ភរិយា​និង​កូនៗ​របស់​លោក​បណ្ឌិត កែម ឡី បាន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី

ដោយ ជុន ច័ន្ទបុត្រ
2018-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​គ្រួសារ​លោក បណ្ឌិត​ កែម ឡី
ក្រុម​គ្រួសារ​លោក បណ្ឌិត​ កែម ឡី
Provided

ភរិយា​និង​កូន​របស់​លោក​បណ្ឌិត កែម ឡី បាន​ទៅ​តាំង​លំនៅ​នៅ​ប្រទេស​អូស្ត្រាលី​ហើយ។ ទីបំផុត អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក កែម ឡី ព្រមទាំង​កូនប្រុស​ទាំង​ប្រាំ​របស់​អ្នកស្រី និង​លោក បណ្ឌិត កែម ឡី បាន​ទៅដល់​ក្រុង​មែលប៊ន នៃ​ប្រទេស​អូស្ត្រាលី ហើយ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​កុម្ភៈ។

លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី ដើមកំណើត​ខ្មែរ ដែល​ជា​អ្នកជា​អ្នកខ្នះខ្នែង ក្នុង​ការ​ធានា​គ្រួសារ លោក​បណ្ឌិត កែម ឡី អោយ​បាន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​នេះ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​មែលប៊ន នៅ​ថ្ងៃ​ទី១៩ កុម្ភៈ មក​ថា លោក​ព្រមទាំង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី មាន​ក្ដី​រំភើប​ព្រោះ​រក​ពាក្យ​មក​និយាយ​មិន​បាន​ទេ ដែល​ទីបំផុត​ពួកគេ​បាន​ស្វាគមន៍ គ្រួសារ​លោក​បណ្ឌិត នៅ​លើ​ទឹកដី​មួយ ដែល​អាច​នឹង​ផ្ដល់​ឱកាស​អោយ​កូនលោក​បណ្ឌិត និង​ភរិយា​របស់​លោក​បណ្ឌិត អោយ​មាន​ជីវិត​រស់នៅ​បាន​ប្រសើរ​ជាង​ជីវិត​របស់​លោក​បណ្ឌិត។

ថ្វី​ដ្បិត​តែ​សហគមន៍​ខ្មែរ ក្រោម​ការ​ខិតខំ​ដុតដៃដុតជើង ពី​សំណាក់​លោក ហុង លីម និង​សហការី បាន​ជួយ​ភរិយា និង​កូនៗ​របស់​លោក​បណ្ឌិត បាន​ឆ្លង​ផុត​រនាំង​ដ៏​ស្មុគស្មាញ​មួយ​ហើយ​ក្ដី ជំហាន​បន្ទាប់ ដែល​ពួកគាត់​នឹង​ត្រូវ​ធ្វើ គឺ​រក​ខិតខំ​ជម្រក​ដ៏​សមរម្យ​សម្រាប់ គ្រួសារ​លោក​បណ្ឌិត និង​ជួយ​ទំនុកបម្រុង កូន​ៗ​លោក​បណ្ឌិត​អោយ​បាន​រៀន​សូត្រ​ជ្រៅជ្រះ។

លោក ហុង លីម មាន​ប្រសាសន៍​ថា លោក​នឹង​រៀបចំ​ពិធី​ស្វាគមន៍​ការ​មក​ដល់​ក្រុង​មែលប៊ន​នេះ របស់​គ្រួសារ​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​សៅរ៍​ទី​២៤ កុម្ភៈ​នេះ នា​វត្ត​ពុទ្ធរង្សី ហៅ​វត្ត​ធំ។

អ្នកស្រី ប៊ូ រចនា និង​កូន ព្រមទាំង​លោក ហុង លីម ផង នឹង​ធ្វើជា​វាគ្មិន​កិត្តិយស នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ​ទី​២០ ស្អែក​នេះ។

តើ​បេសកកម្ម​ស្វែងរក​សេរីភាព​របស់​ពួកគាត់ ជួប​ប្រទះ​នឹង​ឧបសគ្គ​អ្វីខ្លះ? តើ​អ្នកស្រី ប៊ូ រចនា អាច​នឹង​ទម្លាយ​រឿង​អ្វីខ្លះ នៅ​ពេល​ដែល​អ្នកស្រី បាន​ទៅដល់​ទីតាំង​ដែល​មាន​សេរីភាព​នេះ? សូម​​រង់ចាំ​ចូលរួម​សាកសួរ​វាគ្មិន​ពិសេស​យើង​ដោយ​ផ្ទាល់។

លោក បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ សាកសព​របស់​លោក ត្រូវ​បាន​គេ​តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នា​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ហែ​ក្បួន​សាកសព​របស់​លោក ដោយ​មាន​អ្នក​ចូលរួម​រាប់​សែន​នាក់​យក​ទៅ​តម្កល់​នៅ​ខែត្រ​តាកែវ កាលពី​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៧។

បន្ទាប់ពី​ធ្វើបុណ្យ​ហើយ​ភ្លាម លោកស្រី ប៊ូ រចនា និង​កូនៗ​ទាំង​៥ បាន​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​បរទេស​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ទី​៣ ទាំង​មាន​ផ្ទៃពោះ ដោយសារ​តែ​ពួកគេ​តក់ស្លុត និង​ភ័យខ្លាច​ពី​សុវត្ថិភាព។ ពួកគាត់​រស់នៅ​ជា​ជនភៀសខ្លួន​នៅ​ក្រុង​បាងកក ប្រទេស​ថៃ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ ទម្រាំ​អាច​មក​តាំង​លំនៅ​នៅ​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល