អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ៖ ឧត្ដមសេនីយ៍ ម៉ក់ ជីតូ មាន​បាត​ដៃ​ប្រឡាក់​ឈាម

ដោយ ជី វិតា
2018.08.02
ម៉ក់ ជីតូ ៦២២ ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។
RFA

ឧត្ដមសេនីយ៍ ម៉ក់ ជីតូ បច្ចុប្បន្នជាអគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ លោក គឺជាមន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់មួយរូប ក្នុង​ចំណោម​ឧត្តមសេនីយ៍ ១២​រូប ដែល​ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមេន រ៉ៃ វ៉ច (HRW) ចោទ​ថា មាន​បាត​ដៃ​ប្រឡាក់​ឈាម រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

អង្គការយូមែនរ៉ៃវ៉ច្ឆ (HRW) ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេស​ជា​ច្រើន​ជុំវិញ​ពិភព​លោក​អះអាង​ថា លោក ម៉ក់ ជីតូ មាន​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ជា​ច្រើន ក្នុង​នោះ​រួម​មាន ការ​ធ្វើ​ទារុណកម្ម​មនុស្ស ឃាតកម្ម​នយោបាយ ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ចាប់​ដាក់​គុក​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គិត​ចាប់​តាំង​ពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា រហូត​មក​ដល់​បច្ចុប្បន្ន។ ប៉ុន្តែ​លោក ម៉ក់ ជីតូ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​​ទាំង​នេះ។

នៅក្នុងរបាយការណ៍ជាង២០០ទំព័ររបស់អង្គការយូមែនរ៉ៃច្ឆវ៉ច្ឆ (HRW) ស្តីពី ឧត្តមសេនីយ៍កម្ពុជា​បាត​ដៃ​កខ្វក់ ១២ រូប​ អោយដឹងថា លោក ម៉ក់ ជីតូ ដែលមានមុខងារជាមន្ត្រីនគរបាលតាំង​ពី​កង​ទ័ព​វៀតណាម​កាន់​កាប់​ប្រទេស​កម្ពុជា ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន មានជាប់ពាក់ព័ន្ធ​នឹង​អំពើឃាតកម្មនយោបាយ អំពើចាប់ជំរិតមនុស្សទារលុយ ការធ្វើទារុណកម្ម និងការ​រំលោភ​បំពារ​បំពាន​ផ្សេងៗ ជា​ច្រើន​ទៀត។

នៅក្នុងទស្សវត្ស​១៩៨០ រហូតមកដល់ឆ្នាំ១៩៩៣ ដែលកម្ពុជាស្ថិតក្រោមសម័យកាលគ្រប់គ្រង​ដោយ​របបសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា​ និង​សម័យ​អន្តរកាល អ៊ុនតាក់ លោកម៉ក់ ជី តូ បំរើការ​ជា​ប្រធាន​អង្គភាព​មួយ នៅ​អគ្គនាយកដ្ឋាន​កិច្ចការ​ការពារ​សន្តិសុខ​ផ្នែក​នយោបាយ​នៃ​ក្រសួង​មហាផ្ទៃ ។

ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម កម្លាំង​សន្តិសុខ​មួយ​ក្រុម​ត្រូវបានបង្កើតឡើង មាន​ឈ្មោះ​ថា ក្រុម​ប៉ូលិល អា៣ (A3) ដែល​ល្បី​ខាង​ការ​ចាប់​ចង ហើយ​លោក ម៉ក់ ជីតូ ដើរ​តួ​សំខាន់​ក្នុង​ការ​ជួយ​ថ្នាក់​ដឹក​នាំ​ក្រុម​ប៉ូលិស “A3 ” ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​គ្រា​នោះ។

