អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) ស្នើឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការប្រើវោហារសព្ទបែបអុជអាលប្រឆាំងនឹងក្រុមមនុស្សងាយរងគ្រោះ និងជនបរទេស ក្នុងបរិបទការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។ ការអំពាវនាវនេះ គឺដោយសារអង្គការអន្តរជាតិនេះ ពិនិត្យឃើញថា អាជ្ញាធរកម្ពុជាបានបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលឯកជន ដែលនាំទៅរកការបញ្ចេញយោបល់បែបរើសអើងទៅលើក្រុមមនុស្សមួយចំនួន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) លើកឡើងថា ដើម្បីការពារអ្នកកើតជំងឺកូវីដ-១៩ ពីការរើសអើង និងអំពើហិង្សា រដ្ឋាភិបាលកម្ពុជាត្រូវកម្រិតការផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដូចជា អម្បូរ ជាតិសាសន៍ សាសនា ក្រុមនយោបាយ និងអត្តសញ្ញាណភេទ ជាដើម។
នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣១ មីនាថា រដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើយ៉ាងណាកុំឱ្យមានការរើសអើងប្រឆាំងនឹងក្រុមជនងាយរងគ្រោះ និងជនបរទេស ទាក់ទងនឹងវិធានការឆ្លើយតបនឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ នេះ។
កាលពីថ្ងៃទី១៧ មីនា កន្លងទៅ ក្រសួងសុខាភិបាលបានប្រកាសថា ក្រសួងបានរកឃើញមនុស្សចំនួន២១ នាក់ មានផ្ទុកជំងឺកូវីដ-១៩។ ក្រសួងបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមអ្នកទាំងនោះ មាន ១៧នាក់ គឺជាខ្មែរឥស្លាម ដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ ដោយសារមុននោះមួយថ្ងៃ ក្រសួងបានរកឃើញ ២ករណីកើតលើខ្មែរឥស្លាម ក្រសួងក៏បានសរុបតួលេខថា គិតត្រឹមថ្ងៃទី១៧ មីនា មានខ្មែរឥស្លាម ១៩នាក់ ក្នុងចំណោម ៧៩នាក់ ដែលទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី បានឆ្លងជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា ចាប់ពីថ្ងៃទី១៨ មីនាមក ក្រសួងលែងប្រើពាក្យខ្មែរឥស្លាមទៀតហើយ គឺក្រសួងប្រើពាក្យជនជាតិខ្មែរដែលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ីវិញ។
នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលត្រូវតែសុំទោសសហគមន៍អ្នកកាន់សាសនាឥស្លាមនៅកម្ពុជាជាសាធារណៈចំពោះសេចក្តីថ្លែងការណ៍បែបរើសអើងរបស់ក្រសួងសុខាភិបាល ហើយត្រូវចុះជួបពួកគេដើម្បីបង្ហាញការគាំទ្រ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី៣១ មីនា ដោយលោកមិនលើកទូរស័ព្ទ។ ទោះជាយ៉ាងណា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលបានណែនាំមិនឱ្យមានការបែងចែក ឬរើសអើងរវាងខ្មែរ និងខ្មែរនោះទេ ព្រោះជាពលរដ្ឋខ្មែរដូចគ្នា។ លោកថា សូម្បីតែជនបរទេសកើតជំងឺកូវីដ-១៩ នៅកម្ពុជា ក៏មិនត្រូវមានការរើសអើងនោះដែរ៖« ក្នុងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃទៅខេត្ត ក៏បានបញ្ជាក់ចំណុចនេះផងដែរ គឺថាមិនត្រូវរើសអើងទេ ហើយមិនមែនត្រឹមតែខ្មែរឥស្លាមទេ ជនជាតិណាក៏ដោយដែលបានមកកម្ពុជា ហើយជួបបញ្ហាហ្នឹង យើងក៏មិនត្រូវរើសអើងដែរ » ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) រកឃើញថា ក្រៅពីអ្នកកាន់សាសនាឥស្លាម ជនបរទេសខ្លះទៀតនៅកម្ពុជា ក៏រងការរើសអើងដែរ គឺក្រោមរូបភាពនៃការមិនឱ្យចូលទៅក្នុងហាង ឬមិនបម្រើសេវាកម្មដល់ជនបរទេសជាដើម។ ការរើសអើងបែបនេះកើតមាន ក្រោយពេលរដ្ឋាភិបាលលោក ហ៊ុន សែន ហាមឃាត់ពលរដ្ឋអាមេរិកាំង បារាំង អេស្ប៉ាញ អាល្លឺម៉ង់ និងអ៊ីតាលី មិនឱ្យចូលកម្ពុជា និងតែងតែប្រកាសករណីជំងឺកូវីដ-១៩ នៅកម្ពុជា សុទ្ធសឹងជាករណីនាំចូល ឬឆ្លងពីជនបរទេស។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន ជំរុញឱ្យអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារអន្តរជាតិទាំងឡាយ ស្នើដល់រដ្ឋាភិបាលកម្ពុជា ឱ្យផ្តោតលើមធ្យោបាយទំនាក់ទំនងជុំវិញការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយឈរលើភាពទៀងត្រង់ និងទាន់សភាពការណ៍។ ទន្ទឹមនឹងនេះ លោកទទួចដល់រដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការចេញសេចក្តីថ្លែងការណ៍ទាំងឡាយណា ដែលលើកទឹកចិត្តឱ្យមានការស្អប់ខ្ពើម ការរើសអើង និងអំពើហិង្សាលើពលរដ្ឋ ឬក្រុមមនុស្សជាក់លាក់ណាមួយដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។