តើ​អ្នកណា «ដឹកនាំ​រឿង​ហិង្សា​នយោបាយ» នៅ​កម្ពុជា?

0:00 / 0:00

រយៈពេល​ប្រមាណ ៥ ឆ្នាំ​ចុងក្រោយ​នេះ អំពើ​ហិង្សា​ទៅលើ​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង និង​អ្នករិះគន់​រដ្ឋាភិបាល បាន​កើតមាន​ឥត​ឈប់ឈរ។ ជនរងគ្រោះ និង​ក្រុម​គ្រួសារ​តែងតែ​ដង្ហោយ​រក​យុត្តិធម៌ ប៉ុន្តែ​អាជ្ញាធរ​ដែល​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នោះ មិន​ដែល​បាន​នាំ​ខ្លួន​ជន​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​យក​មក​ដាក់​ទោស​តាម​ផ្លូវច្បាប់​នោះ​ទេ។ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​អំពើ​ហិង្សា​ទាំងនេះ?

អំពើ​ហិង្សា​តាម​ទី​សាធារណៈ កំពុង​លង​បន្លាច​សកម្មជន​គណបក្សប្រឆាំង និង​អ្នក​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល។ មកដល់ពេលនេះ យ៉ាងហោចណាស់​មាន​មនុស្ស​ជាង ៥០ នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រួត​គ្នា​វាយដំ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ រហូត​ដល់​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​ពិការ ឬ​បាត់បង់​ជីវិត​ផង​ក៏​មាន។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) វាយតម្លៃ​ថា អំពើ​ហិង្សា​ទាំងនេះ គឺជា​រឿង​នយោបាយ ដែល​មាន​លោក ហ៊ុន សែន គឺជា​មេគំនិត។

លោក ហ្វីល រ៉ូបឺតសុន៖«យើង​បាន​ឃើញ​ទាំងអស់​គ្នា​ហើយ​ថា កាលពី​ខែ​មករា លោក ហ៊ុន សែន បាន​គំរាម​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​នយោបាយ​ប្រឆាំង។ គាត់​ដឹកនាំ​រឿង​ទាំងនេះ ហើយ​កូន​របស់​គាត់​ក៏​នឹង​បន្ត​នយោបាយ​ដូច​គ្នា​នេះ​ដែរ ដែល​ជន​ណា​ក៏ដោយ​ឱ្យ​តែ​ហ៊ាន​បញ្ចេញ​មតិ​ចំៗ អាច​នឹង​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយប្រហារ​ពីក្រោយ​ខ្នង ជា​ឧទាហរណ៍ ករណី​ហិង្សា​លើ​សកម្មជន​គណបក្ស​ភ្លើងទៀន​នៅ​ភ្នំពេញ។ យើង​បាន​ស៊ើបអង្កេត ស្រាវជ្រាវ និង​ទាមទារ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ទាំងនេះ។ វា​ស្ងាត់​បាន​មួយ​រយៈ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​រឿង​ទាំងនេះ ប៉ុន្តែ​រឿង​នេះ​ក៏​កក្រើក​ឡើង​វិញ ព្រោះ​មិនសូវ​មាន​អ្នក​យកចិត្តទុកដាក់»។

អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នករិះគន់​រដ្ឋាភិបាល​នេះ កើត​មាន​ក្នុង​រូបភាព​ប្រហាក់ប្រហែល​គ្នា គឺ​ជន​ដៃដល់​មាន​គ្នា​ច្រើន​នាក់ ជិះ​ម៉ូតូ​កៀរ ឬ​ធាក់​ផ្ដួល​ម៉ូតូ​ជនរងគ្រោះ រួច​ពួកគេ​ព្រួត​គ្នា​វាយ​ជនរងគ្រោះ។ ការ​វាយ​នោះ​ទៀតសោត ពួកគេ​វាយ​សំដៅ​រក​ក្បាល​ជនរងគ្រោះ ដោយ​ប្រើប្រាស់​ដំបង និង​ដែក​រលាស់។ ជន​ដៃដល់​ជា​មនុស្ស​ប្រុស​ពេញ​កម្លាំង​ពាក់​មួក​ឃ្លុប​បិទ​មុខ​ជិត។ ក្រោយ​វាយដំ​ជនរងគ្រោះ​ចាស់ដៃ​ហើយ ពួកគេ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ចេញ​ពី​ទីតាំង​កើតហេតុ។

