វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) មកដល់ពេលនេះ មានរយៈពេល ៣ឆ្នាំហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយនៅឡើយ។ មន្ត្រីសហជីពថា គន្លឹះដំណោះស្រាយ គឺការចូលតុចរចាសម្របសម្រួលធ្វើសម្បទានឱ្យគ្នារវាងក្រុមកូដករ និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ ហើយអាជ្ញាធររដ្ឋជាពិសេសក្រសួងការងារ ត្រូវដើរតួនាទីឯករាជ្យដោះស្រាយបញ្ហានេះ។
កូដកម្មអហិង្សានៅក្រុមហ៊ុនណាហ្គាវើលដ៍ចាប់ផ្ដើមនៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២១ នៅខាងមុខអាគារណាហ្គាវើលដ៍ភ្នំពេញដោយសារក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ឈប់បុគ្គលិកប្រមាណ ១.៣០០ នាក់ កាលពីអំឡុងខែមេសា ឆ្នាំ២០២១ ដែលកូដករអះអាងថា ជាចេតនាបំបាត់សហជីពឯករាជ្យក្នុងក្រុមហ៊ុន។ រយៈពេល ៣ឆ្នាំ នេះ រដ្ឋាភិបាលត្រកូលហ៊ុន មិនបានខ្វល់ខ្វាយដោះស្រាយបញ្ចប់បញ្ហាឡើយ តែពេលខ្លះអាជ្ញាធរបែរជាប្រើហិង្សាបង្ក្រាបទៅលើក្រុមកូដករ ប្ដឹងផ្ដល់ប្រឆាំងក្រុមកូដករទៅកាន់តុលាការ និងចាប់ខ្លួនប្រធានសហជីពរបស់ពួកគេ ដូចជា កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារជាដើម។
កូដករ ៖ «៣ ឆ្នាំមកហើយ ពួកយើងមិនទាន់បានដំណោះស្រាយនៅឡើយទេ ពួកយើងត្រូវការដំណោះស្រាយពីថៅកែណាហ្គាវើលដ៍។ ៣ ឆ្នាំនៃការធ្វើកូដកម្ម ដែលមិនទាន់មានយុត្តិធម៌ ហើយមានតែការរងអំពើហិង្សាការចាប់ដាក់គុក ហើយការបង្អត់បាយនៅសម័យសន្តិភាព»។
បើទោះជាមានសំឡេងតវ៉ារបស់ក្រុមកូដករណាហ្គាវើលដ៏ នៅចំកណ្ដាលទីក្រុងភ្នំពេញស្ទើរជារៀងរាល់ខែក្នុងរយៈពេល៣ឆ្នាំមកហើយក្តីទាំងអតីតនាយករដ្ឋមន្ត្រីឪលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកូនគឺលោក ហ៊ុន ម៉ាណែត មិនបានអើពើនឹងសំឡេងតវ៉ារបស់កូដករឡើយ។
លោក ហ៊ុន សែន មិនត្រឹមតែមិនបានដោះស្រាយបញ្ហាឱ្យក្រុមកូដករនោះទេ កូដករជាច្រើននាក់ថែមទាំងរងគ្រោះដោយសារអំពើហិង្សារបស់សមត្ថកិច្ចថែម ទៀត។ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានចោទកូដករ ថា ស៊ីឈ្នួលធ្វើកូដកម្មហើយលោកបានគំរាមចាប់កូដករនិងបំផ្លាញសង្គមស៊ីវិលដែលការពារសិទ្ធិកូដករផង។
លោក ហ៊ុន សែន៖ «ឥឡូវអស់បើសិនឱ្យទៅចាប់ គ្រាន់តែកន្លងទៅខ្ញុំគ្រាន់តែមិនទាន់បញ្ជាឱ្យចាប់តែប៉ុណ្ណឹងទេ។ កន្លែងអារឿងបើកលុយធ្វើបាតុកម្មហ្នឹង អ្នកចង់សាកមើល ហើយខ្ញុំអាចរំលាយអង្គការរបស់អ្នកឯងចោលទៀត រំលាយអង្គការអ្នកឯងចោលទៀត សុំព្រមានអ្នកឯងឱ្យយល់»។
ប៉ុន្តែកូដករតែងតែអះអាងថាពួកគាត់មិនបានស៊ីឈ្នួលធ្វើកូដកម្មដូចការចោទប្រកាន់របស់លោក ហ៊ុន សែន ទេ ហើយពួកគាត់ប្រឹងរកប្រាក់ដោយសុចរិត ដើម្បីផ្គត់ផ្គង់ជីវភាពទាំងត្រដាបត្រដួស។កូដករថាពួកគាត់នាំគ្នាតស៊ូធ្វើកូដកម្មនេះ ក្នុងគោលដៅចង់បានយុត្តិធម៌ការងារនិងរក្សាការពារសហជីពឯករាជ្យនៅកន្លែងការងារ។
