ទាហាន​​​រារាំង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពិនិត្យ​បង្គោល​ព្រំដែន

ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា ធ្លាប់​អះអាង​ថា ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​បាន​គេ​ហាម​ឃាត់​ទេ បើ​ចង់​ទៅ​មើល​បង្គោល​ព្រំដែន។ ក៏ប៉ុន្តែ បែរ​ជា​យោធា​ការពារ​ព្រំដែន​ខាង​ភាគី​កម្ពុជា តែង​ហាម​ប្រាម​ប្រជាពលរដ្ឋ​ណា​ដែល​ចង់​ដឹង​ពី​ខណ្ឌ​សីមា​ប្រទេស​ខ្លួន ផ្ទុយ​ពី​ការ​អះអាង​នេះ​ទៅ​វិញ។
ដោយ ម៉ម មុនីរតន៍
2013-03-19
Share
ទាហាន​ព្រំដែន​រារាំង​អ្នក​យក​ព័ត៌មាន ៣០៥ ទាហាន​ការពារ​ព្រំដែន​កម្ពុជា ព្យាយាម​រារាំង និង​ថត​រូប​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​ពលរដ្ឋ​ដែល​ចង់​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា-ថៃ លេខ​៦៤ នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ត្រង់​ចំណុច​អូអែម ចន្លោះ​ខេត្ត​ចាន់បូរី ប្រទេស​ថៃ និង​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Uon Chhin

ជាក់​ស្ដែង បុគ្គលិក​វិទ្យុ​អាស៊ីសេរី ចំនួន ៣​នាក់ ត្រូវ​យោធា​ការពារ​ព្រំដែន​គោក ​៥៣ នៅ​ច្រក​របៀង​បរតាំងស៊ូ ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​បាន​រារាំង​មិន​អនុញ្ញាត​ឲ្យ​ចុះ​ពិនិត្យ​មើល​បង្គោល​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ទេ។

បុគ្គលិក​វិទ្យុ​អាស៊ីសេរី ចំនួន ៣​នាក់ ត្រូវ​បាន​មន្ត្រី​យោធា​ការពារ​ព្រំដែន​វរសេនា​តូច​៥៣៥ នៃ​កងពល​៥៣ រារាំង​មិន​ឲ្យ​ចុះ​មើល​បង្គោល​ព្រំដែន នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដោយ​ចាត់​ទុក​ថា វិទ្យុ​អាស៊ីសេរី ខ្វះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មន្ត្រី​យោធា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

បន្ទាប់​ពី​អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី សិក្សា​ពី​ការ​បោះ​បង្គោល​ព្រំដែន ដែល​ចាក់​ពី​បេតុង​លេខ​៦៤ នៅ​ថ្ងៃ​ទី១៨ មីនា ត្រង់​ចំណុច​បរតាំងស៊ូ នៃ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​មេ​បញ្ជាការ​គ២ គឺ​លោក គង់ ធី ទទួល​បន្ទុក​ប្រចាំ​ទិស​បរយ៉ាខា អះអាង​តាម​ទូរស័ព្ទ ដោយ​ចាត់​ទុក​ថា អ្វី​ដែល​អ្នក​រាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី កំពុង​អនុវត្ត​នេះ គឺ​ជា​ផ្នែក​មួយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម និង​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំង​ពីរ។

លោក​គិត​ថា ការ​ចុះ​បំពេញ​បេសកកម្ម​ដោយ​ពុំ​បាន​ជូន​ដំណឹង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន​លើ​ផ្នែក​នេះ គឺ​ជា​កំហុស​ដ៏​ពិត​ប្រាកដ​របស់​វិទ្យុ​អាស៊ីសេរី៖ «មិន​រាយការណ៍​ប្រាប់​មេ ឯង​មើល ទៅ​ធ្វើ​ការ​មិន​សហការ​ជាមួយ​គ្នា។ ចុះ​ឮ​បង​ប្រាប់​បង​ឯង​ថា បង​វែង​ឯង​អត់​ឲ្យ​មក គ្រាន់​តែ​ថត​បង្គោល​ឡាក់ វា​មាន​ស្អី។ អើ​បើ​មាន​បញ្ហា​ទៅ គាត់​មក គាត់​មាន​បញ្ហា​មាន​អ្នក​ទទួល​ខុស​ត្រូវ។ ហេឡូ​មេ ខាង​អាស៊ីសេរី មេ ឥឡូវ​ជួប​គាត់​ទៅ​ជួប​គាត់​ទៅ បាទៗ​ណេះ​បង​ជួប​គាត់​តែ​បណ្ដោយ។ ចុះ​បើ​សិន​គាត់​មក​មាន​បញ្ហា​ថៃ ណា​ម៉េច​ម៉ា​ថៃ អ្នក​ណា​ទទួល​ខុស​ត្រូវ ឯង​អ្នក​ទទួល​ខុស​ត្រូវ។ ក្រុម​ការងារ​ចង់​មក​មើល​បង្គោល​ឡាក់​មួយ​នៅ​នេះ យើង​នៅ​លេខ​៦៤»

