សមត្ថកិច្ចខែត្រស្ទឹងត្រែង រារាំងជនជាតិដើមភាគតិចព្នង ដែលក្រាញននៀលមិនទទួលសំណង ពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ ជាង ១០នាក់ មិនឲ្យធ្វើដំណើរទៅទីរួមខេត្តស្ទឹងត្រែង ក្រោមហេតុផលមិនសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ។ ពួកគេចាត់ទុកការរារាំងនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋផ្ទុយពីរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែអាជ្ញាធរស្រុកអះអាងថា ការរារាំងនេះ ដើម្បីជួយពលរដ្ឋទៅវិញទេ។
ជនជាតិដើមភាគតិចព្នងរស់នៅឃុំក្បាលរមាស ស្រុកសេសានចាត់ទុកការរារាំងនេះ ជាការរើសអើង និងរំលោភសិទ្ធិសេរីភាពធ្វើដំណើរ និងការទំនាក់ទំនងសេដ្ឋកិច្ចជាដើម។ ពួកគេទាមទារឲ្យអាជ្ញាធរ ខេត្តស្ទឹងត្រែង ពិរចារណាឡើងវិញ ចៀសវាងពង្រីកបញ្ហាកាន់តែរីកធំឡើង ដែលនាំឲ្យពលរដ្ឋកាន់តែជួបការលំបាក។
ពលរដ្ឋដែលបដិសេធមិនទទួលសំណងរស់នៅឃុំក្បាលរមាស លោក គឹម ឌឿង ឲ្យដឹងនៅថ្ងៃទី២៣ កញ្ញាថា សមត្ថកិច្ចស្រុកសេសានមួយក្រុម ពាក់ឯកសណ្ឋាននគរបាល បានហាមអ្នកភូមិ ១៣នាក់ នៅព្រឹកថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៨ នៅគ្រាដែលពួកគេកំពុងធ្វើដំណើរដោយរថយន្ត បំណងទៅទីរួមខេត្តស្ទឹងត្រែង ដើម្បីបំពេញបែបបទស្នើសុំចុះបញ្ជីដីសមូហភាព ដែលក្រសួងមហាផ្ទៃបានអនុញ្ញាត។ លោកថា សមត្ថកិច្ចទាំងនោះ បានបង្ខំឲ្យពលរដ្ឋទៅផ្ទះវិញ បើទោះបីជាអ្នកភូមិព្យាយាមបង្ហាញហេតុផលយ៉ាងណាក្តី។ លើសពីនេះទៀត ការរារាំងនេះ បង្កការលំបាកខ្លាំងដល់ស្ត្រី និងកូនខ្ចីពីរនាក់ ដែលបានធ្វើដំណើររួមគ្នាជាមួយសហគមន៍ បំណងទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត ក៏ប៉ុន្តែបែរជាខកបំណង៖ «រារាំង គឺរើសអើងជនជាតិដើមភាគតិច ធ្លាប់គេមើលងាយ គេរំលោភបំពានសិទ្ធិអីចឹង។ អ្នកមានជំងឺថា ទៅរកពេទ្យដល់គេមិនឲ្យទៅ ត្រឡប់មកទាំងអស់គ្នា»។
ពលរដ្ឋម្នាក់ទៀត លោកស្រី ចឺ នាង លើកឡើងថា សមត្ថកិច្ចបានរារាំងពួកគេរយៈពេល ២ថ្ងៃមកហើយ នាំឲ្យពលរដ្ឋខ្លះ ត្រូវខកខានមិនអាចធ្វើដំណើរចេញទៅក្រៅ ទំនាក់ទំនងសេដ្ឋកិច្ច និងទិញសម្ភារៈជាដើម។ លោកស្រីចាត់ទុកការរារាំងនេះថា បានបង្កប៉ះពាល់ជីវភាពរស់នៅពលរដ្ឋរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ មួយកម្រិតទៀត ត្បិតក្តីកង្វល់ជាច្រើន ដែលពួកគេប្រឈមជាយូរមកហើយ នៅគ្រាដែលក្រុមហ៊ុនបិទទ្វារទឹកពន្លិចភូមិកំណើតរបស់ពួកគេ បង្កឲ្យលិចលង់ផ្ទះសម្បែង ផ្នូរកប់សព ផលដំណាំ និងទ្រព្យសម្បត្តិជាដើម អាជ្ញាធរនៅមិនទាន់មានដំណោះស្រាយចប់នៅឡើយ។ លោកស្រីថា មានពលរដ្ឋ ៤នាក់បានស្លាប់ ដោយសារជំងឺ ព្រោះផ្លូវលំបាកធ្វើដំណើរ រូមផ្សំជីវភាពខ្វះខាតផង៖ « តាមពិតគាត់រំលោភសិទ្ធិជនជាតិដើមភាគតិច។ បំបិទសិទ្ធិសេរីភាពក្នុងសហគមន៍ក្បាលរមាស » ។
ឆ្លើយតបការចោទប្រកាន់នេះ អភិបាលស្រុកសេសានស្តីទី លោក សុវណ្ណ ពិសេដ្ឋ មានប្រសាស៍ថា ហេតុផលដែលសមត្ថកិច្ចរារាំង ដោយសាររយៈពេលប៉ុន្មានថ្ងៃនេះ ជាថ្ងៃឈប់សម្រាកនៅស្ថាប័នរដ្ឋ បើពលរដ្ឋធ្វើដំណើរទៅទីរួមខេត្តស្ទឹងត្រែង នាំតែខកខានពេលវេលានោះទេ។ លោកថា អាជ្ញាធរភូមិ/ឃុំ និងស្រុក គាំទ្ររាល់សកម្មភាពការងាររបស់ជនជាតិដើមភាគតិច និង តែងតែចុះផ្ទាល់នៅមូលដ្ឋាន។ លោកន្ថែមថា ប្រសិនបើសាធារណជន និងក្រុមនិស្សិតចង់ចូលតំបន់នោះ គួរតែផ្តល់ដំណឹង មកអាជ្ញាធរមូលដ្ឋានជាមុនសិន៖ « ដើម្បីធ្វើសកម្មភាពលុះត្រាតែមានផែនការការងារច្បាស់លាស់។ យើងក៏មិនបានដឹងថា គាត់មកជួបដែរ។ ខ្ញុំបានសួរមន្ទីរជំនាញ គេថា អត់បានណាត់ជួបពួកគាត់ទេ។ ខ្ញុំសូមអធ្យាស្រ័យបងប្អូនជនជាតិដើមភាគតិច ស្រុក / ខេត្តគាំទ្រទាំងស្រុងការងារចុះបញ្ជីដីជនជាតិដើមភាគតិច និងចូលរួមធ្វើជាមួយគ្នា » ។
នេះពុំមែនជាលើកទីមួយទេ ដែលអាជ្ញាធរខេត្តស្ទឹងត្រែង រឹតត្បិតអ្នកខាងក្រៅ និងជនជាតិដើមភាគតិចមិនឲ្យចេញចូលតំបន់នោះ ក្រោមលេសថា ការពារសុវត្ថិភាព និងសន្តិសុខ។ កាលពីចុងឆ្នាំ ២០១៧ កន្លងទៅ សមត្ថកិច្ចខេត្តស្ទឹងត្រែង បានរារាំងក្រុមភ្លេងជនជាតិដើមភាគតិច ១៦នាក់ មិនឲ្យចួលឃុំក្បាលរមាស ដើម្បីសម្តែងសិល្បៈ។ លើសពីនេះ សមត្ថកិច្ចធ្លាប់ឆែកឆេររថយន្តដឹកអ្នកដំណើររបស់ពលរដ្ឋ នៅគ្រាដែលក្រុមហ៊ុនបានចាប់ផ្តើមបិទទ្វារទឹកពន្លិចភូមិ។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក សឹង សែនករុណា ចាត់ទុកការរារាំងនេះថា ផ្ទុយពីគោលការណ៍របស់ក្រសួងមហាផ្ទៃ និងផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលបើកទូលាយផ្តល់សិទ្ធិសេរីភាពពេញលេញជូនពលរដ្ឋ ក្នុងការស្វែងរកដំណោះស្រាយនានា។ លោកពន្យល់ថា សង្គមប្រជាធិបតេយ្យ បើពលរដ្ឋមិនពេញចិត្តលើការដោះស្រាយអ្វីមួយ និងការរឹតត្បិតសិទ្ធិសេរីភាពបែបនេះ ពលរដ្ឋអាចមានសិទ្ធិតវ៉ា ប៉ុន្តែបើអាជ្ញាធររារាំងពួកគាត់មិនឲ្យតវ៉ាដោយសន្តិវិធី គឺជាការគំរាមកំហែងលើសិទ្ធិសេរីភាពបំពានច្បាប់៖ « សេរីភាពពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ កាលណាគាត់មិនពេញចិត្ត គាត់មានសិទ្ធិដើរហើរ និងទាមទារតវ៉ាស្របតាមច្បាប់។ បើជនណារារាំង គឺជាការគំរាមកំហែងសិទ្ធិពលរដ្ឋ » ។
មកទល់ពេលនេះ ពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៧គ្រួសារ និងឃុំស្រែគ ៤៥គ្រួសារ រាប់បញ្ចូលទាំងពលរដ្ឋបំបែកគ្រួសារផង នៅមិនទាន់យល់ព្រមទទួលសំណងពីក្រុមហ៊ុននៅឡើយ។ អំឡុងខែកញ្ញាកន្លងទៅមានពលរដ្ឋរស់នៅឃុំស្រែគ ៥គ្រួសារថ្មីទៀត សម្រេចចិត្តព្រមទទួលសំណងពីក្រុមហ៊ុន និងបានទៅតាំងទីលំនៅថ្មី ដែលក្រុមហ៊ុនផ្តល់ជូនផ្អែកតាមគោលនយោបាយសំណង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