ឃាតកម្ម​នយោបាយ និង​ប៉ូលិស អា៣ (A3)​

លោក ប្រ៊េដ អាដាំ នាយក​ប្រតិបត្តិ នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (HRW) ប្រចាំ​តំបន់​អាស៊ី និយាយ​ថា កម្លាំង​សន្តិសុខ​ក្រុម អា (Team A) បង្កើត​ឡើង ដើម្បី​កម្ទេច ឬ​បំបាក់​សំឡេង​ប្រឆាំង​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា សម័យ​រដ្ឋកម្ពុជា និង​សម័យ​អន្តរកាល អ៊ុនតាក់ ហើយ​លោក ម៉ក់ ជីតូ ជា​មន្ត្រី​មួយ​រូប ដែល​បាន​រូម​ចំណែក​ក្នុង​កង​កម្លាំង​ក្រុម អា (A) នេះ៖ «របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ក្នុង​ទស្សវត្ស​ឆ្នាំ១៩៨០ កងទ័ព​វៀតណាម ដែល​ត្រួតត្រា​កម្ពុជា បាន​បង្កើត​កង​កម្លាំង​សន្តិសុខ​ពិសេស​មួយ​ឈ្មោះ​ថា ក្រុម អា៣ (A3)។ ក្រុម អា៣ (A3) ត្រូវ​បាន​បំពាក់​អាវុធ​ធុន​ធ្ងន់ សម្រាប់​បេសកម្ម​ការពារ​ព្រំដែន​កម្ពុជា-ថៃ ផង និង​រក្សា​សន្តិសុខ​ក្នុង​ផ្ទៃ​ប្រទេស​ផង។ មនុស្ស​ជា​ច្រើន​បាន​ប្រៀបធៀប​ក្រុម អា៣ (A3) ទៅ​នឹង​កម្លាំង​យោធា។ នៅ​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ខែ​តុលា ឆ្នាំ​១៩៩១ គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ក្រុម អា (A) ផ្សេង​ទៀត។ នោះ​គឺ​មាន​ក្រុម អា៩០ អា៩១ និង​អា៩២។ ក្រុម អា បង្កើត​ឡើង ដើម្បី​វាយ​ប្រហារ យាយី និង​គំរាមកំហែង ទៅ​លើ​គណបក្ស​ប្រឆាំង ជា​ពិសេស​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា របស់​លោក​តា សឺន សាន។ នៅ​ក្នុង​សម័យ​អន្តរកាល អ៊ុនតាក់ នោះ មាន​អំពើ​ហិង្សា​ច្រើន​ណាស់​​ប្រព្រឹត្ត​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទូទាំង​ប្រទេស​តែ​ម្តង​ប្រឆាំង​ទៅ​លើ​បក្ស​ប្រឆាំង។ ព័ត៌មាន​ទាំង​អស់​នេះ ត្រូវ​បាន​ចង​ក្រង​ដោយ​អង្គការ​សហប្រជាជាតិ។ ក្រុម អា (A) មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់ និង​អំពើ​ហិង្សា​ទាំង​អស់​នោះ ហើយ​អ្នក​កាន់​ក្តាប់​ក្រុម អា ផ្ទាល់ គឺ​លោក សិន សុង និង​លោក សិន សេន ដោយ​មាន​លោក ហ៊ុន សែន ត្រួត​មើល​ពី​លើ»

នៅ​ក្រោម​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​ក្រោយ​មក​ប្តូរ​ឈ្មោះ​ទៅ​ជា​រដ្ឋកម្ពុជា​វិញ​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​ណា​ជាប់​សង្ស័យ​ថា មាន​និន្នាការ​នយោបាយ​ផ្សេង​ពី​រដ្ឋ​អំណាច បាន​ត្រូវ​គេ​ចាប់​ខ្លួន។

លោក ធន់ សារ៉ា បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា អាដហុក (ADHOC) គឺ​ជា​អតីត​អ្នក​ទោស​នយោបាយ​ម្នាក់​នៅ​គ្រា​នោះ។ ​ នៅ​មុន​ពេល​ចាប់​ខ្លួន​ក្នុង​ខែ​ឧសភា ឆ្នាំ១៩៩០ លោក ធន់ សារ៉ាយ គឺ​ជា​អ្នក​ស្រាវជ្រាវ និង​បោះ​ពុម្ព​ផ្សាយ​ទស្សនាវដ្តី​មួយ​ឈ្មោះ «ទស្សនាវដ្តី​សេដ្ឋកិច្ច» ។ លោក និង​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប៉ុនប៉ង​ចូលរួម​បង្កើត​គណបក្ស​មួយ​ឈ្មោះ​ថា គណបក្ស​សង្គម​ប្រជាធិបតេយ្យ​សេរី។ លោក ធន់ សារ៉ាយ រំលឹក​ឡើង​ថា គេ​បាន​ដាក់​រូប​លោក​នៅ​ក្នុង​គុក តេ​៣ (T3) ក្នុង​ក្រុង​ភ្នំពេញ ដែល​នៅ​ទី​នោះ លោក​បាន​ប្រទះ​ឃើញ​អ្នក​ទោស​នយោបាយ​រាប់​រយ​នាក់​ផ្សេង​ទៀត៖ «ឃើញថា​ មាន​គ្រប់​និន្នាការ ក្រុម​លោក​តា សឺន សាន ក៏​មាន ក្រុម​ម៉ូលីនណាកា ខាង​សម្តេច សីហនុ ក៏​មាន ​ក្រុម​ខ្មែរ​ក្រហម​ក៏​មាន ហើយ​មាន​អ្នក​ខ្លះ​បាន​កាត់​ទោស ហើយ​អ្នក​អត់​កាត់​ទោស​ក៏​មានៗ រាប់​រយ​នាក់​បាទ»

