អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើសុំ​ឲ្យ​កែ​លម្អ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​ពន្ធនាគារ

ដោយ ទីន ហ្សាការីយ៉ា
2021-03-09
Share
អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើសុំ​ឲ្យ​កែ​លម្អ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​ពន្ធនាគារ យុវជន​ខ្មែរ​ថាវរៈ និង​យុវជន​មាតា​ធម្មជាតិ ​កញ្ញា អេង ម៉ាឡៃ (ឆ្វេង) ត្រូវបានគេបីចូលតុលាការ ដោយសារ​របួស​នៅ​ក្នុង​ពន្ធនាគារ​ដើរ​មិនរួច និង​ (ស្ដាំ) ​លោកស្រី ​ឈឿន ដារ៉ាវ ពេល​ឆ្នាំ​ពន្ធនាគារ​យក​ទោ​ចូលរួម​សវនាការ។
រូប៖ ហ្វេសប៊ុក CCHR

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កែ​លម្អ​ជា​បន្ទាន់​នូវ​បញ្ហា​ប្រឈម​របស់​ស្ត្រី ​និង​ក្មេង​ស្រី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដែល​មាន​ស្ថានភាព​លំបាក ​និង​ចង្អៀត​ណែន​ខ្លាំង។ មន្ត្រី​ពន្ធនាគារ​ទទួល​ស្គាល់​អំពី​ការ​ខ្វះខាត​ធនធាន នៅ​ក្នុង​ពន្ធនាគារ​ និង​ស្វាគមន៍​កិច្ចសហការ​ពី​អង្គការ​ដៃគូ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ។

នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ចេញផ្សាយ​អត្ថបទ​មួយ​ស្ដីពី​រឿងរ៉ាវ​របស់​ស្ត្រី និង​ក្មេង​ស្រី​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី២ (ម២) ឬ​ហៅ​ថា ពន្ធនាគារ​ព្រៃ​ស​ផ្នែក​ស្ត្រី។

អង្គការ​លីកាដូ បញ្ជាក់​ថា កាល​ពី​ខែ​មុន ​ស្ត្រី ៩នាក់ ​បាន​ចែករំលែក​រឿងរ៉ាវ​របស់​របស់​ពួក​គេ​ដល់​អង្គការ​លីកាដូ​អំពី​ជីវិត​នៅ​ក្នុង​ពន្ធនាគារ។ ស្ត្រី​ទាំង ៩នាក់​នោះ ក៏​មាន​យុវជន​ខ្មែរ​ថាវរៈ និង​យុវជន​មាតា​ធម្មជាតិ រួម​មាន​លោកស្រី ​ឈឿន ដារ៉ាវ ​កញ្ញា អេង ម៉ាឡៃ ​កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ដោយ​សារ​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​លោក រ៉ុង ឈុន និង​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន។

អង្គការ​លីកាដូ អះអាង​ថា ស្ត្រី​ទាំង​អស់​នេះ ​កំពុង​ប្រឈម​នឹង​ស្ថានភាព​លំបាក​ជា​ច្រើន​នៅ​ក្នុង​ពន្ធនាគារ ដូច​ជា​បញ្ហា​ចង្អៀត​ណែន គ្មាន​អនាម័យ មិន​មាន​ទឹក​ភ្លើង និង​សម្ភារៈ​ចាំបាច់​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់​ ម្ហូបអាហារ​គ្មាន​ជីវជាតិ ​ហើយ​ការអប់រំ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​តិចតួច​ ជាដើម​។ អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​នេះ សង្កត់ធ្ងន់​ថា ​ការ​រំលោភ​បំពាន​សិទ្ធិ​នៅ​ក្នុង​ពន្ធនាគារ​ មិន​គួរ​ត្រូវ​បាន​មើល​រំលង​ឡើយ ហើយ​នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នេះ​ឱ្យ​បាន​ឆាប់ ​ដោយ​ការ​អនុវត្ត​ដ៏​ល្អ​ផ្អែក​តាម​បទប្បញ្ញត្តិ​ និង​ច្បាប់​ជាតិ​និង​អន្តរជាតិ។ ក្រៅ​ពី​នេះ អង្គការ​លីកាដូ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អ្នកជាប់ឃុំ​ទាំង​ឡាយ​ណា ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ ក្នុង​នោះ​មាន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ។