កូដករ៖ «ទោះបីជាធ្វើអីក៏ខ្ញុំធ្វើដែរ លាង ជូតផ្ទះ លាងបន្ទប់ទឹក លាងបង្គន់ឱ្យគេ។ ឥឡូវសួរមានអ្នកណាអត់ដែរ ដែលចង់លះបង់ការងារខ្លួនឯងប្រាក់ខែរាប់រយ សុខចិត្តចេញមកក្រៅអ៊ីចឹងទេ ដើម្បីអី ដើម្បីឱ្យមានសហជីពឯករាជ្យនៅក្នុងក្រុមហ៊ុន ណាហ្គាវើលដ៍»។
កូដករខ្លះធ្លាប់បានលើកឡើងថា ពួកគាត់បង្ខំចិត្តទទួលយកដំណោះស្រាយមិនសមរម្យពីក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសារការបង្ខិតបង្ខំ និងការគំរាមកំហែង ពីអាជ្ញាធរ ជាពិសេសពីក្រសួងការងារ ដែលដឹកនាំដោយរដ្ឋមន្ត្រីលោក ហេង សួរ។យ៉ាងណា ក្នុងពេលនេះ ក៏នៅមានកូដករជាង ១០០នាក់ទៀត ដែលបន្តធ្វើកូដកម្ម ដើម្បីទាមទារយុត្តិធម៌ និងការគោរពសិទ្ធិការងារ។
ក្នុងរយៈពេល ៣ឆ្នាំនេះ ការតវ៉ាទាមទាររបស់កូដករ តាំងពីថៅកែចាស់លោក ចេន លីប គឹង (Chen Lip Keong ) បន្តដល់ថៅកែកូន គឺលោក ចេន ហ្ស៊ី ហ្វុន (Chen Yiy Fon) និងរហូតដល់ផ្ទេរឱ្យម្ចាស់ថ្មីផ្សេងទៀត គឺឆ្លងកាត់ថៅកែ ៣នាក់ ទៅ ហើយ ប៉ុន្តែពួកគេនៅតែមិនព្រមដោះស្រាយបញ្ហាតាមការទាមទាររបស់កូដករសូម្បីតែមួយចំណុច។ ជំនាន់នាយករដ្ឋមន្ត្រីឪ គឺលោក ហ៊ុន សែន ដល់វេន នាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត ជាង ១ឆ្នាំថែមទៀត គឺរដ្ឋាភិបាល នៅតែបន្តមិនអើពើពីការលំបាករបស់កូដករ តែពេលខ្លះបែរជាបង្ក្រាបកូដករយ៉ាងចាស់ដៃទៅវិញ។
ជាក់ស្តែងក្នុងអំឡុងពេលកូដកម្មចន្លោះពីខែមិថុនា និងខែកញ្ញា ឆ្នាំ២០២២ កូដករដែលភាគច្រើនជាស្ត្រីប្រមាណជាង ១០នាក់ បានរងរបួស ខ្លះរហូតបែកក្បាលហូរឈាមស្រោចខ្លួនដោយស្នាដៃហិង្សារបស់អាជ្ញាធរនៃរដ្ឋាភិបាលត្រកូលហ៊ុន។
ស្ត្រីកូដករម្នាក់ឈ្មោះ សុខ រតនា ត្រូវបានកម្លាំងដែលកាងឱ្យក្រុមហ៊ុនវាយឱ្យរលូតកូនពីក្នុងផ្ទៃ។ កូដករជាស្ត្រីច្រើននាក់បានរងការបៀតបៀនពីសំណាក់ក្រុម សន្តិសុខ។ តំណាងសហជីពជាង ១០នាក់ ត្រូវបានតុលាការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាប់រឹងមាំនិងដាក់ពន្ធនាគារទាំងអយុត្តិធម៌។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែលបានជាប់ពន្ធនាគារដល់ទៅ ២ដង បន្ទាប់ពីមានវិវាទ ការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ប្រាប់វិទ្យុអាស៊ីសេរីថា ទោះបីជាមិនទាន់មានដំណោះស្រាយ ក្រុមកូដករនៅតែមានឆន្ទៈរឹងមាំ ក្នុងការតស៊ូមតិតាមយន្តការ ច្បាប់ទាំងក្នុងស្រុក និងក្រៅប្រទេស ដែលអាចធ្វើទៅបាន ដើម្បីទុកជាគំរូទាមទារ យុត្តិធម៌ និងការធានាឱ្យមានសហជីពសេរីនៅកន្លែងធ្វើការ។ កញ្ញាថា បើគ្មាន សហជីពសេរីទេ នោះក៏គ្មានអ្នកការពារអត្ថប្រយោជន៍របស់កម្មករ ថៅកែក៏ខាត ដោយសារមិនបានដឹងច្បាស់ពីបញ្ហាក្នុងក្រុមហ៊ុន ហើយរដ្ឋាភិបាលក៏ខូចមុខមាត់ ដែលមិនបានធានាសិទ្ធិការងារ។
កញ្ញា ឈឹម ស៊ីថរ៖ «ខាងរដ្ឋាភិបាលក៏ខូចកេរ្តិ៍ឈ្មោះ ដោយសារមិនបានការពារកម្មករគាត់អាចធានា គាត់អាចអនុវត្តសិទ្ធិការងារគាត់បាន គាត់អាចបង្កើតសហជីពដែរ កន្លែងនឹងហើយ ដែលធ្វើឱ្យប្រទេសកម្ពុជាយើង ដាក់នៅក្នុងគេហៅថា ឆ្នូតពីរជាន់នៅរបាយការណ៍ពលកម្មអន្តរជាតិ ក៏ដូចជារបាយការណ៍ផ្សេងៗទៀតដែរ។ ឧទាហរណ៍ដូចជារបាយការណ៍របស់ EBA ដែលកន្លងមក បានដាក់បញ្ចូលពីរឿងរើសអើងសេរីភាពសហជីព សិទ្ធិកម្មករចូលទៅក្នុងហ្នឹងដែរ»។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ ប្រាប់វិទ្យុអាស៊ីសេរី ថា គន្លឹះសំខាន់ដែលអាចឈានទៅដល់ដំណោះស្រាយជាប្រយោជន៍សម្រាប់គ្រប់ភាគីគឺការចូលតុចរចាសម្របសម្រួលធ្វើសម្បទានឱ្យគ្នារវាងក្រុម កូដករ និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ហើយមានការចូលរួមរបស់អាជ្ញាធររដ្ឋជាពិសេសក្រសួងការងារដែលត្រូវដើរតួនាទីឯករាជ្យ។ លោកថា ដំណោះស្រាយ នោះ គឺជាការអនុវត្តសិទ្ធិជាមូលដ្ឋានក្នុងវិស័យការងារដោយត្រូវសម្របសម្រួលឱ្យមានសហជីពនៅកន្លែងការងារដែលអាចដើរតួនាទីការពារផលប្រយោជន៍និងសិទ្ធិការងាររបស់បុគ្គលិកកម្មករ។
លោក ឃុន ថារ៉ូ៖ «បើសិនជាគ្មានការសម្របសម្រួលណាមួយ ដើម្បីបិទទេ។ ខ្ញុំគិតថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺនឹងក្លាយជាកំណត់ហេតុ នៃការរំលោភសិទ្ធិការងារមួយនៅក្នុងយន្តការជាតិ និងអន្តរជាតិ ហើយអាហ្នឹង មិនសម្រាប់ប្រទេសកម្ពុជាទេនៅឆាកអន្តរជាតិ ដូចជាយន្តការពលកម្មអន្តរជាតិ ជាដើម យន្តការUPRយន្តការក្រុមប្រឹក្សាសិទ្ធិមនុស្សជាដើម ក៏ដូចជាករណីបណ្ដឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិការងារ សិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងយន្តការបណ្ដឹងOECDជាដើម»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតប ជុំវិញរឿងនេះបានទេនៅថ្ងៃទី២១ ខែធ្នូ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ចំខួប ៣ឆ្នាំនៃការតស៊ូមតិដើម្បីយុត្តិធម៌នេះ ក្រុមកូដករអះអាងថា ពួកគាត់បន្តធ្វើកូដកម្ម រហូតទាល់តែបានដំណោះស្រាយយុត្តិធម៌សមស្រប ដោយបញ្ជាក់ជំហរទាមទារ ៤ចំណុច។ ទី១ ឱ្យក្រុមហ៊ុនណាហ្គាវើលដ៍«ទម្លាក់ចោលរាល់ បទចោទ និងទទួលយកឱ្យចូលធ្វើការវិញ ទាំងថ្នាក់ដឹកនាំសកម្មជន ព្រមទាំង សមាជិកសហជីព និងទូទាត់ប្រាក់រំឭក ចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការ វិញ» ។ទី២ តម្រូវឱ្យ«ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវគោរពសិទ្ធិសហជីព និងចរចាជាមួយតំណាងសហជីព LRSU លើបញ្ហារបស់កម្មករ»។
ទី៣ កូដករទាមទារឱ្យ «បញ្ឈប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់សហជីព និងការ គំរាមកំហែងគ្រប់ទម្រង់មកលើកម្មករនិយោជិក ដែលកំពុងបម្រើការងារនៅក្នុង ក្រុមហ៊ុនណាហ្គាវើលដ៍»។ លក្ខខណ្ឌទី៤ចុងក្រោយ គឺក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវ «បញ្ឈប់ការលាបពណ៌គ្រប់បែបយ៉ាង និងមានចេតនាបំបាក់ស្មារតីសហជីព មិនឱ្យអនុវត្តសិទ្ធិ មកលើកម្មករនិយោជិក ដែលគ្រាន់តែចង់បានការគោរពសិទ្ធិ ការងាររបស់ខ្លួន នៅកន្លែងការងារ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។