លោក ធន់ សារ៉ាយ បន្ត​ថា លោក​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​កន្លះ​ក្រោម​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នោះ គឺ​ពុំ​បាន​ឆ្លង​កាត់​ការ​ជំនុំជម្រះ​ក្តី​អ្វី​ទាំង​អស់។ លោក​ថា​ ដំបូង​ឡើយ គេ​ដាក់​លោក​ក្នុង​គុក​ងងឹត​យ៉ាង​អមនុស្សធម៌៖ «យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ហ្នុង​បាន​តែ​ប្រហែល​មួយ​ខែ ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ភ្លាម​បាទ។ ទោះ​បី​ខ្ញុំ​មាន​អាយុ​ត្រឹម ៤០​ក៏​ដោយ។ ពេល​នោះ​គេ​ខ្លាច​ខ្ញុំ​ស្លាប់​ក្នុង​គុក គេ​ឲ្យ​ខ្ញុំ​ចេញ​ត្រូវ​ពន្លឺ​ថ្ងៃ​បន្តិចៗ ដែរ។ ពេល​ម៉ោង ៤​ល្ងាច គេ​បិទ​ទ្ធា​ឃ្លឹប​ហ្នឹង គឺ​ងងិត​ឈឹង​ហើយ​ក្នុង​បន្ទប់​ខ្ញុំ​ហ្នឹង គ្មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ ហើយ​ខ្ញុំ​មើល​ម្ហូបអាហារ​របស់​ខ្ញុំ​សឹង​តែ​មិន​ឃើញ​ពេល​ខ្លះ។ ហើយ​ក្នុង​បន្ទប់​ហ្នឹង មាន​កណ្តុរ​ផង មាន​កន្លាត​ផង ស៊ី​ត្រង់​ហ្នឹង ជុះ​ត្រង់​ហ្នឹង។ ព្រលឹម​ឡើង​ទើប​គេ​ឲ្យ​យក​ចាក់​ចោល ហើយ​ស្អុយ​នៅ​ក្នុង​ហ្នឹង។ មូស​ក៏​ចូល​មក គឺ​ថា វេទនា​ណាស់។ អ៊ីចឹង​ហើយ​ពេល​ខ្ញុំ​នឹក​ឃើញ​រឿង​នេះ​ឡើង ខ្ញុំ​ឈឺ​ចាប់​ណាស់​បាទ ខ្ញុំ​អត់​បាន​ទៅ​ធ្វើ​អី​គេ​ផង គេ​មក​ធ្វើ​បាប​ខ្ញុំ​អ៊ីចឹង។ អា​ហ្នឹង​ហើយ​ហៅ​ថា ធ្វើ​ទារុណកម្ម​ហើយ មិន​ចាំបាច់​វាយ​ជ្រលក់​ទឹក​ទេ គ្រាន់​តែ​ធ្វើ​ប៉ុណ្នឹង​ជា​មហា​ទារុណកម្ម។ ខ្ញុំ​អត់​ដែល​ស្លៀក​ពាក់​ទេ។ ខ្ញុំ​ស្រាត​រហូត​នៅ​ក្នុង​បន្ទប់​ហ្នឹង ពី​ព្រោះ​វា​ស្អុះ ក្តៅ​រក​ខ្យល់​ដក​ដង្ហើម​មិន​ចង់​បាន»

អតីត​អ្នក​ទោស​នយោបាយ លោក ធន់ សារ៉ាយ មិន​ដឹង​ច្បាស់​ថា តើ​ក្រុម​ប៉ូលិស អា​៣ (A3) ជា​អ្នក​ចាប់​រូប​លោក ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​ដឹង​ថា ពិត​ជា​មាន​កម្លាំង​ក្រុម អា​៣ (A3) ល្បី​រន្ទឺ​ខាង​ចាប់ចង​មែន​ក្នុង​គ្រា​នោះ៖ «ខ្ញុំ​ចាំ លោក ស៊ិន សេន ជា​មេ​ប៉ូលិស អា​៣ (A3) ហ្នឹង​ឯង ជា​មេ​បញ្ជាការ អា​៣។ ប៉ុន្តែ​ខ្ញុំ​អត់​ដឹង​ទេ​ថា មាន អា១ អា​២ អី​ទៀត ខ្ញុំ​អត់​ដឹង​ទេ។ ខ្ញុំ​ដឹង​តែ​ថា គាត់ អា​៣ ហ្នឹង។ ហើយ អា​៣ ហ្នឹង ​សម្រាប់​ការពារ​ព្រំដែន​ទៅ​ទៀត។ កម្លាំង អា​៣ ហ្នឹង ជា​របៀប​ទ័ព​ផង និង​ជា​ប៉ូលិស​ផង​ដែរ។ ឮ​សូរ​ថា ពួក​ហ្នឹង​មាន​លក្ខណៈ​ដូច​កាច កាច​បាទ រឿង​ចាប់​មនុស្ស​ចាប់​ស្អី​ហ្នឹង ឮ​សូរ​ថា ល្បី​ល្អូមល្អាម​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​យក​ចិត្ត​ដាក់​ច្រើន​ទេ​ពេល​ហ្នឹង ដោយសារ​តែ​រវល់​ស្រាវជ្រាវ​កិច្ចការ​សិក្សា​ស្រាវជ្រាវ​ខ្លួន​ឯង​ដែរ»


ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដែល​មាន​ភាគី​ជម្លោះ​ខ្មែរ​ទាំង ៤​ក្រុម​ចុះ​ហត្ថលេខា​បញ្ចប់​សង្រ្គាម​ជាង ១០​ឆ្នាំ​នោះ តម្រូវ​ឲ្យ​គ្រប់​ភាគី​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់។ លោក ធន់ សារ៉ាយ ក៏​មាន​សេរីភាព​ឡើង​វិញ។

ចំណែក​លោក ម៉ក់ ជីតូ វិញ ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក​បន្ត​ការងារ​ជា​មន្ត្រី​ក្នុង​ក្រសួង​មហាផ្ទៃ​ដដែល។ ប៉ុន្តែ លោក​បាន​បម្រើ​ការ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​ថ្មី​មួយ​របស់​ក្រសួង ដែល​មាន​ឈ្មោះ​ថា អគ្គនាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម ដែល​ជា​អតីត​អគ្គនាយកដ្ឋាន​កិច្ចការ​ការពារ​សន្តិសុខ​នយោបាយ​ទី១ នៃ​ក្រសួង​មហាផ្ទៃ។

