លោក ហ៊ុន សែន ព្រមានបិទអង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបណ្ដាប្រទេសលោកសេរី ខណៈលោកសង្ស័យថា មានអង្គការសង្គមស៊ីវិលលួចធ្វើនយោបាយទុច្ចរិតជួលកូដករឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោក។ អ្នកវិភាគមើលឃើញថា លោក ហ៊ុន សែន កំពុងធ្វើឱ្យប្រទេសជួបវិនាសកម្មធ្ងន់ធ្ងរ ដោយសារការចាត់ទុកអ្នកធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងក្រុមប្រទេសលោកសេរី ជាសត្រូវរបស់ខ្លួន។
លោក ហ៊ុន សែន បន្តចោទថា មានអង្គការសង្គមស៊ីវិលធ្វើការងារលាក់លៀម យកលុយទៅជួយកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ដើម្បីជួលឱ្យធ្វើការតវ៉ា។ លោកអះអាងថា ប្រសិនបើគ្មានអ្នកផ្ដល់លុយជួយចិញ្ចឹម កូដករទាំងនោះ ក៏មិនអាចមានលទ្ធភាពចេញតវ៉ាប្រហែល២ឆ្នាំមកនេះដែរ ហើយកន្លងមក លោកគ្រាន់តែមិនទាន់បញ្ជាឱ្យចាប់អ្នកដែលផ្ដល់លុយទាំងនោះតែប៉ុណ្ណោះ។
នៅក្នុងពិធីជួបសំណេះសំណាលកម្មករនៅខេត្តកណ្ដាល នៅថ្ងៃទី៣ មិថុនា លោក ហ៊ុន សែន លើកឡើងថា លោកនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានពិភាក្សាគ្នា និងសម្រេចរួចហើយ ដើម្បីឱ្យអង្គការសង្គមស៊ីវិលទាំងអស់ ត្រូវធ្វើរបាយការណ៍ហិរញ្ញវត្ថុបញ្ជាក់ពីប្រភពលុយដែលទទួលបានពីម្ចាស់ជំនួយពីក្រៅប្រទេស ហើយប្រសិនបើមិនធ្វើក្នុងរយៈពេលដែលបានកំណត់ នោះនឹងត្រូវរំលាយចោលតែម្ដង។ លោកបន្តថា លោកមិនដកថយក្នុងការជំរុញឱ្យអនុវត្តវិធានការនេះឡើយ ហើយវានឹងត្រូវកំណត់នៅក្នុងវិសោធនកម្មច្បាប់ស្ដីពីអង្គការក្រៅរដ្ឋាភិបាល ខណៈលោកចោទថា ក្រុមអង្គការសង្គមស៊ីវិលទទួលបានជំនួយពីប្រទេសលោកសេរី ធ្វើការងារដើម្បីរាយការណ៍អាក្រក់ពីរដ្ឋាភិបាលរបស់លោក។
លោក ហ៊ុន សែន៖ «យកលុយទៅជួយអានេះ យកលុយទៅជួយអានោះ អ៊ីចឹងទេ យើងនឹងពិនិត្យឡើងវិញទាំងអស់ នូវអង្គការណាទទួលលុយពីអ្នកណា ត្រូវនិយាយគ្នាឱ្យច្បាស់ បើមិនអ៊ីចឹង អ្នកឯងបញ្ជូនលុយមក ធ្វើភេរវកម្ម ធ្វើម៉េចខ្ញុំជឿ។ អ្នកឯងបញ្ជូនលុយមក ជួនណា ក្រោមហេតុផលណាមួយ អ្នកឯងអាចជាបណ្ដាញភេរវកម្ម ក៏អាចថា បានដើម្បីបំផ្លាញប្រទេសរបស់ខ្ញុំ»។
លោក ហ៊ុន សែន បន្ថែមថា អំឡុងពេលកើតមានវិបត្តិសេដ្ឋកិច្ចដោយសារការរីករាលដាលជំងឺឆ្លងកូវីដ១៩ ប្រទេសជាច្រើនអាចកាត់បន្ថយចំនួនកម្មករ និងបុគ្គលិក ប៉ុន្តែក្រុមហ៊ុនណាហ្គាវើលដ៍ នៅកម្ពុជា បែរជាមិនអាចកាត់បន្ថយបុគ្គល។ លោកឱ្យបរទេសឈប់ផ្ដល់លុយទៅឱ្យកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ហើយកូដករដែលលោកអះអាងថា នៅសល់៩៨នាក់ ត្រូវឈប់តវ៉ានិងស្វែងរកការងារផ្សេងធ្វើ។
