ក្រុមអង្គការសង្គមស៊ីវិលជិត ២០០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី៤ ខែមករា ថ្កោលទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគាំទ្រមេដឹកនាំរដ្ឋប្រហារយោធាភូមា ឬមីយ៉ានម៉ា (Myanmar)។
ក្រុមអង្គការសង្គមស៊ីវិលទំាងនេះបានលើកឡើងថា លោក ហ៊ុន សែន គាំទ្ររបបសឹកមីយ៉ាន់ម៉ាឬភូមាគឺជាការគំាទ្រអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឧក្រិដ្ឋកម្មសង្រ្គាមនិងអំពើប្រល័យពូជសាសន៍ផងដែរ។ សេចក្ដីថ្លេងការណ៍បញ្ជាក់ថារបបសឹកភូមាដែលដឹកនាំដោយលោក មីន អ៊ុងលាំង (Min Aung Hlaing) បានធ្វើរដ្ឋប្រហាររដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) វាមិនត្រឹមតែបង្កឲ្យមានការឈឺចាប់ដល់ប្រជាពលរដ្ឋភូមាប៉ុណ្ណោះទេតែថែមទាំងបានបង្កការគំរាមកំហែងដល់សន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់ទាំងមូល។
ក្រុមអង្គការសង្គមស៊ីវិលជិត ២០០ស្ថាប័ននោះ រួមមមាន អង្គការសហជីពស្រ្តីភូមា (Burmese Women’s Union) សមាគមមិត្តភាពមីយ៉ាន់ម៉ា (Burmese Friendship Association) អង្គការខារ៉ាតកម្ពុជា (CAHRAD) អង្គការ Zomi Community South Australia និងអង្គការ Burmese Rohingya Association in Japan ជាដើម។
សេចក្ដីថ្លែងការណ៍រួមថ្កោលទោសនាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីលោកហ៊ុន សែន បានប្រកាសជាថ្មីថាលោកនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមករានេះដដែល បើទោះបីមានការបំផ្ទុះគ្រាប់បែកនៅក្បែរស្ថានទូតខ្មែរនៅប្រទេសភូមាក៏ដោយ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថាការគាំទ្ររបបយោធា គឺបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងជាការប្រមាថដល់ប្រជាជនមីយ៉ាន់ម៉ានិងកម្ពុជាហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់លើអាស៊ានក្នុងអំឡុងពេលលោក ហ៊ុន សែន ធ្វើជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២២ នេះ។ លើសពីនេះទៀតការរំលោភសិទ្ធិមនុស្សនិងឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលប្រព្រឹត្តដោយលោក ហ៊ុន សែន និងលោក មីន អុងលាំង Min Aung Hlaing ត្រូវតែបញ្ចាប់។ អាស៊ានត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញទាំងនៅកម្ពុជានិងមីយ៉ាន់ម៉ា។
គិតមកទល់ពេលនេះរបបសឹកមីយ៉ាន់ម៉ាបានសម្លាប់មនុស្សចំនួន ១.៣៩៨នាក់ហើយរួមទាំងកុមារផង និងមនុស្សជាង ១ម៉ឺន ១ពាន់នាក់ (១១.៣២៨នាក់) ផ្សេងទៀតកំពុងជាប់ឃុំឃាំង។ របបសឹកបានធ្វើទារុណកម្មអ្នកជាប់ឃុំទាំងនោះរួមមានការបង្អត់អាហារ ទឹក ការធ្វើឃាត ការចាប់រំលោភស្រ្តី រំលោភបូកទាំងក្នុង និងក្រៅពន្ធនាគារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។