ក្រោយការបោះឆ្នោតនៅ​ខែ​ឧសភា ឆ្នាំ​១៩៩៣ និង​មាន​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ ដែល​មាន​គណបក្ស ​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ ប្រជាជន​កម្ពុជា រួម​គ្នា លោក ម៉ក់ ជី តូ បាន​ក្លាយ​ជា​ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។ របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស យូមេន រ៉ៃ វ៉ច្ឆ (Human Right Watch)បន្ត​ថា លោក ម៉ក់ ជីតូ ក្នុង​តួនាទី​នេះ បាន​ចាត់​វិធានការ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​អំពើ​បះបោរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ប្រើប្រាស់​កម្លាំង​មន្ត្រី​នគរបាល​ឯកសណ្ឋាន និង​ទាំង​នគរបាល​សម្ងាត់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទាំង​នេះ។ រយៈ​ពេល​នេះ គឺ​ជា​​រយៈ​ពេល​នៃ​អំពើ​ឃាតកម្ម​នយោបាយ ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ជា​ពិសេស គឺ​កើត​លើ​អ្នក​យក​ព័ត៌មាន​ ដែល​រិះគន់​រដ្ឋាភិបាល។ របាយការណ៍​​របស់​អង្គការ យូមេន រ៉ៃ វ៉ច្ឆ បញ្ជាក់​ថា លោក ម៉ក់ ជីតូ បាន​ជួយ​ដល់​ការ​ចាត់ចែង​គ្រប់គ្រង និង​បិទបាំង​សកម្មភាព​ទាំង​នេះ តាម​រយៈ​ការ​បង្ក​ភាព​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត ឬ​តាម​រយៈ​ការ​រៀបចំ​ផែនការ​​យ៉ាង​សម្ងាត់ ​ដើម្បី​សម្លាប់​ពួក​ឃាតក ដែល​គាត់​ព្រួយ​បារម្ភ​ថា អាច​បង្ហាញ​ចេញ​នូវ​ភាព​ពាក់ព័ន្ធ​ដល់​រូប​គាត់ និង​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ទាំង​នោះ។ រយៈ​ពេល​នេះ ក៏​ជា​រយៈ​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ចាប់​ជំរិត ដើម្បី​ទារ​ប្រាក់​លស់​ខ្លួន កើត​មាន​ចំពោះ​សមាជិក​នៃ​គ្រួសារ​អភិជន​ខាង​ធុរកិច្ច ដែល​កំពុង​លេច​ធ្លោ​ឡើង ជា​ពិសេស បុគ្គល​មាន​ដើម​កំណើត​ចិន។ បើ​តាម យូមែន រ៉ៃ វ៉ច្ឆ ជា​ជាង​បង្ក្រាប​បទ​ឧក្រិដ្ឋ​ទាំង​នោះ លោក ម៉ក់ ជី តូ ​បាន​ចាត់ចែង និង​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​ពី​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ទាំង​នោះ។

អាស៊ីសេរី​បាន​ទាក់ទង​ឧត្តមសេនីយ៍ ម៉ក់ ជីតូ តាម​ទូរស័ព្ទ​ជា​ច្រើន​ដង ដើម្បី​សុំ​ការ​ឆ្លើយ​តប​ពី​លោក ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​មិន​បាន​ជោគជ័យ ដោយ​លោក​គ្រាន់​តែ​សួរ​មួយ​ម៉ាត់​ថា មក​ពី​ខាង​ណា ហើយ​ទម្លាក់​ទូរស័ព្ទ​ចុះ​វិញ នៅ​ពេល​ឮ​ថា មក​ពី​អាស៊ី​សេរី។

ទោះ​ជា​យ៉ាង​ណា​ក្ដី ឧត្តមសេនីយ៍ ម៉ក់ ជីតូ បាន​ប្រាប់​វិទ្យុ​វីអូឌី (VOD) កាល​ពី​ចុង​ខែ​មិថុនា​ថា គ្មាន​នរណា​ចេះ​តែ​ជឿ​លើ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃ វ៉ច្ឆ (HRW) នេះ​ទេ៖ «ស្រេច​តែ​គាត់​ថា​ទៅ ​ស្រេច​តែ​ចិត្ត​គាត់​ទៅ គាត់​មាន​ចិត្ត​​ថា ហើយ​យើង​ដឹង​ថា​ម៉េច​ឲ្យ​គាត់​វិញ គាត់​នៅ​ឯណា​ណោះ។ បើ​នៅ​ស្រុក​ខ្មែរ​ប្តឹង​ទៅ​តុលាការ​ឲ្យ​រក​ខុស​ត្រូវ​ហើយ។ ខ្ញុំ​ជឿ​ថា​ អន្តរជាតិ និង​ជាតិ​គេ​មិន​មែន​ចេះ​តែ​ជឿ​គាត់​ទេ ពីព្រោះ​របាយការណ៍​គាត់​ស្រេច​តែ​គាត់​ថា​អ៊ីចឹង នឹក​ឃើញ​ស្អប់​នរណា ថា​ឲ្យ​អ្នក​ហ្នឹង​ទៅ»។

ល្បី​ឈ្មោះ​មិន​ល្អ តែ​ឡើង​ឋានៈ

ដោយ​មាន​ការ​កើន​ឡើង​បន្តិច​ម្តងៗ នូវ​បណ្តឹង​ជា​ផ្លូវការ​ពី​សាធារណជន និង​នៅ​ក្នុង​ជួរ​មន្រ្តី​នគរបាល ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ចំពោះ​អាកប្បកិរិយា​របស់​គាត់ លោក ម៉ក់ ជីតូ ក៏​ល្បី​រន្ទឺ​ខាង​អំពើ​អាក្រក់ ហើយ​គាត់​ក៏​ត្រូវ​បាន​ផ្លាស់​ឲ្យ​ទៅ​កាន់​ការិយាល័យ​កិច្ចការ​រដ្ឋបាល​ជន​បរទេស​នៃ​នគរបាល​រាជធានី​ភ្នំពេញ។ បន្ទាប់​មក​ទៀត តួនាទី​របស់​គាត់​ត្រូវ​បាន​ព្យួរ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​១៩៩៨។  ទោះ​បី​យ៉ាង​នេះ​ក្តី មិន​យូរ​ប៉ុន្មាន លោក ម៉ក់ ជីតូ បាន​ទទួល​ការ​តែងតាំង​ឱ្យ​ធ្វើ​ជា​ប្រធាន​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ឡើង​វិញ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ចុះ ការ​ចោទ​ប្រកាន់​ថ្មីៗ បាន​លេច​ឡើង​ទៀត អម​ដោយ​សក្ខីកម្ម​នានា ថា​គាត់​មាន​ការ​ពាក់ព័ន្ធ​ដោយ​សម្ងាត់​នៅ​ក្នុង​ការ​​ប្រព្រឹត្ត ឬ​ការ​បិទបាំង​អំពើ​ឃាតកម្ម​នយោបាយ និង​អំពើ​ចាប់​ជំរិត​ទារ​លុយ។ ជា​ជាង​ព្យួរ​ការងារ ដើម្បី​បើក​ការ​ស៊ើប​អង្កេត លោក ម៉ក់ ជីតូ ត្រូវ​បាន​ដំឡើង​តំណែង​ឱ្យ​ធ្វើ​ជា​ប្រធាន​អគ្គនាយកដ្ឋាន​នគរបាល​យុត្តិធម៌​ថ្នាក់​ជាតិ​ទៀត។ ក្នុង​តំណែង​នេះ លោក ម៉ក់ ជីតូ អាច​គ្រប់គ្រង​ដោយ​ផ្ទាល់​លើ​មន្ត្រី​នគរបាល​យុត្តិធម៌​​កម្រិត​​អភិជន ឬ​ក្រុម​អ៊ីលីត (elite) ថ្នាក់​ជាតិ​មួយ​ចំនួន​តូច ដែល​មាន​ដែន​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​កម្ពុជា ជា​ពិសេស​ជាង​គេ​នោះ គឺ​គ្រប់គ្រង​អគ្គនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ។

ចាប់ និង​បង្រ្កាប​អ្នក​ការពារ​សិទ្ធិសមនុស្ស

ជា​ប្រធាន​អគ្គនាយកដ្ឋាន​នគរបាល​យុត្តិធម៌  លោក ម៉ក់ ជីតូ ដឹក​នាំ​យ៉ាង​ចំហ​នូវ​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស ដែល​លេច​ធ្លោ មាន​លោក កឹម សុខា ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​លោក យ៉េង វីរៈ នាយក​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ នៅ​ឆ្នាំ​២០០៦។ លោក ម៉ក់ ជីតូ ក៏​ជាប់​ចោទ​ពាក់ព័ន្ទ​ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​ការពារ​ដី​ធ្លី​ដែរ។

នៅ​ខែ​មេសា ឆ្នាំ​២០១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តែង​តាំង​លោក ម៉ក់ ជីតូ ជា​ប្រធាន​ដឹក​នាំ​គណៈកម្មការ​ចំរុះ​មួយ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​លេច​ធ្លោរ​មួយ​រូប គឹ​លោក ឈុត វុទ្ធី នៅ​ខែត្រ​កោះកុង ដែល​សំណុំ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​មន្ត្រី​រាជអាវុធហត្ថ​មួយ​រូប គឺ​លោក ​អ៊ឹន ​រតនា​ ដែល​បាន​ត្រូវ​គ្រាប់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ដែរ។ នៅ​ខែ​បន្ទាប់ គឺ​ខែ​ឧសភា​ឆ្នាំ​ដដែល គណៈកម្មការ​ចំរុះ​នេះ​បាន​ចេញ​របាយការណ៍​ពោរពេញ​ដោយ​មន្ទិល​មួយ ដែល​អង្គការ​សិទ្ធិមនុស្ស និង​គ្រួសារ​លោក ឈុត វុទ្ធី ចោទ​ថា ជា​របាយការណ៍​ធ្វើ​ឡើង​​ ដើម្បី​ជា​ការ​បិទបាំង និង​ការពារ​អ្នក​ដេល​ទទួល​ខុស​ត្រូវ និង​ឃុបឃិត​សម្លាប់​លោក ឈុត វិទ្ធី។

មន្ត្រីគ្នាឯងមិនចូលចិត្ត

បើតាម​លោក ប្រ៊េដ អាដាំ នៃ​អង្គការ យូមែន រ៉ៃ វ៉ច្ឆ (HRW) មន្ត្រី​គណបក្ស​កាន់​អំណាច​មួយ​ចំនួន បាន​ប្រាប់​លោក​ថា លោក ម៉ក់ ជីតូ បាន​ធ្វើ​ឲ្យ​គណបក្ស ប្រជាជន​កម្ពុជា ខូច​កេរ្ត៍​ឈ្មោះ ហើយ​ពួក​គេ​ចង់​ឃើញ​គាត់​ត្រូវ​គេ​ដក​ចេញ​ពី​ការងារ៖ «កាល​ពីខ្ញុំធ្វើការនៅកម្ពុជា​មនុស្សរបស់គណបក្ស ប្រជាជន​កម្ពុជាច្រើននាក់ប្រាប់ ខ្ញុំថា លោកម៉ក់ ជីតូពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនទៀតផង។​ បើតាមមន្រ្តីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលប្រាប់ខ្ញុំ ពួកគេ​យល់ថា លោក ម៉ក់ ជីតូ គឺជាឧក្រិដ្ឋជនដែលធ្វើ​ឲ្យ​គណបក្សប្រជាជនកម្ពុជាអាប់អោនកេរ្ត៍ឈ្មោះខ្លាំង ហើយ​ពួក​គេចង់ឃើញ លោក ម៉ក់ ជីតូ ត្រូវ​ដក​ចេញ​ពី​តំណែង។ មាន​ពេល​មួយ​នោះ​ គាត់​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ម្ខាង​ជញ្ជាំង​ដែរ ប៉ុន្តែ​បើ​តាម​ខ្ញុំ​ដឹង​គាត់​មិន​ដែល​បាត់បង់​មុខ​តំណែង​ម្តង​ណា​ទេ។ ហើយ​ឥឡូវ​នេះ​គាត់​ថែម​ទាំង​ក្លាយ​ជា​ឧត្តមសេនីយ៍​ក្នុង​ជួរ​នគរបាល​ទៀត​ផង»

កាល​ពី​ឆ្នាំ​២០០៧ ព្រឹត្តិការណ៍​កក្រើក​ក្រុង​ភ្នំពេញ​មួយ​បាន​កើត​ឡើង។ នោះ​គឺ​ហេតុការណ៍​អ្នក​ទោស​ហែក​គុក​ព្រៃ​ស​រត់​ចេញ​ដ៏​គួរ​ឲ្យ​សង្ស័យ​មួយ​បាន​កើត​ឡើង។

យមរាជ​ហែក​គុក

អតីត​មន្ត្រី​នគរបាល​ក្រុង​ភ្នំពេញ លោក ហង្ស​ វុទ្ធី ហៅ យមរាជ បាន​អះអាង​ប្រាប់​តុលាការ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ២០១៥ ថា លោក ម៉ក់ ជីតូ​ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​រៀបចំ​ឈុត​ឆាក​បង្ខំ​ឲ្យ​រូប​លោក​រត់​ចេញ​ពី​គុក​ព្រៃ​ស​ជាមួយ​អ្នក​ទោស ១១​នាក់​ផ្សេង​ទៀត កាល​ពី​ពេល​នោះ។ លោកហង្ស​ វុទ្ធី ចោទថា គឺលោកម៉ក់ ជីតូ​ ជាអ្នកប្រើមនុស្សចាប់បង្ខំលោកអោយរត់ចេញពីគុក ដើម្បីយករូបលោក​ទៅសម្លាប់បំបិទមាត់ ពីព្រោះតែលោកដឹងរឿងសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ច្រើនករណីពេក ប៉ុន្តែ​លោក​ដឹង​ខ្លួន​មុន ហើយពេលបានចេញមកដល់ក្រៅគុកភ្លាមលោកក៏ខំរត់គេចចេញដើម្បីរក្សា​ជីវិត​តែ​ម្តង។

សម្រង់សំដីរបស់លោកហង្ស​ វុទ្ធី ហៅ យមរាជ ដែលបានប្រាប់ទៅតុលាការថា លោកម៉ក់ ជីតូ​ មាន​បំណងផ្តាច់ជិវិតលោកនោះ ត្រូវបានកាសែតដឺខាបូឌាឌេលលី (The Cambodia Daily) ដកស្រង់​យក​មក​ផ្សាយ​យ៉ាង​ដូច្នេះ៖ «ពួក​គេ​ចោទ​ប្រកាន់​ខ្ញុំ​ថា មាន​ការ​ជាប់​ពាក់ព័ន្ធ​ចំនួន ៣ ឬ ៤​ករណី ដែល​សំណុំ​រឿង​ទាំង​អស់​នោះ ខ្ញុំ​អត់​ដឹង​អី​សោះ ហើយ​ចំពោះ​ការ​ហែក​គុក​រត់​ចេញ គឺ​ជា​ការ​រៀបចំ​របស់​លោក ម៉ក់ ជីតូ ពី​ព្រោះ​គាត់​ចង់​សម្លាប់​ខ្ញុំ ដើម្បី​បំបាត់​ភុស្តុតាង»

