មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ ស៊ើបអង្កេត​មន្ត្រី​ប៉ូលិស​ផ្ញើ​សារ​ប្រមាថ​និង​គំរាម​ស្ត្រី​សកម្មជន​បក្ស​ប្រឆាំង​ល្បី​ម្នាក់

0:00 / 0:00

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​នគរបាល​មួយចំនួន ដែល​ផ្ញើ​សារ​ប្រមាថ និង​គំរាមកំហែង​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ល្បីឈ្មោះ​ម្នាក់​នៅ​ខេត្តបាត់ដំបង គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាន​បង្ហោះ​សារ​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យ​ករណី​មន្ត្រីរាជការ​មួយ​ចំនួន បាន​យក​ម៉ោង​ការងារ​រដ្ឋ ផ្ញើ​សារ​ប្រមាថ និង​គំរាមកំហែង​ដោយ​ពាក្យ​សម្តី​អសុរោះ​លើ​នាង និង​ម្តាយ​របស់​នាង​ជា​បន្តបន្ទាប់។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស សោកស្តាយ​ដែល​មន្ត្រីរាជការ​មួយ​ចំនួន នៅតែ​បំពាន​តួនាទី ដោយ​ផ្ញើ​សារ​ទៅ​ជេរ​ប្រមាថ និង​គំរាមកំហែង​ទៅលើ​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ​នៅ​ខេត្តបាត់ដំបង គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បើ​ទោះ​បី​ជា​កន្លង​មក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង តែង​ក្រើនរំលឹក​ឱ្យ​មន្ត្រី​នគរបាល​គ្រប់​ជាន់ថ្នាក់​ត្រូវ​មាន​ជំហរ​អព្យាក្រឹត្យ កុំ​ឱ្យ​ជេរប្រមាថ លាប​ពណ៌ និង​បែងចែក​និន្នាការ​នយោបាយ​ចំពោះ​ប្រជាពលរដ្ឋ​ក្តី។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន ករុណា មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ គួរតែ​បើក​ការស៊ើបអង្កេត​ចំពោះ​មន្ត្រី​នគរបាល​ដែល​ផ្ញើ​សារ​តាម​ហ្វេសប៊ុក (Facebook) ទៅ​ជេរប្រមាថ និង​គំរាមកំហែង​កញ្ញា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត និង​ត្រូវ​ចាត់​វិធានការ​រដ្ឋបាល ឬ​តាមផ្លូវ​ច្បាប់ ប្រសិនបើ​រក​ឃើញ​ទោសកំហុស​របស់​មន្ត្រី​រូប​នោះ៖ «បើជា​អំពើ​មួយ​គ្មាន​សីលធម៌​ក្នុងនាម​ជា​មន្ត្រី​មាន​តួនាទី មាន​សមត្ថកិច្ច ហើយ​ប្រើ​តួនាទី​របស់​ខ្លួន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​តួនាទី​ទាំងអស់​ហ្នឹង ខ្ញុំ​គិតថា គួរតែ​ពិនិត្យមើល គួរតែ​មាន​ចំណាត់ការ​រដ្ឋបាល ឬក៏​ចំណាត់ការ​តាមផ្លូវ​ច្បាប់​យ៉ាងណា​បាន ដើម្បី​កុំ​ឱ្យ​មានការ​ប្រព្រឹត្ត​នូវ​អំពើ​ខុសឆ្គង​អ៊ីចឹង​ត​ទៀត ហើយ​គំរូ​មួយ​មិនល្អ​ដែរ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថកិច្ច​ផ្សេងៗ​ទៀត​ដែល​គេ​មាន​សីលធម៌ និង​គោរព​ប្រជាពលរដ្ឋ»។

លោក ស៊ឹង សែនករុណា ពិនិត្យ​ឃើញ​ថា ភាសា​ជេរប្រមាថ ដោយ​ពាក្យ​សម្តី​អសុរោះ របស់​មន្ត្រី​រាជកា​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​កញ្ញា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត។

