អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)អំពាវនាវដល់សហភាពអឺរ៉ុប និងរដ្ឋសមាជិកនៃតំបន់នេះ ឱ្យថ្កោលទោសរដ្ឋាភិបាលកម្ពុជាឱ្យបានខ្លាំងក្លាចំពោះការណ៍ដែលកម្ពុជាមិនព្រមអើពើដោះស្រាយបញ្ហាសិទ្ធិមនុស្សស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ការអំពាវនាវនេះ ធ្វើឡើងនៅ១ថ្ងៃ មុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប ឬ (ASEM) លើកទី១៣ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ គូសបញ្ជាក់ក្នុង សេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថា សហភាពអឺរ៉ុប និងរដ្ឋសមាជិក គួរលើកយកបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្វើជារបៀបវារៈស្នូលនៅក្នុងកិច្ចសន្ទនារវាងសហភាពអឺរ៉ុប និងតំបន់អាស៊ីអាគ្នេយ៍។ អង្គការនេះផ្តល់អំណះអំណាងថា សហភាពអឺរ៉ុបមិនគួរលើកយកតែបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា(Myanmar)ឬភូមា(Burma)ប៉ុណ្ណោះទេ ក៏ប៉ុន្តែគួរផ្តោតលើបញ្ហារំលោភសិទ្ធិមនុស្សជាប្រព័ន្ធដែលកំពុងកើតមានឡើងនៅគ្រប់ទីកន្លែងទាំងអស់។ អង្គការនេះ សង្កត់ធ្ងន់ថា ការផ្តោតលើបញ្ហានៅភូមា គឺជារឿងត្រឹមត្រូវ។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមមេដឹកនាំសហភាពអឺរ៉ុប និងរដ្ឋសមាជិក ក៏មិនគួរអនុញ្ញាតឱ្យកម្ពុជារួចខ្លួនពីរឿងរ៉ាវរំលោភបំពានសិទ្ធិមនុស្សនោះទេ។ អង្គការនេះ បានរំឮកឡើងវិញពីការណ៍ដែលសហភាពអឺរ៉ុបបានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ពីកម្ពុជា ដោយសារតែរកឃើញថា មានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ពន្យល់ថា ការលើកឡើងពីបញ្ហានេះមកធ្វើជារបៀបវារៈ មិនមែនជាអ្វីដែលលោក ហ៊ុន សែន ចង់ឃើញនោះទេ ក៏ប៉ុន្តែ ក្រោយពីលោកបានដឹកនាំបែបផ្តាច់ការអស់រយៈពេលជាង ៣៦ឆ្នាំមក ការថ្កោលទោសជុំវិញបញ្ហាសិទ្ធិមនុស្សនេះ គឺជាអ្វីដែលលោក ហ៊ុន សែន សមនឹងទទួលបាន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង ដើម្បីសុំប្រតិកម្មជុំវិញរឿងនេះបានទេ គិតត្រឹមយប់ថ្ងៃទី២៤ ខែវិច្ឆិកា។ លោក កុយ គួង ក៏មិនឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា តាមបណ្តាញសង្គម តេឡេក្រាម (Telegram) ថាតើក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងអញ្ជើញមេដឹកនាំរដ្ឋប្រហារយោធា លោក មីន អ៊ុងហ្លាំង (Min Aung Hlaing) ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ ដែរឬទេ។ យ៉ាងណានៅក្នុងកិច្ចប្រជុំអាស៊ានកន្លងមក ក្រុមមេដឹកនាំអាស៊ានបានសម្រេចចិត្តមិនអនុញ្ញាតឱ្យមេដឹកនាំរបបសឹកយោធា លោក មីន អ៊ុងហ្លាំង ធ្វើជាតំណាងរបស់ប្រទេសភូមា ចូលរួមនៅក្នុងកិច្ចប្រជុំរបស់ខ្លួនជាបន្តបន្ទាប់។
សារព័ត៌មាន PBSថៃ បានរាយការណ៍ជាភាសាអង់គ្លេសដោយពុំដកស្រង់ប្រភពថា កម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ASEM នេះ មិនបានអញ្ជើញមេដឹកនាំរដ្ឋប្រហារយោធា លោក មីន អ៊ុងហ្លាំង ឱ្យចូលរួមនៅក្នុងកិច្ចប្រជុំនេះទេ ដោយផ្អែកតាមសេចក្តីសម្រេចរបស់អាស៊ានកាលពីថ្ងៃទី១៥ ខែតុលា ដែលបានសម្រេចអញ្ជើញមន្ត្រីជាន់ខ្ពស់ភូមាមិនមែនជាអ្នកនយោបាយជំនួសវិញ។ សារព័ត៌មានថៃដដែលនេះ ចុះផ្សាយថា ផ្អែកតាមសេចក្តីថ្លែងការណ៍របស់កម្ពុជាជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ ដែលខ្លួនបានទទួល ក្រុមមេដឹកនាំ ASEM សម្តែងក្តីបារម្ភយ៉ាងខ្លាំងជុំវិញស្ថានការណ៍នៅប្រទេសភូមា។ ក្រុមមេដឹកនាំទាំងនេះក៏គូសបញ្ជាក់ពីការគាំទ្ររបស់ពួកគេយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការព្យាយាមដោះស្រាយវិបត្តិនៅភូមានេះ។
គណៈកម្មការអឺរ៉ុបបញ្ជាក់ជំហរយ៉ាងច្បាស់ប្រាប់វិទ្យុអាស៊ីសេរី កាលពីខែកក្កដា ថា ការអនុញ្ញាតឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬASEM លើកទី១៣ តាមអ៊ីនធឺណិត មិនមែនមានន័យថា អឺរ៉ុបទទួលស្គាល់ថា កម្ពុជាបានស្តាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលកំពុងតែធ្លាក់ចុះដុនដាបនោះទេ។
កិច្ចប្រជុំកំពូលនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង ដោយប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ ម្ដងប្រព្រឹត្តិទៅនៅក្នុងប្រទេសណាមួយជារដ្ឋសមាជិកនៅអឺរ៉ុប ហើយម្តងទៀតនៅអាស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។