អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា រដ្ឋាភិបាលកម្ពុជាបាន«លុបបំបាត់ទាំងស្រុង»នូវសេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD)។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងក្នុងសេចក្តីថ្លែងការណ៍របស់អង្គការនេះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈថា ការអត់ឱនរបស់រដ្ឋាភិបាលកម្ពុជាទៅលើទស្សនៈរិះគន់ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ លោកថា ការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបិទវិទ្យុវីអូឌី គឺជាការបំផ្លាញដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងថា ការណ៍នេះនឹងមានឥទ្ធិពលនៅទូទាំងសង្គមកម្ពុជា។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះបន្តថា ការបិទវិទ្យុវីអូឌី អាចស្មើនឹងការបញ្ចប់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលចាំបាច់សម្រាប់ការបោះឆ្នោតដែលអាចជឿទុកចិត្តបាន។ លោកគូសបញ្ជាក់ថា ទីបំផុតទៅ ប្រជាជនកម្ពុជាគឺជាអ្នកចាញ់ ដោយសារតែពួកគេបានបាត់បង់នូវប្រភពព័ត៌មានឯករាជ្យដែលនៅសេសសល់ចុងក្រោយ ដែលរាយការណ៍លើបញ្ហានានាប៉ះពាល់ដល់ជីវិត ជីវភាពរស់នៅ និងសិទ្ធិមនុស្សរបស់ពួកគេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃតស៍ វ៉ច្ឆ ថា តាមរយៈចំណាត់ការចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ដែលផ្សាយជាភាសាខ្មែរ ព្រមទាំងកាសែតផ្សាយជាភាសាខ្មែរទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។