គ្រួសារលោក កង សារ៉ន ទទូចឱ្យតុលាការកំពូលដោះលែងប្ដីលោកស្រី ខណៈមន្ត្រីសង្គមស៊ីវិល ជំរុញឱ្យតុលាការជាន់ខ្ពស់នេះ ធ្វើសវនាការឱ្យបានឆាប់ ពីព្រោះការពន្យារពេលយូរ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់ជនជាប់ចោទ ខណៈសំណុំរឿងនេះ កំពុងគាំងនៅតុលាការកំពូលជិត ១ឆ្នាំហើយ។
គ្រួសារលោក កង សារ៉ន និងសង្គមស៊ីវិលស្នើឱ្យតុលាការកំពូលពន្លឿនការជំនុំជម្រះក្ដី លោក កង សារ៉ន និងផ្ដល់យុត្តិធម៌ដល់អ្នកទោសសម្ដែងមតិរូបនេះ។
គ្រួសារលោក កង សារ៉ន ស្នើឱ្យតុលាការផ្ដល់យុត្តិធម៌ និងដោះលែងប្ដីឱ្យមានសេរីភាព ខណៈសំណុំរឿងរបស់លោក កំពុងស្ថិតក្នុងដៃតុលាការកំពូលរយៈពេល ជិតមួយឆ្នាំទៅហើយ ប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃបើកសវនាការនៅឡើយ។ ប្រពន្ធ របស់លោក កង សារ៉ន ចាត់ទុកការសម្រេចរបស់តុលាការថ្នាក់ក្រោមកន្លងមកឱ្យប្ដីរបស់លោកស្រីជាប់ពន្ធនាគារ ៣ឆ្នាំ ថាជារឿងអយុត្តិធម៌ ដោយលោកស្រីលើកឡើងថា ការបញ្ចេញមតិរបស់លោក កង សារ៉ន អំពីជនជាតិវៀតណាមក្នុងសង្គមខ្មែរ គឺជាការពិត។
ប្រពន្ធរបស់លោក កង សារ៉ន គឺលោកស្រី ហង្ស ត្រឹប ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៦ ខែវិច្ឆិកា ថា លោក កង សារ៉ន នៅរក្សាជំហររឹងមាំដដែល ប៉ុន្តែលោកស្រីបារម្ភបញ្ហាសុខភាពរបស់គាត់ ដោយសារតែគាត់មានជំងឺលើសឈាម ហើយកើតរមាស់ពេញ ខ្លួនថែមទៀត។ លោកស្រីទទូចឱ្យតុលាការកំពូលពន្លឿនការជំនុំជម្រះក្ដី ឱ្យបាន ឆាប់ និងទទូចឱ្យតុលាការជាន់ខ្ពស់នេះ ផ្ដល់យុត្តិធម៌ឱ្យប្ដីលោកស្រី ដោយទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពជួបជុំគ្រួសារវិញ។
លោកស្រី ហង្ស ត្រឹប៖«ខ្ញុំវាឆ្អែតខ្លួនឯងសព្វមុខ មិនយុត្តិធម៌ សព្វថ្ងៃគ្រាន់តែគេនិយាយរឿងយួនរឿងអីចាប់គេដាក់គុក។ ប្ដីខ្ញុំនិយាយតែការពិត បើមិនការពិតគាត់មិននិយាយទេ។ ខ្ញុំចង់ឱ្យតុលាការជួយឱ្យប្ដីខ្ញុំឆាប់រួចមក សម្រាលទោសកុំដល់កំណត់ ៣ ឆ្នាំឱ្យបាន២ ឆ្នាំឱ្យប្ដីខ្ញុំឆាប់ត្រឡប់មកវិញ។ សូមតុលាការជួយខ្ញុំផង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យតុលាការកំពូលអ្នកស្រី ម៉ៅ ធីតា បានទេ នៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
លោក កង សារ៉ន ត្រូវបានអាជ្ញាធរចោមរោមចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ។ មកដល់ពេលនេះ លោកបានជាប់ពន្ធនាគាររយៈពេល ១ឆ្នាំហើយ។
លោក កង សារ៉ន ត្រូវបានតុលាការថ្នាក់ក្រោមទាំងពីរផ្ដន្ទាទោស ពាក់ព័ន្ធនឹងទស្សនៈនយោបាយរបស់លោក ដែលលោកបានផ្សាយផ្ទាល់បង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣។ ក្នុងវីដេអូនោះ លោក កង សារ៉ន បានចោទសួរថា តើក្រោយពីបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត នឹងមានវិធានការដេញប្រជាជនវៀតណាមចេញ ឬបន្តឱ្យហូរចូលដោយខុសច្បាប់ទៀត?
