ក្រុម​សិទ្ធិ​មនុស្ស​របប​ក្រុង​​ភ្នំពេញ​បដិសេធ​អនុសាសន៍​​អ្នកស្រី រ៉ូណា ស្មីត ទាក់ទង​នឹង​បក្ស​សង្គ្រោះ​ជាតិ

ដោយ មាន ឫទ្ធិ
2019-09-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​​ពិសេស​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​កម្ពុជា របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។
(ឆ្វេង) អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​​ពិសេស​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​កម្ពុជា របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​កម្ពុជា (CHRC)

គណៈកម្មាធិការ​សិទ្ធិមនុស្ស​របប​ក្រុង​ភ្នំពេញ បដិសេធ​រាល់​អនុសាសន៍​ទាំង​ឡាយ​របស់​អ្នក​ជំនាញ​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ប៉ុន្តែ​ស្វាគមន៍​​អនុសាសន៍​លើ​ទិដ្ឋភាព​មួយ​ចំនួន។ សង្គម​ស៊ីវិល​ថា របប​ក្រុង​ភ្នំពេញ​គួរ​តែ​ពិចារណា​លើ​អនុសាសន៍​ទាំងនោះ ព្រោះ​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​មាន​ចេតនា​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ជួយ​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ចេញ​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី២៧ កញ្ញា​ថា អនុសាសន៍​របស់​អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) ទាក់ទង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នេះ មាន​ចរិត​នយោបាយ និង​មិន​អាច​អនុវត្ត​បាន​ឡើយ។ ស្ថាប័ន​ដដែល​នេះ​បញ្ជាក់​​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​តែ​អនុសាសន៍​​ណា​ដែល​ផ្អែក​លើ​ទិដ្ឋភាព​បច្ចេកទេស ក្នុង​​ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ប៉ុណ្ណោះ។ ស្ថាប័ន​នេះ​ទទូច​ដល់​គ្រប់​ស្ថាប័ន​ និង​​យន្តការ​នានា ឱ្យ​គោរព​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​គោលការណ៍​​នៃ​សន្ធិសញ្ញា​អន្តរជាតិ ចៀសវាង​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា។

ស្ថាប័ន​សិទ្ធិមនុស្ស​នៃ​របប​ក្រុង​ភ្នំពេញ បញ្ចេញ​ប្រតិកម្ម​​បែបនេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នករាយការណ៍​​ពិសេស​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត នៅ​ក្នុង​​សម័យ​​ប្រជុំ​លើក​​ទី៤២ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី២៥ កញ្ញា​កន្លង​ទៅ។

អ្នក​ស្រី រ៉ូណា ស្មីត បាន​រាយការណ៍​យ៉ាង​លម្អិត​អំពី​ការ​ធ្លាក់​ដុន​ដាប​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​ ការ​រំលោភ​​បំពាន​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រម​ទាំង​ការ​រឹត​ត្បិត​លំហ​ប្រជាធិបតេយ្យ សង្គម​ស៊ីវិល និង​សេរីភាព​សារព័ត៌មាន​​ឯករាជ្យ​។ អ្នក​ស្រី​មាន​កង្វល់​ជា​ខ្លាំង​ទាក់ទង​នឹង​ការ​កើន​ឡើង​ករណី​ចាប់​ខ្លួន និង​ការ​យាយី​ផ្នែក​នយោបាយ​លើ​សកម្មជន​បក្ស​ប្រឆាំង​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

អ្នក​ស្រី​ រ៉ូណា ស្មីត បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ដល់​របប​ក្រុង​ភ្នំពេញ​ឱ្យ​ទម្លាក់​ចោល​បទ​ប្រកាន់​ និង​​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា និង​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត ដែល​ត្រូវ​អាជ្ញាធរ​ចាប់​​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត ក្នុង​នោះ​ក៏​​រួម​ទាំង​ករណី​លោក សម រង្ស៊ី ផង​ដែរ។ អ្នក​ស្រី​បញ្ជាក់​ថា ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​កម្ពុជា គឺ​កិច្ច​សន្ទនា​នយោបាយ ដែល​តម្រូវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចូល​រួម​។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ពិនិត្យ​ឃើញ​ថា ការ​លើក​ឡើង​របស់​អ្នក​ស្រី រ៉ូណា ស្មីត ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ជាក់​ស្ដែង​នៅ​កម្ពុជា។ លោក​ជឿ​ជាក់​ថា អាណត្តិ​ការងារ​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ គឺ​ដើម្បី​លើក​​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​អ្វី​​ដែល​អ្នក​ស្រី​បាន​លើក​ឡើង​ គឺ​ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​វិបត្តិ​កម្ពុជា។ លោក​បន្ត​ថា ជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ​ ដែល​តំណាង​រដ្ឋាភិបាល​ចាត់​ទុក​​អនុសាសន៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ថា ជា​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​នោះ ពីព្រោះ​កម្ពុជា​ជា​ភាគី​​ហត្ថលេខី​នៃ​សន្ធិសញ្ញា និង​អនុសញ្ញា​អន្តរជាតិ​​ជាច្រើន​ទាក់ទង​នឹង​រឿង​សិទ្ធិ​មនុស្ស៖ «វិបត្តិ​ហ្នឹង​ វា​ចេះ​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​ហើយ អ៊ីចឹង​អ្នក​នយោបាយ​ទាំងអស់​ហ្នឹង គួរ​តែ​ងាក​រក​ការ​ជជែក​​គ្នា​​ សន្ទនា​គ្នា ចរចា​គ្នា​ ដើម្បី​ឱ្យ​មាន​ឯកភាព សាមគ្គីភាព​ខ្មែរ​តែមួយ ហើយ​នាំ​គ្នា​អភិវឌ្ឍ​ប្រទេស​​ដើម្បី​ផល​ប្រយោជន៍​ជាតិ​។ អា​ហ្នឹង ខ្ញុំ​គិត​ថា វា​ផ្ដល់​ផល​ចំណេញ​ច្រើន​ជាង»

សហគមន៍​​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា ស្ថានការណ៍​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​កម្ពុជា​ធ្លាក់​ចុះ​ដុន​ដាប​ខ្លាំង​ ដោយ​សារ​តែ​របប​ក្រុង​ភ្នំពេញ​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​ប្រាម​​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​បក្ស​នេះ​ចំនួន ១១៨នាក់។ បន្ថែម​ពីលើ​នេះ របប​ក្រុង​​ភ្នំពេញ​បាន​​យក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​តំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង​ទៅ​ចែក​គ្នា​កាន់​កាប់ ព្រម​ទាំង​រៀប​ចំ​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ២០១៨ កន្លងទៅ។

ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ​វិញ របប​លោក ហ៊ុន សែន បាន​បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥតត្រាប្រណី បន្ទាប់​ពី​ប្រធាន​​ស្ដីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ប្រកាស​ពី​គម្រោង​វិល​ចូល​​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​នោះ មាន​ជា​អាទិ៍ ការ​កោះ​ហៅ ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន និង​ការ​ឃុំ​​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​រាប់​រយ​នាក់ ក្រោម​បទ​ចោទ​រួម​គំនិត​ក្បត់​ជាតិ ស្រប​ពេល​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់ នៅ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ប្រហារ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល