ឪពុកម្ដាយ​យុវជន ខឹម សុផាត ដែល​បាត់​ខ្លួន​នៅ​ផ្លូវ​វេងស្រេង​ថា គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌

0:00 / 0:00

ឪពុកម្ដាយ​របស់​យុវជន​ដែល​បាត់​ខ្លួន​ក្នុង​ពេល​កងកម្លាំង​រដ្ឋាភិបាល​បង្ក្រាប​ដ៏​ហិង្សា​នៅ​ផ្លូវ​វេងស្រេង គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ព្រោះ​ពួកគាត់​មើល​ឃើញ​ថា ស្ថាប័ន​យុត្តិធម៌ និង​សមត្ថកិច្ច​ព្រងើយកន្តើយ​ក្នុងការ​គាំទ្រ និង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ពួកគាត់​តាំងពី ដើម​មក​។ មន្ត្រី​សង្គម​ស៊ីវិល នៅតែ​បន្ត​ជំរុញ​រដ្ឋាភិបាល​បំពេញ​កាតព្វកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២០ គឺ​យុវជន ខឹម សុផាត បាន​បាត់​ខ្លួន​និង​បាត់​ដំណឹង​សូន្យឈឹង រយៈពេល​៦​ឆ្នាំ​ហើយ ដោយសារតែ​កងកម្លាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បើក​ការ​បាញ់​បង្ក្រាប​ដ៏​ហិង្សា​ទៅលើ​ក្រុម​កម្មករ​ដែល​រួមគ្នា​តវ៉ា​អហិង្សា​សុំ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​លើ​កំណត់​ផ្លូវ​វេងស្រេង ក្នុង​រាជធានី​ភ្នំពេញ។

លោកស្រី អ៊ិន លក្ខិណា និង លោក ខឹម សឿន ដែល​ជា​ម្ដាយ​ឪពុក​របស់​យុវជន ខឹម សុផាត ថ្លែង ប្រាប់​អាស៊ីសេរី​ថា ឱ្យ​ដល់​ថ្ងៃបុណ្យ​ខួប​នៃ​ការ​បាត់​ខ្លួន​កូនប្រុស​និង​ថ្ងៃបុណ្យ​ទាន​ធំៗ​ម្តង គឺ​អារម្មណ៍ ចេះតែ​ស្រមើស្រមៃ​នឹករលឹក​ដល់​កូនប្រុស​ជាទី​ស្រលាញ់ ស្ទើរ​ក្លាយ​ជា​មនុស្ស​ឆ្កួត។ ដោយសារ​នឹក កូន​ផង និង​គ្មាន​សង្ឃឹមលើ​អាជ្ញាធរ​ផង ពេលខ្លះ​ពួកគាត់ ក៏​នាំគ្នា​ទៅ​រក​គ្រួ​ទាយ ក្រែង​បាន​ដំណឹង កូន​ខ្លះ​ៗ៖ «ខ្ញុំ​ចេះតែ​តាមមើល​រហូត​ដែរ ឱ្យ​តែ​លឺ​គេ​ថា នៅ​ទីនេះ​ទីនោះ​មុខ​ដូច អីចឹង ។​ខ្ញុំ​ទៅ​រក​ទាំង​គ្រួ​ទាយ​មើល​ទៀត តែ​គេ​ថា បាត់​ឈឹង​តែម្ដង។ ពាក្យ​ចចាម​អារាម​គេ​ថា យក​ទៅ​ឱ្យ​ក្រពើ​ស៊ី​។ ម៉ែ​វា នៅតែ​យំ​រហូត ដោយសារ​នឹក​កូន ជាពិសេស​ពេល​មាន​បុណ្យ​ទាន​ឃើញ កូន​គេ​ជួបជុំ​គ្រួសារ​អ៊ីចឹង។ ដល់​ខែ​ដល់​ថ្ងៃ​ដេក​តែ​នឹក​កូន​រហូត»។

ក្រុម​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
ក្រុម​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ (RFA/Jeevita)

កាលពី​៦​ឆ្នាំមុន នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ផ្លូវ​វេងស្រេង ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ ក្នុង​មួយ​ខែ ដែល​បាន​ធ្វើ​ឱ្យ​កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ការ​បង្ក្រាប​ដោយ​បាញ់​គ្រាប់កាំភ្លើង​ពិត ទៅលើ​កម្មករ បណ្ដាល​ឱ្យ​កម្មករ​៤​នាក់​ស្លាប់ យុវជន ខឹម សុផាត បាត់​ខ្លួន​ដល់​សព្វថ្ងៃ និង​របួស​ជាង ៤០​នាក់​។ កម្មករ​ទាំង ៤​នាក់ ដែល​ស្លាប់​នោះ មានឈ្មោះ លោក គឹម ផាលាភ លោក សាម រ៉ាវី លោក យាន រិទ្ធី និង​លោក ផេង កុសល។ ចំណែក​យុវជន ខឹម សុផាត ត្រូវ​បាន​គេ​ឃើញ​លើក​ចុង​ក្រោយ ដែល​កំពុង​ត្រូវ​បាន​លើក​ចេញ​ដោយ​កងកម្លាំងប្រដាប់អាវុធ​ដោយមាន​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ពោះ។ ទោះបីជា​អាជ្ញាធរ​ធ្លាប់​បាន​អះអាង​ថា បាន​ស៊ើបអង្កេត​ទៅលើ​ការ​បាត់​ខ្លួន​នេះ និង​បើ​ទោះ​ជា​មានការ​ស្នើ សុំ​ដោយ​ទទូច​ដើម្បី​ឱ្យ​មាន​ការស៊ើបអង្កេត​ត្រឹមត្រូវ​មួយ ក៏​សុផាត​នៅតែ​បាត់​ខ្លួន​អស់​រយៈពេល ៦​ឆ្នាំ​មក​ហើយ។

មាន​វ័យ​៤៧​ឆ្នាំ និង​ជា​អ្នក​រត់ម៉ូតូឌុប​នៅ​ទី​រួម​ខេត្ត​ស្វាយរៀង លោក ខឹម សឿន ថ្លែង​ថា ក្រោយ​កូន​របស់​លោក​បាត់​ខ្លួន​មក គឺ​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​ហៅ​លោក​ទៅ​សួរនាំ​ម្តង​គត់ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក អាជ្ញាធរ​គ្រប់​កម្រិត មិនដែល​បាន​យកចិត្តទុកដាក់​សួរនាំ ឬ​ជូនដំណឹង​អំពី​លទ្ធផល​ស្រាវជ្រាវ​ដល់​លោក​នោះ​ទេ​។ ឪពុក​របស់​ជនរងគ្រោះ​រូប​នេះ បន្ត​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ស្វែងរក​យុត្តិធម៌​សម្រាប់​គ្រួសារ​លោក​នោះ​ទេ ព្រោះ​អាជ្ញាធរ មានការ​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់​បង្ក្រាប​ទាំង​កម្រោល​នោះ៖ «ខាង​អាជ្ញាធរ គេ​មិន​អើពើ​ផង ដូច​ថា ទឹក​គេ ត្រី​គេ គេ​ម៉េច​នឹង ហ៊ាន​រក​ឱ្យ​យើង​។​ខ្ញុំ​មួយ​ជីវិត​នេះ នៅតែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌ និង​រង់ចាំ​មើលផ្លូវ បើ​ថា ស្លាប់​ឱ្យ​ឃើញ​សាកសព មិនមែន​ស្លាប់​រក​មិន​ឃើញ​ឆ្អឹង​មិន​ឃើញ​អី​សោះ​បាត់​ស្ងាត់ឈឹង​អ៊ីចឹង​ទេ។ សូម​អង្គការ ជួយ​រក​យុត្តិធម៌​ផង»។

ឪពុក​របស់​ជនរងគ្រោះ បន្ត​ថា លោក​គ្មាន​សង្ឃឹមថា កូន​របស់​លោក​នៅ​មាន​ជីវិត​ឡើយ ព្រោះ​សាក្សី​បាន​ប្រាប់​លោក​ថា កូន​របស់​លោក​ត្រូវ​សមត្ថកិច្ច​បាញ់​ចំ​ដើមទ្រូង ហើយ​បាន​ដេក​ស្លាប់​នៅ​នឹង​កន្លែង​បាត់​ទៅ​ហើយ​។ លោក ថា អាជ្ញាធរ​ត្រូវតែ​ទទួលខុស ត្រូវ​ចំពោះ​ការបាត់បង់​កូន​របស់​លោក៖ «ខ្ញុំ​គ្មាន​សង្ឃឹមថា ជីវិត​កូន​ខ្ញុំ​នៅ​រស់​ទេ គឺ​ស្លាប់​ហើយ ព្រោះ​មិត្តភ័ក្ដិ​វា បាន​ឃើញ​ច្បាស់លាស់​ថា គេ ( សមត្ថកិច្ច ) បាញ់​ចំ​ដើមទ្រូង​ហើយ​មិត្តភ័ក្ដិ​វា​ថា គេ​បាន​ដឹក​យក​វា ចេញពី​កន្លែង​នោះ​ហើយ»។

ឪពុក​ម្តាយ និង​ប្អូន​ស្រី​របស់​យុវជន ខឹម សុផាត ដែល​បាត់​ខ្លួន​ក្នុង​ករណី​ហិង្សា​នៅ​ផ្លូវ​ វេង ស្រេង កាល​ពី​ឆ្នាំ​២០១៤ ផ្ដល់​​បទ​សម្ភាសន៍​​ដល់​​វិទ្យុ​​អាស៊ី​សេរី កាល​​ពី​​ថ្ងៃ​​ទី​៣ ខែ​​មករា ឆ្នាំ​២០១៦។
ឪពុក​ម្តាយ និង​ប្អូន​ស្រី​របស់​យុវជន ខឹម សុផាត ដែល​បាត់​ខ្លួន​ក្នុង​ករណី​ហិង្សា​នៅ​ផ្លូវ​ វេង ស្រេង កាល​ពី​ឆ្នាំ​២០១៤ ផ្ដល់​​បទ​សម្ភាសន៍​​ដល់​​វិទ្យុ​​អាស៊ី​សេរី កាល​​ពី​​ថ្ងៃ​​ទី​៣ ខែ​​មករា ឆ្នាំ​២០១៦។ (រូបថត៖ RFA)

ទន្ទឹម​គ្នា​នេះ ម្ដាយ​របស់​យុវជន ខឹម សុផាត គឺ​លោកស្រី អ៊ិន លក្ខិណា រៀបរាប់​ថា ប្រសិនបើ​កូន លោកស្រី​នៅ​រស់ គឺ​ពេលនេះ​កូនលោក​ស្រី មាន​អាយុ ២២​ឆ្នាំ ហើយ​អាច​ជួយ​សេដ្ឋកិច្ច​គ្រួសារ​បាន​ច្រើន​។ លោកស្រី អ៊ិន លក្ខិណា ប្រាប់​ថា កាលពី​កូនលោក​ស្រី​នៅ​រស់ តែងតែ​ផ្ញើ​ប្រាក់​ទៅ​លោកស្រី​ក្នុង​មួយ​ខែៗ​ជិត ២០០​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​។ លោកស្រី​ថា ចាប់ពី​បាត់បង់​កូនប្រុស​មក ជីវភាព​គ្រួសារ​បាន​ធ្លាក់​ដុនដាប ហើយ​លោកស្រី​ត្រូវ​រស់នៅ​ឱប​ទុក្ខ​ក្រៀមក្រំ​រាល់ថ្ងៃ​។ ម្ដាយ​ជនរងគ្រោះ និយាយ​ទាំង​ក្ដុកក្ដួល​ថា លោកស្រី ស្ទើរ​មិន​ជឿ​ថា កងកម្លាំង​រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើការ​បង្ក្រាប​លើ​ពលរដ្ឋ​ខ្លួន​ដូច្នេះ​ទេ។ ដូច​ប្ដី​របស់​លោកស្រី​ដែរ គឺ​លោកស្រី គ្មាន សង្ឃឹមថា កូនប្រុស​នៅ​មាន​ជីវិត​ទេ ព្រោះ​មាន​សាក្សី​ជាច្រើន​ប្រាប់​ថា ពួកគេ​ឃើញ​សមត្ថកិច្ច​បាញ់ ចំ​ដើមទ្រូង ខឹម សុផាត ហើយ​សមត្ថកិច្ច បាន​លើក​សាកសព​ដាក់​ឡាន។ អ្នកខ្លះ​បាន​និយាយ​ប្រាប់​គាត់​ថា សមត្ថកិច្ច បាន​យក​សាកសព​នោះ​ឱ្យ​សត្វ​ក្រពើ​ស៊ី​ដើម្បី​បំបាត់​ភស្តុតាង៖ «សូម​ឱ្យ​អង្គការ​គ្រប់​ទាំង​អស់ទាំង​ក្នុង​ប្រទេស​និង​នៅ​ក្រៅ​ប្រទេស សូម​រក​យុត្តិធម៌​ឱ្យ​កូន​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ជា​អ្នក​ទី​ទល់​ក្រ គ្មាន​ទីពឹង​អ្នកណា​ក្រៅពី​លោក​អង្គការ​ទេ។ បាត់​យូរ​ឆ្នាំ​ហើយ​រក​កូន​ខ្ញុំ​មិន​ឃើញ​ទៀត»។

កន្លង​មក គ្មាន​ទាហាន ឬ​កងកម្លាំងប្រដាប់អាវុធ​ណា​ម្នាក់ ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​ចំពោះ​ការ​ស្លាប់​របស់​កម្មករ​ទាំង​នោះ​ទេ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ជាច្រើនលើក ប៉ុន្តែ​ពុំ​មាន​អ្នកទទួល​ទូរស័ព្ទ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា រដ្ឋាភិបាល​គ្មាន​កាតព្វកិច្ច​ទទួលខុសត្រូវ​ករណី​ហិង្សា​នេះ​ទេ ដោយ​លោក​ចោទ​ថា ចលនា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​ពេលនោះ មាន​អ្នកនយោបាយ​ជំទាស់​ជា​អ្នក​ញុះញង់​ពី​ក្រោយ៖ «រដ្ឋាភិបាល​មិនបាន​ចាត់ទុកថា ករណី​នេះ​ជា​ការ​បាត់​ខ្លួន​ហើយ ត្រូវ​ទទួល​ខុស​ត្រូវ​​នោះ​​ទេ។ វិធានការ​នេះ​គឺជា​វិធានការណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​ចលនា បាតុកម្ម​ខុសច្បាប់​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល។ បើ​ក្រុម​នេះ​មាន​ការ​បាត់​ខ្លួន​ពិតប្រាកដ​មែន​គឺ អ្នក​ដែល​ទទួល​ខុសត្រូវ​នោះ​គួរតែ​ជា​អ្នក​រៀបចំ​នៅ​ការ​ប៉ះ​បោរ ឬ​ប្រមែប្រមូល​កម្លាំង​ទាំងអស់​នេះ មក​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល»។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ (RFA)

ការ​ផ្ទះ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ហើយ​ឈាន​ដល់​ការ​បង្ក្រាប​ដ៏​ហិង្សា​នេះ កើត​ឡើង​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា និង​ធ្វើការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ និង​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុងភ្នំពេញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស​នៃ​លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ ការណ៍​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និយាយ​ភ្ជាប់​ករណី​ទាំងពីរ គឺ​ករណី​តវ៉ា​រឿង​សន្លឹកឆ្នោត​របស់​បក្ស​ប្រឆាំង និង​ករណី​តវ៉ា​រឿង​ដំឡើង​ប្រាក់​ឈ្នួល របស់​កម្មករ​នេះ ទៅជា​រឿង​តែមួយ​ហើយ​ទម្លាក់​ការ​ទទួលខុសត្រូវ​ឱ្យ​គណបក្ស​ជំទាស់​វិញ។

កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែង ចោទ​ថា អ្វី​ដែល​កើតឡើង​ពេលនោះ គឺជា​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាមរយៈ​រូបភាព «​បដិវត្ត​ន៍​ពណ៌​»។ លោក​ថ្លែង​ថា លោក​សោកស្ដាយ​ណាស់ ដែល​លោក​បាន​ដឹង​ផែនការ​នេះ​យឺត​ពេល បើ​ពុំ​នោះ​ទេ លោក នឹង​បញ្ជា​ឱ្យ​ក្រុម​របស់​លោក​សម្លាប់​ក្រុម​អ្នកប្រឆាំង​ទាំងអស់​នោះ​ចោល​តែម្ដង៖ «បើ​ខ្ញុំ​ដឹង​រឿង​នេះ តាំងពី​ពេលនោះ ប្រហែលជា​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​ គឺ​ពួក​នេះ​ងាប់​អស់ហើយ។ គេ​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ២០១៣ ជា​ថ្ងៃ​ផ្ដាច់​ព្រាត់ រំលំ​យើង។ បើ​ខ្ញុំ​ឃើញ​តាំងពី​ពេលនោះ អ្នក​ទាំងនេះ​ងាប់​តាំង​ពេលនោះ ហើយ​ពេលនេះ​ជា​ពេល បុណ្យ​ខ្មោច​ពួក​នោះ​ទៀត»។

បើទោះបីជា​លោក ហ៊ុន សែន សោកស្ដាយ​មិនបាន​សម្លាប់​ក្រុម​អ្នកប្រឆាំង​ក្តី ក៏​កងកម្លាំង​ស្ថិត​ក្រោម​បង្គាប់​របស់​លោក បាន​បើក​ប្រតិបត្តិ​ការ​វាយដំ ចាប់ខ្លួន និង​បាញ់​ប្រហារ​កម្មករ​បណ្តាល ឱ្យ​ស្លាប់ ៤​នាក់ បាត់​ខ្លួន​ម្នាក់ របួស​រាប់​សិន​នាក់​ដែរ​ទាំង​នៅ​ផ្លូវ​វេងស្រេង និង​នៅ​រោងចក្រ​កាត់ដេរ សំលៀក បំពាក់​យ៉ាក​ជិន (Yak Jin Garment Factory) ព្រមទាំង​ករណី​ស្លាប់​របស់ លោក ម៉ៅ សុខច័ន្ទ នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ ដោយសារ​កងកម្លាំង​សមត្ថកិច្ច បាញ់​ត្រូវ​ចំក្បាល នៅ​ពេល​បាញ់​គ្រាប់​ពិត ដើម្បី​បំបែក​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រលប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។ (Photo courtesy of SPM Facebook's page)

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ការ​ចោទប្រកាន់​របស់​ក្រុម​លោក ហ៊ុន សែន មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ គេចវេះ​ពី​ការទទួលខុសត្រូវ​។ អ្នកស្រី​បញ្ជាក់​ថា ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​ក្រុម​កម្មករ កើតឡើង​តាំងពី​យូរ​គ្មាន​ការ​ញុះញង់​ពី​គណបក្សប្រឆាំង​នោះ​ទេ​។ អ្នកស្រី​សោកស្ដាយ​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​បាន​ការពារ​កម្មករ​ស្លូតត្រង់​ដែល​គ្រាន់តែ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី ទាមទារ​ប្រាក់​ឈ្នួល​សម្រាប់​រស់​សមរម្យ​ក្នុង​សង្គម ប៉ុន្តែ​បែរជា​ប្រើ​អាវុធ​ទំនើបៗ​បាញ់​ពួកគេ​ទៅវិញ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ សន្យា​ថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កាន់​អំណាច នឹង​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​ឡើងវិញ ដើម្បី​រក​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ៖ «ការ​ទាមទារ​នៃ​កម្មករ​ -​ កម្មការិនី​យើង​ឱ្យ​បាន​ប្រាក់​ឈ្នួល​រស់នៅ សមរម្យ គឺជា​ការ​ទាមទារ​រាប់​ឆ្នាំ​មក​ហើយ​។​នៅ​ពេល​មានការ​បាញ់សម្លាប់​និង​មានការ​រងគ្រោះ ដោយ​កម្លាំង​ប្រដាប់​អាវុធ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន គ្មាន​ដែល​មាន​ការទទួលខុសត្រូវ គ្មាន​ដែល​មាន​ការស៊ើបអង្កេត​ឯករាជ្យ​ទេ ដូចជា​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​ដ៏​ល្បី​លោក ជា វិជ្ជា និង ករណី​បាញ់សម្លាប់​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដល់​ស្លាប់ ដល់​ពិការ​នៅ​ស្ទឹង​មានជ័យ​ជាដើម ។ ការចោទប្រកាន់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​រដ្ឋាភិបាល លោក ហ៊ុន សែន ចង់​បន្ត​បំបិទ​ការពិត ដែល​ការពិត​ជាក់ស្ដែង​នេះ គឺ​អ្នក​ដែល​កាន់​អាវុធ​ដ៏​ទំនើបៗ គឺ ទទួល​បានការ បញ្ជា​ផ្ទាល់​ពី​អ្នកដឹកនាំ​ប្រទេស»។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។
អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (RFA/Jeevita)

ករណី​ហិង្សា​ដែល​កើតឡើង​នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​នេះ ធ្វើ​ឱ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ធ្ងន់ធ្ងរ​នៃ​ការរំលោភ​សិទ្ធិមនុស្ស។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)​លោក អំ សំអាត មាន​ប្រសាសន៍​ថា យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​សាច់ញាតិ​ជនរងគ្រោះ​ដោយ​ករណី​ហិង្សា​នេះ នៅ​ឆ្ងាយ​ដូច​ជើងមេឃ​។ លោក​បន្ត​ថា ការដែល​រដ្ឋាភិបាល​មិន​អាច​នាំ​ខ្លួន​ជន​បង្ក​ហិង្សា​លើ​ពលរដ្ឋ មក​ផ្ដន្ទាទោស​នេះ គឺ​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ញាំញី​ដោយ​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។ លោក​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​មិន​អាច​ចេះតែ​ចោទប្រកាន់​និង​ទម្លាក់​ការ​ទទួល​ខុស ត្រូវ​លើ​អ្នកនេះ​ឬ​អ្នកនោះ​បានទេ ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​ស៊ើបរក​មើល​ថា តើ​ពេលនោះ​អ្នកណា​មាន អាវុធ ហើយ​អ្នកណា​ដែល​បាញ់​លើ​ពលរដ្ឋ៖ «ការ​បង្ក្រាប​ឱ្យ​មាន​អំពើ​ហិង្សា​ធំធេង​ហើយ​មិន​អាច​រក​អ្នក​ប្រព្រឹត្ត និង​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​បង្ក​ហិង្សា បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​អ្នក​រង​របួស​នេះ​គឺជា​វប្បធម៌​និទ្ទណ្ឌភាព​មួយ​ដ៏​ធ្ងន់ធ្ងរ។ បើ​វប្បធម៌​នេះ​នៅ​បន្ត​ទៀត ហើយ​អ្នក​បង្ក​និង​អ្នក​ពាក់ព័ន្ធ​មិន​អាច​យក​ទៅ ផ្ដន្ទាទោស​បានទេ ដូច្នេះ​វប្បធម៌​អំពើ​ហិង្សា​នេះ​នឹង​បន្ត​កើតឡើង​ទៀត ហើយ​វា​គឺជា​អំពើ​អយុត្តិធម៌ ធ្ងន់ធ្ងរ​សម្រាប់​ជន​រងគ្រោះ»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ មើល​ឃើញ​ថា ការ​រក​មិន​ឃើញ​អ្នក​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​មក ផ្ដន្ទាទោស​នេះ មិនមែន​ដោយសារ​សមត្ថកិច្ច​កម្ពុ​ជា អសមត្ថភាព​ទេ ប៉ុន្តែ​ដោយសារ ពួកគេ​គ្មាន​ឆន្ទៈ និង​កត្តា​ដែល​ធំ​បំផុត​គឺ​កត្តា​នយោបាយ​ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការស៊ើបអង្កេត​។ លោក អំ សំអាត នៅតែ​ទទូច​ស្នើសុំ​ឱ្យ​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ត្រឹមត្រូវ​មួយ ដើម្បី​យ៉ាងហោចណាស់​ផ្ដល់​ដំណឹង និង​ភស្តុតាង​សមស្រប​ដល់​ក្រុម​គ្រួសារ​របស់​យុវជន​បាត់​ខ្លួន ខឹម សុផាត ដើម្បី​ឱ្យ​ពួកគាត់​អស់ចិត្ត​ដែរ៖ «អ្នក​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ស្រាវជ្រាវ​និង​ការស៊ើបអង្កេត និង​ការស្វែងរក​យុត្តិធម៌​ដែល​បាន​បាត់បង់​ជីវិត បាត់​ខ្លួន​និង​រង​របួស​ក្នុង​ព្រឹត្តិការណ៍​អំពើ​ហិង្សា​នោះ គឺ រដ្ឋាភិបាល សមត្ថកិច្ច​ពាក់ព័ន្ធ និង​រួម​ទាំង​តុលាការ​ផង​ដែរ ដែល​ត្រូវ​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ទាំងអស់​នេះ។ មិនមែន​គ្រាន់តែ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​នោះ​ទេ គឺ​ត្រូវ​រក​ឱ្យ​ឃើញ​ទៅ​តើ​អ្នកណា ជា​អ្នក​ដែល​ប្រើប្រាស់​អំពើ​ហិង្សា អ្នកណា​ជា​អ្នក​ពាក់ព័ន្ធ​នោះ គឺ​ត្រូវតែ​យក​មក​អនុវត្ត​ទោស​ទៅតាម ផ្លូវច្បាប់ ដើម្បី​ស្វែងរក​ការពិត​និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព ឬ​វប្បធម៌​អំពើ​ហិង្សា​ទាំងអស់​នេះ»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។ (RFA)