កាល​ពី​ខែ​មុថិនា ឆ្នាំ​២០០៦ លោក ហង្ស​ វុទ្ធី ហៅ យមរាជ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ ៥១​ឆ្នាំ​ពី​បទ​សម្លាប់​ចៅក្រម សុខ សេដ្ឋាមុនី និង​ប៉ុនប៉ង​សម្លាប់​មេ​បញ្ជាការ​ប៉េអឹម​លោក សៅ​ សុខា និង​អគ្គ​ព្រះរាជ​អាជ្ញា​លោក អ៊ុក សាវុធ។ ប៉ុន្តែ​លោក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ប្រកាស​ប្តឹង​ឧទ្ធរណ៍។ ក្រោយ​ពី​បាន​រត់​គេច​ពី​គុក​ព្រៃ​ស ដែល​លោក​ចោទ​ថា ជា​ល្បិច​កល​របស់​លោក ម៉ក់ ជីតូ លោក ហង្ស​ វុទ្ធី បាន​រស់​លាក់​ខ្លួន​ពី​សង្គម​អស់​រយៈ​ពេល​ប្រមាណ ៨​ឆ្នាំ។ លោក ហង្ស វុទ្ធី ហៅ យមរាជ បាន​ចេញ​ពី​ការ​លាក់​ខ្លួន ត្រឡប់​ចូល​ក្នុង​សង្គម​ឡើង​វិញ ដោយ​ទៅ​បញ្ហាញ​មុខ​នៅ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (Licadho) នៅ​ឆ្នាំ​២០១៥ ដោយ​និយាយ​ថា គឺ​ដើម្បី​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​ជួយ​រក​យុត្តិធម៌​ជូន​លោក។

លំអៀងខាងនយោបាយបស់ឧត្តមសេនី ម៉ក់ ជីតូ

ទាក់ទងនឹងការរក្សាអព្យាក្រិត្យភាពនៃកងប្រដាប់អាវុធអោយស្របតាមច្បាប់វិញ របាយការន៍របស់ យូមែន រ៉ៃ វ៉ច្ឆ(HRW) បន្តថា ដូចគ្នានឹងមន្ត្រីជាន់ខ្ពស់យោធា រាជអាវុធហត្ថ និងនគរបាលដែរ​ លោក ម៉ក់ ជីតូ ចេញ​មុខ​គាំទ្រ​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ឆ្នាំ២០១៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ចំហ។ លោក ម៉ក់ ជីតូ ត្រូវ​បាន​គណបក្ស ប្រជាជន​កម្ពុជា​ចាត់​តាំង​ឲ្យ​ទទួល​ខុស​ត្រូវ​ឃោសនា​នៅ​កៀនស្វាយ ខេត្ត​កណ្តាល។ លោក​ក៏​បាន​បញ្ជូន​មន្ត្រី​ប៉ូលិស​របស់​លោក​ឲ្យ​ទៅ​ឃោសនា ដើម្បី​បក្ស​កាន់​អំណាច​នៅ​ទីនោះ។

ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ ដ៏​ចម្រូងចម្រាស បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​ក៏​ផ្ទុះ​ឡើង​ពេញ​ក្រុង​ភ្នំពេញ។ កម្លាំង​ប៉ូលិស និង​កង​សន្តិសុខ បាន​ប្រើ​អំពើ​ហិង្សា​បង្រ្កាប​ទៅ​លើ​បាតុករ​យ៉ាង​ចាស់​ដៃ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស និង​ចាប់​ដាក់​ពន្ធនាគារ ទាំង​គ្មាន​មូដ្ឋាន​ច្បាប់​រឹង​មាំ។

ក្នុង​នាម​ជា​មន្ត្រី​នគរបាល​ជាតិ ដែល​ត្រូវ​មាន​ជំហរ​អព្យាក្រឹត​ពី​បក្ស​នយោបាយ​នោះ លោក ម៉ក់ ជីតូ កាល​ពី​ឆ្នាំ ២០១៧ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ និង​ការ​រំលាយ​បក្ស​ប្រឆាំង។

វិធីសាស្ត្រ​យក​ព័ត៌មាន​សម្រាប់​របាយការណ៍ «បុគ្គល​កម្ពុជា​បាត​ដៃ​កខ្វក់ ១២រូប»