ជនរងគ្រោះ​មួយចំនួន​បាន​រង​របួស​ធ្ងន់ធ្ងរ រហូតដល់​ធ្លាក់ខ្លួន​ពិការ​អស់​មួយ​ជីវិត ដូចជា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កាកាប ១ រាជធានី​ភ្នំពេញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ខៀវ ឌីន ជាដើម ខណៈ​អ្នកខ្លះ​បាន​ធ្លាក់ខ្លួន​ឈឺ​រហូត​ដល់​ស្លាប់ ដូចជា​លោក ស៊ីន សំអាត ចៅសង្កាត់​ជាប់ឆ្នោត​នៃ​សង្កាត់​ផ្សារ​អូរឫស្សី​ទី ៣ រាជធានី​ភ្នំពេញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម។ ករណី​ធ្ងន់ធ្ងរ​ជាងគេ គឺ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស៊ិន ខុន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ កាប់​ជាច្រើន​កាំបិត បណ្ដាល​ឱ្យ​លោក​បាត់បង់​ជីវិត កាលពី​វិច្ឆិកា ឆ្នាំ ២០២១។

អំពើ​ហិង្សា​ទាំងនេះ​កើតឡើង​ផ្ទួនៗ​គ្នា​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​អាជ្ញាធរ​មិន​ដែល​នាំ​ខ្លួន​ជន​ដៃដល់​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។ ជា​ញឹកញាប់ អាជ្ញាធរ​យក​លេស​ថា ជនរងគ្រោះ​មិន​សហការ ទើប​មិនអាច​រក​ឃើញ​ជន​ប្រព្រឹត្ត ប៉ុន្តែ​ជនរងគ្រោះ​ចាត់ទុកថា នេះ​គ្រាន់តែ​ជា​ការ​និយាយ​ដោះសា​របស់​អាជ្ញាធរ ព្រោះ​កន្លងទៅ​ពួកគាត់​បាន​ដាក់​បណ្ដឹង និង​ផ្ដល់​ព័ត៌មាន​នានា​ជូន​ដល់​សមត្ថកិច្ច​អស់​ហើយ ជាពិសេស​ករណី​ហិង្សា​ខ្លះ មាន​ទាំង​រូបភាព និង​វីដេអូ​ជន​ដៃដល់​កំពុង​ធ្វើ​សកម្មភាព​ថែមទៀត​ផង។ លើស​ពី​នេះ សម្រាប់​ករណី ព្រហ្មទណ្ឌ​ដូចជា​ការ​វាយដំ​លើ​រាងកាយ​នេះ អាជ្ញាធរ​មិន​ចាំបាច់​ទាល់តែ​មាន​ពាក្យបណ្ដឹង​ទេ ពោល​គឺ​អាជ្ញាធរ​ត្រូវ​ចាត់ការ​តាម​ចាប់​ជន​ដៃដល់ និង​អ្នកបញ្ជា​ពី​ក្រោយ​ខ្នង ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ គ្រួសារ និង​សង្គម​ទាំងមូល។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រានចោល​ការចោទប្រកាន់​ដែល​ថា គណបក្ស​របស់​លោក​ជា​អ្នក​រៀបចំ​ឱ្យ​មាន​អំពើ​ហិង្សា​ទាំងនេះ។

លោក សុខ ឥសាន៖«ការ​លើកឡើង​ថា បាតុភាព​អសកម្ម​ទាំងនេះ ទាំងនោះ បណ្ដាល​មកពី​អំពើ​ប្រព្រឹត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាហ្នឹង​ខ្ញុំ​សូម​ធានា​អះអាង​ថា អត់​មាន​ជា​ដាច់ខាត»។

ទោះជា​មាន​ការ​បកស្រាយ​បែបនេះ​ពី​មន្ត្រី​តំណាង​គណបក្ស​កាន់អំណាច​យ៉ាងណាក៏ដោយ ក៏​ជានិច្ចកាល លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី តែង​បង្ហាញ​ឱ្យ​គេ​ឯង​ឃើញ​ថា លោក​គឺជា​មេ​ក្លោង​នៃ​ការ​ចាប់​មនុស្ស​ដាក់គុក​ដោយ​គ្មាន​កំហុស និង​ទំនងជា​មេ​គំនិត​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ទាំងឡាយ​នៅ​កម្ពុជា។

ជាក់ស្ដែង កាលពី​ខែមករា ដើម​ឆ្នាំ​២០២៣ នេះ លោក​បាន​បញ្ចេញ​កំហឹង និង​គំរាម​ជា​សាធារណៈ​ថា លោក​អាច​ប្រើប្រាស់​ទាំង​ប្រព័ន្ធ​តុលាការ និង​ទាំង​អំពើ​ហិង្សា ដើម្បី​កម្ចាត់​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ប្រសិនបើ​ពួកគេ​ហ៊ាន​តវ៉ា​លទ្ធផល​បោះឆ្នោត ឬ​និយាយ​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។

លោក ហ៊ុន សែន៖«អ្នកឯង​ថា តុលាការ​ជា​តុលាការ​តេឡេ​កុម្ម៉ង់ បញ្ជា​ដោយ​រដ្ឋាភិបាល។ ឥលូវ អ្នកឯង​រើស​ទៅ​ក្នុង​ចំណោម ២។ ឬមួយ​អនុវត្ត​ផ្លូវ​ច្បាប់ តាម​ផ្លូវ​តុលាការ ឬមួយ​ខ្ញុំ​ត្រូវ​ប្រមូល​មនុស្ស​របស់​គណបក្ស​ប្រជាជន​ធ្វើ​បាតុកម្ម ទៅ​វ៉ៃ​ពួក​អ្នកឯង តើ​អ្នកឯង​ព្រម​ជ្រើសរើស​យក​មួយ​ណា​ក្នុង​ចំណោម​ពីរ រើស​ទៅ។ បើ​អ្នកឯង​នៅតែ​បន្ត​មិន​ឈប់​ការ​វាយប្រហារ យើង​គ្មាន​ជម្រើស​ទេ»។

កាលពី​ចុង​ឆ្នាំ២០១៥ ក្រុម​ជន​ដៃឆៅ​ដែល​ជា​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន បាន​នាំគ្នា​ព្រួត​វាយ​តំណាងរាស្ត្រ​ពីរ​រូប​នៃ​គណបក្ស​សង្គ្រោះជាតិ គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ស្ទើរ​ស្លាប់​ស្ទើរ​រស់​នៅ​មុខ​រដ្ឋសភា ក្រោយ​ពី​លោក ហ៊ុន សែន បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ក្រុម​ដៃជើង​របស់​លោក​លើកគ្នា​មក​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទីមួយ​រដ្ឋសភា នៅ​ពេល​នោះ។ ដោយសារ​មាន​វីដេអូ​បង្ហាញ​ឱ្យ​ឃើញ​មុខ​អ្នក​វាយប្រហារ​ជនរងគ្រោះ​ច្បាស់ៗ និង​មាន​សម្ពាធ​ពី​មហាជន​កាន់តែ​ខ្លាំង​ផង លោក ហ៊ុន សែន ក៏​បាន​បង្គាប់​ឱ្យ​ក្រុម​អង្គរក្ស​របស់​លោក​ទាំងនោះ ចូលខ្លួន​សារភាព។ ជន​ដៃដល់ ៣ នាក់​ក្នុង​ចំណោម​ជន​ដៃដល់​ជាច្រើន​នាក់​ផ្សេង​ទៀត រួមមាន លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ក៏​បាន​ចូល​សារភាព។ តុលាការ​បាន​ផ្ដន្ទាទោស​ពួកគេ​ទាំង ៣ នាក់ ដាក់​ពន្ធនាគារ ៤ ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​តែ ១ ឆ្នាំ​ប៉ុណ្ណោះ ដោយ​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ។ ក្រោយពេល​ផុត​ការ​អនុវត្ត​ទោស​មួយ​ឆ្នាំ​នេះ លោក ហ៊ុន សែន បាន​ដំឡើង​បុណ្យស័ក្ដិ​ដល់​ពួកគេ​ថែម​ទៀត​ផង ក្នុង​នោះ​ម្នាក់​ឡើង​ដល់​ផ្កាយ ១ និង​ពីរ​នាក់​ទៀត​ឡើង​ដល់​សក្ដិ ៥ ក្នុង​ជួរ​យោធា។

អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​ថា គោលដៅ​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​​ទាំងនេះ គឺ​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់​រដ្ឋាភិបាល។

