សមាគម​ខ្មែរ​ក្រោម​ប្រតិកម្ម​ចំពោះ​កម្ពុជា​ដែល​ថា​ខ្មែរ​ក្រោម​គឺ​ជា​ពលរដ្ឋ​វៀតណាម

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​មន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ពី​បញ្ហា​ភាព​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម។ ពួក​គេ​នៅ​តែ​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង​ស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ឆ្លើយ​តប​មក​ពួក​គេ​វិញ​ដោយ​លាយលក្ខណ៍​អក្សរ។
ដោយ យាង សុជាមេត្តា
2014.01.08
ខ្មែរ​ក្រោម ៦១០ សន្និសីទ​សារព័ត៌មាន​ស្ដីពី​បញ្ហា​ភាព​ស្រប​ច្បាប់​របស់​ខ្មែរ​កម្ពុជា​ក្រោម និង​ការ​បង្ក្រាប​របស់​កង​កម្លាំង​អាជ្ញាធរ​កម្ពុជា លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម នា​សាល​ប្រជុំ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៤ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ជា​ប្រតិកម្ម​ទៅ​នឹង​ការ​ឆ្លើយ​តប​របស់​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​បាន​លើក​ឡើង​ថា ខ្មែរ​ក្រោម គឺ​ជា​ប្រជាពលរដ្ឋ​វៀតណាម។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣ បាន​ចូល​ជួប​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូរិទ្ធិ ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម។

នៅ​ក្នុង​របាយការណ៍​ដាក់​ជូន​ក្រសួង​ការ​បរទេស នៅ​ពេល​នោះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ព្រម​ទាំង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ។

ដោយ​ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ក្រសួង​ការ​បរទេស នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៣ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ បាន​ដាក់​លិខិត​ឲ្យ​ក្រសួង​ការ​បរទេស ជា​ថ្មី​ម្តង​ទៀត ដើម្បី​ឲ្យ​ក្រសួង​ផ្តល់​ព័ត៌មាន​អំពី​លទ្ធផល​ក្រោយ​ជំនួប​នោះ។

ប្រធាន​ការិយាល័យ​ទំនាក់ទំនង​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំជួន បាន​ថ្លែង​ថា មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ទូរស័ព្ទ​មក​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ មន្ត្រី​រូប​នោះ​បាន​ផ្តល់​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា ក្រសួង​ការ​បរទេស បាន​ទទួល​លិខិត​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រួច​ហើយ ហើយ​ក្រសួង​ការ​បរទេស សូម​ឆ្លើយ​តប​វិញ​ថា ខ្មែរ​ក្រោម គឺ​ជា​ប្រជាពលរដ្ឋ​វៀតណាម។

លោក សឺន ជុំជួន៖ «ក្រសួង​ការ​បរទេស បាន​ឆ្លើយ​តប​មក​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ថា​ខ្មែរ​កម្ពុជា​ក្រោម នៅ​ឯ​កម្ពុជា​ក្រោម គឺ​ជា​ប្រជាពលរដ្ឋ​វៀតណាម។ ដូច្នេះ ឋិត​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម អ៊ីចឹង​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​ក្រោម មិន​អាច​ទទួល​ស្គាល់​អ្វី​ដែល​ជា​ចំណុច​ក្រសួង​ការ​បរទេស ឆ្លើយ​តប​មក​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទេ អ៊ីចឹង​លើក​នេះ យើង​នឹង​ធ្វើ​លិខិត​ឆ្លើយ​តប​មួយ​ទៀត​ទាក់ទង​នូវ​អ្វី​ដែល​យើង​មិន​ពេញ​ចិត្ត​ហ្នឹង ទៅ​ក្រសួង​ការ​បរទេស ដើម្បី​ឲ្យ​ក្រសួង​ការ​បរទេស ឆ្លើយ​តប​មក​យើង​ជា​ផ្លូវ​ការ​ដោយ​មាន​លាយលក្ខណ៍​ជា​អក្សរ​ត្រឹមត្រូវ ហើយ​យើង​នឹង​ជម្រាប​ជូន​គាត់​បន្ថែម​ទាក់ទង​ទៅ​នឹង​ផ្លូវ​ច្បាប់ ដែល​អះអាង​ថា ខ្មែរ​កម្ពុជា​ក្រោម គឺ​ជា​ជនជាតិ​ខ្មែរ ហើយ​និង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទោះ​បី​រស់​នៅ​ឯ​កម្ពុជា​ក្រោម​ក្តី រស់​នៅ​ឯ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្តី»

នៅ​ក្នុង​លិខិត​ដែល​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ផ្ញើ​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា ជា​លើក​ទី​៣ ដើម្បី​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​មួយ​នេះ​ផ្តល់​ព័ត៌មាន​ដោយ​លាយលក្ខណ៍​អក្សរ​ជា​ផ្លូវ​ការ។ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ទទួល​ស្គាល់​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​បច្ចុប្បន្ន គឺ​ជា​ប្រជាពលរដ្ឋ​វៀតណាម ពិត​ប្រាកដ​មែន ពីព្រោះ​ខ្មែរ​ក្រោម​បាន​កើត និង​រស់​នៅ​ក្រោម​ច្បាប់​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម។ ប៉ុន្តែ ពួក​គេ​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ខ្មែរ​ក្រោម នៅ​តែ​ជា​ជនជាតិ​ខ្មែរ​ដោយ​មិន​អាច​ប្រកែក​បាន ហើយ​ត្រូវ​ឋិត​នៅ​ក្រោម​ការ​ការពារ​ដោយ​ច្បាប់​កម្ពុជា។

រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា​៣៣ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ។ ដោយ​ឡែក ច្បាប់​ស្ដីពី​សញ្ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ​តាម​គ្រប់​មធ្យោបាយ​ការទូត និង​មិន​អាច​បាត់​បង់​សញ្ជាតិ​ដោយ​ឯក​ឯង។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក អ៊ុច បូរិទ្ធិ បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​លោក​បាន​ជួប​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣ ថា ប្រទេស​វៀតណាម គេ​មាន​អធិបតេយ្យភាព​របស់​គេ ហើយ​កម្ពុជា ក៏​មាន​អធិបតេយ្យភាព​របស់​ខ្លួន​ដែរ។ លោក​ថា ប្រទេស​កម្ពុជា គោរព​យ៉ាង​ម៉ឺងម៉ាត់​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​គោលការណ៍​របស់​អាស៊ាន ហើយ​កម្ពុជា ខ្លួន​ឯង​ក៏​មាន​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ដែរ។

ជុំវិញ​ការ​លើក​ឡើង​នេះ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា លោក តាំង សារៈ។ លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក​ទទួល​ស្គាល់​ថា វា​អាច​មាន​ការ​ពិបាក​បន្តិច​ដែរ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះស្រាយ​បញ្ហា​ខ្មែរ​នៅ​កម្ពុជា​ក្រោម។ តែ​លោក​ថា បើ​រដ្ឋាភិបាល​កម្ពុជា មិន​ហ៊ាន​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម រដ្ឋាភិបាល​កម្ពុជា ក៏​គួរ​យក​លិខិត​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រគល់​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដែរ។

លោក តាំង សារៈ៖ «លិខិត​ដែល​ខ្មែរ​កម្ពុជា​ក្រោម​បាន​ផ្ញើ​ទៅ​ក្រសួង​ការ​បរទេស ក៏​ដូច​ជា​ផ្ញើ​ទៅ​រាជ​រដ្ឋាភិបាល​ជាច្រើន​លើក​ច្រើន​សា មាន​លិខិត​ខ្លះ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ដល់​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម ទាំង​នោះ បើ​ថា​អន្តរាគមន៍​មិន​បាន អា​ហ្នឹង​ក៏​ហី​ចុះ អា​ហ្នឹង​មិន​ថា តែ​លិខិត​ខ្លះ គឺ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ផ្ញើ​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទេ តែ​តាម​រយៈ​ក្រសួង​ការ​បរទេស ត្រឹម​តែ​ប៉ុណ្ណឹង តើ​ក្រសួង​ការ​បរទេស អាច​ជួយ​ផ្ញើ​ផង​បាន​ទេ ការ​ដោះស្រាយ គឺ​នៅ​លើ​រដ្ឋាភិបាល​វៀតណាម គ្រាន់​តែ​ឲ្យ​ក្រសួង​ការ​បរទេស ជួយ​ផ្ញើ​ផង»

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ធ្លាប់​បាន​ព្យាយាម​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះស្រាយ​បញ្ហា​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ត្រូវ​បាន​តុលាការ​ប្រជាជន​វៀតណាម កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជា​បន្តបន្ទាប់ តែ​មន្ត្រី​ស្ថានទូត​វៀតណាម មិន​ដែល​ទទួល​យក​លិខិត ឬ​ញត្តិ​របស់​ខ្មែរ​ក្រោម​ឡើយ។ ពួក​គេ​ឲ្យ​ខ្មែរ​ក្រោម យក​ទៅ​ដាក់​នៅ​ក្រសួង​ការ​បរទេស​កម្ពុជា វិញ។

ទាក់ទង​នឹង​បញ្ហា​អធិបតេយ្យភាព និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ដែល​រដ្ឋាភិបាល​កម្ពុជា តែង​បាន​លើក​ឡើង​ថា ជា​ឧបសគ្គ​មិន​អាច​ឲ្យ​ពួក​គេ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដោះស្រាយ​បញ្ហា​ខ្មែរ​ក្រោម​នោះ លោក តាំង សារៈ បាន​កត់​សម្គាល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​គំនាប​ផ្នែក​នយោបាយ​ពី​វៀតណាម ទេ​នោះ រដ្ឋាភិបាល​កម្ពុជា ប្រហែល​ជា​អាច​ជួយ​ខ្មែរ​ក្រោម​បាន។ លោក​ថា កាល​ពី​សម័យ​ដែល​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ កាល​ព្រះអង្គ​ដឹក​នាំ​ប្រទេស​កម្ពុជា ព្រះអង្គ​តែង​បាន​ខ្វាយខ្វល់ និង​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម។

លោក តាំង សារៈ៖ «ចុះ​ម៉េច​ខ្មែរ​សម័យ​មុន​គេ​ចេះ​យោគយល់​ខ្មែរ​កម្ពុជា និង​ខ្មែរ​ក្រោម បាន​រដ្ឋាភិបាល​ដែល​ក្រោម​ព្រះរាជកិច្ច​ដឹក​នាំ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ កាល​ដែល​ព្រះអង្គ​គង់​ព្រះ​ឋានៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ ព្រះអង្គ​បាន​ធ្វើ​អន្តរាគមន៍​អំពី​រដ្ឋាភិបាល​វៀតណាម ខាង​ត្បូង ដែល​បាន​ធ្វើ​ទារុណកម្ម​ជិះជាន់​មក​លើ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​លើ វេទិកា​អង្គការ​សហប្រជាជាតិ តើ​នៅ​ពេល​ព្រះអង្គ​ធ្វើ​អន្តរាគមន៍​នោះ រដ្ឋាភិបាល​ព្រះអង្គ​មាន​រដ្ឋាភិបាល​ណា​មួយ ឬ​ក៏​អង្គការ​ណា​មួយ​មក​ចាប់​ព្រះអង្គ ថា​ជា​ឧក្រិដ្ឋជន​ដែរ​អត់​ទេ អត់​មាន​ទេ ហេតុ​ដូច្នេះ ប្រសិន​ណា​រដ្ឋាភិបាល​សព្វថ្ងៃ​មាន​ឆន្ទៈ​ដើម្បី​ជួយ​ដោះ​ទុក្ខ​ដល់​ខ្មែរ​កម្ពុជា​ក្រោម គឺ​អាច​ធ្វើ​បាន»

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​អះអាង​ថា ពួក​គេ​នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​ក្នុង​ខែ​មករា ឆ្នាំ​២០១៤។ ហើយ​គម្រោង​នេះ នឹង​មិន​មាន​ការ​ប្រែប្រួល​ទេ​នៅ​ពេល​ពួក​គេ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ដោយ​លាយលក្ខណ៍​អក្សរ ឬ​ជា​ផ្លូវ​ការ​ពី​ក្រសួង​ការ​បរទេស​កម្ពុជា ហើយ​ប្រសិន​បើ​ការ​ឆ្លើយ​តប​នោះ​អវិជ្ជមាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។