បន្ថែមពីនេះ លោក ហ៊ុន សែន ក៏បានវាយប្រហារទៅលើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ខណៈលោកខឹងជុំវិញការរិះគន់របស់មន្ត្រីអ.ស.ប រូបនេះ ដែលទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអនុញ្ញាតឱ្យអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសអាចវិលចូលស្រុកវិញ។ លោក ហ៊ុន សែន ថា ការណ៍អ្នករាយការណ៍ពិសេសរូបនេះរាយការណ៍ពីកម្ពុជា ដោយសារចាត់ទុកកម្ពុជាជាសំរាមនៅក្នុងភ្នែករបស់ខ្លួន និងលើកឡើងតាមតែរបាយការណ៍ពីអង្គការសង្គមស៊ីវិល និងពីក្រុមអ្នកនយោបាយប្រឆាំង។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើងថា លោកមិនចង់ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន ទៅលើក្រុមអង្គការសង្គមស៊ីវិលឡើយ។ ប៉ុន្តែលោកលើកឡើងថា នៅក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសលោកសេរីបានជាប់កាតព្វកិច្ច ដើម្បីជួយកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យរីកចម្រើន ដោយក្នុងនោះ បានរួមគ្នាផ្ដល់ជំនួយជាប្រចាំដោយផ្ទាល់ទៅរដ្ឋាភិបាល និងតាមរយៈអង្គការសង្គមស៊ីវិល ដើម្បីធ្វើជាដៃគូរបស់រដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការជួយកសាងលទ្ធិប្រជាធិបតេយ្យ រួមទាំងការគោរពសិទ្ធិជាដើម ស្របតាមរដ្ឋធម្មនុញ្ញ។
លោក ស៊ឹង សែនករុណា៖ «ការចោទប្រកាន់ ឬការរកឃើញណាមួយ មិនប្រក្រតី ចំណុចទាំងអស់នេះគឺជាអ្វីដែលយើងមានការព្រួយបារម្ភ ប្រសិនបើរឿងណុង ជារឿងពិត វាមិនមែនជាបញ្ហាទេ។ ប៉ុន្តែយើងព្រួយបារម្ភថា ក្រែងមានសេចក្ដីរាយការណ៍ណាមួយ ដោយក្នុងលក្ខណៈរើសអើង មានការគុំកួន មានការស្អប់ទៅលើស្ថាប័នណាមួយនោះ វាធ្វើឱ្យកើតមានអយុត្តិធម៌»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ជុំវិញការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺអាស្រ័យលើបច្ចេកទេសនិងវិជ្ជាជីវៈច្បាស់លាស់ និងតាមរយៈការចុះមកមើលឃើញផ្ទាល់ ជួបតួអង្គពាក់ព័ន្ធទាំងអស់ ទាំងអង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋាភិបាល ដើម្បីវាយតម្លៃ មិនមែនរិះគន់តាមក្រុមអង្គការសង្គមស៊ីវិលឡើយ។
កូដករណាហ្គាវើលដ៍អ្នកនាង ម៉ម សុវឌ្ឍិន ទាត់ចោលការចោទប្រកាន់របស់លោក ហ៊ុន សែន ថាក្រុមអ្នកនាងធ្វើការតវ៉ាកន្លងមកនេះ ដោយសារទទួលបានលុយពីក្រុមអង្គការសង្គមស៊ីវិល ឬពីបរទេស។ អ្នកនាងអះអាងថា កន្លងមក ប្រាក់ដែលកូដករទទួលបាន តាមរយៈការរៃអង្គាសរបស់សហជីព និងកម្មករដូចគ្នា រួមទាំងពីសប្បុរសជននៅក្រៅប្រទេស ដើម្បីឱ្យដោះស្រាយទុក្ខលំបាកខ្លះសម្រាប់កូដករ។
