មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថា កម្ពុជាអាចគេចផុត ពីការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ បើលោក ហ៊ុន សែន ព្រមស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។ នាយករងទទួលបន្ទុក ផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថារបបភ្នំពេញចាប់ផ្ដើមចរចា ជាមួយសហភាពអឺរ៉ុប ជិតមួយឆ្នាំហើយ។ លោកនៅមានសង្ឃឹមខ្លះ ថានឹងអាចមានដំណោះស្រាយ បញ្ចៀសទណ្ឌកម្មនេះ។
នេះជាបទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ជុំវិញស្ថានការណ៍សិទ្ធិមនុស្ស និងសម្ពាធអន្តរជាតិលើរបបលោក ហ៊ុន សែន៖
មួង ណារ៉េត៖ សូមអរគុណលោក យ៉ាងជ្រាលជ្រៅដែល លោកអញ្ជើញមកប៉ុស្តិ៍ទូរទស្សន៍អាស៊ីសេរី ដើម្បីខ្ញុំអាចសម្ភាសន៍ ដោយផ្ទាល់។ តើលោកយល់យ៉ាងណាដែរ អំពីស្ថានភាពសិទ្ធិមនុស្សសព្វថ្ងៃនេះ?
Phil Robertson: ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាសព្វថ្ងៃ មិនត្រឹមតែអាក្រក់ទេ គឺវាកំពុងតែយ៉ាប់យ៉ឺនជាលំដាប់។ ស្ថានភាពនេះនឹងប្រសើរឡើងវិញ គឺអាស្រ័យលើសហភាពអឺរ៉ុប ដែលចាប់ផ្តើនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ យើងដឹងហើយថា ការអនុគ្រោះពន្ធនេះ ចងភ្ជាប់លក្ខខណ្ឌគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ។ កម្ពុជាមិនបានបំពេញតាមលក្ខខណ្ឌនេះទេ។ ឥឡូវនេះ យើងដឹងថា រដ្ឋាភិបាល កម្ពុជាកំពុងចរចាជាមួយសហភាពអឺរ៉ុប។ យើងសង្ឃឹមថា នឹងមានការកែទម្រង់ ដើម្បីស្ដារសិទ្ធិមនុស្សឡើងវិញ។
មួង ណារ៉េត៖ លោកមានសុទិដ្ឋិនិយម បើទោះបីជារយៈពេលនេះ លោក ហ៊ុន សែន បានអះអាងហើយថា មិនស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញទេ ប៉ុន្តែ ត្រៀមខ្លួនទប់ទល់នឹងទណ្ឌកម្មនេះ។ របបលោក ហ៊ុន សែន បញ្ជាក់ជំហរហើយថា ចំណាត់ការរបស់សហភាពអឺរ៉ុប គឺមានចេតនានយោបាយ។ តើលោកគិតថា លោក ហ៊ុន សែន នឹងចៀសមិនផុតពីបន្ទន់ឥរិយាបថ ឬយ៉ាងណា?
