សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​ចូលរួម​វេទិកា​អចិន្ត្រៃយ៍​ស្តីពី​ បញ្ហា​​ជន​​ជាតិ​​ដើមខ្មែរក្រោម​​នៅបុរីញ៉ូយ៉កសហរដ្ឋអាមេរិក

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានដឹកនាំ​ប្រតិភូ​មួយ​ក្រុមទៅ​ចូលរួម​វេទិកា​អចិន្ត្រៃយ៍​ស្តីពី​បញ្ហា​ជន​ជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​នៅបុរីញ៉ូយ៉ក (New York) សហរដ្ឋអាមេរិក ក្នុង​រយៈពេល​១៤​ថ្ងៃ។ តាមរយៈ​វេទិកានេះសហព័ន្ធខ្មែរកម្ពុជា​ក្រោម​បាន​ប្រាប់​សហគមន៍​អន្តរជាតិ​ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​ទំរង់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោមពី​សំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម។
តើ​តំណាង​ខ្មែរ​ក្រោម​បាន​លើក​ឡើង​ពី​បញ្ហាអ្វីខ្លះ​ដែរក្នុង​វេទិកា​ស្តីពី​បញ្ហា​ជន​ជាតិ​ដើម?

បញ្ហា​សំខាន់ៗដែល​តំណាង​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​លើក​ឡើង​ដើម្បី​​​សុំកិច្ច​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ឲ្យ​ដោះស្រាយ​រួមមាន​​ ការរំលោភ​សិទ្ធិ ការ​បង្ខំ​រំលោភ​យក​ដី​ខ្មែរ​ក្រោម ដោយ​គ្មាន​សំណង​ការ​ចាប់​ចង​ខ្មែរ​ក្រោម​រឿងទាមទារ​សិទ្ធិ​ជនជាតិ​ដើម ភាព​អត់​​ការងារធ្វើ ការរឹតត្បិត​សិទ្ធិ បង្រៀន​អក្សរ​ខ្មែរ និង​សាសនា​ ពី​សំណាក់​​​​​រដ្ឋាភិបាល​វៀតណាម។ កញ្ញា ព្រ៊ីសស៊ីឡា គឹម អ៊ុន​(Priscilla Kim Ong) ប្រាប់​វេទិកា​អចិន្ត្រៃយ៍ស្តីពី​បញ្ហា​ជនជាតិដើម​របស់​​អង្គការ​សហ​ប្រជាជាតិ​ថាខ្មែរ​ក្រោម​ជាជាតិ​ដើម​មិនមែនជា​ជន​ជាតិ​​ភាគតិច​ដូចការលើកឡើង​របស់​វៀតណាម​នោះ​ទេ ដូច្នោះ​ខ្មែរ​ក្រោម​ត្រូវ​ទទួល​បាន​សិទ្ធិគ្រប់​បែប​យ៉ាង​ជា​ជន​ជាតិ​ដើម៖ « យើងមាន​ក្តីបារម្ភ​អំពី​ប្រតិកម្ម​របស់​ភាគី​វៀតណាម ចំពោះ​វត្តមាន​របស់​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ ក្នុង​វេទិកា​អចិន្ត្រៃយ៍​នេះ និង​អំពី​ទស្សនៈ​របស់​វៀតណាម​ជុំវិញ​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង​របស់​ខ្មែរ​ក្រោម និង​សិទ្ធិ​កំណត់​សំគាល់​អត្តសញ្ញាណជា ជនជាតិ​ដើម​ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ពី​វៀតណាម​ថា ជា​ការ​គំរាម​កំហែង​ដល់​ឯកភាព​ជាតិ​វៀតណាម សេចក្តី​ប្រកាស​សិទ្ធិ ​ជនជាតិ​ដើម​ របស់​អង្គការ​សហប្រជាជាតិ​មិន​ត្រូវ​បាន​វៀតណាម​អនុវត្ត ហើយ​ វៀតណាម​បន្ត បដិសេធ​ផ្តល់ សិទ្ធិជនជាតិ​ដើម ដល់​ខ្មែរ​ក្រោម»

