គ្រួសារសកម្មជនមាតាធម្មជាតិទទូចដល់តុលាការ ឱ្យផ្ទេរសកម្មជនទាំង ៥នាក់ ទៅពន្ធនាគារភ្នំពេញវិញ
2024.08.09
មេធាវី និងគ្រួសារសកម្មជនចលនាមាតាធម្មជាតិ លើកឡើងថា ពួកគាត់ពិបាកធ្វើដំណើរទៅជួប សមាជិកគ្រួសារ និងកូនក្ដីរបស់ខ្លួន ដោយសារតុលាការសម្រេចឃុំខ្លួនពួកគេនៅតំបន់ដាច់ស្រយាលក្នុងខេត្តផ្សេងៗ គ្នា។ ពួកគាត់ស្នើសុំដល់តុលាការ ឱ្យបញ្ជូនសមាជិកគ្រួសារពួកគាត់មកឃុំឃាំងនៅពន្ធនាគារក្នុងរាជធានីភ្នំពេញវិញ។ មន្ត្រីសង្គមស៊ីវិលជំរុញតុលាការឱ្យពិចារណាលើសំណើសុំរបស់សាច់ញាតិសកម្មជនខាងលើ ដើម្បីឱ្យពួកគាត់មានលទ្ធភាពបានទៅសួរសុខទុក្ខសមាជិកគ្រួសាររបស់ខ្លួន។
អស់រយៈពេលជាង ១ខែហើយ ដែលសកម្មជនចលនាមាតាធម្មជាតិចំនួន ៥រូប បានជាប់ពន្ធនាគារនៅតំបន់ដាច់ស្រយាលផ្សេងពីគ្នា ដែលធ្វើឱ្យពួកគាត់ កាន់តែឃ្លាតឆ្ងាយពីក្រុមគ្រួសារ មិត្តភ័ក្ដិ ជួបការលំបាកតម្លៃឥវ៉ាន់ថ្លៃហួសហេតុ នៅក្នុងពន្ធនាគារ និងពិបាកក្នុងការពិគ្រោះយោបល់ផ្លូវច្បាប់ ជាមួយមេធាវី។
ម្ដាយកញ្ញា ភួន កែវរស្មី គឺលោកស្រី គង់ ម៉ានិត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែសីហា ថា លោកស្រីទើបត្រឡប់មកពីសួរសុខទុក្ខកូន នៅពន្ធនាគារខេត្តពោធិ៍សាត់ ដោយនៅទីនោះឆ្ងាយដាច់ស្រយាល បន្ទប់ពន្ធនាគារតូចចង្អៀត និងមានភាពតឹងរ៉ឹងខ្លាំងជាងពន្ធនាគារ ម២ នៅរាជធានីភ្នំពេញ។ លោកស្រីបន្តថា ទំនិញនៅទីនោះថ្លៃសព្វសារពើ ហើយទំនិញខ្លះ ត្រូវជួលគេឱ្យមកទិញខាងក្រៅ ដោយគិតតម្លៃទ្វេមួយជាបី ឬជាបួន។ លោកស្រីបន្ថែមថា កូនរបស់លោកស្រីមានសភាពស្គមជាងមុន ដោយនាងប្រាប់លោកស្រីថា បរិយាកាសការរស់នៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ មានភាពសោះកក្រោះ និងឯកោខ្លាំង ព្រោះនាងត្រូវជាប់ឃុំជាមួយអ្នកប្រើប្រាស់គ្រឿងញៀន ដោយពួកគេមិនសូវនិយាយរកគ្នាឡើយ។
លោកស្រី គង់ ម៉ានិត៖ «នៅទីហ្នឹងពិបាកទាំងការហូបមួយសព្វ របស់របរក៏ថ្លៃ ថ្លៃជាង ម២ ឆ្ងាយណាស់។ ហើយ ភួន កែវរស្មី នៅទីនោះ មិនអាចធ្វើអ្វីដូចនៅ ម២ ទេ។ នៅ ម២ ភួន កែវរស្មី អាចទៅរៀននឹងគេបាន ដូចជា ចាក់កន្សែងលក់បាន។ ដល់ពេលនៅពោធិ៍សាត់នោះ គេអត់ឱ្យចាក់កន្សែងផង។ និយាយរួម សូម្បីតែគ្រឿងចាក់កន្សែងហ្នឹង គេអត់ឱ្យយកចូលទៀត។ យើងចង់បង្រៀនគេ ក៏អត់កើតទេ។ អត់ចង់រៀនទេ។ សុទ្ធតែអ្នកជក់ថ្នាំញៀន។ គេគ្មានអារម្មណ៍រៀនជាមួយយើងទេ ហើយសូម្បីតែកង្ហារ ក៏គ្មានភ្លើងប្រើគ្រប់ដែរ។ ប្រើទៅកង្ហារឆេះខូច ព្រោះភ្លើងអត់គ្រប់”។
មុនទៅមើលកូននៅពន្ធនាគារ លោកស្រី គង់ ម៉ានិត ខិតខំរកលុយពីការលក់ពោតស្ងោរ សាច់អាំងបន្តិចបន្តួច និងខ្ចីបុលគេបន្ថែមទៀត សម្រាប់ធ្វើដំណើរទៅសួរសុខទុក្ខ និងទិញរបស់ផ្ញើកូន។ ទៅម្ដងៗ អាចចំណាយអស់ប្រាក់ជាង ១០០ ទៅ ២០០ដុល្លារ ហើយលោកស្រីសម្រាកនៅក្រុងពោធិ៍សាត់មួយយប់។
ក្រោយឃើញពីទុក្ខលំបាករបស់កូនស្រី ហើយជីវភាពកំពុងយ៉ាប់យ៉ឺន លោកស្រី គង់ ម៉ានិត ទទូចដល់តុលាការឱ្យផ្ទេរកញ្ញា ភួន កែវរស្មី មកឃុំឃាំងនៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញវិញ ដើម្បីសម្រាលផ្លូវចិត្តលោកស្រីពីភាពសោកសៅ ក្រោយកូនបាត់បង់សេរីភាពទាំងអយុត្តិធម៌។
ជាមួយគ្នានេះ មេធាវី ការពារក្ដីសកម្មជនចលនាមាតាធម្មជាតិ លោក សំ ចំរើន ប្រាប់វិទ្យុអាស៊ីសេរី ថា ការឃុំខ្លួនកូនក្ដីលោក ដោយបំបែកឱ្យនៅតំបន់ឆ្ងាយដាច់ស្រយាលពីគ្នាបែបនេះ បានបង្កការលំបាកជាច្រើនដល់លោក និងកូនក្ដី នៅពេលទៅផ្ដល់ប្រឹក្សាយោបល់ផ្នែកច្បាប់ម្ដងៗ ដោយលោកត្រូវទៅជួបពួកគេបណ្ដាក់គ្នាម្ដងម្នាក់ ដែលធ្វើឱ្យលោកត្រូវចំណាយពេលយូរ។
មេធាវី សំ ចំរើន៖ «ពួកគាត់នៅឆ្ងាយៗ ជួបគ្នាបណ្ដាក់ម្ដងម្នាក់។ អ្នកខ្លះដូចជាជិតមួយខែ អ្នកខ្លះទៅ ទៅមួយអាទិត្យហើយ អ្នកខ្លះបួនប្រាំថ្ងៃហើយ។ អ៊ីចឹងពិបាកថាពេលណា ព្រោះពួកគាត់នៅឆ្ងាយៗពីគ្នា ទៅជួបម្ដងមិនបានស្រុះគ្នានោះទេ»។
សកម្មជនចលនាមាតាធម្មជាតិចំនួន ៥រូប គឺកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត និងលោក យីម លាងហ៊ី ត្រូវបានតុលាការកាត់ទោស កាលពីថ្ងៃទី២ ខែកក្កដា ឱ្យជាប់ពន្ធនាគារចន្លោះពី៦ ទៅ ៨ឆ្នាំ ក្នុងសំណុំរឿងចោទប្រកាន់ថា រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។
ពួកគេត្រូវបានតុលាការបង្គាប់ឃុំឃាំងបំបែកគ្នា នៅពន្ធនាគារតាមបណ្ដាខេត្តឆ្ងាយពីរាជធានីភ្នំពេញ និងស្រុកកំណើត។ ក្នុងនោះ កញ្ញា ភួន កែវរស្មី ជាប់ពន្ធនាគារនៅជើងភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំណែកកញ្ញា ឡុង គន្ធា ជាប់ពន្ធនាគារនៅខេត្តព្រះវិហារ។ ចំណែកលោក ថុន រដ្ឋា ឃុំឃាំងនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ឯលោក លី ចាន់ដារ៉ាវុត ជាប់ពន្ធនាគារ ខេត្តកណ្ដាល និងលោក យីម លាងហ៊ី ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមសកម្មជនចលនាមាតាធម្មជាតិ មានសិទ្ធិស្នើសុំប្ដូរកន្លែងឃុំខ្លួន បន្ទាប់ពីតុលាការប្រកាសសាលក្រមរួច។ លោកណែនាំពួកគេ ឱ្យដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ហើយរដ្ឋមន្ត្រីក្រសួងមួយនេះ និងពិនិត្យមើលលើហានិភ័យ នៃការប្ដូរទីតាំងពន្ធនាគារនេះ។ ដោយឡែក ចំពោះបញ្ហាទំនិញថ្លៃ និងការផ្គត់ផ្គង់ចរន្តអគ្គិសនីមិនគ្រប់គ្រាន់ នៅពន្ធនាគារខេត្តពោធិ៍សាត់ លោក នុត សវនា អះអាងថា នឹងបញ្ជូនមន្ត្រីជំនាញ ចុះទៅពិនិត្យ និងធ្វើអធិការកិច្ច នៅក្នុងរឿងនេះ។
លោក នុត សវនា៖ «មែនទែនទៅ អ្នកដែលកាត់ទោសហើយ ភាគច្រើនបានអាចប្ដូរបាន។ ប៉ុន្តែ ប្រសិនបើជាករណីចាំបាច់ អ្នកខ្លះក៏គាត់ទៅនីតិវិធីតុលាការ ក៏យើងអាចផ្ទេរបានដែរ»។
ក្រុមគ្រួសាររបស់សកម្មជនមួយចំនួន ដូចជា ម្ដាយកញ្ញា ភួន កែវ រស្មី កំពុងពិភាក្សាជាមួយមេធាវី ដើម្បីដាក់លិខិតស្នើសុំផ្លាស់ប្ដូរពន្ធនាគារមករាជធានីភ្នំពេញ ដោយសង្ឃឹមថា តុលាការនឹងយល់ព្រមលើសំណើនេះ ដោយផ្អែកលើគោលការណ៍មនុស្សធម៌។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា សង្កេតឃើញថា ការចាប់ឃុំខ្លួនសកម្មជន នៅរយៈកាលចុងក្រោយនេះ បានបង្ហាញរូបភាពធ្វើទារុណកម្មផ្លូវចិត្ត ចំពោះអ្នកជាប់ឃុំ ក្នុងគោលបំណងបំបាក់ស្មារតីពួកគេ។ លោកលើកឡើងថា ការឃុំខ្លួនសកម្មជនមាតាធម្មជាតិ នៅកន្លែងដាច់ស្រយាលផ្សេងគ្នា ដោយសំអាងទៅលើហេតុផលរក្សាសន្តិសុខ និងសុវត្ថិភាពនេះ គឺមិនសមហេតុផលឡើយ។
លោក នី សុខា៖ «មិនដែលមានក្រុមណាមួយ អាចទៅរំដោះ ឬទៅធ្វើអ្វីបង្កអសន្តិសុខនៅក្នុងពន្ធនាគារអ្វីបានទេ។ ផ្ទុយទៅវិញ យើងឃើញមានរឿងផ្សេងមួយទៅវិញទេ តាមខ្ញុំចាំដូចជាការដឹកអ្នកជាប់ឃុំពីពន្ធនាគារ នៅខេត្តសៀមរាប មកទេ ដែលមានការរំដោះអ្នកទោសទៅវិញ ហើយសុទ្ធតែរឿងអ្នកទោសផ្សេង មិនមែនរឿងដែលជាប់ឃុំ ដូចជា សកម្មជនហ្នឹងទេ»។
ក្រុមគ្រួសារសកម្មជន និងមន្ត្រីសង្គមស៊ីវិល ព្រមទាំងសហគមន៍ជាតិ និងអន្តរជាតិ ទទូចដល់តុលាការក្រុងភ្នំពេញ ឱ្យទម្លាក់ចោលបទចោទទៅលើសកម្មជនចលនាមាតាធម្មជាតិទាំងអស់ និងដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ ព្រោះពួកគេមានឆន្ទៈការពារធនធានធម្មជាតិ និងបរិស្ថាន ដែលជាការផ្ដល់ផលប្រយោជន៍រួមដល់ប្រទេសជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។