សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសមន្ត្រីសង្ឃខេត្តឃ្លាំង ដែលមិនឲ្យសកម្មជនសង្ឃមួយអង្គ គង់ក្នុងវត្តទាំង៩២នៅខេត្តឃ្លាំង
2023.01.21

ប្រធានអន្តរសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសមន្ត្រីសង្ឃខេត្តឃ្លាំង ដែលវៀតណាម ហៅថា សុកត្រាំង (Soc Trang) ហាមមិនឲ្យព្រះសង្ឃមួយអង្គដែលឈឺឆ្អាលរឿងសិទ្ធិមនុស្ស និងរឿងទឹកដីខ្មែរក្រោម គឺសាមណេរ យឿង ខាយ គង់ក្នុងវត្តទាំង៩២ និងសាលាឆទានទាំង៣៨ នៅខេត្តឃ្លាំង។ សាមណេរ យឿង ខាយ ចាត់ទុករឿងនេះថា ជារឿងរើសអើង និងអយុត្តិធម៌ ព្រោះព្រះអង្គ មិនបានប្រព្រឹត្តខុសអ្វីឡើយ។
ប្រធានការិយាល័យអន្តរសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ភិក្ខុ ធីធី ធម្មោ ចាត់ទុកទង្វើរបស់មន្ត្រីសង្ឃខេត្តឃ្លាំងមួយអង្គ គឺ ភិក្ខុ តាំង នោ ដែលប្រកាសរារាំងមិនឲ្យសកម្មជនសិទ្ធិមនុស្សដែលទើបបួសជាសាមណេរថ្មីថ្មោង គឺព្រះតេជព្រះគុណ យឿង ខាយ គង់ក្នុងវត្តនានានៅខេត្តឃ្លាំងនោះ ថាជាទង្វើមិនត្រឹមត្រូវ និងធ្វើតាមបញ្ជារបស់រដ្ឋាភិបាលវៀតណាម ដើម្បីលាភសក្ការៈ ។ ព្រះភិក្ខុធីធី ធម្មោ មានថេរដីកា ក្នុងលិខិតកាលពីថ្ងៃទី១៧ ខែមករា ថា ក្នុងនាមព្រះអង្គដែលតំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមទូទាំងពិភពលោក ស្នើសុំឲ្យមន្ត្រីសង្ឃអង្គនោះ បើកចិត្តទូលាយទទួលស្គាល់សាមណេរ យឿង ខាយ ហើយគួរតែរីករាយពេលដែលមានសកម្មជនខ្មែរក្រោម ហ៊ានតស៊ូមតិជាមួយវៀតណាម ដើម្បីផលប្រយោជន៍ខ្មែរក្រោម និងគួរតែជ្រះថ្លាចំពោះកុលបុត្រខ្មែរក្រោម ដែលមកជ្រកក្រោមម្លប់ព្រះពុទ្ធសាសនាសិក្សាធម៌វិន័យអប់រំខ្លួន។
ព្រះសង្ឃខ្មែរក្រោមដែលក្លាហានតតាំងជាមួយអាជ្ញាធរវៀតណាម ដើម្បីសិទ្ធិសេរីភាពខ្មែរក្រោម គឺ ព្រះតេជព្រះគុណ យឿង ខាយ យល់ថា មន្ត្រីសង្ឃខេត្តឃ្លាំង ចេញលិខិតមិនឲ្យវត្តទាំង៩២ និងសាលាឆទានទាំង៣៨ ក្នុងខេត្តឃ្លាំង ស្វាគមន៍ព្រះអង្គ ជាទង្វើអយុត្តិធម៌ និងមិនអាចទទួលយកបានទេ។
ភិក្ខុ ធីធី ធម្មោ៖ «គឺសារាចរបែបនេះ អាត្មាឃើញចំពោះអាត្មាគឺវាអយុត្តិធម៌ពេកហើយបង! ហើយទី២ទៀត ឃើញគោលបំណងមន្ត្រីសង្ឃធ្វើហ្នឹងគឺធ្វើតាមតែបញ្ជាគេអ៊ីចឹង គឺឃើញថាមន្ត្រីសង្ឃគ្មានការពិចារណា ទី៣ទៀត ឃើញមន្ត្រីសង្ឃខេត្តឃ្លាំង ហ្នឹង បានចាប់ព្រះសង្ឃនៅក្រោមឱវាទ អ្នកស្នេហាជាតិខ្មែរក្រោមហ្នឹង គឺឲ្យសឹកច្រើនណាស់»។
