មន្ត្រីរដ្ឋាភិបាល មិនពេញចិត្តនឹងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ដែលរិះគន់ការបោះឆ្នោតរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរឹតត្បិតលើលំហពលរដ្ឋ និងនយោបាយដែលធ្វើឱ្យប៉ះពាល់គុណភាពនៃការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា។ ប៉ុន្តែមន្ត្រីអង្គការសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរតែទទួលស្គាល់ការពិតអំពីការធ្លាក់ចុះនៃការគោរពសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ហើយទទួលយកអនុសាសន៍ទៅកែលម្អដើម្បីផលប្រយោជន៍ជាតិ។
មន្ត្រីគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាលច្រានចោលការវាយតម្លៃរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា កម្ពុជាមានការរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតទៅលើលំហពលរដ្ឋ និងនយោបាយដែលបានប៉ះពាល់ទៅដល់ទំនុកចិត្តនៃការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ ខែសីហាថា រដ្ឋាភិបាលមិនទទួលយកមតិយោបល់របស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬសហគមន៍អន្តរជាតិនោះទេ ដោយលោកចាត់ទុកថា មតិយោបល់ទាំងនេះជាការជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជា។ លោកអះអាងថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីពេលថ្មីៗ នេះបានដំណើរការដោយសេរីតាមលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដែលមានពលរដ្ឋជាង ៨៤ភាគរយបានប្រើប្រាស់សិទ្ធិបោះឆ្នោតជ្រើសគណបក្សនយោបាយចំនួន១៨ដែលចូលរួមប្រកួតប្រជែង។ លោកអះអាងទៀតថា ក្រោយការបោះឆ្នោត គឺកម្ពុជាពុំមានវិបត្តិនយោបាយនោះទេ ខណៈគណបក្សចូលរួមប្រកួតប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត។ លោក កត្តា អ៊ន បញ្ជាក់ថាចំណាត់ការលើក្រុមគណបក្សប្រឆាំងកន្លងមកនេះជាការអនុវត្តច្បាប់។
លោក កត្តា អ៊ន៖«ប្រជាពលរដ្ឋបានទៅបោះឆ្នោតដោយសេរីត្រឹមត្រូវ ដោយបោះឆ្នោតឯករាជ្យ សិទ្ធិសម្រេចដោយសម្ងាត់អាហ្នឹងហើយទំនុកចិត្ត មិនមែនទំនុកចិត្តលើការគិតរបស់អ្នករាយការណ៍ពិសេសនោះទេ ខ្ញុំសោកស្ដាយបើសិនអ្នករាយការណ៍ពិសេសទាំងអស់ហ្នឹងមកប្រទេសកម្ពុជាសង្កេតការណ៍បោះឆ្នោត សង្កេតការណ៍ដំណើរការបោះឆ្នោតនៅកម្ពុជាអាហ្នឹងទើបជាការវាយតម្លៃមួយល្អ»។
ប្រតិកម្មរបស់មន្រ្តីរដ្ឋាភិបាលបែបនេះ ធ្វើឡើងស្របពេល ដែលអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ុន (Vitit Muntarbhon) អ្នករាយការណ៍ពិសេសផ្នែកលើកកម្ពស់យុត្តិធម៌ លោក ហ្វាបៀន សាវ៉ាយអូលី (Fabian Salvioli) និងអ្នករាយការណ៍ពិសេសស្ដីពីឯករាជ្យនៃចៅក្រម និងមេធាវី អ្នកស្រី ម៉ាហ្គារ៉េត សេធើវ៉េត (Margaret Satterthwaite) បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃទី២ សីហាថាករណីរំលោភសិទ្ធិមនុស្ស ការបំបិទគណបក្សប្រឆាំងធំជាងគេមិនឱ្យចូលរួមការបោះឆ្នោតការបិទ និងការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការ យាយីលើអ្នកនយោបាយប្រឆាំងពីសំណាក់ក្រុមអ្នកកាន់អំណាចបានធ្វើឱ្យខូចដល់ដំណើរការនៃការបោះឆ្នោតទាំងមូល។

