ខ្មែរក្រោមទាំងក្នុងនឹងក្រៅប្រទេសគ្រោងធ្វើពិធីរំលឹកខួប ៧៥ឆ្នាំ នៃការណ៍ដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមគ្រប់គ្រង បន្តបន្ទាប់គ្នានៅក្នុងខែមិថុនាខាងមុខ ដោយចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី៩ ខែមិថុនា។
ក្នុងនោះខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងគ្រោងនឹងជួបជុំគ្នា ហែក្បួនរំលឹកខួប ៧៥ឆ្នាំនេះ នៅថ្ងៃអាទិត្យ ទី២ ខែមិថុនា ដែលនឹងមានមនុស្សរាប់រយនាក់ចូលរួម។
កម្មវិធីនេះធ្វើឡើង ដើម្បីរួមគ្នារម្លឹកប្រវត្តិទឹកដីខ្មែរក្រោម និងផែនការទៅថ្ងៃអនាគតសម្រាប់ទឹកដីខ្មែរក្រោម និងសិទ្ធិសេរីភាពខ្មែរក្រោម។
ខ្មែរក្រោមរស់នៅប្រទេសអូស្ត្រាលីនឹងចាប់ផ្ដើមធ្វើពិធីរំលឹកខួប ៧៥ ឆ្នាំនេះមុនគេគឺនឹងធ្វើនៅថ្ងៃសៅរ៍ ទី១ ខែមិថុនា នៅពេលដែលខ្មែរក្រោមនៅអឺរ៉ុប នៅកាណាដា និងនៅប្រទេសកូរ៉េខាងត្បូងគ្រោងធ្វើពិធីនេះនៅថ្ងៃទី២ មិថុនា។ រីឯខ្មែរក្រោមនៅក្នុងប្រទេសកម្ពុជា និងនៅសហរដ្ឋអាមេរិកគ្រោងនឹងប្រារព្ធពិធីនេះនៅថ្ងៃទី៩ មិថុនា។
ប្រធានសមាគមប្រជាធិបតេយ្យខ្មែរក្វាងជូ នៅប្រទេសកូរ៉េខាងត្បូង លោក លួន វិបុល ឱ្យវិទ្យុអាស៊ីសេរីដឹងថា ក្រុមរបស់លោករៀបចំកម្មវិធីនេះ ដើម្បីរម្លឹកពីការបាត់បង់ទឹកដីខ្មែរក្រោម និងដាស់ស្មារតីយុវជនជំនាន់ក្រោយឱ្យឈឺឆ្អាលរឿងរ៉ាវខ្មែរក្រោម។ លោក វិបុល រំពឹងថា ថ្ងៃណាមួយខ្មែរគ្រប់ស្រទាប់ រួមនឹងរដ្ឋាភិបាលកម្ពុជាផងនឹងយកចិត្តទុកដាក់សុខទុក្ខខ្មែរក្រោមដូចពាក្យថា «ខ្មែរតែមួយ»។
លោក លួន វិបុល៖ «បង្ហាញអំពីភក្ដីភាពថាគាត់មានភាពស្មោះត្រង់ មានការខ្វាយខ្វល់ជាមួយបងប្អូន ខាងកម្ពុជាក្រោម កុំគិតថាកម្ពុជាក្រោមនៅម៉ាប៉ែក ហើយទុកឱ្យគេធ្វើទៅ កុំឱ្យគិតបែបហ្នឹងឱ្យសោះ គឺគិតថាគាត់ហ្នឹងក៏ជាបងប្អូនឈាមជ័រយើងតែមួយផងដែរ។ ការធ្វើហ្នឹងទៀតសោតកាលណាមានការចូលរួមច្រើនបីបងប្អូនពលរដ្ឋខ្មែរនៅទូទាំងពិភពលោក មិនថាតែនៅកម្ពុជាយើងទេ គឺបង្ហាញអំពីឥទ្ធិពលក៏ដូចជាកម្លាំងចលករមួយដ៏ធំសម្បើម ឬជាកម្លាំងដ៏មហិមា ដ៏អស្ចារ្យទៅដល់ឥស្សរជននយោបាយ ថ្នាក់ដឹកនាំនៅសហព័ន្ធខ្មែរកម្ពុជា ដែលគាត់កំពុងតែតស៊ូ ដើម្បីសិទ្ធិស្វ័យសម្រេចសម្រាប់ជាតិមាតុភូមិខ្មែរក្រោម»។
តាមគម្រោងសមាគមប្រជាធិបតេយ្យខ្មែរក្វាងជូ ត្រៀមរៀបចំកម្មវិធីជួបជុំតាមបែបព្រះពុទ្ធសាសនានៅពេលព្រឹកថ្ងៃទី២ មិថុនា និងពេលរសៀលមានហែក្បួន ដែលគេហៅថាហែក្បួនរដ្ឋបុរសខ្មែរក្រោម ឧកញ៉ា សឺន គុយ វីរសង្ឃ និងអ្នកស្នេហាជាតិខ្មែរ ដោយមានអ្នកចូលរួមរាប់រយនាក់។ បើទោះជាអ្នកចំកម្មវិធីនៅប្រទេសកូរ៉េនេះមិនមែនជាក្រុមខ្មែរក្រោមក្ដី ក៏ពួកគេចង់បញ្ជាក់ថា ខ្មែរនៅប្រទេសកូរ៉េ ចូលរួមជាមួយខ្មែរក្រោមដែលកំពុងតស៊ូនៅលើឆាកអន្តរជាតិ ដើម្បីសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងសម្រាប់ខ្មែរក្រោមជាជនជាតិដើមនៅលើទឹកដីកំណើត។

នៅប្រទេសអ៊ីតាលី (Italy) លោក ត្រឹង សារុង ដែលតំណាងខ្មែរក្រោមនៅអឺរ៉ុបប្រាប់វិទ្យុអាស៊ីសេរីថា ខ្មែរក្រោមនៅប្រទេសបារាំង និងនៅអ៊ីតាលី នឹងរៀបចំពិធីរម្លឹកខួបដាច់ដោយឡែកពីគ្នា នៅថ្ងៃទី២ ខែមិថុនា ដែរ ដើម្បីផ្ញើសារទៅខ្មែរគ្រប់ទិសទីឱ្យចងចាំប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ និងជំហរតស៊ូដើម្បីសិទ្ធិសេរីភាពខ្មែរក្រោមឱ្យបានស្មើមុខជនជាតិដើមម្ចាស់ស្រុក។
លោក ត្រឹង សារុង៖ «ជាពិសេសយើងមើលឃើញបងប្អូនយុវជនយើង ទាំងព្រះសង្ឃទាំងអស់នៅកម្ពុជាក្រោមហ្នឹងតស៊ូរហូតដល់ថ្ងៃហ្នឹងរហូតដល់អ្នកខ្លះក៏ជាប់គុក។ យើងក៏មានការសោកស្ដាយចំពោះពួកគាត់ ប៉ុន្តែក្នុងការតស៊ូណាក៏ដោយ វាមានការបាត់បង់ខ្លះអ៊ីចឹងហើយ មានការលះបង់អ៊ីចឹងហើយ។ ដូច្នេះយើងក៏នៅតែបន្តវេនហ្នឹងតស៊ូទៅទៀត ដើម្បីឱ្យដល់ទីបំផុតគឺយើងត្រូវបានជោគជ័យគឺយើងជាជនជាតិដើម គឺយើងចង់បានសិទ្ធិមួយហ្នឹង»។
មិនខុសគ្នានេះដែរ តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ខេត្តអនធារីយ៉ូ (Ontario) ប្រទេសកាណាដា (Canada) លោក តោ វុឌ្ឍី រំពឹងថា ការចូលរួមពីខ្មែរគ្រប់មជ្ឈដ្ឋានគឺជាការលើកទឹកចិត្តដ៏ល្អមួយសម្រាប់ខ្មែរក្រោម ដើម្បីតស៊ូតទៅមុខទៀត។
លោក តោ វុឌ្ឍី៖ «ដូច្នេះដើម្បីឱ្យមានការបន្ធូរបន្ថយ ឱ្យវៀតណាមនឹងត្រូវតែគោរព យើងត្រូវតែខំរួបរួមគ្នានៅខាងក្រៅឱ្យបានកាន់ច្រើនឡើង ឱ្យសំឡេងសហព័ន្ធ ដែលបងប្អូនយើងខំតវ៉ាហ្នឹងឱ្យកាន់តែធំធេងឡើង ដើម្បីបញ្ចប់នូវការជិះជាន់នេះ»។
សហរដ្ឋអាមេរិកវិញ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងប្រារព្ធទិវាបាត់បង់ទឹកដីនេះជាលក្ខណៈទ្រង់ទ្រាយធំនៅ ៤ ទីតាំងផ្សេងគ្នាគឺនៅថ្ងៃទី១ មិថុនា នៅទីក្រុង តាកូម៉ា (Tacoma) នៃរដ្ឋវ៉ាស៊ីនតោន (Washington State) នៅថ្ងៃទី២ ខែមិថុនា នៅទីក្រុងសានប៊ែរណាឌីណូ (San Bernadio) និងនៅថ្ងៃទី៩ ខែមិថុនា នៅទីក្រុងឡុងប៊ិច (Long Beach) និងទីក្រុងសានហូហ្ស៊េ (San Jose) នៅរដ្ឋកាលីហ្វនីញ៉ា (California)។
ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នឹងប្រារព្ធទិវាបាត់បង់ទឹកដីនៅឯវត្តសាមគ្គីរង្សី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីរម្លឹកខួប៧៥ឆ្នាំមានន័យថា បារាំងបានកាត់ទឹកដីកម្ពុជាសរុប២៤ ខេត្ត ក្រុង ទៅឱ្យវៀតណាមអស់រយៈពេល៧៥ឆ្នាំហើយ។ រយៈពេលជិត១០០ឆ្នាំនេះ ខ្មែរក្រោមដែលរស់នៅលើទឹកដីកំណើតរងការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាងពីសំណាក់អាជ្ញាធរវៀតណាម ដែលរកគ្រប់មធ្យោបាយបំបាត់អត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងសាសនាខ្មែរ។ ជាអាទិ៍ពេលនេះមានសកម្មជនខ្មែរក្រោមចំនួន៨នាក់ និងព្រះសង្ឃ ៥អង្គ កំពុងជាប់ឃុំដោយសារតែការផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងទាមទារសិទ្ធិស្វ័យសម្រេចសម្រាប់ខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
