ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គ្រោង​ធ្វើ​បុណ្យ​រួមគ្នា​រម្លឹក​ខួប​ពីរ​ឆ្នាំ​ជូន​លោក​បណ្ឌិត កែម ឡី

ដោយ មួង ណារ៉េត
2018-07-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភរិយា​របស់​លោក កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា ក្នុង​ពិធី​បុណ្យ​សព​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ភរិយា​របស់​លោក កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា ក្នុង​ពិធី​បុណ្យ​សព​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស គ្រោង​ធ្វើបុណ្យ​រួមគ្នា រម្លឹក​ខួប​ពីរ​ឆ្នាំ​ជូន​លោក​បណ្ឌិត កែម ឡី។ នៅ​ប្រទេស​អូស្ត្រាលី សហគមន៍​ខ្មែរ ក្នុង​ទីក្រុង​អាដឺឡែត (Adelaide) ស៊ីដនី (Sydney) និង មែលប៊ន (Melbourne) នឹង​ធ្វើ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ខាងមុខ​នេះ​។ លោក ខៀវ តារ៉ា ដែល​ជា​ពលរដ្ឋ​ខ្មែរ នៅ​ក្រុង​អាដឺឡែត ប្រាប់​អាស៊ីសេរី​កាលពី​ចុង​សប្ដាហ៍​នេះ ការ​រម្លឹក​នឹក​គុណ ដល់​លោក បណ្ឌិត កែម ឡី គឺជា​រឿង​សំខាន់​បំផុត សម្រាប់​ប្រវត្តិសាស្ត្រ នៃ​ស្រលាញ់​ប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។ លោក ខៀវ តារ៉ា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ឲ្យ​តស៊ូ​មតិ ដាក់​បញ្ចូល​ថ្ងៃ​ទី​១០ ខែ​កក្កដា ដែល​ជា​ថ្ងៃ​ស្លាប់​របស់​លោក បណ្ឌិត កែម ឡី ជា​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ «ខ្ញុំ​គិតថានៅប្រទេសកម្ពុជា គួរណាស់​តែ​រម្លឹក​ធ្វើ​បុណ្យនេះ​ ឲ្យបាន​ទៀង​ទាត់​មួយឆ្នាំម្តង។ ​ពិសេសជាង​នេះទៅទៀត យើង​គួរ​អាច​ដាក់​ថ្ងៃស្លាប់ ​របស់លោកបណ្ឌិត កែម ឡី ដាក់ជាថ្ងៃឈប់សម្រាកសាធារណៈ។  នេះបាន​បញ្ជាក់ ថា​យើង​គោរពវីរភាព ​របស់​អ្នកចេះដឹង​ខ្មែរ​យើងមួយរូប ដែល​លោក​ហ៊ាន​លះបង់ជីវិត​ សម្រាប់​សង្គមជាតិ»។

ចំណែក​ឯ​ភរិយា​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ក៏​នឹង​រៀបចំ​ពិធី​នេះ​ដែរ នៅ​ថ្ងៃទី៧ ខែ កក្កដា​នោះ នៅ​ក្រុង​មែលប៊ន រដ្ឋ​វ៉ិកតូរីយ៉ា ដើម្បី​នឹក​ដល់​គុណ​តម្លៃ និង​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ដែល​បាន​ពលី​ជីវិត ដើម្បី​ប្រទេសជាតិ​ទាំងមូល។ អ្នកស្រី ប៊ូ រចនា នឹង​បរិច្ចាគ ប្រាក់ ៤០% នៃ​បច្ច័យ​ដែល​ប្រមូល​បាន ពី​ការ​ធ្វើ​បុណ្យខួប​នេះ ដើម្បី​ជួយ​ដល់​អ្នក​និយម​ប្រជាធិបតេយ្យ ដែល​កំពុង​រងគ្រោះ ដោយ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​លោក ហ៊ុន សែន «ថវិកាដែលទទួលបាន​ក្នុងកម្មវិធីបុណ្យ នាង​ខ្ញុំនឹង​បរិច្ចាគ​​ទៅឲ្យ​ខាង​សហគមន៍ ដែលយកទៅចាត់​ចែង​ ជួយ​សង្គ្រោះដល់​អ្នកដែលរងគ្រោះ នៅប្រទេសខ្មែរ និង​ ជនភៀស​ខ្លួន​ផ្សេងៗទៀត ដែលកំពុង​រងទុក្ខ​វេទនា ដោយ​ខ្វះខាត»។

ដោយឡែក​សហគមន៍​ខ្មែរ​នៅ​អាមេរិក​ឯណេះ​វិញ ក៏​នឹង​រៀបចំ​ពិធី​រម្លឹក​ខួប​ពីរ​ឆ្នាំនេះ នៅ​ថ្ងៃ​០៧ ខែ​កក្កដា​នេះ​ដែរ។

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ​អាមេរិក លោក ប៉ែន សុខផល ដែល​ចូលរួម​ចាត់ចែង​ពិធីបុណ្យ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់ទិសទី មិន​ភ្លេច​លោក បណ្ឌិត កែម ឡី នោះ​ឡើយ។ លោក​ចាត់​ទុក​លោក​បណ្ឌិត កែម ឡី ថា​ជា​វីរជន និង បុព្វបុរស​ខ្មែរ​មួយ រូប ដែល​ស័ក្ដិសម​បំផុត នឹង​ទទួល​បាន​ការ​គោរព និង ដឹងគុណ​ជា​រៀងរហូត​។ លោក ប៉ែន សុខ​ផល បញ្ជាក់​ថា ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​ចូល​បុណ្យ​នេះ នឹង​ចាត់ចែង​ទៅ​ជួយ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ផង និង​សល់​ប៉ុន្មាន គឺ​យក​ទៅ​ជួយ​ជនរងគ្រោះ និង សកម្មជន​ដែល​រងគ្រោះ ដោយ​ការ​ធ្វើ​ទុក្ខ​ម្នេញ​ពី​របប​លោក ហ៊ុន សែន ដែល​សព្វថ្ងៃ កំពុង​រត់​ជ្រកកោន​នៅ​ទី​មាន​សុវត្ថិភាព «រាល់ថវិកា​ រាល់បច្ច័យ​ដែល​បាន​មកពីការ​ចូលបុណ្យ គឺយើង​មាន​បេសកកម្ម​ច្រើន​ណាស់ ដែលត្រូវ​បំពេញ ដូចជាការ​រក្សា​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ​ហើយ​មាន​អ្នក​ធ្វើ​ចំណាកស្រុក​ជាច្រើន ដែលរត់​គេច​ខ្លួនពីការចាប់​ខ្លួន នៃ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ពួកគាត់​ត្រូវ​ការ​ណាស់ ព្រោះ​ពួកគាត់​គេចផុត​ពី​សេចក្តី​ស្លាប់​មែន ប៉ុន្តែពួកគាត់​កំពុង​រស់​ស្ទើរ​ស្លាប់។ ដូច្នេះអ្វីដែលយើង​កំពុង​ធ្វើនេះ គឺដើម្បី​ជួយផ្គត់​ផ្គង់​ដល់ពួកគាត់»។

លោក​បណ្ឌិត កែម ឡី គឺជា​សកម្មជន​សង្គម​មួយ​រូប​ដែល​លេចធ្លោ​ខ្លាំង និង​ហ៊ាន​វិភាគ​រិះគន់​របប​លោក ហ៊ុន សែន ដោយ​ឥត​សំចៃ​មាត់។ លោក​ត្រូវ​បាន​ឃាតក​ឆក់​យក​ជីវិត ទាំង​កណ្តាល​ថ្ងៃត្រង់​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ក្នុង​ស្តារម៉ាត នៃ​ស្ថានីយ​ចាក់សាំង​កាល់តិច ក្នុង​ទីក្រុង​ភ្នំពេញ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​បញ្ចេញមតិ​របស់​លោក ជុំវិញ​របាយការណ៍​អង្គការ Global Witness ដែល​រក​ឃើញ អំពី​អំពើពុករលួយ​ចាក់ស្រេះ នៃ​គ្រួសារ​ត្រកូល​ហ៊ុន។

លោក​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ចំណោម​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជាង ១០០​នាក់​ផ្សេងទៀត ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​ចាប់ពី​ឆ្នាំ​១៩៩៣ មក​ទល់​នឹង​សព្វថ្ងៃ​នេះ។ សំណុំរឿង​ទាំង​ជាង ១០០​ករណី​នេះ គ្មាន​សំណុំរឿង​ណា​ដែល​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

There is no need to investigate this case, it's obvious who was behind the assassination.

Dr Kem Ley was the first target, then the CNRP, the media, and NGOs, and next might be those within the CPP itself who do not bow down to Hun Sen's children.

Jul 01, 2018 01:17 PM

គេហទំព័រ​ទាំងមូល