ក្រុមអាជ្ញាធរបន្តឃ្លាំមើលធម្មយាត្រា ខណៈប្រជាពលរដ្ឋតាមដងផ្លូវចេញគាំទ្រ
2023.02.03

អាជ្ញាធរនៅតាមមូលដ្ឋាននៅតែបន្តតាមឃ្លាំមើល ក្បួនធម្មយាត្រា ដើម្បីលើកកម្ពស់សីលធម៌សង្គម នៅថ្ងៃទី៣នេះ ។ក៏ប៉ុន្តែទោះបីមានការលួចថតរូប អ្នកចូលរួមធម្មយាត្រាយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅតែគាំទ្រដល់ក្រុមធម្មយាត្រា តាមរយៈការឧបត្ថម្ភជាទឹក គ្រឿងឧបភោគបរិភោគ និងចូលរួមដំណើរធម្មយាត្រានេះផង។
ថ្ងៃទី៣ នៃក្បួនធម្មយាត្រា «លើកកម្ពស់សីលធម៌សង្គម» របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានការចូលរួមពី ព្រះសង្ឃ គ្រូបង្រៀន សកម្មជនការពារសិទ្ធិមនុស្ស និងក្រុមស្ត្រីថ្ងៃសុក្រប្រមាណ៥០នាក់ បានធ្វើដំណើរទៅដល់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយនៅថ្ងៃទី៣ ខែកុម្ភៈនេះ។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ និងជាសមាជិកគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ឱ្យដឹងថា បើទោះបីជាមានការឃ្លាំមើលពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមានការតាមលួចថតរូបអ្នកចូលរួមដង្ហែធម្មយាត្រានេះក្ដី ប៉ុន្តែធម្មយាត្រាថ្ងៃទី៣នេះ បានទទួលការគាំទ្រជាច្រើនពីសំណាក់ពលរដ្ឋ។ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាច្រើន បានផ្ដល់គ្រឿងឧបភោគបរិភោគ និងទឹកដល់ក្បួនធម្មយាត្រា ខណៈប្រជាពលរដ្ឋមួយចំនួនបានចូលរួមដង្ហែធម្មយាត្រានេះផងដែរ។
លោក រ៉ុង ឈុន៖ «ថ្នាក់ដឹកនាំមានសីលធម៌ល្អ ពេលហ្នឹងមនុស្សនៅក្រោមបង្គាប់ ក៏មានសីលធម៌ល្អ ហើយយុវជនជំនាន់ក្រោយក៏មានសីលធម៌ អ៊ីចឹងថ្នាក់ដឹកនាំដូចជាគ្រូឧទ្ទេសនាមមួយនាក់អ៊ីចឹង នៅពេលដែលគាត់ថ្លែងម្ដងៗមានអ្នកស្ដាប់រាប់សិបនាក់ ដែលមើលហើយនិងតាមដាន អ៊ីចឹងហើយបានជាយើងត្រូវចាប់ផ្ដើមពីថ្នាក់លើមក យើងមិនអាចថ្នាក់លើមិនអាចធ្វើជាគំរូដល់ថ្នាក់ក្រោម អាហ្នឹងវានឹងពិបាកទទួលបានលទ្ធផលល្អ»។
ឈានមកដល់ថ្ងៃទី៣ នៃធម្មយាត្រានេះ អ្នកចូលរួមដើរក្បួនធម្មយាត្រាភាគច្រើន ហាក់ថមថយកម្លាំង និងមានពងបែកនៅបាតជើង ក៏ប៉ុន្តែពួកគេនៅតែប្ដេជ្ញាចិត្តដើររហូតដល់គោលដៅ។
ក្បួនធម្មយាត្រា “លើកកម្ពស់សីលធម៌សង្គម” ដើរថ្មើរជើង ចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ នៅតាមផ្លូវដង្ហែធម្មយាត្រានេះ ពលរដ្ឋខ្លះប្រគេនភេសជ្ជៈ និងថ្នាំសង្កូវដល់ព្រះសង្ឃ និងអ្នកដែលចូលរួមដង្ហែ។ អ្នកចូលរួម នាំគ្នាកាន់ទង់ជាតិខ្មែរ និងទង់សាសនា ហើយអ្នកខ្លះទៀត កាន់រូបថតអ្នកទោសនយោបាយ ដូចជា កញ្ញា សេង ធារី និងមេដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាដើម។ ពួកគាត់ ដើរផងស្រែកផងឲ្យរដ្ឋាភិបាល ដោះលែងអ្នកជាប់ឃុំនយោបាយ និងការអនុវត្តិសិទ្ធិសេរីភាព ហើយបញ្ឈប់ការប្រើប្រាស់ពាក្យសម្ដីគំរាមកំហែងបង្កការឈឺចាប់ ដោយងាកមកដោះស្រាយជម្លោះនយោបាយ ដើម្បីឲ្យមានឯកភាពជាតិ និងផ្សះផ្សាជាតិឡើងវិញ។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ឃើញថា ការបណ្ដោយឱ្យមានទង្វើ និងពាក្យសម្ដីទាំងនេះកើតឡើង គឺជាការសាបព្រោះវប្បធម៌អាក្រក់ ដល់អ្នកនយោបាយ និងយុវជនជំនាន់ក្រោយ ប្រសិនបើគ្មានការទប់ស្កាត់ ឬពញ្ញាក់ស្មារតីបុគ្គលទាំងនោះ។ ជាមួយគ្នានោះដែរ ធម្មយាត្រាក៏ទាមទារឱ្យអ្នកនយោបាយធ្វើការផ្សះផ្សាគ្នា តាមរយៈការដោះលែងអ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាពវិញ។
«សូមឱ្យអ្នកនយោបាយខ្មែរគ្រប់ភាគីងាកមករកការផ្សះផ្សាជាតិ និងប្រកួតប្រជែងគ្នាប្រកបដោយសីលធម៌ ក្នុងនាមជាមនុស្សជាតិ។ ២. អ្នកមានអំណាចត្រូវបញ្ឈប់ការរំលោភបំពានមកលើពលរដ្ឋខ្មែរស្លូតត្រង់។ ៣. សូមដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ដើម្បីបង្ហាញពីភាតរភាព និងសាមគ្គីជាតិខ្មែរ និងខ្មែរ។ ៤. សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បញ្ឈប់ការប្រកាន់បក្សពួកនិយម ហើយងាកមកសាមគ្គី និងមានមេត្តាចិត្តក្នុងនាមខ្មែរមហានគរ»។
សមាជិកក្រុមខ្មែរថាវរៈម្នាក់ដែលបានចូលរួមដង្ហែធម្មយាត្រានេះ គឺអ្នកស្រី ឈឿន ដារ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកស្រីចូលរួមដំណើរធម្មយាត្រានេះ ក្នុងគោលបំណងចង់លើកកម្ពស់ក្រមសីលធម៌សង្គម តាមរយៈការស្នើឱ្យថ្នាក់ដឹកនាំបញ្ឈប់ការគំរាមកំហែង លើក្រុមសកម្មជនការងារសង្គម និងអ្នកនយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។ អ្នកស្រីបន្ថែមថា ក្នុងនាមជាថ្នាក់ដឹកនាំប្រទេស អ្នកនយោបាយគួរផ្សាយមេត្តាចិត្ត ចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការផ្សះផ្សាជាតិ ជាជាងការធ្វើនយោបាយដោយមានចេតនាកម្ចាត់ដៃគូរប្រកួតប្រជែង។
អ្នកស្រី ឈឿន ដារ៉ាវី៖ «សម្រាប់ខ្ញុំធម្មយាត្រាគឺសំខាន់ណាស់ ទាក់ទងនឹងការលើកកម្ពស់សីលធម៌ឡើងវិញ ពិសេសអាជ្ញាធរដែលជាគំរូ ហើយថ្នាក់ដឹកនាំខ្ពស់ៗ មួយចំនួនហ្នឹងក៏មិនសូវយល់ ឬក៏យកចិត្តទុកដាក់អំពីសីលធម៌ប៉ុន្មានដែរ ដូចជាប្រើប្រាស់ពាក្យពេជ្រអាម៉ឹង ការប្រើប្រាស់ហិង្សា វាយស្ត្រីទន់ខ្សោយ មានប្រើកណ្ដាប់ដៃ ធាក់អីក៏មានដែរ យើងឃើញគ្រប់រូបភាពអស់ហ្នឹង វាអាក្រក់មែនទែនសម្រាប់សង្គមយើង»។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានគ្រោងដង្ហែធម្មយាត្រារយៈពេល១០ ក៏ប៉ុន្តែ ដោយសារការដង្ហែធម្មយាត្រាធ្វើដំណើរបានឆ្ងាយជាងការគ្រោងទុក។ គណៈកម្មការធម្មយាត្រា បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ក្បួនធម្មយាត្រាអាចនឹងទៅដល់រូបសំណាក់អ្នកតាឃ្លាំងមឿង ក្នុងខេត្តពោធិ៍សាត់ដែលជាទីកំណត់ នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ៕
អត្ថបទរឿងនេះ ត្រូវបានយើងខ្ញុំធ្វើបច្ចុប្បន្នភាព ដោយបានបញ្ចូលព័ត៌មានពេញលេញ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។