លោក​បន្ត​ថា ប្រសិនបើ​ក្រសួង​មហាផ្ទៃ មិន​ចាត់​វិធានការ​តាម​ការ​ស្នើ​សុំ​របស់​នាង​ទេ គឺ​បង្ហាញ​ពី​ការ​រើសអើង​និន្នាការ​នយោបាយ និង​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ៖ «បើ​សមត្ថកិច្ច​ទាំងអស់​ហ្នឹង អត់​ចាត់ការ​ទៅលើ​រឿង​ហ្នឹង មានន័យថា ជា​ការ​រើសអើង​ទៅលើ​សកម្មជន​នយោបាយ​ដែល​គេ​មាន​និន្នាការ​ផ្ទុយ​នេះ ហើយ​ការអនុវត្ត​បែបនេះ ដោយ​មិន​អនុវត្ត​ទៅតាម​ច្បាប់​ទេ ដូច្នេះ​វា​ជា​ការ​អនុវត្ត​ដោយ​ស្តង់ដារ​ពីរ»។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត គឺជា​ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។ កាល​ពី​ថ្ងៃទី​៩ ខែមេសា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាន​ផ្ញើ​សារ​តាម​ហ្វេសប៊ុក ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង អំពី​ករណី​ម្ចាស់​អាខោន​ហ្វេសប៊ុក​ឈ្មោះ ផានី ផានី ជា​មន្ត្រី ប៉ូលិស មាន​តួនាទី​ជា​ស្នងការ​រង​នគរបាល​ខេត្តរតនគិរី បាន​យក​ម៉ោង​ការងារ​រដ្ឋ ចូល​ខម​មិន​ (Comment) ប្រមាថ​នាង និង​ម្តាយ​របស់​នាង​ដោយ​ពាក្យ​សម្តី​អសុរោះ​ជាទីបំផុត ដែល​នាង និង​ម្តាយ​មិនអាច​ទទួលយក​បាន​ឡើយ​។ កញ្ញា​សរសេរ​បន្ត​ថា ទង្វើ​របស់​មន្ត្រី​ប៉ូលិស​រូប​នេះ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​វិជ្ជាជីវៈ កិត្តិយស​ស្ថាប័ន និង​សេចក្តី​ថ្លៃថ្នូរ​របស់​មន្ត្រី​ប៉ូលិស​ដទៃទៀត​។ ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់ នាង​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​ពិនិត្យ​ករណីនេះ និង​ជួយ​តម្រង់​ទិស​មន្ត្រី​ប៉ូលិស​ម្នាក់​នេះ​ផង ដើម្បី​កុំឱ្យ​អាប់ឱន​ដល់​កិត្តិយស​របស់​ស្ថាប័ន។

ការ​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួងមហាផ្ទៃ​នេះ ធ្វើឡើង​ក្រោយពី​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ផានី ផានី ដែល​គេ​ស្គាល់​ថា ជា​ស្នងការ​រង​នគរបាល​ខេត្តរតនគិរី មានឈ្មោះ ពិត​ថា អ៊ឹម ផានី បាន​សរសេរ​មាក់ងាយ​ថា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត គឺជា​ក្រមុំ​សៅកែ និង​បន្តថា នាង​ឯង​បើក​វចនានុក្រម​មើលទៅ ក្រមុំ​សៅកែ​មានអី​មិនល្អ លើកលែងតែ​នាង​ឯង​អស់​ក្រមុំ​ទើប​វា​មិនល្អ។ នគរបាល​រូប​នេះ ថែមទាំង​ប្រមាថ​ថា សរសើរ​ម្តាយ​នាង​ដែល​គេច​ផុត​ពី​ត្បូងចប​របស់​ប៉ុល ពត តែ​អាណិត​គាត់​មិន​គួរ​មាន​កូន​ជា​ស្រី​ចង្រៃ​សេពគប់​ពូជ​ក្បត់ជាតិ​ដូច​រាំងស៊ី (សម រង្ស៊ី)។ បុគ្គល​ដដែល​នេះ បន្ត​ប្រមាថ​ទៀត​ថា អ្នកណា​បាន​នាង​ឯង​ធ្វើជា​ប្រពន្ធ​ចង្រៃ​ត​ពូជ។ ក្រោយពេល កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ញើ​សារ​ទៅ​លោក ស ខេង នោះ ស្នងការ​រង​នគរបាល​ខេត្តរតនគិរី​រូបនេះ ទំនងជា​ភ័យ​ខ្លួន ទើប​ផ្ញើ​សារ​ឆ្លើយតប​ទៀត​ថា លោក​និយាយ​ក្នុងនាម​ពលរដ្ឋ ដូច្នេះ​នាង​ឯង​កុំ​យក​រូប​ឯកសណ្ឋាន​នគរបាល​មក​ជាប់​បញ្ហា​។ ទោះជា​យ៉ាងណាក្ដី នគរបាល​រូប​នេះ នៅតែ​បន្ត​ជេរប្រមាថ និង​គំរាមកំហែង​ដល់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត និង​អ្នកប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត ក្រោម​ហេតុផល​ថា លោក​ធ្វើ​ដើម្បី​ការពារ​រាជរដ្ឋាភិបាល។

