រជុំលោក កែវ រ៉េមី និយាយប្រាប់អ្នកសារព័ត៌មានពីជោគជ័យរបស់រដ្ឋាភិបាលដែលថ្លែងអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែតាមការពិតត្រូវបានអ្នករិះគន់ថា នេះការនិយាយថា ជាការបំផ្លើសពីការពិតរបស់របបក្រុងភ្នំពេញ។
មានសមាជិកអង្គការសហប្រជាជាតិ ចំនួន ៧៣ប្រទេស បានចូលរួមក្នុងកិច្ចប្រជុំស្ដីពី ដំណើរការត្រួតពិនិត្យមើលកាតព្វកិច្ច និងការគោរពសិទ្ធិមនុស្ស ឬ ហៅ កាត់ថា យូ.ភី.អារ (UPR) ហើយនៅក្នុងនោះក៏មានកម្ពុជាចូលរួមផងដែរ។
ទន្ទឹមនឹងប្រកាសថា កម្ពុជាចង់ឱ្យមានលំហូរនៃព័ត៌មានពិត សមកម្មភាពមួយចំនួនរបស់រដ្ឋាភិបាល នាដំណាក់កាលចុងក្រោយនេះ ត្រូវគេព្រួយបារម្ភថា ជាយុទ្ធសាស្ត្រថ្មីបន្ថែមទៀត ក្នុងការលើកស្ទួយការឃោសនា ដែលមានប្រយោជន៍ដល់ក្រុមអ្នកកាន់អំណាច និងរាំងខ្ទប់ការផ្សាយព័ត៌មានឯករាជ្យទៅវិញ។
អង្គការឃ្លាំមើលសេរីភាព Freedom House បានរកឃើញថា កម្ពុជានៅតែជាប្រទេស គ្មានសេរីភាព ហើយសិទ្ធីផ្នែកនយោបាយមានការធ្លាក់ចុះខ្លាំង។ នេះបើតាមរបាយការណ៍របស់អង្គការនេះដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលទើបនឹងចេញផ្សាយរបាយការណ៍មួយស្ត្រី«សេរីភាពពិភពលោកឆ្នាំ២០១៩»។
អង្គការFreedom House រកឃើញថា សេរីភាពរបស់ពលរដ្ឋកម្ពុជាបានរអិលធ្លាក់ចុះ និងរងការរឹតត្បិតថែមទៀតនៅឆ្នាំ២០១៨ បើធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ។
ពិន្ទុសេរីភាពកម្ពុជាបានធ្លាក់ចុះ ៤ពិន្ទុ មកនៅត្រឹម ២៦ពិន្ទុ នៃ១០០ពិន្ទុ ដែលអន់ជាងឆ្នាំ២០១៨ទៅទៀត។ ដែលពេលនោះអង្គការនេះចាត់ទុកថា កម្ពុជាគ្មានសេរីភាពដូចគ្នានេះដែរ ដោយទទួលពិន្ទុបាន៣០ លើ ១០០ពិន្ទុ។ ដែលពិន្ទុ ១០០មានន័យថាមានសេរីភាពល្អបំផុត៕
តើលោកអ្នកនាងត្រូវធ្វើដូចម្ដេចដើម្បីដឹងថា ព័ត៌មាននោះពិត ឬជាព័ត៌មានក្លែងក្លាយ ?
ជាទូទៅព័ត៌មានពិត ភាគច្រើនចេញផ្សាយដោយបណ្ដាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ មិនចំណុះឬមិនលើកជើងរដ្ឋាភិបាល។ ព័ត៌មានក្លែងក្លាយ ច្រើនផ្សាយចេញពីប្រព័ន្ធផ្សព្វផ្សាយលើកជើងក្រុមម្ខាងៗ។
ព័ត៌មានពិត សរសេរដោយអ្នករាយការណ៍ ពីស្ថាប័នព័ត៌មានដែលគេអាចទុកចិត្តបាន។ ព័ត៌មានក្លែងក្លាយ ច្រើនតែចេញពីជនអនាមិក។
ព័ត៌មានពិត តែងមានប្រភពអះអាងត្រឹមត្រូវ និងមានឯកសារយោងច្បាស់លាស់។ រីឯព័ត៌មានក្លែងក្លាយវិញ មិនមានប្រភពត្រឹមត្រូវទេ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