Phil Robertson: ខ្ញុំថាលោក ហ៊ុន សែន ចៀសមិនផុត ពីបន្ទន់ឥរិយាបថនោះទេ ព្រោះវិស័យកាត់ដេរ ដែលនាំចេញទៅទីផ្សារសហភាពអឺរ៉ុប មានសារសំខាន់ខ្លាំងណាស់។ លោក ហ៊ុន សែន អាចធ្វើពើជាអួតថាមិនអីទេ អត់ EBA ក៏បាន។ ក៏ប៉ុន្តែការពិតរបបនេះ បារម្ភខ្លាំងអំពីផលប៉ះពាល់នៃការដក EBA។ ប៉ុន្តែយើងឃើញនៅពីក្រោយឆាក គឺមានការចរចាយ៉ាងសកម្ម ដើម្បីរកដំណោះស្រាយរឿងនេះ។ ជាឧទាហរណ៍ យើងឃើញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយជាច្រើន ក្រោយបោះឆ្នោត។ លោក ហ៊ុន សែន បានប្រឹងប្រែងពន្លឿនរឿងក្តីនៅតុលាការមួយចំនួន។ ចំណាត់ការទាំងនេះ គឺសុទ្ធតែតបទៅនឹងសម្ពាធរបស់សហភាពអឺរ៉ុប។ ជារួមការចរចារវាងរដ្ឋាភិបាល និងសហភាពអឺរ៉ុប មានជាហូរហែជិតមួយឆ្នាំហើយ។ ដំបូងឡើយសហភាពអឺរ៉ុប ថារដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងកែស្ថានការណ៍ឱ្យល្អ ដើម្បីកុំឱ្យសហភាពអឺរ៉ុប ត្រូវសម្រេចដកការអនុគ្រោះពន្ធនោះ។ ប៉ុន្តែ ជាអកុសល រដ្ឋាភិបាលកម្ពុជា ធ្វើបានតិចតូច ដែលមិនគ្រប់គ្រាន់ ក្នុងការធ្វើឱ្យសហភាពអឺរ៉ុបប្តូរចិត្តទេ។ អ្វីដែលសហភាពអឺរ៉ុប មិនអាចប្តូរចិត្តបាននេះ គឺដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកំណត់ច្បាស់ ថាកម្ពុជាត្រូវតែគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ទើបអាចបន្តទទួលបានការអនុគ្រោះពន្ធនេះ។ ប៉ុន្តែ កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មិនបានបំពេញតាម។ ទាំងអស់នេះ គឺជាកំហុសរបស់លោក ហ៊ុន សែន។ សហភាពអឺរ៉ុប សម្រេចផ្អែកលើតថភាពជាក់ស្ដែង មិនមែនដោយសាររឿងនយោបាយទេ។
មួង ណារ៉េត៖ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា មិនគិតដូច្នេះទេ។ លោក ហ៊ុន សែន ចោទថាអ្វីដែលជាចំណាត់ការ របស់សហភាពអឺរ៉ុបនេះ គឺដោយសារតែការចាក់ចុចពីគណបក្សប្រឆាំង។ លោក ហ៊ុន សែន ថែមទាំងព្រមានសហភាពអឺរ៉ុប ថារបបលោក នឹងកម្ទេចចោលឱ្យអស់ នូវរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ ដែលនៅសេសសល់ ដោយសារតែរឿងទណ្ឌកម្មនេះ។ តើលោកយល់យ៉ាងណាដែរ ចំពោះការលើកឡើងបែបនេះ?
Phil Robertson៖ មិនដឹងថាគាត់កម្ទេចរចនាសម្ព័ន្ធ គណបក្សសង្គ្រោះជាតិយ៉ាងម៉េចទៀត បើគាត់រម្លាយគណបក្សនេះ ខ្ទេចខ្ទីអស់ទៅហើយហ្នឹង! របបនេះហាមឃាត់ សិទ្ធិនយោបាយមន្ត្រីគណបក្សនេះចំនួន ១១៨ រូបមានទាំងតំណាងរាស្ត្រផង។ ប៉ុន្តែ សូមចាំថា ចំណុចមួយ ដែលសហភាពអឺរ៉ុបចង់បាន គឺការផ្តល់នីតិសម្បទាឱ្យអ្នកទាំង ១១៨ នាក់នេះឡើងវិញ។ ទាំងអស់នេះ ក៏ជាផ្នែកនៃការចរចានោះដែរ។ អ្វីដែលលោក ហ៊ុន សែន ថានឹងមិនអាចធ្វើតាមសហភាពអឺរ៉ុបនោះ គឺមិនពិតដូចគាត់ថាទេ ព្រោះលោក ហ៊ុន សែន កំពុងរងសម្ពាធ មិនមែនតែត្រឹមពីខាងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាខ្លួនឯងប៉ុណ្ណោះទេ គឺពីររដ្ឋាភិបាលចិនផង ជាពិសេសគឺថៅកែចិន ដែលមានរោងចក្រជាច្រើននៅកម្ពុជា។ មិនតែប៉ុណ្ណោះ មនុស្សរបស់បក្សកាន់អំណាច ដូចជាក្នុងជួរកងទ័ព និងនគរបាល ដែលជាទីប្រឹក្សារបស់រោងចក្រទាំងអស់នេះ ក៏ខ្វល់ខ្វាយរឿងនេះខ្លាំងណាស់ដែរ។ សម្ពាធទាំងនេះ គឺនឹងធ្វើឱ្យលោក ហ៊ុន សែន ត្រូវតែធ្វើសម្បទានជាមួយសហភាពអឺរ៉ុប។ វិស័យរោងចក្រកាត់ដេរ គឺជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។ ការណ៍ដែលលោក ហ៊ុន សែន ប្រឹងអួតអាង ពើងទ្រូងដាក់សហភាពអឺរ៉ុបនេះ គឺជាការលួងចិត្តប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។ ការពិតសហភាពអឺរ៉ុប គ្មានអ្វីដែលត្រូវខ្លាចការសម្លុតរបស់លោក ហ៊ុន សែន នោះឡើយ។ សហភាពអឺរ៉ុបឆ្អែតចិត្ត នឹងការភូតកុហករបស់លោក ហ៊ុន សែន និង ការបន្តរំលោភសិទ្ធិមនុស្ស មិនឈប់បែបនេះ។ អ្វីដែលសហភាពអឺរ៉ុប មិនពេញចិត្តខ្លាំង គឺការរៀបចំការបោះឆ្នោត ដែលគ្មានបក្សប្រឆាំងចូលរួម ដែលបក្សកាន់អំណាចប្រមូលយកអាសនៈសភាទាំង ១២៥ ម្នាក់ឯង។ លទ្ធផលនេះ បង្ហាញច្បាស់ពីការបោះឆ្នោតក្លែងក្លាយនោះ។
មួង ណារ៉េត៖ ប៉ុន្តែ លោក ហ៊ុន សែន អះអាងថា កម្ពុជាមានប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះមានគណបក្សនយោបាយ ២០ ចូលរួមបោះឆ្នោត។ តើលោកយល់យ៉ាងម៉េចទៅវិញ ចំពោះបញ្ហានេះ?
Phil Robertson ៖ កម្ពុជា ជារបបផ្ដាច់ការ ប៉ុន្តែប្រឹងពាក់ខោអាវប្រជាធិបតេយ្យ ដើម្បីបិទបាំង។ គណបក្សអំពិលអំពែកទាំងនោះ គ្មានតម្លៃអ្វី ដែលត្រូវយកមកជជែកនោះទេ។ លោក ហ៊ុន សែន ខំប្រឹងបង្កើតឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយប្រមូលបក្សដែលចាញ់ឆ្នោត មកផ្ដុំគ្នា ដើម្បីផ្ដល់យោបល់ ដល់រដ្ឋាភិបាលគាត់។ យើងចង់សួរថា តើមេបក្ស ដែលចូលក្នុងក្រុមប្រឹក្សានេះ ទទួលបានប្រាក់ខែប៉ុន្មានពីលោក ហ៊ុន សែន។ តាមពិតលោក ហ៊ុន សែន គ្មានចង់បានយោបល់អ្វី ពីក្រុមប្រឹក្សានេះទេ។ គាត់យកប្រាក់ញ៉ុកមាត់អ្នកទាំងនោះ ឱ្យស្ងាត់មាត់តែប៉ុណ្ណោះឯង។ អ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនេះ គ្មានអ្វីភ្ញាក់ផ្អើលទេ។ មេដឹកនាំផ្ដាច់ការ ធ្វើតែអ៊ីចឹង។ ប៉ុន្តែ សហភាពអឺរ៉ុប គេមានបទពិសោធន៍យូរឆ្នាំ ក្នុងការទប់ទល់នឹងការដឹកនាំបែបនេះ។
មួង ណារ៉េត៖ ប៉ុន្តែនៅពេលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ចាត់វិធានការ ទប់ទល់នឹងរបបលោក ហ៊ុន សែន រដ្ឋាភិបាលចិនឯណោះ មិនខ្វល់នឹងការរំលោភសិទ្ធិមនុស្សទេ និងគាំទ្ររបបនេះឥតងាករេថែមទៀតផង។ តើនេះបង្កជាបញ្ហា ក្នុងការរកដំណោះស្រាយនយោបាយនៅកម្ពុជាដែរឬទេ?
Phil Robertson ៖ ចិនមិនដែលឱ្យរបស់អ្វីមួយ ដោយមិនគិតពីផលប្រយោជន៍មកមកវិញនោះទេ។ ជារួមជំនួយរបស់ចិន សុទ្ធតែមានចំណង។ ឧទាហរណ៍ ចិនឱ្យខ្ចីលុយ តែចិនយកដីសម្បទាន។ ដូចនៅក្រុងព្រះសីហនុ ឥឡូវចិនលុកលុយពេញទំហឹង។ ជនជាតិចិន ដែលមកតាំងទីលំនៅអចិន្ត្រៃយ៍នៅទីនោះ កើនដល់សែននាក់ហើយ។ កាស៊ីណូកើនឡើងជាង ៨០ កន្លែងហើយ។ ចិនក៏ច្រើនសំរាមក៏ច្រើន។ បញ្ហាសង្គមក៏ច្រើនដែរ។ បញ្ហានេះបង្កជាក្តីកង្វល់ដល់ជនជាតិខ្មែរ រាប់ជំនាន់ទៅមុខទៀត។ ការណ៍ដែលលោក ហ៊ុន សែន ត្រូវពឹងចិន ហើយព្រងើយកន្តើយដាក់សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក លោក ហ៊ុន សែន កំពុងនាំកម្ពុជាទៅជួបផលវិបាកធំ ព្រោះចិននឹងបង្គាប់បញ្ជាឱ្យកម្ពុជា ធ្វើអ្វីទៅតាមខ្លួនចង់បាន។ រឿងនេះធ្វើឱ្យប្រទេសខ្លះ នៅក្នុងតំបន់អាស៊ាន លែងទុកចិត្តកម្ពុជា ព្រោះបើគេនិយាយអ្វីជាមួយភាគីកម្ពុជា រដ្ឋមន្ត្រីការបរទេសខ្មែរ ច្បាស់ជាលើកទូរស័ព្ទទៅប្រាប់ចិនអស់។
មួង ណារ៉េត៖ ងាកមកដំណោះស្រាយនយោបាយវិញ។ សព្វថ្ងៃលោក ហ៊ុន សែន និងបក្សប្រឆាំង មិនចុះសម្រុងនឹងគ្នាទេ ព្រោះលោក ហ៊ុន សែន មិនចង់ឃើញវត្តមាន របស់បក្សប្រឆាំងតទៅទៀត ជាដាច់ខាត។ លោក ហ៊ុន សែន បានព្រមានកម្ទេចបក្សនេះឱ្យខ្ទេច និងកម្ចាត់លោក សម រង្ស៊ី ផង បើហ៊ានវិលចូលស្រុកវិញជាដើម។ ប៉ុន្តែ ក្នុងពេលជាមួយនេះ សហគមន៍អន្តរជាតិ កំពុងដាក់សម្ពាធខ្លាំង ឱ្យមានដំណោះស្រាយនយោបាយមួយ។ តើលោកមានសុទិដ្ឋិនិយមទេ ថានឹងអាចមានច្រកចេញណាមួយ?
Phil Robertson ៖ បញ្ហានេះ មិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ខ្ញុំឮថាលោក សម រង្ស៊ី ចង់វិលទៅស្រុកខ្មែរវិញ នៅឆ្នាំ ២០១៩នេះ។ យើងក៏ឆ្ងល់ដែរ ថាតើគាត់អាចទៅវិញបានយ៉ាងម៉េច ដោយគ្មានការចាប់ខ្លួន ដាក់ពន្ធនាគារ។ បើគាត់ទៅស្រុកខ្មែរវិញ ដើម្បីគ្រាន់តែទៅជាប់គុក ខ្ញុំថាគាត់មិនជ្រើសរើសផ្លូវនោះទេ មើលទៅ។ លោក សម រង្ស៊ី ក៏ត្រូវប្រយ័ត្នប្រយែងខ្លាំងដែរ ចំពោះអ្វីដែលអាចកើតមានលើគាត់ជាយថាហេតុ ប្រសិនបើរបបលោក ហ៊ុន សែន ចាប់គាត់ដាក់គុក។ ជារួមបញ្ហានេះ មិនងាយស្រួលនោះទេ។ ប៉ុន្តែ គ្មានអ្វីចម្លែកទេ ដែលលោក ហ៊ុន សែន និង លោក សម រង្ស៊ី ឌឺដងឡងសម្ដីដាក់គ្នាទៅវិញទៅមកបែបនេះ។ ទោះជាមានការឆ្លើយឆ្លងគ្នាយ៉ាងនេះក្តី ក៏ជាការពិត អ្វីៗកំពុងតែវិវត្ត ទៅរកច្រកចេញមួយ នៅទីបំផុត។ ចំពោះយើង ការវាយប្រហារគ្នាដោយពាក្យសម្តី រវាងអ្នកនយោបាយខ្មែរ គ្មានអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ។ អ្វីដែលយើងចាប់អារម្មណ៍ និង យកចិត្តទុកដាក់ខ្លាំង គឺរឿងសិទ្ធិមនុស្ស។
មួង ណារ៉េត៖ បើសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន អ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺកម្មកររោងចក្រ។ សហគមន៍អន្តរជាតិ ថារបបលោក ហ៊ុន សែន ជាអ្នកខុស ក្នុងរឿងនេះ។ ប៉ុន្តែលោក ហ៊ុន សែន វិញ ចោទសហគមន៍អន្តរជាតិ ថាជាអ្នកខុស។ តើអ្នកណា ជាអ្នកខុសឱ្យប្រាកដ ក្នុងបញ្ហានេះ?
Phil Robertson ៖ លោក ហ៊ុន សែន ដើរចោទគេឯងថាជាអ្នកខុស តែអ៊ីចឹងរហូតមក។ ប៉ុន្តែ អ្វីដែលច្បាស់ និងមិនពិបាកយល់ គឺសហភាពអឺរ៉ុបកំណត់ពេល ១៨ខែ ដើម្បីចាត់ការរឿងនេះ។ នៅទីបំផុត បើលោក ហ៊ុន សែន កែប្រែ និងស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ សហភាពអឺរ៉ុប អាចសម្រេចមិនដកការអនុគ្រោះពន្ធនេះ។ ទោះជាយ៉ាងនេះក្តី អ្វីៗគឺស្ថិតនៅលើលោក ហ៊ុន សែន ថាតើគាត់មានសុឆន្ទៈ ក្នុងការចរចា ដោយស្មោះត្រង់ជាមួយសហភាពអឺរ៉ុប ឬយ៉ាងណា។ បើគាត់នៅតែលេងល្បិចនយោបាយ មិនព្រមស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ កម្ពុជាចៀសមិនផុតពីទទួលទណ្ឌកម្មនេះទេ។
មួង ណារ៉េត៖ សូមអរគុណលោក Phil ដែលបានផ្តល់ឱកាស ឱ្យខ្ញុំបានសម្ភាសនៅពេលនេះ។
Phil Robertson ៖ សូមអរគុណ៕