អ្នកប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក​ជាច្រើន ក៏បាន​បញ្ចេញមតិ​រិះគន់​ព្រោងព្រាត​ចំពោះ មន្ត្រី​ប៉ូលិស​រូប​នេះ ដោយ​អ្នកខ្លះ​សរសេរ​ថា កុំ​យកឈ្មោះ​រាជរដ្ឋាភិបាល មក​ធ្វើជា​ខែល​ការពារ​ និង​បិទបាំង​នូវ​ទង្វើ​អាក្រក់​ថោកទាប​របស់​ខ្លួនឯង​ឱ្យ​សោះ។

ក្រៅពី​ករណី​នេះ កាលពី​ថ្ងៃទី​៦ ខែមេសា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏បាន​បង្ហោះ​សារ​ថា ម្ចាស់​ហ្វេសប៊ុក ឈ្មោះ ថារិទ្ធិ ធឹម (Tharith Thim ) ជា​មន្ត្រីរាជការ​បាន​ផ្ញើ​សារ​ក្រោម​អត្ថន័យ​គំរាមកំហែង​និង​បំភិតបំភ័យ​លើ​រូប​នាង​ដែរ។

ជុំវិញ​ករណីនេះ វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្តរតនគិរី លោក យិន ចំណាន និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​ឆ្លើយតប​រឿង​នេះ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង តែ​ពុំ​មាន​អ្នក​ទទួល។

នាយិកា​អង្គការ​ក្លាហាន កញ្ញា បុណ្យ រចនា ថ្លែង​ថា កញ្ញា មិន​ទាន់​បានដឹង​រឿង​នេះ លម្អិត​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​មន្ត្រី​អនុវត្ត​ច្បាប់ ផ្ញើ​សារ​ប្រមាថ​ និងគំរាមកំហែង​ទៅលើ​ស្ត្រី​បែបនេះ ខាង​ក្រសួងមហាផ្ទៃគួរតែ​ស៊ើបអង្កេត និង​​មាន​វិធានការ​ជាក់លាក់​ទៅលើ​មន្ត្រី​រូប​នោះ៖ «តាម​ក្រមព្រហ្មទណ្ឌ​របស់​យើង ការប្រមាថ​ក៏​ជា​បទល្មើស​ដែរ ជាពិសេស​ទៀត បើ​នៅក្នុង​ក្របខណ្ឌ​មន្ត្រី​រាជការ​សាធារណៈ ធ្វើ​ការ​ប្រមាថ​មាក់ងាយ​ដល់​ស្ត្រី គឺ​រឿង​នេះ ប៉ះពាល់​ខ្លាំង​មែនទែន​ទៅដល់​ស្ត្រី ហើយ​ម្យ៉ាងទៀត ការដែល​យក​ស្ថានភាព​ស្ត្រី មាន​ប្តី ឬ​មិន​មាន​ប្តី​អី យក​មក​ប្រមាថ​ជា​សាធារណៈ​នេះ វា​ប្រមាថ​ទៅលើ​សិទ្ធិ​បូរណភាព​រាងកាយ និង​សិទ្ធិ​ផ្លូវភេទ​របស់​ស្ត្រី​ដែរ នៅក្នុង​ការ​ធ្វើ​ការ​ជ្រើសរើស និង​សម្រេច​ថា តើ​គាត់​ចង់​រៀបការ ឬ​មិន​ចង់​រៀបការ»។

មាត្រា​៣០៧ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា គ្រប់​ពាក្យ​ប្រមាថ គ្រប់​ពាក្យ​មើលងាយ ឬ​គ្រប់​ពាក្យ​ទ្រគោះ ដែល​គ្មាន​ការ​ទំលាក់​កំហុស​ទៅលើ​អំពើ​ណាមួយ គឺ​ជា​ការប្រមាថ ។ បទ​ប្រមាថ​ជា​សាធារណៈ​នេះ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ​ ១០​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។