លោក ហ្វីល រ៉ូបឺតសុន៖«វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ចាំ​ទាំងអស់​គ្នា​ថា កន្លងទៅ ពួក​ជន​ដៃឆៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អូស​តំណាងរាស្ត្រ​ចេញ​ពី​ឡាន ហើយ​វាយដំ​ច្រំ​ធាក់​ពួកគេ​នៅ​មុខ​រដ្ឋសភា។ សកម្មភាព​ហិង្សា​អស់​ទាំងនេះ​ជា​របៀបរបប​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា។ នេះ​ជា​វិធី​ដែល​ពួកគេ​អនុវត្ត​ការ​បំភិតបំភ័យ និង​បន្លាច ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​អ្នករិះគន់​ប្រឆាំង​រដ្ឋាភិបាល​នៅ​ស្ងាត់ស្ងៀម»។អនុប្រធាន​គណបក្ស​ភ្លើងទៀន ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​ជា​ជនរងគ្រោះ​មួយ​រូប គឺ​លោក នល់ ពង្សធិរិទ្ធ ឱ្យ​ដឹង​ថា លោក​មាន​អាការៈ​ឈឺក្បាល​ជាប់​ជា​ប្រចាំ តាំងពី​ត្រូវ​គេ​វាយ​កាលពី​ឆ្នាំមុន​នោះ​មក។ ម្យ៉ាងវិញទៀត លោក​ត្រូវ​បង្ខំ​ចិត្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ និង​ការ​ដើរហើរ​របស់​លោក។លោក នល់ ពង្សធិរិទ្ធ៖ «ប្រយ័ត្ន​គ្រប់​ជំហាន​ទាំងអស់​សម្រាប់​ខ្ញុំ។ និយាយ​ឱ្យ​មែន​ទែន​ទៅ ដូច​គេ​វាស់ដី​ឱ្យ​យើង​ដើរ​អ៊ីចឹង សព្វថ្ងៃ ព្រោះ​ខ្ញុំ​ត្រូវ​ប្រយ័ត្ន​គ្រប់​ជំហាន។ ហេតុអ្វី?ដោយសារ​តែ​ជន​ប្រព្រឹត្ត​ល្មើស​មក​លើ​រូប​ខ្ញុំ អត់​ទាន់​ត្រូវ​បាន​អាជ្ញាធរ​វែកមុខ​រក​ឃើញ ឬក៏​ចាប់​ខ្លួន​បាន​នោះ​ទេ»។

ជនរងគ្រោះ​មួយ​រូប​ទៀត​ដែល​ជា​អ្នក​ជំនាញ​ខាង​កសិកម្ម លោក នី ណាក់ ថ្លែង​ថា លោក​គ្មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ព្រោះ​តុលាការ​កម្ពុជា​មិន​ឯករាជ្យ ខណៈ​សមត្ថកិច្ច​វិញ​ហាក់​គ្មាន​ឆន្ទៈ​រក​មុខ​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​នោះ​ឡើយ។

លោក នី ណាក់៖ «វិស័យ​យុត្តិធម៌ និង​សមត្ថកិច្ច​ធ្វើការ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​តែ​គណបក្ស​កាន់អំណាច​មួយ អ៊ីចឹង​គណបក្ស​កាន់អំណាច​គេ​ចង់​ឱ្យ​អ្នក​ដែល​ប្រឆាំង អ្នក​ដែល​នៅ​ខាងក្រៅ​រដ្ឋាភិបាល​ហ្នឹង​បាត់​សំឡេង ខ្លបខ្លាច។ អ៊ីចឹង​ហើយ​បានជា​យុត្តិធម៌​មិន​អាច​កើតមាន​ឡើង​ចំពោះ​អ្នក​ដែល​នៅ​ក្រៅ​រដ្ឋាភិបាល»។

ក្រុម​ជនរងគ្រោះ​បន្ត​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​រក​យុត្តិធម៌​សម្រាប់​ពួកគាត់ ស្របពេល​ក្រុម​អង្គការ​សិទ្ធិមនុស្ស​បន្ត​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​នេះ។ ជាមួយ​គ្នា​នេះ អង្គការ Human Rights Watchស្នើ​ដល់​រដ្ឋាភិបាល​បរទេស​ឱ្យ​ចេញមុខ​ទាមទារ​ជា​សាធារណៈ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​រំលោភបំពាន​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។