លោក ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញ ប្រើប្រាស់បន្លាលួសព័ទ្ធឃុំក្រុមកូដករណាហ្គាវើលដ៍ (Naga World) នៅនឹងកន្លែង ប្រសិនបើពួកគេហ៊ានតវ៉ាបិទផ្លូវ។ ការចេញបញ្ចានេះ ស្របពេលលោក ហ៊ុន សែន បន្តចោទប្រកាន់ក្រុមកូដករថា ជាអ្នកស៊ីឈ្នួលធ្វើបាតុកម្ម។ ប៉ុន្តែក្រុមកូដករហួសចិត្តនឹងការចោទប្រកាន់ជាថ្មីរបស់លោក ហ៊ុន សែន ខណៈពួកគេជាអ្នករងគ្រោះពីការរំលោភបំពានសិទ្ធិពីថៅកែ។
ពន្លឺយុត្តិធម៌សម្រាប់ក្រុមកូដករខ្មែរ ដែលត្រូវបានរំលោភបំពានសិទ្ធិការងារ ពីថៅកែជនបរទេសក្រុមហ៊ុនណាហ្គាវើលដ៍ ហាក់កាន់តែរសាត់ឆ្ងាយទៅ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសជាថ្មីថា នឹងមិនជួយរកដំណោះស្រាយឡើយ ហើយលោកថែមទាំងបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ប្រើប្រាស់វិធានការបង្ក្រាប ប្រសិនពួកគេហ៊ានតវ៉ាបិទផ្លូវ។
អំឡុងពេលចុះជួបរកសំឡេងឆ្នោតពីក្រុមកម្មករនៅខេត្តកណ្ដាលនៅថ្ងៃទី២៤ មិថុនា លោក ហ៊ុន សែន លើកឡើងថា លោកនឹងមិនខ្វល់ចំពោះការតវ៉ាស្វែងរកយុត្តិធម៌ពីក្រុមកូដករណាហ្គាវើលដ៍ឡើយ ដោយសារលោកចោទប្រកាន់ថា ពួកគេមានអ្នកនៅពីក្រោយផ្ដល់លុយឱ្យចេញធ្វើបាតុកម្មរយៈពេល២ឆ្នាំមកនេះ ដើម្បីកេងចំណេញនយោបាយ។
លោក ហ៊ុន សែន៖ «មានមនុស្ស(កូដករ)ខ្លះ ក៏ត្រូវបានក្រសួងការងារ ជួយដោះស្រាយការងារធ្វើ នៅកន្លែងផ្សេង។ ប៉ុន្តែ មនុស្សប៉ុន្មាននាក់នេះ អត់ព្រមៗ។ ឥឡូវ!អ៊ីចេះ សូមអញ្ជើញធ្វើ(កូដកម្ម)៥ឆ្នាំទៀតចុះ បើអូសបាន៥ឆ្នាំទៀត ក៏ល្អមើលដែរ សូមអញ្ជើញទៅ។ តែសុំកុំបិទផ្លូវឱ្យសោះ តែបិទផ្លូវហើយ គឺយកអាបន្លាលួសទៅព័ទ្ធជុំវិញ ឱ្យដេកនៅត្រង់នុ៎ង រួចយកភួយយកខ្នើយឱ្យគាត់ដេកទៅ។ បិទផ្លូវអត់បានទេ ប៉ះពាល់ទៅដល់សិទ្ធិអ្នកដទៃ ក្នុងការធ្វើចរាចរណ៍»។
ជារឿយៗលោក ហ៊ុន សែន តែងចោទប្រកាន់ក្រុមកូដករណាហ្គាវើលដ៍ ថាជាក្រុមស៊ីឈ្នួលធ្វើបាតុកម្ម ដោយម្ដងលោកអះអាងថា លោកដឹងពីទីតាំងនិងអ្នកផ្ដល់លុយទៅឱ្យកូដករ ប៉ុន្តែចុងក្រោយនេះ លោកបែរជាចោទសួរថា តើអ្នកណាជាអ្នកនៅពីក្រោយនៃការផ្ដល់លុយទៅឱ្យក្រុមកូដករនោះទៅវិញ។
នៅពេលលោក ហ៊ុន សែន ហាក់ចោទប្រកាន់ត្រឡប់ត្រឡិនថា ក្រុមកូដករសម្ដែងធ្វើបាតុកម្មនោះ មានក្រុមកូដករមួយចំនួនដែលភាគច្រើនជាស្ដ្រី ត្រូវបានចាប់ចងដាក់ពន្ធនាគារ ខណៈខ្លះទៀតបានបែកមុខបែកមាត់ និងរលូតកូន ដោយសាររងអំពើហិង្សាជាបន្តបន្ទាប់ពីកងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ។ ចំណែកក្រុមសហជីពនិងក្រុមមន្ត្រីសិទ្ធិមនុស្ស តែងទទូចឱ្យរដ្ឋាភិបាលជួយដំណោះស្រាយ ខណៈពួកគេចាត់ទុកក្រុមកូដករ ថាជាជនរងគ្រោះ ដែលត្រូវបានបណ្ដេញចេញពីការងារទាំងអយុត្តិធម៌ ពីសំណាក់ម្ចាស់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្រួសាររបស់លោក ហ៊ុន សែន។
កូដករណាហ្គាវើលដ៍លោកស្រី សុខ រតនា ដែលរលូតកូនដោយសាររងអំពើហិង្សាពីកម្លាំងសមត្ថកិច្ចលើកឡើងថា អំឡុងពេលតវ៉ា ២ឆ្នាំមកនេះ លោកស្រីឆ្លៀតពេលធ្វើការក្រៅម៉ោង ជាអ្នកស៊ីឈ្នួលលក់ដូរប្រហិតឱ្យគេ មួយថ្ងៃបាន២ ទៅ៤ម៉ឺនរៀល ដើម្បីជួយទប់ទល់នឹងការចំណាយចាំបាច់ប្រចាំថ្ងៃ។
លោកស្រី សុខ រតនា៖ «និយាយពីអ្នកនៅពីក្រោយ អត់មាននរណានៅពីក្រោយទេ គឺមានតែគ្រួសាររបស់ខ្ញុំ។ ជាក់ស្ដែង គ្រួសាររបស់ខ្ញុំ គាត់អ្នកធ្វើស្រែ មិនអត់ទេ ត្រឹមអង្ករផ្ដល់ឱ្យពួកខ្ញុំហូប ត្រឹមមួយខែមួយការុងអីៗ ឱ្យពួកយើងញ៉ាំ។ ហើយអាប្រាក់ជំនួយអី ក៏ខ្ញុំអត់ដែលទទួលបានដែរ។ ខ្ញុំរកស៊ីខ្លួនឯង ដើម្បីយកលុយហ្នឹង មកតស៊ូមតិជាដើម ព្រោះខ្ញុំឈឺចាប់ណាស់»។
ចំណែកកូដករម្នាក់ទៀតលោកស្រី ម៉ម សុវឌ្ឍិន លើកឡើងថា ការតវ៉ាកន្លងមកនេះ គ្រាន់តែជាការប្រើប្រាស់សិទ្ធិដែលមានចែងនៅក្នុងច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ នៅពេលរងទុក្ខលំបាកពីការរំលោភបំពានពីថៅកែ។ ប៉ុន្តែលោកស្រីហាក់និយាយមិនចេញ ដោយមិនដឹងទៅពឹងអ្នកណាឡើយ នៅពេលលោក ហ៊ុន សែន បន្តចោទប្រកាន់មកលើក្រុមកូដករបែបនេះ។
លោកស្រីថា៖ «ខ្លួនខ្ញុំផ្ទាល់ ការធ្វើកូដកម្មហ្នឹង គឺជាការធ្វើស្របទៅតាមនីតិវិធីដែលមានចែង នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញយើង ហើយនៅពេលកម្មករអនុវត្តអ៊ីចឹង ត្រូវបានចោទប្រកាន់ហ្នឹង ខ្ញុំមិនដឹងថា តើកម្មករមានសិទ្ធិធ្វើអ្វីខ្លះ។ ឥឡូវ!ខ្ញុំចោទជាសំណួរថា តើកម្មករមានសិទ្ធិតវ៉ាអត់»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ចាត់ទុក ការបន្តចោទប្រកាន់ក្រុមកូដករណាហ្គាវើលដ៍ ជាក្រុមស៊ីឈ្នួលធ្វើបាតុកម្ម ថា ជាវោហារសាស្ត្រទម្លាក់កំហុស និងខ្វះការទទួលខុសត្រូវ ពីព្រោះលោកយល់ថា គ្មានអ្នកណាម្នាក់ទៅសម្ដែងតវ៉ា រហូតទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
លោក នី សុខា៖ «សុខចិត្តដើរហាលថ្ងៃ ហាលភ្លៀង ហាលក្ដៅ ហើយដោយមានការគំរាមកំហែងផង មានការបំភិតបំភ័យផង មានការរារាំងផង ហើយចេះតែបន្តធ្វើកូដកម្ម ដោយសម្ដែងមិនកើតទេ។ វាទាល់តែអ្នកនុ៎ងឯង ទទួលរងនូវផលប៉ះពាល់ និងការឈឺចាប់។ ខ្ញុំគិតថា យើងគួរកុំយកការឈឺចាប់របស់ក្រុមកូដករ មកទម្លាក់កំហុសលើគ្នា។ យើងគួរណាស់តែខិតខំរកមធ្យោបាយ ធ្វើការដោះស្រាយ»។
ក្រុមកូដករណាហ្គាវើលដ៍ចង់ជួបលោក ហ៊ុន សែន ផ្ទាល់ដើម្បីបកស្រាយ ថា ពួកគេគ្មានអ្នកណាញុះញង់ឱ្យចេញតវ៉ាឡើយ ហើយការកាត់បន្ថយបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ អំឡុងពេលកូវីដ ដោយសារថៅកែ មិនចង់ឱ្យមានសហជីពជួយការពារសិទ្ធិដល់បុគ្គលិក និងមិនមែនដោយសាររកស៊ីមិនចំណេញ ដូចការអះអាងរបស់លោក ហ៊ុន សែន ឡើយ។ នៅអំឡុងវិបត្តិកូវីដរាតត្បាតខ្លាំងក្នុងឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែអាចរកប្រាក់ចំណេញបានជាង ១រយលានដុល្លារ ហើយក្រោយមក ថែមទាំងប្រកាសជ្រើសរើសបុគ្គលិកថ្មីចូល បន្ទាប់ពីការបណ្ដេញបុគ្គលិកដែលជាសមាជិកសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
