អាជ្ញាធរកម្ពុជាបានបង្កើនការរឹតត្បិតកាន់តែខ្លាំងលើការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាពិសេសទាក់ទងនឹងសេរីភាពនៃការប្រមូលផ្តុំ និងការបញ្ចេញមតិ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩របស់អង្គការលើកលែងទោសអន្តរជាតិ ឬ Amnesty International ទើបនឹងចេញផ្សាយនៅចុងខែមករានេះ។ របាយការណ៍ក៏រកឃើញដែរថា ក្នុងឆ្នាំ២០១៩ អំពើបណ្ដេញចេញដោយបង្ខំ ការសម្លាប់មនុស្សក្រៅច្បាប់ និងការរំលោភសិទ្ធិអ្នកជាប់គុកដោយសារភាពចង្អៀតណែននៃពន្ធនាគារ នៅតែកើតមាននៅកម្ពុជាដដែល។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ចង់ឃើញរដ្ឋាភិបាលបញ្ឈប់សកម្មភាពបែបរឹតត្បិតទាំងនេះ និងបញ្ចប់បញ្ហានិទ្ទណ្ឌភាព ដើម្បីកុំឲ្យមានការបែកបាក់ជាតិ។
របាយការណ៍ អង្គការលើកលែងទោសអន្តរជាតិរកឃើញថា អ្នកការពារសិទ្ធិមនុស្ស អ្នកតវ៉ាដោយសន្តិវិធី សកម្មជនសិទ្ធិការងារ និងសមាជិកគណបក្សប្រឆាំង ដែលត្រូវបានរម្លាយ នៅតែបន្តប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យឥតស្រាកស្រាន្តតាមរយៈ ប្រព័ន្ធយុត្តិធម៌។ អង្គការលើកលែងទោសអន្តរជាតិ សង្កត់ធ្ងន់ៗ ថា សេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី ត្រូវបានរឹតត្បិតតាមទំនើងចិត្ត ហើយថា អង្គការសង្គមស៊ីវិលប្រឈមនឹងការបំភិតបំភ័យ។
ជាក់ស្ដែង ជុំវិញការរឹតត្បិតសេរីភាពនៃការប្រមូលផ្តុំ របាយការណ៍បានលើកយកពីការកើនឡើង អំពើធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការចាប់ខ្លួនតាមទំនើង ទៅលើក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ដែលកើនឡើងខ្លាំងក្នុងអំឡុងពេលពេញមួយឆ្នាំ២០១៩ ហើយដែលការណ៍នេះបានឈានដល់ចំណុចកំពូល នៅពេលដែលមានការបង្ក្រាបខ្លាំងពាក់ព័ន្ធនឹងដំណើរត្រឡប់មកប្រទេសវិញរបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៩ វិច្ឆិកា។ ក្នុងនោះ យ៉ាងហោចណាស់មានសកម្មជន ឬក្រុមអ្នកគាំទ្រគណបក្សនេះ ជាង ៦០នាក់ ត្រូវបានចាប់ដាក់គុក ហើយជាង ១០០នាក់ផ្សេងទៀត រងបទចោទមានចរិតនយោបាយ ពីបទ «រួមគំនិតក្បត់»។ របាយការណ៍បន្តថា ការចាប់ខ្លួននោះទៀតសោត ធ្វើឡើងដោយគ្មាននីតិវិធីផ្លូវច្បាប់ និងគ្មានដីកាចាប់ខ្លួនត្រឹមត្រូវនោះទេ។
របាយការណ៍ក៏មិនភ្លេចលើកឡើងដែរថា សមាជិកអ្នកគាំទ្របក្សសង្គ្រោះជាតិ ជាច្រើននាក់ ដែលបានរត់គេចពីការធ្វើទុក្ខបុកម្នេញនៅកម្ពុជា ហើយបានទៅសុំសិទ្ធិជ្រកកោននយោបាយនៅក្រៅប្រទេស ក៏ប្រឈមមុខនឹងការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញនៅប្រទេសថៃដែរ។ រីឯ មន្ត្រីសង្គមស៊ីវិលដែលហ៊ាននិយាយរិះគន់ ក៏ត្រូវរងនូវការតាមដានឈ្លបយកការណ៍ដោយខុសច្បាប់ រងការគំរាមកំហែង និងការបំភិតបំភ័យដោយអាជ្ញាធរមូលដ្ឋាន។
ពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិវិញ របាយការណ៍គូសបញ្ជាក់ថា ការរឹតត្បិតខ្លាំងក្លាលើសិទ្ធិនៃការបញ្ចេញមតិ បណ្ដាលឲ្យកើតមាននូវវប្បធម៌នៃការភ័យខ្លាច និងការរឹតត្បិតការបញ្ចេញមតិដោយខ្លួនឯង ក្នុងចំណោមអ្នកកាសែតឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់។ ជាក់ស្ដែង ករណីលោក រ៉ាត់ រ័ត្នមុន្នី សកម្មជនសិទ្ធិការងារ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ ករណីអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក អួន ឈិន និងលោក យាង សុធារិន ដែលស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ ដោយសំណុំរឿង «ចារកម្ម» ដែលមិនត្រូវបានទម្លាក់ចោល បើទោះជាខ្វះភស្តុតាងគួរឲ្យទុកចិត្តបានយ៉ាងណាក៏ដោយ។ មិនតែប៉ុណ្ណោះ មនុស្ស ៧នាក់ ត្រូវបានចាប់ខ្លួនតាមទំនើងចិត្ត ដោយសារតែបានរំឭកខួបឃាតកម្មបីឆ្នាំនៃលោក កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៩។
ក្រៅពីនោះរបាយការណ៍អង្គការនេះ ក៏លើកឡើងពីករណីធ្វើទារុណកម្ម និងការសម្លាប់អ្នកទោស ក្រៅច្បាប់ ក្នុងមន្ទីរឃុំឃាំង ឬពន្ធធនាគារ ដូចជា ករណីសកម្មជនបក្សសង្គ្រោះជាតិ លោក ទិត រ៉ន ដែលបានស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីខែមេសា។ របាយការណ៍បន្តថា ការចង្អៀតណែនកាន់តែអាក្រក់ក្នុងពន្ធនាគារនៅកម្ពុជា បានបន្តរំលោភសិទ្ធិផ្នែកសុខភាពរបស់អ្នកទោស ហើយថា ការបន្តយុទ្ធនាការ ប្រឆាំងគ្រឿងញៀនរយៈពេលបីឆ្នាំ បានបណ្ដាលឲ្យកើនឡើងករណីចាប់ខ្លួនជនសង្ស័យលក់គ្រឿងញៀន ហើយបានធ្វើឲ្យបញ្ហាចង្អៀត ណែនក្នុងពន្ធនាគារកាន់តែអាក្រក់។
ដោយឡែក ចំពោះករណីដីធ្លី និងសិទ្ធិលំនៅឋានវិញ របាយការណ៍ថា ផលប៉ះពាល់នៃសិទ្ធិមនុស្ស ដោយសារការបណ្ដេញចេញដោយបង្ខំ ទាក់ទងនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់វិស័យកសិឧស្សាកម្ម និងអំពើពុករលួយក្នុងវិស័យដីធ្លី កាន់តែអាក្រក់ទៅៗ ដោយសារការរឹតត្បិតកាន់តែខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិដីធ្លី។
ឆ្លើយតបទៅនឹងរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះ ពិនិត្យមើលតែមួយចំហៀងនៃបញ្ហា ដោយពុំបានមើលទៅលើការវិវឌ្ឍជាវិជ្ជមាន និងយន្តការនៃការដោះស្រាយរបស់រដ្ឋាភិបាលនោះទេ។ លោកបដិសេធថា នៅកម្ពុជាគ្មានការចាប់ ឬអំពើឃុំខ្លួនមនុស្សតាមទំនើងចិត្តនោះទេ៖ « កម្ពុជាមានតែការចាប់ខ្លួន ឃុំខ្លួនទៅតាមនីតិវិធីច្បាប់ជាធរមាននៅកម្ពុជា។ មួយទៀតការស្លាប់ក្នុងពន្ធនាគារនោះ គឺកន្លងមកមាន តែដំណោះស្រាយ គឺមាន អ្នកដែលប្រព្រឹត្តិអំពើទារុណកម្ម ឬមួយប្រើអំពើហិង្សា ដែលធ្វើឲ្យអ្នកជាប់ឃុំស្លាប់ គឺបានទទួលនូវទោសទណ្ឌ និងទណ្ឌកម្ម ទៅតាមផ្លូវច្បាប់ ដែលមានជាធរមាននាពេលកន្លងមក។ ចំណែកការចង្អៀតណែន គឺយើងទទួលស្គាល់ ហើយរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ មានជារយៈពេលខ្លី រយៈពេលវែងក្នុងការដោះស្រាយបញ្ហាហ្នុង»។
យ៉ាងណាក៏ដោយ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា រដ្ឋាភិបាលគួរធ្វើយ៉ាងណាបញ្ចប់បញ្ហាអវិជ្ជមានអស់ទាំងនេះ ដើម្បីកុំឲ្យមានការ បែកបាក់ក្នុងសង្គមជាតិកាន់តទៅទៀត៖ « ដូចយើងបានឮប្រសាសន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលគាត់លើកឡើងថា ភាពអយុត្តិធម៌នៅក្នុងសង្គមគឺនាំឲ្យមានការបែកបាក់ជាតិ។ កន្លែងចំណុចហ្នុងហើយ ដែលយើងជាអង្គការសង្គមស៊ីវិលយើងចង់ថាកុំឲ្យមានបញ្ហានិទណ្ឌភាពច្រើន មានបញ្ហាកើតឡើងទាក់ទងនឹងអំពើហិង្សា ឬក៏ការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកើតឡើងច្រើន នោះវានឹងរុញច្រានទៅរកភាពអយុត្តិធម៌ » ។
លោក អំ សំអាត សំណូមពរថា ជាជាងបដិសេធទៅលើរបាយការណ៍រកឃើញនានា របស់អង្គការជាតិ និងអន្តរជាតិនោះ រដ្ឋាភិបាលគួរត្រិះរិះពិចារណា ចំពោះបញ្ហាដែលកើតមានឡើងនេះ ដូចដែលរបាយការណ៍ឆ្លុះបញ្ចាំង ហើយឈានទៅធ្វើការកែទម្រង់ និងរកយន្តការ ដើម្បីកែលម្អឲ្យមានភាពប្រសើរឡើងវិញ។ លោកថា ការណ៍នេះ ប្រសើរជាងការចេញមកបដិសេធទៅនឹងការរកឃើញក្នុងរបាយការណ៍ ហើយបែរជាចោទប្រកាន់ ឬលាបពណ៌ដាក់គ្នានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។