អ្នកនាង ម៉ម សុវឌ្ឍិន៖ «គេ(ក្រុមហ៊ុននៅក្រៅប្រទេស)បញ្ឈប់ហ្នឹង គេជួបវិបត្តិកូវីដពិតប្រាកដមែន តែចម្លែកតែនៅស្រុកខ្មែរ ដែលថៅកែណាហ្គាវើលដ៍ គាត់នៅចំណេញ ហើយហេតុអីគាត់កុហកថា គាត់ហ្នឹងជួបវិបត្តិកូវីដ ហើយយកលេសហ្នឹងគាស់រំលើងសហជីពចោលទាំងឫស។ អ៊ីចឹង វាមើលឃើញច្បាស់ក្រឡែតថា រឿងហ្នឹង កម្មករមិនសុខចិត្ត កម្មករនៅតវ៉ាទាមទារ ឱ្យថៅកែហ្នឹងគោរពសេរីភាពរបស់សហជីពហ្នឹង អ៊ីចឹងបាន កម្មករនៅតវ៉ារហូតដល់សព្វថ្ងៃហ្នឹង ហើយដល់ពេលគាត់(ហ៊ុន សែន)យកមកប្រៀបធៀបអ៊ីចឹង វាអត់ត្រឹមត្រូវ អត់ដូចគ្នាទេ ការប្រៀបធៀបហ្នឹង»។
ចំណែកអ្នកវិភាគនយោបាយលោក គឹម សុខ ចាត់ទុកការព្រមានបន្តបង្ក្រាបឥតឈប់ឈររបស់លោក ហ៊ុន សែន លើមន្ត្រីគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើវិស័យការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិកម្មករថា ជាយុទ្ធវិធីមួយដើម្បីកុំឱ្យមានចរន្តនៃការតវ៉ាទាមទារយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យតទៅទៀត ស្របពេលលោក ហ៊ុន សែន កំពុងមានវ័យកាន់តែចាស់ទ្រុឌទ្រោម និងមិនចង់ឱ្យមានឧបសគ្គដល់ការផ្ទេរអំណាចទៅកូនប្រុសរបស់លោក។
លោក គឹម សុខ៖ «បិទអង្គការអស់ហ្នឹង កុំក្លាយទៅជាក្បាលម៉ាស៊ីននៃចរន្ត លើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យទាមទារយុត្តិធម៌ ហើយនឹងប្រជាធិបតេយ្យ ពីព្រោះ បើកាលណាមានចរន្តរបស់ពលរដ្ឋ ទាមទារយុត្តិធម៌និងប្រជាធិបតេយ្យ គាត់(ហ៊ុន សែន)គិតថា ពិបាកទប់ ពិបាកទប់មែនទែន ដោយសារសុខភាពរបស់លោក ហ៊ុន សែន ក៏មិនស្រួលដែរឥឡូវហ្នឹង។ ចុះបើឧបមាថា ស៊យធ្វើការលែងកើតភ្លាមៗ កូនប្រុសរបស់គាត់ អាចត្រូវគេរុញចេញ គឺផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា រុញចេញតែម្ដង»។
លោកបន្តថា លោក ហ៊ុន សែន កំពុងចាត់ទុកគណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិនិយមប្រជាធិបតេយ្យ និងអង្គការសហប្រជាជាតិ ដែលកំពុងជួយជ្រោមជ្រែងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាសត្រូវនយោបាយអំណាចរបស់ខ្លួន ហើយបើលោក ហ៊ុន សែន មិនព្រមដកថយទេ កម្ពុជានឹងប្រឈមបញ្ហាធ្ងន់ធ្ងរ ដែលធ្លាប់កើតឡើងនៅមុនពេលកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលជួយស្វែងរកបានសន្តិភាពនិងការបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា។
លោក គឹម សុខ ព្រួយបារម្ភថា នៅពេលកម្ពុជាមានរដ្ឋាភិបាល និងរដ្ឋសភា ដែលជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមគ្រួសារត្រកូល«ហ៊ុន» និងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនៃបណ្ដាប្រទេសលោកសេរី ហើយធ្វើការងារតែជាមួយប្រទេសកុម្មុយនិស្ត ដូចជាប្រទេសវៀតណាម និងប្រទេសចិន ដើម្បីឱ្យជួយរក្សាអំណាចឱ្យគ្រួសារលោក ហ៊ុន សែន នោះពលរដ្ឋខ្មែរនឹងអាចរងទុក្ខវេទនាជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។