លោក ប្រ៊េដ អាដាំ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (HRW) ឲ្យ​ដឹង​ថា របាយការណ៍​ស្តីពី «ឧត្តមសេនីយ៍​កម្ពុជា​បាត​ដៃ​កខ្វក់ ១២​រូប» គឺ​ជា​លទ្ធផល​នៃ​ការ​ធ្វើ​សំភាសន៍​ជា​មួយ​មនុស្ស​ជា​ច្រើន​នាក់៖ «ព័ត៌មាន​ក្នុង​របាយការណ៍​នេះ យើង​ប្រមូល​បាន​ពី​បទ​សំភាសន៍​ជាមួយ​សមាជិក និង​មន្ត្រី​គណបក្ស ប្រជាជន​កម្ពុជា មន្ត្រី​យោធា រាជអាវុធហត្ថ ប៉ូលិស និង​អ្នក​នយោបាយ។ ខ្ញុំ​បាន​សំភាស​លោក ប៉ុល សារឿន និង​លោក សៅសុខា ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។  យើង​បាន​សំភាស​អ្នក​ការ​ទូត ឯកអគ្គរាជទូត និង​ជំនួយ​ការ​របស់​ពួក​គេ ដែល​ឈរ​ជើង​នៅ​កម្ពុជា ហើយ​យល់​ដឹង​ពី​ស្ថានភាព​នៅ​ទីនោះ។ ខ្ញុំ​បាន​សំភាស​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​កាសែត និង​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​យល់​ដឹង​ពី​ស្ថានការណ៍​កម្ពុជា។ ខ្ញុំ​ក៏​មាន​សហការី​របស់​ខ្ញុំ​ជួយ​សំភាស​ខ្ញុំ​ដែរ ហើយ​ក្នុង​ការ​អង្កេត​ស្រាវជ្រាវ និង​ការ​ប្រមូល​ព័ត៌មាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​សម្រាប់​របាយការណ៍​ជាង ២០០​ទំព័រ ស្តីពី «ឧត្តមសេនីយ៍​កម្ពុជា​បាត​ដៃ​កខ្វក់ ១២​រូប» នេះ ខ្ញុំ​ក៏​បាន​សំភាស​មន្រ្តី​សហប្រជាជាតិ និង​ថែម​ទាំង​បាន​ប្រើប្រាស់​ឯកសារ​របស់​អង្គការ​សហប្រជាជាតិ​រាប់​ពាន់​សន្លឹក​តាំង​ពី​សម័យ អ៊ុនតាក់ មក។

អនុសាសន៍

របាយការ​របស់ យូមែន រ៉ៃ វ៉ច្ឆ(HRW) បន្ត​ថា ក្នុង​រយៈ​ពេល ២៥​ឆ្នាំ​កន្លង​ទៅ មាន​ការ​ចេញ​សេចក្ដី​សម្រេច​ចិត្ត និង​របាយការណ៍​ជន់ជោរ​ជា​ច្រើន​រាប់​មិន​អស់​ ក្នុង​នោះ​ក៏​មាន​មក​ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ផង​ដែរ ​អំពាវនាវ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ហា​វប្បធម៌​និទណ្ឌភាព ឬ​ទម្លាប់​ឲ្យ​​ជន​ល្មើស​រួច​ពី​សំណាញ់​ច្បាប់​នៅ​កម្ពុជា និង​ឲ្យ​មាន​ការ​កែ​ទម្រង់​កង​យោធពល​ខេមរភូមិន្ទ កង​រាជអាវុធហត្ថ និង​ស្ថាប័ន​នគរបាល ឲ្យ​មាន​វិជ្ជាជីវៈ និង​ផ្ដាច់​ចេញ​ពី​នយោបាយ។ ប៉ុន្តែ​សំណើសុំ​ និង​ការ​ទទូច​ទាំង​នោះ មិន​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ធ្វើ​តាម​ឡើយ។

ក្នុង​រយៈ​ពេល​ជាង ២៥​ឆ្នាំ​កន្លង​ទៅ​នេះ​ដែរ មាន​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​នាក់ បាន​ប្រថុយប្រថាន​ជីវិត ដើម្បី​ជួយ​កែ​ទម្រង់​កម្ពុជា​ឲ្យ​ដើរ​ទៅ​រក​មាគ៌ា​លទ្ធិ​ប្រជាធិបតេយ្យ​ គោរព​សិទ្ធិមនុស្ស ដូច​ដែល​បាន​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ប៉ុន្តែពួក​គេ​មិន​ត្រឹម​តែ​មិន​បាន​ជោគជ័យ​ទេប៉ុណ្ណោះទេ ថែមទាំង​ត្រូវ​រដ្ឋាភិបាល​ឆ្លើយ​តប​វិញ ដោយ​ការ​វាយ​ប្រហារ​លើ​រាងកាយ ការ​ចាប់​ខ្លួន និង​កាត់​ទោស​ដាក់​គុក​ច្រើន​ឆ្នាំ​ទៀត​ផង។

ទោះជាយ៉ាងណាក៏ចុះ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch) ទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេតឧត្តមសេនីយ៍ ម៉ក់ ជីតូ និង​ឧត្តមសេនីយ៍ ១១​នាក់​ផ្សេង​ទៀត ដែល​អង្គការ​នេះ​ហៅ​ថា មាន​បាត​ដៃ​កក្វក់ រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​អំឡុង​ពេល​ស៊ើប​អង្កេត ត្រូវ​ព្យួរ​ការងារ​របស់​ពួក​គេ​ទាំង​អស់​គ្នា។ ប៉ុន្តែ​សំណើសុំ និង​ការ​ទទួច​ទាំង​នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វាយ​ប្រហារ​រិះគន់​តប​ត​វិញ ហើយ​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ប្រាប់​អាស៊ី​សេរី​ថា ឧត្តមសេនីយ៍​ទាំង ១២​នាក់​នោះ គ្មាន​ធ្វើ​ខុស​អ្វី​ទេ មាន​តែ​ជួយ​ជាតិ​ថែម​ទៀត​ផង។ ហេតុ​ដូច្នេះ​គ្មាន​ត្រូវ​ធ្វើ​តាម​អង្គការ យូមែន រ៉ៃ វ៉ច្ឆ (HRW) ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​រិះគន់​ថា លោក ហ៊ុន ម៉ាណែត គួរ​ឆក់​ឱកាស​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​តាម​សំណើ​របស់​ប្រមុខ​ការទូត​អូស្ត្រាលី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។