កញ្ញា​បន្ត​ថាវៀតណាម​កំពុង​ចាត់ទុក អ្នក​ការពារ​សិទ្ធិ​ជនជាតិ​ដើមជា​យុវជន​ខ្មែរ​ក្រោម​ជាខ្មាំង​សត្រូវ​។​ វៀតណាម បាន​ផាក​ពិន័យ ធ្វើ​ទារុណកម្ម និង​ឃុំខ្លួន​យុវជន​ខ្មែរក្រោម តាម​ទំនើង​ចិត្ត​និង​យ៉ាង​អាណាធិបតេយ្យ។ កញ្ញា​ក៏​បាន​ស្នើ​ឲ្យអង្គការ​សហប្រជាជាតិនិង​សហរដ្ឋ​អាមេរិក​ជួយ​ជា​ជំនួយដើម្បី​អភិវឌ្ឍ​និង​ការពារ​គាំទ្រ​ខ្មែរ​ក្រោម​រស់​នៅ​តាម​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ។ បច្ចុប្បន្ន​វៀតណាម ជាប្រទេស​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ហើយ​អង្ករ​ប្រមាណ​៩០​ភាគរយ​ត្រូវ​បាន​កសិករ​ខ្មែរ​ក្រោម​ផលិត​នៅ​តាម​តំបន់​ដី​សណ្ត​​ទន្លេ​មេគង្គជា​ដី​កំណើត​របស់​​ខ្មែរ​កម្ពុជា​ក្រោមប៉ុន្តែ​ឈ្មួញ​វៀតណាម​មិនបាន​ទិញអង្ករ​ខ្មែរ​ក្រោម​ សមស្រប​តាមតម្លៃ​ទីផ្សារ​នោះទេ គឺ​ឈ្មួញទិញ​ក្នុង​តម្លៃ​ថោក។​ កញ្ញា ព្រ៊ីសស៊ីឡា គឹម អ៊ុន​(Priscilla Kim Ong) បញ្ជាក់ថា ដោយ​សារ​តែ​បញ្ហា​នេះ​ហើយធ្វើ​ឲ្យ​កសិករ​ខ្មែរ​ក្រោមមិន​ទទួល​បាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ហើយ​ពួកគេ​កំពុង​បោះ​បង់​ចោលមុខ​របរ​ធ្វើស្រែ​ចំការដោយ​ធ្វើ​ចំណាក​ស្រុកទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ទីក្រុង​វិញ៖ « ដោយ​សារ​តែ​កង្វះខាត​ការងារ​ធ្វើ​នៅ​តាម​ខេត្ត។ ពលរដ្ឋជា​ជនជាតិ​ដើម​ជាច្រើន​នាក់​បាន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ពី​ភូមិ​កំណើត​ទៅ​ទីក្រុង​ដើម្បី​រក​ការងារ​ធ្វើ ។​ ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ទីក្រុង​ដ៏​តូច​ចង្អៀត​ ឬក៏​ធ្វើ​ដំណើរ​ទៅក្រៅ​ស្រុក មិន​អាច​ឲ្យ​ជនជាតិ​ដើម​អាច​ថែ​រក្សា​ភាសា និង​វប្ប​ធម៌​របស់​ពួកគេ​បាន​នោះ​ទេ រាល់​បុណ្យ​ជាតិ​ម្តងៗ ខ្មែរក្រោម​មិន​អាច​ធ្វើដំណើរ​ម​ក​ស្រុក​កំណើត​ ដោយ​សារ​តែ​បារម្ភ​បាត់បង់​ការ​ងារធ្វើ​ ។​​​ វៀតណាម មិន​មាន ​គោលនយោបាយ​ ដើម្បី​ការពារ កម្មករ​នោះ​ទេ»

ក្រៅពី​មិន​ទទួល​បាន​កិច្ចគាំពារ​ផ្នែក​សេដ្ឋកិច្ចរដ្ឋាភិបាល​វៀតណាម​ក៏​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​កសិករ​ខ្មែរ​ក្រោម​ថែម​ទៀត​ផង។ យ៉ាងហោច​ណាស់​ក៏មាន​កសិករ​ខ្មែរ​ក្រោម​បី​នាក់កំពុង​ជាប់​ពន្ធនាគារ​​​ជា​ច្រើន​ឆ្នាំដោយ​សារ​តែ​ពួកគេ​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​ការរឹបអូស​ដី​ស្រែ​កេរ្តិ៍ដូនតា​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