កាលពី​ខែ​តុលា ឆ្នាំ​២០១៤ មេធាវី​នៃ​ក្រុមហ៊ុន​មេធាវី​គ្លូប៊ល ឌីលិជេនស៍ (Global Diligence) ដែល​មាន​ទីតាំងនៅ​ប្រទេស​អង់គ្លេស លោក រីឆាដ រ៉ូជើរ (Richard Rogers) បាន​ដាក់​ពាក្យបណ្ដឹង​មួយ​ច្បាប់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​នៅ​ផ្លូវ​វេងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាកជីន។ ក្នុង​ពាក្យបណ្ដឹង​នោះ ចោទប្រកាន់​មន្ត្រី​មានអំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​បាន​ប្រព្រឹត្ត​ក្នុង​រយៈពេល​ជាង ១២​ឆ្នាំ​ចុង​ក្រោយនេះ។

មេធាវីអង់គ្លេស លោក រីឆាត រ៉យជើស៍ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នាបន្ទប់ផ្សាយរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៥។
មេធាវីអង់គ្លេស លោក រីឆាត រ៉យជើស៍ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នាបន្ទប់ផ្សាយរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៥។ (RFA)

ជា​រៀងរាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃ​ទី​៣ ខែ​មករា ក្រុម​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ក្រុម​គ្រួសារ​សាច់ញាតិ ជនរងគ្រោះ តែងតែ​ជួបជុំគ្នា​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​សម្លាប់​កម្មករ​នៅ​ទីតាំង​កើតហេតុ​លើ​ដង​ផ្លូវ​វេងស្រេង និង​ស្រែក​សុំ​យុត្តិធម៌​។ ទោះ​យ៉ាង​ណាក្តី​ការ​ជួបជុំ​ប្រារព្ធ​ពិធី​បែប​សាសនា​របស់​ពួកគេ មិន ដែល​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ទេ តែងតែ​ទទួលរង​ការ​បង្ក្រាប​និង​ការ​បំបែក​ពី​សំណាង​កម្លាំង អាជ្ញាធរ​សមត្ថកិច្ច ព្រោះ​កងកម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​ទាំងនោះ មិន​ចង់​ឱ្យ​រំលឹក​រឿង​បែបនេះ​នោះ​ទេ។

ឪពុកម្ដាយ​របស់​យុវជន ខឹម សុផាត យល់​ឃើញ​ថា អាជ្ញាធរ មិន​ត្រូវ​ព្រងើយកន្តើយ ករណី​អយុត្តិធម៌​នេះ។ ពួកគេ​ថា ប្រសិនបើ​កូន​គាត់​ស្លាប់ យ៉ាងហោចណាស់ ក៏​ពួកគាត់​បាន​ទទួល​សព​កូន យក​មក​ធ្វើបុណ្យ​ដែរ មិន​ត្រូវ​ស្ងាត់​បាត់​ឈឹង គ្មាន​ដំណឹង​សោះ​បែបនេះ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។