ក្រុមអ្នកជំនាញទាំងនេះលើកឡើងទៀតថា ការបោះឆ្នោតនេះអតុល្យភាពជាខ្លាំង និងបានបង្កជាកង្វល់ធំៗ សម្រាប់សហគមន៍អន្តរជាតិ។ ម្យ៉ាងវិញទៀត លំហប្រជាធិបតេយ្យរួមតូច និងវិធានការគាបសង្កត់ជាច្រើនភ្ជាប់ទៅនឹងការដឹកនាំនយោបាយបានធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងកិច្ចសន្យាស្ដីពីលទ្ធិប្រជាធិបតេយ្យសេរី ដែលស្ថិតនៅក្រោមកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ គឺស្របទៅនឹងការរិះគន់របស់សហគមន៍អន្តរជាតិនិយមប្រជាធិបតេយ្យ ដែលមិនចង់ឃើញកម្ពុជារអិលធ្លាក់ទៅក្នុងរបបដឹកនាំបែបផ្ដាច់ការតវង្សត្រកូល ខណៈលោក ហ៊ុន សែន នឹងលើកបន្តុបឱ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី ចាប់ពីថ្ងៃទី២២ ខែសីហាតទៅ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការដែលអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរកឃើញទាក់ទងការរឹតត្បិតសិទ្ធិសេរីពលរដ្ឋ សិទ្ធិនយោបាយ និងការបោះឆ្នោតគ្មានវត្តមានគណបក្សប្រឆាំង គឺជារឿងពិតដែលរដ្ឋាភិបាលគួរទទួលយកទៅដោះស្រាយកែលម្អជាជាងបដិសេធ ឬចោទប្រកាន់ទៅវិញនោះ។ លោកពន្យល់ថាការបោះឆ្នោតនៅក្នុងសង្គមប្រជាធិបតេយ្យត្រូវប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយគ្រប់និន្នាការនយោបាយទាំងអស់បានចូលរួមប្រកួតប្រជែងដោយស្មើភាព គ្មានការភ័យខ្លាច ជាពិសេសបើកលំហសេរីភាពបញ្ចេញមតិ សេរីភាពជួបជុំ និងការប្រមូលផ្ដុំជាដើម។
លោក នី សុខា៖«ជាបញ្ហាប្រឈមទៅថ្ងៃមុខរបស់ប្រទេសកម្ពុជា ពីព្រោះសេចក្ដីថ្លែងការណ៍ក៏ដោយ របាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សជាអ្នកជំនាញដូច្នេះខ្ញុំយល់ថា ចង់មិនចង់វាមានឥទ្ធិពលដល់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិមួយចំនួនធំ ដែលអាចមានវិធានការមកលើប្រទេសកម្ពុជា។(រដ្ឋាភិបាលមិនទទួលយកអនុសាសន៍)វាមិនចំណេញដល់ប្រទេសកម្ពុជានោះទេ ហើយពាក់ព័ន្ធការទំនាក់ទំនងជាមួយប្រទេសសេរីមួយចំនួនគឺកម្ពុជាមិនអាចកាត់ផ្ដាច់បានទេ ដូច្នេះ កម្ពុជាត្រូវតែពិចារណាពីព្រោះអាហ្នឹងវាប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេស និងជីវភាពរបស់ពលរដ្ឋ»។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិជំរុញដល់សហគមន៍អន្តរជាតិថា ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមឆ្លើយតបរួមគ្នា ចំពោះវិបត្តិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានេះ ពួកគេទាមទាររដ្ឋាភិបាលថ្មីនៃកម្ពុជាថា ត្រូវតែគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សជាអន្តរជាតិរបស់ខ្លួន និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយត្រូវដោះស្រាយរាល់បញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទាំងចាស់ និងថ្មី ដែលរារាំងដល់ការអភិវឌ្ឍប្រកបដោយចិរភាព និងសម្រាប់ទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
