ភរិយា​លោក កង សារ៉ន ស្នើ​ឱ្យ​តុលាការ​កំពូល​ដោះលែង និង​ផ្ដល់​យុត្តិធម៌​ដល់​ប្តី

0:00 / 0:00

គ្រួសារ​លោក កង សារ៉ន ទទូច​ឱ្យ​តុលាការ​កំពូល​ដោះលែង​ប្ដី​លោកស្រី ខណៈ​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​តុលាការ​ជាន់ខ្ពស់​នេះ ធ្វើ​សវនាការ​ឱ្យ​បាន​ឆាប់ ពីព្រោះ​ការ​ពន្យារ​ពេល​យូរ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​ជន​ជាប់ចោទ ខណៈ​សំណុំ​រឿង​នេះ កំពុង​គាំង​នៅ​តុលាការ​កំពូល​ជិត ១ឆ្នាំ​ហើយ។

គ្រួសារ​លោក កង សារ៉ន និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​តុលាការ​កំពូល​ពន្លឿន​ការ​ជំនុំជម្រះក្ដី លោក កង សារ៉ន និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ទោស​សម្ដែង​មតិ​រូប​នេះ។

គ្រួសារ​លោក កង សារ៉ន ស្នើ​ឱ្យ​តុលាការ​ផ្ដល់​យុត្តិធម៌ និង​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព ខណៈ​សំណុំរឿង​របស់​លោក កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល​រយៈពេល​ ជិត​មួយ​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ។ ប្រពន្ធ​ របស់​លោក កង សារ៉ន ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​កន្លងមក​ឱ្យ​ប្ដី​របស់​លោកស្រី​ជាប់​ពន្ធនាគារ ៣ឆ្នាំ ថា​ជា​រឿង​អយុត្តិធម៌ ដោយ​លោកស្រី​លើក​ឡើង​ថា ការ​បញ្ចេញមតិ​របស់​លោក កង សារ៉ន អំពី​ជន​ជាតិ​វៀតណាម​ក្នុង​សង្គម​ខ្មែរ គឺ​ជា​ការ​ពិត។

ប្រពន្ធ​របស់​លោក កង សារ៉ន គឺ​លោកស្រី ហង្ស ត្រឹប ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១៦ ខែ​វិច្ឆិកា ថា លោក កង សារ៉ន នៅ​រក្សា​ជំហរ​រឹង​មាំ​ដដែល ប៉ុន្តែ​លោកស្រី​បារម្ភ​បញ្ហា​សុខភាព​របស់​គាត់ ដោយសារ​តែ​គាត់​មាន​ជំងឺ​លើស​ឈាម ហើយ​កើត​រមាស់​ពេញ​ ខ្លួន​ថែម​ទៀត។ លោកស្រី​ទទូច​ឱ្យ​តុលាការ​កំពូល​ពន្លឿន​ការ​ជំនុំ​ជម្រះ​ក្ដី ឱ្យ​បាន​ ឆាប់ និង​ទទូច​ឱ្យ​តុលាការ​ជាន់ខ្ពស់​នេះ ផ្ដល់​យុត្តិធម៌​ឱ្យ​ប្ដី​លោកស្រី ដោយ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​ឱ្យ​មាន​សេរីភាព​ជួប​ជុំ​គ្រួសារ​វិញ។

លោកស្រី ហង្ស ត្រឹប៖«ខ្ញុំ​វា​ឆ្អែត​ខ្លួន​ឯង​សព្វ​មុខ មិន​យុត្តិធម៌ សព្វ​ថ្ងៃ​គ្រាន់​តែ​គេ​និយាយ​រឿង​យួន​រឿង​អី​ចាប់​គេ​ដាក់​គុក។ ប្ដី​ខ្ញុំ​និយាយ​តែ​ការ​ពិត បើ​មិន​ការ​ពិត​គាត់​មិន​និយាយ​ទេ។ ខ្ញុំ​ចង់​ឱ្យ​តុលាការ​ជួយ​ឱ្យ​ប្ដី​ខ្ញុំ​ឆាប់​រួច​មក សម្រាល​ទោស​កុំ​ដល់​កំណត់ ៣ ឆ្នាំ​ឱ្យ​បាន២ ឆ្នាំ​ឱ្យ​ប្ដី​ខ្ញុំ​ឆាប់​ត្រឡប់​មក​វិញ។ សូម​តុលាការ​ជួយ​ខ្ញុំ​ផង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​តុលាការ​កំពូល​អ្នកស្រី ម៉ៅ ធីតា បានទេ នៅថ្ងៃទី១៦ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

លោក កង សារ៉ន ត្រូវ​បាន​អាជ្ញាធរ​ចោម​រោម​ចាប់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ កាល​ពី​ថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់​ពី​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ និង​សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៣ឆ្នាំ។ មក​ដល់​ពេល​នេះ លោក​បាន​ជាប់​ពន្ធនាគារ​រយៈពេល ១ឆ្នាំ​ហើយ។

លោក កង សារ៉ន ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​ទាំង​ពីរ​ផ្ដន្ទាទោស ពាក់ព័ន្ធ​នឹង​ទស្សនៈ​នយោបាយ​របស់​លោក ដែល​លោក​បាន​ផ្សាយ​ផ្ទាល់​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ២០២៣។ ក្នុង​វីដេអូ​នោះ លោក កង សារ៉ន បាន​ចោទ​សួរ​ថា តើ​ក្រោយ​ពី​បក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត នឹង​មាន​វិធានការ​ដេញ​ប្រជាជន​វៀតណាម​ចេញ ឬ​បន្ត​ឱ្យ​ហូរ​ចូល​ដោយ​ខុស​ច្បាប់​ទៀត?

ក្រៅ​ពី​បញ្ចេញមតិ​រឿង​លំហូរ​ជន​បរទេស​នោះ លោក កង សារ៉ន ក៏​ធ្លាប់​រិះគន់​ ស្ថានភាព​នៃ​បញ្ហា​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ(Licadho) នៅ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន សំណូមពរ​ឱ្យ​តុលាការ​កំពូល ពន្លឿន​ចំណាត់​ការ​លើ​រឿង​ក្ដី​លោក កង សារ៉ន ដែល​បាន​ប្ដឹង​ស្វែង​រក​យុត្តិធម៌​នៅ​តុលាការ​ជាន់ខ្ពស់​នេះ ដោយ​ហេតុ​ថា លោក កង សារ៉ន បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ជិត ១ឆ្នាំ​ហើយ ប៉ុន្តែ​មក​ដល់​នេះ​តុលាការ មិន​ទាន់​លើក​យក​មក​ជំនុំជម្រះ​នៅ​ឡើយ។

លោក ភុន ឈិន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១៦ ខែ​វិច្ឆិកា ថា ការ​យឺតយ៉ាវ​ក្នុង​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ជាក់ស្ដែង​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ សុខភាព​ ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​លោក កង សារ៉ន ព្រមទាំង​គ្រួសារ​របស់​គាត់។

លោក ភុន ឈិន៖ «គាត់​តែងតែ​មាន​ការ​ព្រួយ​បារម្ភ​អំពី សុខទុក្ខ​ជីវភាព​គ្រួសារ​អ្នក​ដែល​នៅ​ខាង​ក្រៅ ដែល​គាត់​ផ្ទាល់​មាន​ប្រពន្ធ​កូន ដែល​ជា​ស្ត្រី​ពិការ គថ្លង់ មាន​ម្ដាយ​ចាស់​ជរា។ នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​គឺ​កន្លងមក លោក កង សារ៉ន ជា​អ្នក​ចំណូល​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​គាត់​ទាំង​ស្រុង។ ដូច្នេះ​នៅ​ពេល​ណា​ដែល​បាត់​វត្តមាន​របស់​គាត់ វា​តែងតែ​ធ្វើ​ឱ្យ​គាត់​មាន​ការ​គិត​ព្រួយ​បារម្ភ»។

ការ​ចាប់​ឃុំខ្លួន​លោក កង សារ៉ន និង​អ្នក​ហ៊ាន​បញ្ចេញមតិ​ដទៃ​ទៀត ត្រូវ​បាន​មន្ត្រី​សិទ្ធិ​មនុស្ស និង​មជ្ឈដ្ឋាន​ទូទៅ រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា រំលោភ​ លើ​សេរីភាព​មតិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ កតិកាសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​ស្គាល់។ ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ ការ​ប្រើ​ប្រព័ន្ធ​តុលាការ ធ្វើ​ជា​ឧបករណ៍​គំរាមកំហែង បំភិត​បំភ័យ​លើ​ប្រជាពលរដ្ឋ និង​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សម្ដែង​មតិ​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។