ទោះ​ជា​បែប​ណា បង្គោល​ព្រំដែន​មួយ​ចំនួន​ទៀត​ដែល​នៅ​តាម​ខ្សែ​បន្ទាត់​ជាមួយ​គ្នា​នោះ ដូច​ជា​បង្គោល​ឡាក់ ៦២ ៦៣ ៦៥ ៦៦ ៦៧ និង​បង្គោល​ឡាក់​លេខ​៦៨ មិន​ត្រូវ​បាន​មន្ត្រី​យោធា​ការពារ​ព្រំដែន​គោក​អនុញ្ញាត​ឲ្យ​ពិនិត្យ​នោះ​ឡើយ។ ការ​មិន​ឲ្យ​ចុះ​ពិនិត្យ​នេះ ត្រូវ​បាន​មន្ត្រី​ព្រំដែន អះអាង​ថា ព្រោះ​ជា​តំបន់​មិន​ទាន់​បាន​កំណត់​ខណ្ឌ​សីមា​ប្រទេស​ទាំង​ពីរ​ច្បាស់​លាស់ និង​ជា​ទីតាំង​គ្រោះ​ថ្នាក់​ដោយ​គ្រាប់​មីន​នៅ​ឡើយ។

ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​ពលរដ្ឋ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចាត់​ទុក​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​តែង​លាក់លៀម​ពលរដ្ឋ​មិន​ចង់​ឲ្យ​ដឹង​ពី​អធិបតីភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន​នោះ​ទេ។

ប្រភព​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ថៃ តែង​លើក​ទឹក​ចិត្ត និង​បើក​ទូលាយ​ឲ្យ​ពលរដ្ឋ​របស់​គេ​ស្វែង​យល់ និង​ស្គាល់​ពី​ព្រំដែន​ជា​ដរាប៖ «ហើយ​បង ខាង​ថៃ គេ​សង្វាត​ចង់​ងាប់ ប្រាក់​ខែ​គេ​ច្រើន ថ្ងៃ​ណា​ក៏​គេ​ដើរ ថ្ងៃ​ណា​ក៏​រុក​អ៊ីចឹង​មក រុក​ចូល​ដី​យើង​ឃាត់​ឃាំង​ប្រជាពលរដ្ឋ​យើង​អ៊ីចឹង។ ទាហាន​យើង ប៉ូលិស​យើង មិន​ដែល​ទៅ​ឃាត់​ឃាំង​ប្រជាពលរដ្ឋ​គេ​ទេ មិន​ដែល​ទៅ​និយាយ​អី​គេ​យ៉ាង​ម៉េច។ យើង​គាប​តែ​ខាង​យើង​វិញ បើ​និយាយ​ទៅ គាប​តែ​ខាង​យើង កុំ​ធ្វើ​អ៊ីចឹង​ប៉ះ​គេ​អី​អ៊ីចឹងៗ ធ្វើ​តែ​ខាង​យើង​អី​អ៊ីចឹង»

ទាក់ទិន​បញ្ហា​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា ធ្លាប់​បាន​អះអាង​ថា រដ្ឋាភិបាល​ពុំ​ដែល​ចង្អៀតចង្អល់​ពលរដ្ឋ​ណា​ម្នាក់​ដែល​ចង់​ដឹង​ចង់​យល់​ពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ៖ «មាន​ដែល​ឮ​ថា​មាន​បទ​បញ្ញត្តិ​ពី​អាជ្ញាធរ ពី​រាជ​រដ្ឋាភិបាល ឬ​ពី​គណៈកម្មការ​ព្រំដែន​ហាម​ឃាត់​ទេ។ យើង​ដឹង​ហើយ​ច្បាប់​នោះ អ្វី​ដែល​ច្បាប់​មិន​ហាម​ឃាត់​នោះ គឺ​ច្បាប់​អនុញ្ញាត​ហើយ។ រឿង​នេះ គេ​រាយការណ៍​ទៅ​លើ ថត​បើ​ថា​នេះ​គេ​ទៅ​បោះ​វិញ មនុស្ស​គេ​ចង់​តែ​ទៅ​មើល មាន​ណា​គេ​ហាម​ឃាត់»

បើ​ទោះ​ជា​គោល​ជំហរ​របស់​រដ្ឋាភិបាល ចាត់​ទុក​បញ្ហា​ព្រំដែន គឺ​ជា​គោល​នយោបាយ​បើក​ចំហ​យ៉ាង​ណា​ក៏ដោយ ក៏ប៉ុន្តែ​ទាំង​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​តែង​បិទ​បាំង​ជា​ដរាប​ចំពោះ​ដំណើរ​ការ​នៃ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល