ស្ថានទូតអាមេរិក និងក្រុមអង្គការផ្នែកសិទ្ធិមនុស្ស និងសារព័ត៌មាន ជិត ៥០ស្ថាប័ន ទាមទារអាជ្ញាធររដ្ឋាភិបាលឱ្យដោះលែងលោក ម៉ិច ដារ៉ា
2024.10.01
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងក្រុមអង្គការផ្នែកសិទ្ធិមនុស្ស និងសារព័ត៌មាន ជិត ៥០ស្ថាប័នផ្សេងទៀតទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដោយគ្មានលក្ខខណ្ឌ។
ការទាមទារនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនលោក ម៉ិច ដារ៉ា ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល ដោយចោទប្រកាន់លោកអំពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី១ ខែតុលា អំពាវនាវឱ្យមានការដោះលែងលោក ម៉ិច ដារ៉ា ដោយសំអាងថា លោកជាអ្នកតស៊ូមតិ ដើម្បីសេរីភាពបញ្ចេញមតិ ដែលជាសិទ្ធិត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍នៅលើហ្វេសប៊ុក ស្ថានទូតអាមេរិកបញ្ជាក់ថាខ្លួនព្រួយបារម្ភខ្លាំង ចំពោះការចាប់ខ្លួនលោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានដែលមានការគោរពពីអន្តរជាតិ ដែលជាអ្នកឈានមុខប្រឹងប្រែង ដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា ព្រមទាំងបានទទួលពានរង្វាន់ TIP Hero ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ឆ្នាំ ២០២៣ សម្រាប់ការផ្សាយព័ត៌មានរបស់លោក។ ជាមួយគ្នានេះសហរដ្ឋអាមេរិកជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចស្ដាប់សំឡេង និងគំនិតចម្រុះ ព្រមទាំងជំរុញឱ្យមានសារព័ត៌មានសេរី និងឯករាជ្យ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបញ្ជូន លោក ម៉ិច ដារ៉ា ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១ ខែតុលា។ តុលាការចោទលោកពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងតាមបណ្ដាញសង្គមកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញអះអាងថា លោក ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើនមានលក្ខណៈញុះញង់ ដែលធ្វើឡើងក្នុងចេតនាទុច្ចរិតញុះញង់ បញ្ឆេះកំហឹងឱ្យពលរដ្ឋមានការភាន់ច្រឡំលើការដឹកនាំរបស់រដ្ឋាភិបាល។ ក្នុងនោះក៏មានការយករូបភាពដែលតុលាការចោទថាបានកាត់តដែលបង្ហាញពីរមណីយដ្ឋានបាភ្នំ ដែលត្រូវបានវាយកម្ទេចចោល។
ទាក់ទងនឹងរឿងនេះក្រុមអង្គការ សមាគមក្នុងវិស័យសិទ្ធិមនុស្ស និងសារព័ត៌មានចំនួនជិត ៥០ស្ថាប័ន កាលពីយប់ថ្ងៃទី១ ខែតុលា បានរួមគ្នាទាមទារឱ្យអាជ្ញាធរដោះលែង លោក ម៉ិច ដារ៉ា ជាបន្ទាន់ និងទម្លាក់ចោលការចោទប្រកាន់។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការ ធ្វើទុក្ខបុកម្នេញ អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទាំងអស់។ ក្រុមអង្គការសមាគមទាំងនេះបញ្ជាក់ទៀតថា ការចាប់ខ្លួន លោក ដារ៉ា ជាការព្យាយាមបំភិតបំភ័យ បំបិទសំឡេងលោក និងអ្នកសារព័ត៌មានដទៃទៀត។ សេចក្ដីថ្លែងការណ៍
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីថា ប្រទេសប្រជាធិបតេយ្យត្រូវការអ្នកសារព័ត៌មានឯករាជ្យ អាចបំពេញការងារដោយសេរីដូចលោក ម៉ិច ដារ៉ា ដើម្បីជាស្ពានចម្លងនូវរាល់តម្រូវការរបស់ពលរដ្ឋប្រាប់ទៅរដ្ឋាភិបាល និងធានាឱ្យមានសេរីភាពបញ្ចេញមតិពិតប្រាកដ។ លោកថា លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មាន ដែលមានការទទួលស្គាល់ថាបានបំពេញវិជ្ជាជីវៈសារព័ត៌មានជាប្រយោជន៍មនុស្សជាតិ។
លោក អំ សំអាត៖ «អ្វីដែលគាត់ធ្វើគឺសកម្មនៅក្នុងវិជ្ជាជីវៈបែបឯករាជ្យ ហើយកន្លងមកគាត់ក៏ធ្លាប់ធ្វើការជាមួយសារព័ត៌មានឯករាជ្យជាច្រើនផងដែរ ដែលចំណុចនេះគឺការងាររបស់គាត់ត្រូវបានគេកត់សម្គាល់។ ទី២ យើងមើលឃើញថាសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន បើសិនជាអ្នកសារព័ត៌មានដែលសកម្មវិជ្ជាជីវៈ ឯករាជ្យត្រូវបានចាប់ចោទប្រកាន់ដោយសារតែការបញ្ចេញមតិរបស់គាត់គឺវាប៉ះពាល់ទៅដល់សេរីភាពសារព័ត៌មាន»។
ក្រុមកងរាជអាវុធហត្ថបានចាប់ខ្លួន លោក ម៉ិច ដារ៉ា កាលពីថ្ងៃទី៣០ ខែកញ្ញា នៅស្រុកស្រែអំបិល ខេត្តកោះកុង។
លោក ភៀល រ៉ូប៊ឺតសុន (Phil Robertson) នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA) ប្រាប់សារព័ត៌មាន ប៊ីប៊ីស៊ី (BBC) ថា «ការការចាប់ខ្លួនអ្នកកាសែត ដោយកម្លាំងរាជអាវុធហត្ថគឺជាសញ្ញាបង្ហាញពីការគាបសង្កត់របស់រដ្ឋាភិបាលកម្ពុជាជុំវិញប្រតិកម្មរិះគន់ពីអ្នកសារព័ត៌មាន»។
ជាមួយគ្នានេះ បណ្ដាអង្គការអន្តរជាតិការពារអ្នកសារព័ត៌មាន ក៏ទាមទារឱ្យដោះលែង លោក ម៉ិច ដារ៉ា ដែរ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) មានមូលដ្ឋាននៅប្រទេសបារាំង បណ្ដាញការពារអ្នកសារព័ត៌មាន (CPJ) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងបណ្ដាញអ្នកកាសែតប្រឆាំងអំពើពុករលួយ(JAC) បានចាត់ទុកការចាប់ខ្លួនលោក ម៉ិច ដារ៉ា ថាជាការធ្វើទុក្ខបុកម្នេញសារព័ត៌មានពីសំណាក់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលបញ្ហាទាំងនេះបន្តកើតមានតាំងពីជំនាន់នាយករដ្ឋមន្ត្រីឪពុក គឺលោក ហ៊ុន សែន មកម្ល៉េះ។ ពួកគេទាមទារឱ្យអាជ្ញាធររដ្ឋាភិបាលដោះលែង លោក ម៉ិច ដារ៉ា ឱ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌ។
អ្នកតំណាងជាន់ខ្ពស់នៅតំបន់អាស៊ីអាគ្នេយ៍នៃបណ្ដាញការពារអ្នកសារព័ត៌មាន (CPJ) លោក Shawn Crispin អំពាវនាវទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែបើកទំព័រថ្មីចេញពីអ្វីដែលកើតមាននៅក្នុងការគ្រប់គ្រងបែបផ្ដាច់ការរយៈពេលជិត ៤០ឆ្នាំរបស់ឪពុកលោកគឺលោក ហ៊ុន សែន ដោយអនុញ្ញាតឱ្យសារព័ត៌មានអាចរាយការណ៍ដោយសេរីគ្មានការធ្វើទុក្ខបុកម្នេញ»។
ករណីនេះប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CAMBOJA) លោក ណុប វី មានប្រាប់វិទ្យុអាស៊ីសេរីថា លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មាន ដែលគួរទទួលបានការគោរព និងសរសើរ មិនត្រូវចោទប្រកាន់លោកដាក់ពន្ធនាគារបែបនេះទេ។
លោក ណុប វី៖ «ការប្រើប្រាស់សេរីភាពបញ្ចេញមតិមិនគួរគប្បីមានទោសទេ ហើយបើសិនជាការអនុវត្តការងាររបស់អ្នកសារព័ត៌មានទៅទៀតក៏មិនគួរមានទោសទៅទៀត។ វិស័យសារព័ត៌មាន និងអ្នកសារព័ត៌មានមិនគួរត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋពីព្រោះគាត់គ្រាន់តែដើរតួនាទីក្នុងការបង្ហាញនូវអ្វីដែលជាចំណុចអវិជ្ជមាននៅក្នុងសង្គម។ មួយវិញទៀត យើងអាចនិយាយបានថាគាត់ជាអ្នកផ្លុំកញ្ចែទៅទៀត ដែលបង្ហាញពីអ្វីដែលអាចថា ពាក់ព័ន្ធនឹងអំពើពុករលួយ និទ្ទណ្ឌភាពនៅក្នុងសង្គមអីជាដើម»។
ទាក់ទងនឹងការចាប់ខ្លួន លោក ម៉ិច ដារ៉ា អ្នកកាសែតស៊ើបអង្កេតឯករាជ្យនេះ លោក យ៉ាកុប ស៊ីម (Jacob Sims) អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែន និងផ្នែកទាសភាពសម័យទំនើបបានប្រាប់សារព័ត៌មាន ប៊ីប៊ីស៊ី (BBC) ដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសថា លោកជឿថា ការចាប់ខ្លួនលោក ម៉ិច ដារ៉ា គឺមានហេតុផលនយោបាយ និងជាការសងសឹកពីឥស្សរជន គណបក្សកាន់អំណាច ដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោក ដោយសារសេចក្ដីរាយការណ៍ របស់ ម៉ិច ដារ៉ា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការយល់ដឹងជាសកល អំពីឧស្សាហកម្មបោកប្រាស់ដ៏ធំនៅកម្ពុជា។
លោក ម៉ិច ដារ៉ា ត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិកផ្ដល់កិត្តិយស «ជាវីរបុរស នៃរបាយការណ៍ពីការជួញដូរមនុស្សឆ្នាំ២០២៣ (2023 Trafficking in Persons Report Hero)» គឺនៅមុនពេលរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មលើលោក អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងឆ្នាំ២០២៤នេះ ដោយចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សទាក់ទងនឹងឧស្សាហកម្មឆបោកតាមអ៊ីនធឹណិត។
ទាំងក្រុមអង្គការសិទ្ធិមនុស្ស ទាំងអង្គការការពារសិទ្ធិអ្នកសារព័ត៌មានសុទ្ធតែបានបញ្ជាក់ថាការចាប់ខ្លួនអ្នកកាសែតដ៏ក្លាហានរបស់កម្ពុជារូបនេះនឹងជះឥទ្ធិពលអាក្រក់ដល់ការទទួលបានព័ត៌មានសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់។
ទាក់ទងនឹងសេរីភាពសារព័ត៌មាននេះ ក្រុមអ្នកកាសែតគ្មានព្រំដែនបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខ ១៥១ ក្នុងចំណោម ១៨០ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានអន្តរជាតិ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។