ប្អូនស្រី​របស់​កញ្ញា ​អេង ម៉ាឡៃ គឺ​កញ្ញា អេង វ៉ាន់ឌី រៀបរាប់​ថា បង​ស្រី​របស់​ខ្លួន​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រចាំ​ថ្ងៃ​ជា​ច្រើន​នៅ​ក្នុង​ពន្ធនាគារ​ដូច​ជា ជំងឺ របួស និង​ភាព​តានតឹង​ផ្លូវចិត្ត៖ «គាត់​ទ្រុឌទ្រោម​មែនទែន គាត់​ខ្សោយ​ខ្លាំង​ណាស់ មាន​ជំងឺ​អាលែកហ្ស៊ី (Allergy) ផង ស្ត្រេស (Stress) ផង ជំងឺ​ជើង​គាត់​ផង ហើយ​ឥឡូវ​ចង់​ចូល​ជំងឺ​បេះដូង ទៀត ព្រោះ​គាត់​ថា ពិបាក​ដក​ដង្ហើម​ពេល​គេង​ម្តងៗ បេះដូង​លោត​ញាប់។ គាត់​ប្រាប់​ថា ការ​គេង ការ​ហូបចុក គឺ​ពិបាក​ខ្លាំង ព្រោះ​ចង្អៀត បន្ទប់​តូច​ដាក់​មនុស្ស​ច្រើន»

ករណី​មួយ​ទៀត​ដែល​បាន​លើកឡើង​ក្នុង​របាយការណ៍​អង្គការ​លីកាដូ ​គឺ​ស្ត្រី​ម្នាក់​ឈ្មោះ​ សុភារី ។ នាង ​ទើប​តែ​ត្រូវ​បាន​ដោះ​លែង ​ក្រោយជាប់ពន្ធនាគារ ៥ឆ្នាំដោយសារ​ការ​ជួញដូរ​គ្រឿង​ញៀន​យក​លុយ​ដោះ​បំណុល​ បន្ទាប់​ពី​ប្ដី​ស្លាប់​ចោល។ សុភារី រៀបរាប់​ថា ​រយៈ​ពេល ៥ឆ្នាំ ដែល​នាង​បាន​ចំណាយ​ពេល​នៅ​ក្នុង​ពន្ធនាគារ​ គឺ​ជា​ពេល​ដែល​លំបាក​បំផុត​ក្នុង​ឆាក​ជីវិត​របស់​នាង ​ព្រោះ​សូម្បី​តែ​សំឡី​អនាម័យ​ក៏​នាង​គ្មាន​ប្រើ​ដែរ។

