អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាប៊ុត (Tony Abbott) ទាមទារឲ្យដោះលែង ផលិតករខ្សែភាពយន្ត លោក ជេមស៍ រីកខិតសិន (James Ricketson) ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ពីបទចារកម្ម។
កាសែត South East Asia ផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា បានឲ្យដឹងថា លោក តូនី អាប៊ុត បានសរសេរក្នុងគេហទំព័រមួយឈ្មោះ «យុទ្ធនាការដោះលែង ជេមស៍ រីកខិតសិន» ដែលមានអ្នកគាំទ្រជាង ៧ម៉ឺន ៤ពាន់នាក់ ថា លោក ជេមស៍ រីកខិតសិន មិនគួរណាត្រូវបានជាប់ពន្ធនាគារ ដោយសារការបង្ហោះឌ្រូន (Drone) សម្រាប់ថតយករូបភាពពីក្បួនឃោសនាបោះឆ្នោតនោះឡើយ ហើយថា ការឃុំខ្លួនរយៈពេលជាង ១២ខែមកនេះ ដោយពុំមានបើកសវនាការចោទប្រកាន់ នីតិវិធីរបស់តុលាការ គឺមិនត្រឹមត្រូវឡើយ។
អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាប៊ុត ក៏បានជំរុញឲ្យនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាកខុល ថឺនប៊ុល (Malcolm Turnbull) បញ្ជាក់ទៅរបបលោក ហ៊ុន សែន ថា ការឃុំខ្លួននេះគឺហួសពេលកំណត់ ហើយត្រូវតែដោះលែងលោក ជេមស៍ រីកខិតសិន ផ្អែកលើមនុស្សធម៌ ដើម្បីឲ្យលោកអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារ នៅក្នុងប្រទេសអូស្ត្រាលីវិញ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី បីហ្សប (Julie Bishop) កាលពីពេលកន្លងមកនេះ បានសរសេរលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ពីករណីឃុំខ្លួន លោក ជេមស៍ រីកខិតសិន ក៏ប៉ុន្តែលិខិតនោះ មិនបានបង្ហាញខ្លឹមសារជាសាធារណៈឡើយ ហើយរហូតមកដល់ពេលនេះ លោក រីកខិតសិន នៅតែបន្តជាប់ឃុំក្នុងពន្ធនាគារដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