ព្រះតេជព្រះគុណ យឿង ខាយ ជាអតីតសកម្មជនសិទ្ធិមនុស្សដ៏សកម្មមួយរូប ដែលទើបសម្រេចចិត្តបួសជាព្រះសង្ឃ កាលពីពេលថ្មីៗនេះ នៅវត្តមង្គលបូរីទ្រនំសេក ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ដែលវៀតណាម ហៅថា ខេត្តវិញឡុង (Vinh Long)។
កន្លងមក មន្ត្រីសង្ឃខេត្តឃ្លាំង បានសហការជាមួយអាជ្ញាធរវៀតណាម ចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមប្រាំព្រះអង្គទាំងបង្ខំ ដោយចោទថា ព្រះសង្ឃទាំងប្រាំអង្គនេះ ជាអ្នកដឹកនាំបាតុកម្មនៅមុខសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧ ធ្វើឲ្យមានការចលាចលក្នុងសង្គម និងមានគំនិតប្រឆាំងនឹងការគ្រប់គ្រងកម្ពុជាក្រោមរបស់វៀតណាម។
ជុំវិញរឿងនេះដែរ ព្រះចៅអធិការវត្តមង្គលបូរីទ្រនំសេក ព្រះភិក្ខុ ផេន ចន្ទតារា មានថេរដីកាថា ព្រះសង្ឃដែលបួសតាមធម៌វិន័យត្រឹមត្រូវ គឺអាចគង់នៅគ្រប់វត្តអារាមនៅដែនដីកម្ពុជាក្រោម ដើម្បីសិក្សាអក្សរសាស្ត្រជាតិ និងច្បាប់ព្រះពុទ្ធសាសនា។ ព្រះអង្គមានថេរដីកាបន្ថែមថា មន្ត្រីសង្ឃខេត្តឃ្លាំង ដាក់សម្ពាធលើសាមណេរ យឿង ខាយ មិនឲ្យគង់តាមវត្តនៅខេត្តឃ្លាំង ជារឿងមួយមិនសមរម្យ និងខុសវិន័យរបស់ព្រះពុទ្ធទៀតផង។
ព្រះភិក្ខុ ផេន ចន្ទតារា៖ «សំខាន់គឺយើងការបួសវាត្រឹមត្រូវទៅតាមព្រះពុទ្ធសាសនា គឺមាតាបិតាអនុញ្ញាតការបួសសមស្របទៅតាមធម៌វិន័យ មានព្រះឧបជ្ឈាយ៍មានព្រះសង្ឃត្រឹមត្រូវណា។ ឯចំណែកដែលលោកធ្វើហ្នឹង យើងឃើញថាវាមិនត្រឹមត្រូវ វាមិនល្អ យើងបួសយកព្រះពុទ្ធសាសនាជាគោលដៅជាចម្បងណា កិច្ចការងារអ្វីវាទាក់ទងដល់ព្រះពុទ្ធសាសនា គឺយើងធ្វើតាមព្រះពុទ្ធសាសនា ដល់គាត់ធ្វើអ៊ីចឹងមានន័យថាវាមិនត្រឹមត្រូវប៉ុណ្ណឹង»។
ច្បាប់ព្រះពុទ្ធសាសនា ចែងថា ព្រះភិក្ខុរូបណាដែលធ្វើមិនឲ្យភិក្ខុ ឬសាមណេរដទៃ ដែលមានសីលបរិសុទ្ធ ជាអ្នកប្រព្រឹត្តតាមធម៌ តាមវិន័យ បានស្នាក់នៅក្នុងទីអាវាស គឺវត្តអារាម ភិក្ខុរូបនោះជាអ្នកប្រព្រឹត្តអាក្រក់ក្នុងសាសនារបស់ព្រះពុទ្ធ។ ជាមួយគ្នានេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកថា ទង្វើរបស់មន្ត្រីសង្ឃបែបនេះ ជាការរើសអើង និងជាការរំលោភសិទ្ធិរបស់ព្រះសង្ឃខ្មែរក្រោម និងទាមទារឲ្យបញ្ឈប់ទង្វើនេះជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។