ក្រៅពីបញ្ចេញមតិរឿងលំហូរជនបរទេសនោះ លោក កង សារ៉ន ក៏ធ្លាប់រិះគន់ ស្ថានភាពនៃបញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាដែរ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ(Licadho) នៅខេត្តបន្ទាយមានជ័យ លោក ភុន ឈិន សំណូមពរឱ្យតុលាការកំពូល ពន្លឿនចំណាត់ការលើរឿងក្ដីលោក កង សារ៉ន ដែលបានប្ដឹងស្វែងរកយុត្តិធម៌នៅតុលាការជាន់ខ្ពស់នេះ ដោយហេតុថា លោក កង សារ៉ន បានប្ដឹងសាទុក្ខទៅតុលាការកំពូលជិត ១ឆ្នាំហើយ ប៉ុន្តែមកដល់នេះតុលាការ មិនទាន់លើកយកមកជំនុំជម្រះនៅឡើយ។
លោក ភុន ឈិន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៦ ខែវិច្ឆិកា ថា ការយឺតយ៉ាវក្នុងការជំនុំជម្រះសំណុំរឿងនេះ ធ្វើឱ្យប៉ះពាល់ជាក់ស្ដែងដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ សុខភាព ផ្លូវកាយ និងផ្លូវចិត្តរបស់លោក កង សារ៉ន ព្រមទាំងគ្រួសាររបស់គាត់។
លោក ភុន ឈិន៖ «គាត់តែងតែមានការព្រួយបារម្ភអំពី សុខទុក្ខជីវភាពគ្រួសារអ្នកដែលនៅខាងក្រៅ ដែលគាត់ផ្ទាល់មានប្រពន្ធកូន ដែលជាស្ត្រីពិការ គថ្លង់ មានម្ដាយចាស់ជរា។ នៅក្នុងការរស់នៅប្រចាំថ្ងៃគឺកន្លងមក លោក កង សារ៉ន ជាអ្នកចំណូលទ្រទ្រង់ជីវភាពគ្រួសាររបស់គាត់ទាំងស្រុង។ ដូច្នេះនៅពេលណាដែលបាត់វត្តមានរបស់គាត់ វាតែងតែធ្វើឱ្យគាត់មានការគិតព្រួយបារម្ភ»។
ការចាប់ឃុំខ្លួនលោក កង សារ៉ន និងអ្នកហ៊ានបញ្ចេញមតិដទៃទៀត ត្រូវបានមន្ត្រីសិទ្ធិមនុស្ស និងមជ្ឈដ្ឋានទូទៅ រិះគន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា រំលោភ លើសេរីភាពមតិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ និង កតិកាសញ្ញាអន្តរជាតិដែលកម្ពុជាទទួលស្គាល់។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ ការប្រើប្រព័ន្ធតុលាការ ធ្វើជាឧបករណ៍គំរាមកំហែង បំភិតបំភ័យលើប្រជាពលរដ្ឋ និងទាមទារឱ្យដោះលែងអ្នកជាប់ឃុំ ដោយសារការអនុវត្តសិទ្ធិសម្ដែងមតិឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