កញ្ញា ព្រ៊ីសស៊ីឡា គឹម អ៊ុន​​(Priscilla Kim Ong)​ ស្នើឲ្យ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​ទទួល​បាន​ម្ហូបអាហារស៊ើប​អង្កេត​ករណី​នេះ។ កញ្ញា​ក៏​ស្នើ​សុំ​ឲ្យ​ អង្គការ​ (UNESCO​និ​UNICEF)​ ផ្តល់​ជំនួយ​ជា​ថវិកា​និង​បច្ចេកទេស​ដើម្បី​បង្កើត​សាលារៀន​ពីរ​ភាសា​ដើម្បី​ឲ្យ​កូន​ខ្មែរ​ក្រោម​អាច​រៀន​អក្សរ​ខ្មែរពី​មតេយ្យ​សាលា​ដល់​មហាវិទ្យាល័យ។

វេទិកា​អចិន្ត្រៃយ៍​ស្តីពី​បញ្ហា​ជនជាតិ​ដើម​របស់​អង្គការ​សហ​ប្រជាជាតិធ្វើ​ឡើង​រយៈពីរ​សប្តាហ៍​ចាប់​ពី​ថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា។​ វេទិកានេះ ជាស្ថាប័ន​ផ្តល់​ប្រឹក្សា​ទៅដល់​ក្រុម​ប្រឹក្សា​សង្គម​ និង​សេដ្ឋកិច្ច​របស់​អង្គការ​សហ​ប្រជាជាតិ។ វេទិកានេះ ត្រូវ​បាន​គេ​បង្កើតឡើ​ងកាល​ពី​ឆ្នាំ ២០០០ ដើម្បី​ដោះ​ស្រាយ​​បញ្ហាជនជាតិ​ដើម រួមមាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម វប្បធម៌ អប់រំ សុខាភិបាល និង​បញ្ហ​សិទ្ធិមនុស្ស។ អនុប្រធាន​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​លោក ម៉ៅ មុនី ដែលជា​អ្នក​ដឹក​នាំប្រតិភូ​ខ្មែរ​ក្រោម​ទៅ​ចូលរួមវេទិកា​អចិន្ត្រៃយ៍​ស្តីពី​បញ្ហា​ជនជាតិដើម​ប្រាប់វិទ្យុ​អាស៊ីសេរី​ថាតាម​រយៈវេទិកា​របស់​អង្គការ​សហប្រជាជាតិ​នេះយើងទើប​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​បាន​ស្គាល់​ខ្មែរ​កម្ពុជា​ក្រោម​កាន់​តែ​ច្បាស់​បន្ថែម​ទៀត៖ « ការ​ចូល​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ​វា​សំខាន់​សម្រាប់​ខ្មែរ​ក្រោម​យើង ពីព្រោះ​ខ្មែរ​ក្រោម​នៅ​ស្រុក​គ្មាន​ សិទ្ធិ​ចូលរួម។ យើង​បាន​លើកឡើង​បញ្ហា​ប្រឈម​ទាំង​អស់ ដែល​បងប្អូន​យើង​បាន​ប្រឈម។ បងប្អូន​យើង​ថា ពេល​យើង​ថ្លែង​សុន្ទរកថា​រួច​ហើយ​មាន​អ្នក​កាសែត​ចង់​សម្ភាស និង​ចង់​សួរ​បន្ថែម​រឿង ខ្មែរ​ក្រោម ​យើង។ យើង​មាន​សង្ឃឹម​ធំព្រោះ​បញ្ហា​ខ្មែរ​ក្រោម​បាន​ជ្រាប​ទៅ​ដល់​អង្គការ​ប្រជាជាតិ»

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បន្ត​ចូលរួម​​វេទិកា​អចិន្ត្រៃយ៍​ស្តីពី​បញ្ហា​ជនជាតិ​ដើម​មួយ​សប្តាហ៍​ទៀត។ នៅ​សប្តាហ៍​នេះ​ វេទិកា​នេះនឹង​ផ្តោត​លើ​កិច្ចសន្ទនា​រវាង​តំណាង​រដ្ឋាភិបាល​ក្រុម​តំណាង​ជន​ជាតិ​​ដើមនិង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ជា​ដើម។ បញ្ហា​ដែល​គេ​នឹង​លើក​មក​ជជែក​នោះ​រួមមានការ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ចក្រោយ​ការ​រាតត្បាតជំងឺកូវីដ-១៩ (Covid-19​) បញ្ហា​ភាសា​​ជន​ជាតិ​ដើមនិង​ការ​រៀប​ចំ​របៀប​វិរៈសម្រាប់​វេទិកា​អចិន្ត្រៃយ៍​ស្តីពី​បញ្ហា​ជនជាតិ​ដើម​សម្រាប់​ឆ្នាំ២០២៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។