អង្គការ​លីកាដូ​ រក​ឃើញ​ថា ​ស្ត្រី​នៅ​ក្នុង​ពន្ធនាគារ​ត្រូវ​ចំណាយ​ប្រាក់​លើ​រឿង​គ្រប់​យ៉ាង​ រួម​មាន​អាហារ​ដែល​មាន​ជីវជាតិ​ ទឹក​ស្អាត​គ្រប់គ្រាន់​ សេវា​ថែទាំ​សុខភាព​គ្រប់គ្រាន់​ អគ្គិសនី​ប្រើប្រាស់ ​ការ​សួរសុខទុក្ខ​របស់​ក្រុម​គ្រួសារ​ ការ​ចំណាយ​ពេល​នៅ​ក្រៅ​បន្ទប់​ឃុំឃាំង​ និង​ទំហំ​កន្លែង​សម្រាក​នៅ​លើ​ឥដ្ឋ​ជា​ដើម។ អ្នក​ដែល​គ្មាន​លទ្ធភាព ជា​រឿយៗ មិន​ទទួល​បាន​សេវា​ទាំង​នេះ​ទេ។ ការ​កម្រិត​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ និង​សាប៊ូ អាច​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​មិន​សម​ស្រប ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ​ស្ត្រី​បំបៅ​ដោះ​កូន​ ឬ​ស្ត្រី​ដែល​មក​រដូវ​ ហើយ​សម្ភារៈ​ប្រើប្រាស់​អំឡុង​ពេល​មក​រដូវ​មិន​ត្រូវ​បាន​ផ្ដល់​ដោយ​ពន្ធនាគារ​នោះ​ទេ ​ដែល​ទាំង​នេះ​ជា​ការ​អនុវត្ត​ផ្ទុយពី​វិធានការ​ច្បាប់​ជាតិ​និង អន្តរជាតិ។

ឆ្លើយតប​ចំពោះ​ករណី​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា ថ្លែង​ថា ពន្ធនាគារ​ផ្នែក​ស្ត្រី ម២ និង​នៅ​ខេត្ត​សៀមរាប ពិត​ជា​មាន​ភាព​ចង្អៀត​ណែន ប៉ុន្តែ​នៅ​តែ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ពន្ធនាគារ​ផ្នែក​បុរស។ ជា​មួយ​គ្នា​នេះ លោក ​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​ថា ពន្ធនាគារ​មិន​បាន​គិតគូរ​អំពី​អនាម័យ។ លោក​ អះអាង​ថា ពន្ធនាគារ ​បាន​ផ្តល់​សម្ភារៈ​អនាម័យ​ដល់​ជន​ជាប់​ឃុំ ជា​ស្ត្រី​ជាហូរហែ​ ប៉ុន្តែ​លោក ក៏​ទទួល​ស្គាល់​ដែរ​ចំពោះ​បញ្ហា​ខ្វះ​ខាត​ធនធាន​មួយ​ចំនួន ​ដូចជា​ធនធាន​សម្រាប់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាដើម៖ «ការងារ​បណ្ដុះបណ្ដាល​របស់​យើង​វា​អត់​ទាន់​មាន​ដំណើរ​ការ​ពេញលេញ​ទេ ព្រោះ​បញ្ហា​ទី១ ហេដ្ឋារចនាសម្ព័ន្ធ ដែល​អំណោយ​ផល​ដូចជា ថ្នាក់​រៀន ដូចជា កន្លែង​អនុវត្ត​ផ្ទាល់ យើង​ក៏​មិន​សូវ​សម្បូរ​ដែរ។ ដូច្នេះ​ឱកាស​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ពួក​គាត់ ក៏​មិន​បាន​ពេញលេញ​ដែរ។ ប៉ុន្តែ​បើ​លីកាដូ គាត់​ឃើញ ចន្លោះ​ប្រហោង ដូច​ថា យើង​ខ្វះ​គ្រូ​បណ្ដុះបណ្ដាល យើង​ខ្វះ​ឧបករណ៍​សម្ភារៈ​យក​មក​បណ្ដុះបណ្ដាល​ឲ្យ​បាន​ពេញ​ដៃ​ពេញ​ជើង គឺ​អា​ហ្នឹង​គាត់​អាច​សហការ​ជា​មួយ​យើង»

គិត​ត្រឹម​ដើម​ឆ្នាំ​នេះ​ ជិត​មួយ​ភាគ​បី​នៃ​ស្ត្រី និង​ក្មេង​ស្រី ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដែល​អង្គការ​លីកាដូ​បាន​ឃ្លាំមើល គឺ​ស្ថិត​ក្នុង​ដំណាក់​កាល​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ។ អង្គការ​លីកាដូ ​ស្នើសុំ​ដល់​អាជ្ញាធរ​ គួរ​តែ​ប្រើប្រាស់​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ជា​ជម្រើស​ចុង​ក្រោយ​ ស្របតាម​គោលការណ៍​សន្មត​ថា​គ្មាន​ទោស​ និង​ការពិចារណា​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​អ្នកជាប់ឃុំ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដូចជា​ ស្ត្រី​មានផ្ទៃពោះ ស្ត្រី​មាន​កូន​តូច​នៅ​ជាមួយ និង​អ្នក​ជាប់​ឃុំ​ជា​អនីតិជន​ជា​ដើម។

លោក នុត សាវនា ​គាំទ្រ​ចំពោះ​អនុសាសន៍​ដែល​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ ចំពោះ​បទ​ល្មើស​កម្រិត​ស្រាល​នេះ ប៉ុន្តែ​លោក​យល់​ថា តុលាការ អាច​នឹង​ពិបាក​អនុវត្ត​តាម​ព្រោះ​កន្លង​ទៅ ប្រជាពលរដ្ឋ ​តែង​រិះគន់​ថា ​តុលាការ​ស៊ី​សំណូក​ពី​ជន​សង្ស័យ ទើប​គ្មាន​ការ​ឃុំ​ខ្លួន​ជា​ដើម៖ «តែ​ដល់​អ៊ីចឹង​តុលាការ គាត់​ទទួល​រង​ការ​និន្ទា​ពី​សហគមន៍​អ៊ីចឹង តើ​គាត់​ចេញ​សាលក្រម​ហ្នឹង​យ៉ាង​ម៉េច​កើត គឺ​គាត់​ធ្វើ​អត់​កើត​ទេ ខ្លាច​ចោទ​ថា គាត់​ស៊ី​សំណូក ដូច្នេះ​ករណី​នេះ​ទាមទារ​ឲ្យ​មាន​ការ​យោគយល់​ពី​សហគមន៍​ខាង​ក្រៅ​ដែរ ។ការ​អនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ​នេះ វា​ប្រសើរ​ណាស់ ហើយ​តាម​ពិត​បើ​នៅ​ប្រទេស​គេ​ជឿនលឿន​គេ​សុខ​ចិត្ត​ឲ្យ​អនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ​ឲ្យ​បាន​ច្រើន​ជាង​នៅ​ក្នុង​ពន្ធនាគារ»

គិត​ត្រឹម​ចុង​ឆ្នាំ២០២០ ពន្ធនាគារ​ចំនួន១៧ ក្នុង​ចំណោម​ពន្ធនាគារ​ទាំង១៨ ដែល​អង្គការ​លីកាដូ​បាន​ឃ្លាំមើល បាន​ផ្ទុក​មនុស្ស​លើស​ពី ១០០%​ នៃ​ទំហំ​ផ្ទុក​របស់​ពន្ធនាគារ​នីមួយៗ។​ មណ្ឌល​អប់រំ​កែប្រែ​ទី២ សម្រាប់​ឃុំ​ខ្លួន​ស្ត្រី គឺ​បាន​ផ្ទុក​មនុស្ស​លើស​ចំណុះ​ជិត ៤០០%។ អង្គការ​លីកាដូ​ ពិនិត្យ​ឃើញ​ថា ​ភាព​ចង្អៀត​ណែន​ដ៏​លំបាក​នេះ ​បាន​បង្កើត​ឱ្យ​មាន​ស្ថាន​ភាព​កាន់តែ​អាក្រក់ ដូច​ជា អសុវត្ថិភាព គ្មាន​អនាម័យ និង​អមនុស្សធម៌។ ស្ថាន​ភាព​ទាំងនេះ ​បាន​អនុវត្ត​ផ្ទុយ​ពី​ស្តង់ដារ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អ្នក​ជាប់​ឃុំ ​និង​រំលោភ​វិធានការ​ជាក់លាក់​នៃ​វិធានការ​មិន​ឃុំខ្លួន​សម្រាប់​ជនល្មើស​ជា​ស្ត្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល